km:tipitaka:sut:an:02:sut.an.02.049

បរិសវគ្គ សូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 02.049 បាលី cs-km: sut.an.02.049 អដ្ឋកថា: sut.an.02.049_att PTS: ?

បរិសវគ្គ សូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤៩.)

[២៩៣] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក។ បរិស័ទ ២ ពួក តើដូចម្តេច។ គឺ បរិស័ទធ្ងន់ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ បរិស័ទធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈ ១។ ម្នាលភិក្ខុទាំងឡាយ បរិស័ទធ្ងន់ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ សរសើរគុណទៅវិញទៅមក ចំពោះមុខពួកគ្រហស្ថ ដែលស្លៀកសថា ភិក្ខុឯណោះ ជាឧភតោភាគវិមុត្ត1) ភិក្ខុឯណោះ ជាបញ្ញាវិមុត្ត2) ភិក្ខុឯណោះ ជាកាយសក្ខី [បានខាងយោគាវចរ ដែលបានសម្រេចវិមោក្ខ ទាំង៨ ហើយចំរើនវិបស្សនា ដរាបដល់បានសម្រេចសោតាបត្តិមគ្គ រហូតដល់អរហត្តផល។] ភិក្ខុឯណោះ ជាទិដ្ឋិប្បត្ត3) ភិក្ខុឯណោះ ជាសទ្ធាវិមុត្ត4) ភិក្ខុឯណោះ ជាធម្មានុសារី5) ភិក្ខុឯណោះ ជាសទ្ធានុសារី6) ភិក្ខុឯណោះ ជាអ្នកមានសីល មានកល្យាណធម៌ ភិក្ខុឯណោះ ជាអ្នកទ្រុស្តសីល មានបាបធម៌ ភិក្ខុទាំងនោះ តែងបានលាភ ដោយសំដីសរសើរនោះ លុះភិក្ខុទាំងនោះ បានលាភនោះហើយ ក៏ជ្រប់ស្រវឹង លង់ចុះ (ក្នុងលាភនោះ) មិនឃើញទោស មិនមានបញ្ញាសម្រាប់រើខ្លួន ក៏បរិភោគលាភនោះ ក្នុងបរិស័ទឯណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទធ្ងន់ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្មឡើយ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មិនសរសើរគុណទៅវិញទៅមក ចំពោះមុខពួកគ្រហស្ថ ដែលស្លៀកសថា ភិក្ខុឯណោះ ជាឧភតោភាគវិមុត្ត ភិក្ខុឯណោះ ជាបញ្ញាវិមុត្ត ភិក្ខុឯណោះ ជាកាយសក្ខី ភិក្ខុឯណោះ ជាទិដ្ឋិប្បត្ត ភិក្ខុឯណោះ ជាសទ្ធាវិមុត្ត ភិក្ខុឯណោះ ជាធម្មានុសារី ភិក្ខុឯណោះ ជាសទ្ធានុសារី ភិក្ខុឯណោះ ជាអ្នកមានសីល មានកល្យាណធម៌ ភិក្ខុឯណោះ ជាអ្នកទ្រុស្តសីល មានបាបធម៌ ដូច្នេះឡើយ ភិក្ខុទាំងនោះ រមែងបានលាភ ដោយមិនពោលសរសើរគ្នាទៅវិញទៅមក លុះភិក្ខុនោះ បានលាភនោះហើយ មិនជ្រប់ មិនស្រវឹង មិនលង់ចុះ (ក្នុងលាភនោះ) ឃើញទោស មានបញ្ញាសម្រាប់រើខ្លួន ក៏បរិភោគ (លាភនោះ) ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនោះ ហៅថា បរិស័ទធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈឡើយ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មាន ២ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបរិស័ទទាំង ២ ពួកនេះ បរិស័ទធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈនុ៎ះ ទើបប្រសើរ។

 

លេខយោង

1)
បានខាងយោគាវចរ ដែលបានសម្រេចវិមោក្ខ ទាំង ៨ គឺរូបសមាបត្តិ ៤ អរូបសមាបត្តិ ៤ ហើយយកសមាបត្តិ ជាទីតាំងចំរើនវិបស្សនា ដរាបដល់បានអរហត្តផល។
2)
បានខាងយោគាវចរ ដែលមិនបាច់បានសម្រេចវិមោក្ខធ៌ម ទាំង ៨ ឡើយ ស្រាប់តែចំរើនវិបស្សនាតែម្តង ក៏បានសម្រេចអរហត្តផល (ជាសុក្ខវិបស្សកៈ)។
3)
បានខាងយោគាវចរ ដែលចំរើនវិបស្សនា ហើយត្រាស់ដឹង នូវអរិយសច្ច ទាំង ៤។
4)
បានខាងយោគាវចរ ដែលចំរើនវិបស្សនា ហើយត្រាស់ដឹង នូវអរិយសច្ច ទាំង៤ បានសម្រេចសោតាបត្តិផល រហូតដល់អរហត្តផល។
5)
បានខាងយោគាវចរ ដែលបរិបូណ៌ដោយបញ្ញា មានបញ្ញាដ៏ក្លៀវក្លា បានសម្រេចសោតាបត្តិមគ្គ រួចកំពុងប្រតិបត្តិដើម្បីបាននូវសោតាបត្តិផល។
6)
បានខាងយោគាវចរ ដែលបរិបូណ៌ដោយសទ្ធា មានសទ្ធាដ៏ក្លៀវក្លា បានសម្រេចសោតាបត្តិមគ្គ រួចហើយកំពុងប្រតិបត្តិ ដើម្បីបាននូវសោតាបត្តិផល។
km/tipitaka/sut/an/02/sut.an.02.049.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann