តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទុកនិបាត » បឋមបណ្ណាសក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 02.v01 បាលី cs-km: sut.an.02.v01 អដ្ឋកថា: sut.an.02.v01_att PTS: ?
កម្មករណវគ្គ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. កម្មករណវគ្គោ)
(១. វជ្ជសុត្តំ)
[២៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវតី្ថ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយនេះ មាន ២ ប្រការ។ ទោស ២ ប្រការ ដូចម្តេចខ្លះ។ គឺទោស ដែលឲ្យផល ក្នុងបច្ចុប្បន្ននេះ ១ ទោសដែលឲ្យផល ក្នុងលោកខាងមុខ ១។ ម្នាលភិក្ខុទាំងឡាយ ចុះទោស ដែលឲ្យផលក្នុងបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុងទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឃើញស្តេចឲ្យចាប់ចោរ ដែលប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើដោយកម្មករណ៍ទាំងឡាយផ្សេងៗគឺ វាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ធ្វើនូវពិលង្គថាលិកកម្ម (អំពើដែលគេធ្វើក្បាល ឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់) ខ្លះ ធ្វើនូវសង្ខមុណ្ឌិកកម្ម (អំពើដែលគេពន្លះស្បែកក្បាល ឲ្យរលីង ដូចជាសម្បកស័ង្ខ) ខ្លះ ធ្វើនូវរាហុមុខកម្ម (អំពើដែលគេធ្វើរង្វះមាត់ ឲ្យដូចជាមាត់រាហូ) ខ្លះ ធ្វើនូវជោតិមាលិកកម្ម (អំពើដែលគេរុំខ្លួនទាំងមូល ដោយសំពត់ជ្រលក់ប្រេង) ខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម (អំពើដែលគេរុំដៃ ដោយសំពត់ជ្រលក់ប្រេង) ខ្លះ ធ្វើនូវឯរកវដ្តិកកម្ម (អំពើដែលគេធ្វើ ដូចជាពន្លាត់ស្បែកពពែ) ខ្លះ ធ្វើនូវចីរកវាសិកកម្ម (អំពើដែលគេធ្វើ ឲ្យដូចជាសំពត់សម្បកឈើ) ខ្លះ ធ្វើនូវឯណេយ្យកកម្ម (អំពើដែលគេធ្វើ ឲ្យដូចជាជើងសត្វទ្រាយ) ខ្លះ ធ្វើនូវពឡិសមំសិកកម្ម (អំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូច) ខ្លះ ធ្វើនូវកហាបណកម្ម (អំពើដែលគេធ្វើឲ្យខូចសរីរៈ ប្រមាណប៉ុនកហាបណៈមួយ) ខ្លះ ធ្វើនូវខារាបដិច្ឆកកម្ម (អំពើដែលគេយកទឹកផ្សាស្រោច) ខ្លះ ធ្វើនូវបលិឃបរិវត្តកកម្ម (អំពើដែលគេធ្វើ ដូចជាបង្វិលជើងគុល ឬសសរគោល) ខ្លះ ធ្វើនូវបលាលបីឋកកម្ម (អំពើដែលគេធ្វើ ឲ្យដូចជាកណ្តាប់ចំបើង) ខ្លះ ស្រោចដោយប្រេង ដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារ លើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ។ លុះបុគ្គលនោះ (បានឃើញហើយ) ក៏គិតយ៉ាងនេះ។ ពួកស្តេចឲ្យចាប់ចោរ ដែលប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើដោយកម្មករណ៍ផ្សេងៗ គឺវាយដោយរំពាត់ខ្លះៗ។ បេ។ កាត់ក្បាល ដោយដាវខ្លះ ព្រោះហេតុអំពើអាក្រក់ មានសភាពយ៉ាងណា។ ប្រសិនបើអាត្មាអញ ធ្វើអំពើអាក្រក់ មានសភាពយ៉ាងនោះវិញ ក៏ពួកស្តេច ឲ្យចាប់អាត្មាអញ ហើយគប្បីធ្វើដោយកម្មករណ៍ផ្សេងៗ មានសភាពដូច្នោះដែរ គឺវាយដោយរំពាត់ខ្លះ។ បេ។ កាត់ក្បាល ដោយដាវខ្លះ។ បុរសនោះ ខ្លាចទោស ដែលឲ្យផល ក្នុងបច្ចុប្បន្ននេះ ក៏លែងលួចប្លន់ទ្រព្យសម្បតិ្ត របស់បុគ្គលដទៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោសឲ្យផល ក្នុងបច្ចុប្បន្ននេះ។ ម្នាលភិក្ខុទាំងឡាយ ចុះទោស ដែលឲ្យផល ក្នុងលោកខាងមុខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាឃើញច្បាស់ ដូច្នេះថា ផលដ៏លាមក របស់កាយទុច្ចរិត នឹងមានក្នុងលោកខាងមុខ ផលដ៏លាមក របស់វចីទុច្ចរិត នឹងមានក្នុងលោកខាងមុខ ផលដ៏លាមក របស់មនោទុច្ចរិត នឹងមានក្នុងលោកខាងមុខ ប្រសិនបើអាត្មាអញ ប្រព្រឹត្តទុច្ចរិត ដោយកាយក្តី ប្រព្រឹត្តទុច្ចរិត ដោយវាចាក្តី ប្រព្រឹត្តទុច្ចរិត ដោយចិត្តក្តី អំពើណាមួយ ក៏សុទ្ធតែជាហេតុ នាំឲ្យអាត្មាអញ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ បុរសនោះ ខ្លាចចំពោះទោស ដែលឲ្យផល ក្នុងលោកខាងមុខ ទើបលះកាយទុច្ចរិត ចំរើនកាយសុចរិត លះវចីទុច្ចរិត ចំរើនវចីសុចរិត លះមនោទុច្ចរិត ចំរើនមនោសុចរិត ទើបឈ្មោះថា រក្សាខ្លួនឲ្យបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោសដែលឲ្យផល ក្នុងលោកខាងមុខ។ ម្នាលភិក្ខុទាំងឡាយ ទោសមាន ២ ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា ក្នុងសាសនានេះ យ៉ាងនេះចុះថា យើងទាំងឡាយ នាំគ្នាខ្លាចចំពោះទោស ដែលឲ្យផល ក្នុងបច្ចុប្បន្ន នាំគ្នាខ្លាចចំពោះទោស ដែលឲ្យផល ក្នុងលោកខាងមុខ ជាអ្នកខ្លាច ចំពោះទោស ជាប្រក្រតី ជាអ្នកឃើញភ័យ ក្នុងទោស ជាប្រក្រតី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរខ្លាចចំពោះទោស ជាប្រក្រតី គួរឃើញនូវភ័យ ក្នុងទោសជាប្រក្រតី គប្បីប៉ុនប៉ង ចំពោះហេតុ ដែលនាំឲ្យខ្លួនរួចផុតចាកទោសទាំងពួង។
(២. បធានសុត្តំ)
[២៤៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាម ២ ប្រការនេះ បុគ្គលធ្វើបានដោយកម្រ ក្នុងលោក។ សេចក្តីព្យាយាម ២ ប្រការ ដូចម្តេចខ្លះ។ គឺពួកគ្រហស្ថ ដែលនៅគ្រប់គ្រងផ្ទះ ផ្គងព្យាយាម ដើម្បីញ៉ាំងចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងបរិក្ខារ គឺ ថ្នាំជាបច្ច័យ ដល់អ្នកជំងឺ ឲ្យកើតឡើងបាន ១ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ចូលកាន់ផ្នួស ផ្គងព្យាយាម ដើម្បីលះបង់ នូវឧបធិក្កិលេសទាំងពួងបាន ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាម ទាំង ២ ប្រការនេះឯង បុគ្គលធ្វើបានដោយកម្រក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចកី្តព្យាយាម ទាំង ២ ប្រការនេះ សេចកី្តព្យាយាម ដើម្បីលះបង់ នូវឧបធិកិ្កលេសទាំងពួងនុ៎ះ ចាត់ជាការប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា ក្នុងសាសនានេះ យ៉ាងនេះចុះថា យើងទាំងឡាយ នឹងផ្គងព្យាយាម ដើម្បីលះបង់ នូវឧបធិកិ្កលេសទាំងពួង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះ។
(៣. តបនីយសុត្តំ)
[២៤៩] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលជាទីតាំង នៃសេចកី្តក្តៅក្រហាយនេះ មាន ២ ប្រការ។ ធម៌ដែលជាទីតាំង នៃសេចកី្តក្តៅក្រហាយ ២ ប្រការ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្វើកាយទុច្ចរិត មិនធ្វើកាយសុចរិត ធ្វើវចីទុច្ចរិត មិនធ្វើវចីសុចរិត ធ្វើមនោទុច្ចរិត មិនធ្វើមនោសុចរិត បុគ្គលនោះ ក៏ក្តៅក្រហាយថា កាយទុច្ចរិត អាត្មាអញ បានធ្វើហើយ ក្តៅក្រហាយថា កាយសុចរិត អាត្មាអញ មិនបានធ្វើឡើយ ក្តៅក្រហាយថា វចីទុច្ចរិត អាត្មាអញ បានធ្វើហើយ ក្តៅក្រហាយថា វចីសុចរិត អាត្មាអញ មិនបានធ្វើឡើយ ក្តៅក្រហាយថា មនោទុច្ចរិត អាត្មាអញ បានធ្វើហើយ ក្ដៅក្រហាយថា មនោសុចរិត អាត្មាអញ មិនបានធ្វើឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលជាទីតាំង នៃសេចកី្តក្តៅក្រហាយ មាន ២ ប្រការនេះឯង។
(៤. អតបនីយសុត្តំ)
[២៥០] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនជាទីតាំង នៃសេចកី្តក្តៅក្រហាយនេះ មាន ២ ប្រការ។ ធម៌ដែលមិនជាទីតាំង នៃសេចកី្តក្តៅក្រហាយ ២ ប្រការ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្វើកាយសុចរិត មិនធ្វើកាយទុច្ចរិត ធ្វើវចីសុចរិត មិនធ្វើវចីទុច្ចរិត ធ្វើមនោសុចរិត មិនធ្វើមនោទុច្ចរិត បុគ្គលនោះ មិនក្តៅក្រហាយ ដោយគិតឃើញថា កាយសុចរិត អាត្មាអញ បានធ្វើហើយ មិនក្តៅក្រហាយ ដោយគិតឃើញថា កាយទុច្ចរិត អាត្មាអញ មិនបានធ្វើឡើយ មិនក្តៅក្រហាយ ដោយគិតឃើញថា វចីសុចរិត អាត្មាអញ បានធ្វើហើយ មិនក្តៅក្រហាយ ដោយគិតឃើញថា វចីទុច្ចរិត អាត្មាអញ មិនបានធ្វើឡើយ មិនក្តៅក្រហាយ ដោយគិតឃើញថា មនោសុចរិត អាត្មាអញ បានធ្វើហើយ មិនក្តៅក្រហាយ ដោយគិតឃើញថា មនោទុច្ចរិត អាត្មាអញ មិនបានធ្វើឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនជាទីតាំង នៃសេចកី្តក្តៅក្រហាយ មាន ២ ប្រការនេះឯង។
(៥. ឧបញ្ញាតសុត្តំ)
[២៥១] ម្នាលភិក្ខុទាំងឡាយ តថាគតបានត្រាស់ដឹង នូវធម៌ ២ ប្រការ គឺសេចកី្តមិនសន្តោស ក្នុងកុសលធម៌ទាំងឡាយ ១ សេចកី្តមិនរួញរា ក្នុងព្យាយាម ១។ ម្នាលភិក្ខុទាំងឡាយ តថាគតផ្គងទុក នូវសេចកី្តមិនរួញរាថា ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ គុណវិសេសណា ដែលបុគ្គលគួរបានដល់ ដោយកំឡាំងរបស់បុរស ដោយព្យាយាមរបស់បុរស ដោយសេចកី្តប្រឹងប្រែង របស់បុរស (បើ) មិនទាន់បានដល់ នូវគុណវិសេសនោះទេ នឹងមិនបញ្ឈប់ នូវសេចកី្តព្យាយាមទៅវិញឡើយ ម្នាលភិក្ខុទាំងឡាយ ពោធិញ្ញាណ នៃតថាគត បានសម្រេចហើយ ដោយសេចកី្តមិនប្រមាទ ធម៌ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏តថាគត បានសម្រេច ដោយសេចកី្តមិនប្រមាទដែរ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ គប្បីផ្គងទុក នូវសេចកី្តមិនរួញរាថា ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ គុណវិសេសណា ដែលបុគ្គល គួរបានដល់ ដោយកំឡាំងរបស់បុរស ដោយសេចកី្តព្យាយាម របស់បុរស ដោយសេចកី្តប្រឹងប្រែង របស់បុរស (បើ) មិនទាន់ដល់គុណវិសេសនោះទេ នឹងមិនបពា្ឈប់នូវព្យាយាម ទៅវិញឡើយ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្រ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា សូម្បីអ្នកទាំងឡាយ ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ដោយកាលមិនយូរឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា ក្នុងសាសនានេះ យ៉ាងនេះចុះថា យើងទាំងឡាយ នឹងផ្គងទុក នូវសេចកី្តមិនរួញរាថា ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ គុណវិសេសណា ដែលបុគ្គលគប្បីបានដល់ ដោយកំឡាំងរបស់បុរស ដោយសេចកី្តព្យាយាម របស់បុរស ដោយសេចកី្តប្រឹងប្រែង របស់បុរស។ (បើ) មិនទាន់ដល់គុណវិសេសនោះទេ នឹងមិនបពា្ឈប់ នូវព្យាយាមទៅវិញឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះ។
(៦. សំយោជនសុត្តំ)
[២៥២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ២ ប្រការ។ ធម៌ ២ ប្រការ គឺអ្វីខ្លះ។ គឺការពិចារណាឃើញ ដោយសេចក្តីរីករាយ ក្នុងសញ្ញោជនិយ1) ធម៌ទាំងឡាយ ១ ការពិចារណាឃើញ ដោយសេចក្តីនឿយណាយ ក្នុងសញ្ញោជនិយធម៌ទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណាឃើញ ដោយសេចកី្តរីករាយ ក្នុងសញ្ញោជនិយធម៌ទាំងឡាយ រមែងលះបង់រាគៈមិនបាន លះបង់ទោសៈមិនបាន លះបង់មោហៈមិនបានទេ លុះលះបង់រាគៈមិនបាន លះបង់ទោសៈមិនបាន លះបង់មោហៈមិនបានហើយ រមែងមិនរួចចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ (សេចក្តីខ្សឹកខ្សួល) សេចក្តីទុក្ខទោមនស្ស សេចក្តីចង្អៀតចិត្ត តថាគតពោលថា ភិក្ខុនោះ មិនបានរួចផុត អំពីសេចក្តីទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណាឃើញ ដោយសេចក្តីនឿយណាយ ក្នុងសញ្ញោជនិយធម៌ទាំងឡាយ រមែងលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន លុះលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានហើយ រមែងរួចស្រឡះ ចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស សេចកី្តចង្អៀតចិត្តបាន ទើបតថាគតពោលថា ភិក្ខុនោះ រមែងរួចស្រឡះ ចាកទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មាន ២ ប្រការនេះ។
(៧. កណ្ហសុត្តំ)
[២៥៣] ម្នាលភិក្ខុទាំងឡាយ ធម៌ខ្មៅនេះ មាន ២ ប្រការ។ ធម៌ ២ ប្រការ គឺអ្វីខ្លះ។ គឺការមិនមានហិរិ ១ មិនមានឱត្តប្បៈ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ខ្មៅ មាន ២ ប្រការនេះ។
(៨. សុក្កសុត្តំ)
[២៥៤] ម្នាលភិក្ខុទាំងឡាយ ធម៌សទាំងឡាយ មាន ២ ប្រការ។ ធម៌ស ទាំង ២ ប្រការគឺអ្វីខ្លះ។ គឺហិរិ ១ ឱត្តប្បៈ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ស មាន ២ ប្រការនេះ។
(៩. ចរិយសុត្តំ)
[២៥៥] ម្នាលភិក្ខុទាំងឡាយ ធម៌ស ២ ប្រការនេះ តែងរក្សានូវសត្វលោក។ ធម៌ស ២ ប្រការ គឺអី្វខ្លះ។ គឺហិរិ ១ ឱត្តប្បៈ ១។ ម្នាលភិក្ខុទាំងឡាយ (បើ) ធម៌សទាំងឡាយ ២ ប្រការនេះ មិនរក្សាទុក នូវសត្វលោកទេ ត្រង់ពាក្យថា មាតាកី្ត ថាម្តាយមីងកី្ត ថាម្តាយធំកី្ត ថាភរិយា របស់អាចារ្យកី្ត ថាប្រពន្ធរបស់គ្រូកី្ត មិនប្រាកដក្នុងលោកនេះឡើយ សត្វលោក នឹងដល់នូវការច្រឡូកច្រឡំ ដូចសត្វពពែ ចៀម មាន់ ជ្រូក សុនខ និងចចកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ស ២ ប្រការនេះ តែងរក្សាទុក នូវសត្វលោក បានជាពាក្យថា មាតាកី្ត ថាម្តាយមីងកី្ត ថាម្តាយធំកី្ត ថាភរិយារបស់អាចារ្យកី្ត ថាប្រពន្ធរបស់គ្រូកី្ត តែងមានប្រាកដ (ក្នុងលោក)។
(១០. វស្សូបនាយិកសុត្តំ)
[២៥៦] ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សានេះ មាន ២ យ៉ាង។ ថ្ងៃចូលវស្សា មាន ២យ៉ាង គឺអ្វីខ្លះ។ គឺបុរិមិកាវស្សា (ថ្ងៃចូលវស្សាមុន) ១ បច្ឆិមិកាវស្សា (ថ្ងៃចូលវស្សាក្រោយ) ១។ ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សា មាន ២ យ៉ាងនេះឯង។
ចប់ កម្មករណវគ្គ ទី១។