km:tipitaka:sut:an:02:sut.an.02.063

បុគ្គលវគ្គ សូត្រ ទី១១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 02.063 បាលី cs-km: sut.an.02.063 អដ្ឋកថា: sut.an.02.063_att PTS: ?

បុគ្គលវគ្គ សូត្រ ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦៣.)

[៣០៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេចក្តីចូលចិត្ត របស់អសប្បុរសផង សេចក្តីចូលចិត្ត របស់សប្បុរសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវសេចក្តីនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សេចក្តីចូលចិត្ត របស់អសប្បុរស តើដូចម្តេច អសប្បុរសទាំងឡាយ តែងចូលចិត្តដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ក្នុងសាសនានេះ តែងគិតយ៉ាងនេះថា ព្រះថេរៈក្តី មិនគួរទូន្មានយើងទេ មជ្ឈិមត្ថេរក្តី មិនគួរទូន្មានយើងទេ ភិក្ខុថ្មីក្តី មិនគួរទូន្មានយើងទេ ឯយើង ក៏មិនគួរទូន្មានព្រះថេរៈដែរ មិនគួរទូន្មានមជ្ឈិមត្ថេរដែរ មិនគួរទូន្មានភិក្ខុថ្មីដែរ ប្រសិនបើព្រះថេរៈ លោកគួរទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើដែលឥតប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះ ដោយអំពើដែលមានប្រយោជន៍ ហើយទូន្មានយើងទេ យើងគប្បីតបទៅលោកវិញថា មិនធ្វើតាមទេ យើងគួរបៀតបៀនលោកខ្លះ ទុកជាយើងពិចារណាឃើញ ក៏មិនគួរធ្វើតាមលោកដែរ ប្រសិនបើមជ្ឈិមត្ថេរទូន្មានយើង… ប្រសិន បើភិក្ខុថ្មី ទូន្មានយើង លោកអនុគ្រោះ ដោយអំពើឥតប្រយោជន៍ ហើយទូន្មានយើង មិនមែនអនុគ្រោះ ដោយអំពើដែលមានប្រយោជន៍ទេ យើងគួរតបទៅលោកវិញថា មិនធ្វើតាមទេ យើងគួរបៀតបៀនលោកខ្លះ ទុកជាយើងពិចារណាឃើញ ក៏មិនគួរធ្វើតាមលោកដែរ។ ឯភិក្ខុជាមជ្ឈិមត្ថេរ តែងគិតយ៉ាងនេះថា។ បេ។ ភិក្ខុថ្មី តែងគិតយ៉ាងនេះថា ព្រះថេរៈក្តី មិនគួរទូន្មានយើង មជ្ឈិមត្ថេរក្តី មិនគួរទូន្មានយើងទេ ភិក្ខុថ្មីក្តី មិនគួរទូន្មានយើងទេ យើងក៏មិនគួរទូន្មានព្រះថេរៈដែរ មិនគួរទូន្មានមជ្ឈិមត្ថេរដែរ មិនគួរទូន្មានភិក្ខុថ្មីដែរ ប្រសិនបើព្រះថេរៈ លោក គួរទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើឥតប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះ ដោយអំពើមានប្រយោជន៍ទេ យើងគួរតបទៅលោកវិញថា មិនធ្វើតាមទេ យើងគួរបៀតបៀនលោកវិញខ្លះ ទុកជាយើងពិចារណាឃើញ ក៏មិនគួរធ្វើតាមលោកដែរ ប្រសិនបើមជ្ឈិមត្ថេរទូន្មានយើង… ប្រសិនបើភិក្ខុថ្មី គួរទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើឥតប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះ ដោយអំពើមានប្រយោជន៍ ហើយទូន្មានទេ យើងគួរតបទៅលោកវិញថា មិនធ្វើតាមទេ យើងគួរបៀតបៀនលោកខ្លះ ទុកជាយើងពិចារណាឃើញ ក៏មិនគួរធ្វើតាមលោកដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចូលចិត្ត របស់អសប្បុរស យ៉ាងនេះ អសប្បុរសទាំងឡាយ តែងចូលចិត្តយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចូលចិត្ត របស់សប្បុរស តើដូចម្តេច សប្បុរសទាំងឡាយ តែងចូលចិត្តដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ក្នុងសាសនានេះ តែងគិតយ៉ាងនេះថា ព្រះថេរៈក្តី គួរទូន្មានយើង មជ្ឈិមត្ថេរក្តី គួរទូន្មានយើង ភិក្ខុថ្មីក្តី គួរទូន្មានយើង យើងក៏គួរទូន្មានព្រះថេរៈដែរ គួរទូន្មានមជ្ឈិមត្ថេរដែរ គួរទូន្មានភិក្ខុថ្មីដែរ ប្រសិនបើព្រះថេរៈទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើមានប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះ ដោយអំពើឥតប្រយោជន៍ទេ យើងគួរតបទៅលោកវិញថា ប្រពៃហើយ យើងមិនគួរបៀតបៀនលោកទេ កាលបើយើងពិចារណាឃើញ គួរតែធ្វើតាមលោកដែរ ប្រសិនបើមជ្ឈិមត្ថេរទូន្មានយើង… ប្រសិនបើភិក្ខុថ្មី ទូន្មានយើង តែងអនុគ្រោះ ដោយអំពើមានប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះ ដោយអំពើឥតប្រយោជន៍ទេ យើងគួរតបទៅលោកថា ប្រពៃហើយ យើងមិនគួរបៀតបៀនលោកទេ កាលបើយើងពិចារណាឃើញ គួរតែធ្វើតាមលោកដែរ។ ភិក្ខុជាមជ្ឈិមតេ្ថរ តែងគិតយ៉ាងនេះថា។ បេ។ ភិក្ខុថ្មី តែងគិតយ៉ាងនេះថា ព្រះថេរៈក្ដី គួរទូន្មានយើង មជ្ឈិមត្ថេរក្ដី គួរទូន្មានយើង ភិក្ខុថ្មីក្ដី គួរទូន្មានយើង យើងគួរទូន្មានព្រះថេរៈដែរ គួរទូន្មានមជ្ឈិមត្ថេរដែរ គួរទូន្មានភិក្ខុថ្មីដែរ ប្រសិនបើព្រះថេរៈ លោកទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើមានប្រយោជន៍ ហើយទូន្មានយើង មិនមែនអនុគ្រោះ ដោយអំពើឥតប្រយោជន៍ទេ យើងគួរតបទៅលោកថា ប្រពៃហើយ យើងមិនគួរបៀតបៀនលោកទេ កាលបើយើងពិចារណាឃើញ គួរតែធ្វើតាមលោកដែរ ប្រសិនបើមជ្ឈិមត្ថេរ គួរទូន្មានយើង…. ប្រសិនបើភិក្ខុថ្មី គួរទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើមានប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះដោយអំពើឥតប្រយោជន៍ទេ យើងគួរតបទៅលោកថា ប្រពៃហើយ យើងមិនត្រូវបៀតបៀនលោកទេ កាលបើយើងពិចារណាឃើញ ត្រូវតែធ្វើតាមលោកដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីចូលចិត្ត របស់សប្បុរសយ៉ាងនេះ សប្បុរសទាំងឡាយ តែងចូលចិត្តយ៉ាងនេះ។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.063.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann