តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទុកនិបាត » បឋមបណ្ណាសក » សមចិត្តវគ្គ ទី៤ »
«សម័យណា ពួកចោរមានកំឡាំង សម័យនោះ ពួកស្ដេច ក៏មានកំឡាំងខ្សោយ…»
an 02.040 បាលី cs-km: sut.an.02.040 អដ្ឋកថា: sut.an.02.040_att PTS: ?
សមចិត្តវគ្គ សូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៤០.)
[២៨៤] ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកចោរមានកំឡាំង សម័យនោះ ពួកស្ដេច ក៏មានកំឡាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ សម័យនោះ ស្ដេចមានព្រះរាជដំណើរត្រឡប់ចូលមកក្ដី ចេញទៅខាងក្រៅក្ដី នឹងត្រួតត្រាកិច្ចការ ក្នុងជនបទនៅចុងដែនក្ដី ក៏មិនបានសេចក្ដីសុខសប្បាយឡើយ ក្នុងសម័យនោះ សូម្បីពួកព្រាហ្មណ៍ និងគហបតី នឹងមានដំណើរត្រឡប់ ចូលមកក្ដី ចេញទៅខាងក្រៅក្ដី ត្រួតត្រាការងារឰដ៏ខាងក្រៅក្ដី ក៏មិនបានសុខសប្បាយឡើយ មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីឧបមេយ្យ ក៏ដូច្នោះដែរ ក្នុងសម័យណា ពួកភិក្ខុបាប មានកំឡាំង សម័យនោះ ពួកភិក្ខុជាអ្នកមានសីលជាទីស្រឡាញ់ រមែងមានកំឡាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ពួកភិក្ខុជាអ្នកមានសីលជាទីស្រឡាញ់ នៅស្ងៀមឈឹង នៅស្ងៀមឈឹង អង្គុយសំកុក ក្នុងកណ្ដាលជំនុំសង្ឃ ឬនៅក្នុងជនបទចុងដែន។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនបានសេចក្ដីសុខ ដល់ជនច្រើន ដើម្បីសេចក្ដីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ថែមទាំងសេចក្ដីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកស្ដេចមានកំឡាំង សម័យនោះ ពួកចោរក៏មានកំឡាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ស្ដេចនឹងមានព្រះរាជដំណើរត្រឡប់ចូលមកក្ដី ចេញទៅខាងក្រៅក្ដី នឹងត្រួតត្រាកិច្ចការ ក្នុងជនបទចុងដែនក្ដី តែងបានសេចក្ដីសុខសប្បាយ ក្នុងសម័យនោះ សូម្បីពួកព្រាហ្មណ៍ និងគហបតីទាំងឡាយ នឹងមានដំណើរត្រឡប់ចូលមកក្ដី ចេញទៅខាងក្រៅក្ដី ត្រួតត្រាការងារឰដ៏ខាងក្រៅក្ដី ក៏បានសេចក្តីសុខសប្បាយ មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីឧបមេយ្យ ក៏ដូច្នោះដែរ ក្នុងសម័យណា ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ មានកំឡាំង សម័យនោះ ពួកភិក្ខុបាប មានកំឡាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ពួកភិក្ខុបាប នៅស្ងៀមឈឹង នៅស្ងៀមឈឹង អង្គុយសំកុក នៅក្នុងកណ្ដាលជំនុំសង្ឃ ឬបែកខ្ញែក ទៅតាមទីផ្ដេសផ្ដាស។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីសេចក្ដីចំរើន ដល់ជនច្រើន ដើម្បីប្រយោជន៍ ទាំងសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។