តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទុកនិបាត » បឋមបណ្ណាសក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 02.v04 បាលី cs-km: sut.an.02.v04 អដ្ឋកថា: sut.an.02.v04_att PTS: ?
សមចិត្តវគ្គ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. សមចិត្តវគ្គោ)
(៣៣.)
[២៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈ ដែលគេធ្វើហើយ (ដល់ខ្លួន) និងមិនធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកអសប្បុរស បានពោលសរសើរហើយ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈ ដែលគេធ្វើហើយ និងធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធើ្វហើយ ឲ្យប្រាកដឡើង ១។
(៣៤.)
[២៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ។ បុគ្គលពីរពួក តើនរណាខ្លះ។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតា ដោយស្មាម្ខាង បញ្ជិះបិតា ដោយស្មាម្ខាង កុលបុត្តនោះ បម្រើមាតាបិតាទាំងពីរនោះ ដោយការដុសជម្រះបំបាត់ក្លិនអាក្រក់ រិតនួតដៃ ផ្ងូតទឹក គក់ច្របាច់ដៃជើង ឯមាតាបិតាទាំងពីរនោះ ក៏បន្ទោបង់មូត្រ ករីស លើស្មាកុលបុត្តនោះឯង ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬ ថា ធ្វើតបដល់មាតា និងបិតាឡើយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត តម្កើងមាតា និងបិតា ឲ្យតាំងនៅក្នុងរាជសម្បត្តិ មានឥស្សរភាពជាអធិបតី លើផែនដីធំ ដែលមានកែវ ទាំង ៧ ប្រការ ច្រើននេះ ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាឡើយ។ ដំណើរនោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតា និងបិតា មានឧបការៈច្រើន ដល់បុត្រទាំងឡាយ ព្រោះជាអ្នកថែរក្សា ចិញ្ចឹម បង្ហាញនូវលោកនេះ។ ម្នាលភិក្ខុទាំងឡាយ (បើ) កុលបុត្តណាមួយ ដឹកនាំមាតា និងបិតា ដែលមិនមានសទ្ធា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសទ្ធាសម្បទា បើទ្រុស្តសីល ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសីលសម្បទា បើកំណាញ់ ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងចាគសម្បទា បើឥតបញ្ញា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ ហេតុមានប្រមាណប៉ុណ្ណេះ ទើបហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាមែន។
(៣៥.)
[២៧៩] លំដាប់នោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើសេចក្តីរីករាយនឹងព្រះដ៏មានព្រះភាគ លុះបពា្ចប់ពាក្យគួរជាទីរីករាយ និងពាក្យគួរជាទីរលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចំរើន ព្រះអង្គ មានលទ្ធិដូចម្តេច ទ្រង់សំដែងសេចកី្តប្រតិបតិ្ត ដូចម្តេច។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតសំដែងថា អំពើដែលបុគ្គលគួរធ្វើ ក៏មាន ថាមិនគួរធ្វើ ក៏មាន។ ចុះព្រះគោតមដ៏ចំរើន ទ្រង់សំដែងថា អំពើគួរធ្វើក៏មាន ថា អំពើមិនគួរធ្វើក៏មាន តើដូចម្តេច។ ម្នាលព្រាហ្មណ៍ តថាគតពោលថា កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ជាអំពើមិនគួរធ្វើ ពោលនូវអកុសលធម៌ទាំងឡាយ ដ៏លាមក ជាច្រើនប្រការ ថាជាអំពើមិនគួរធ្វើដែរ។ មួយទៀត ម្នាលព្រាហ្មណ៍ តថាគត ពោលនូវកាយសុចរិត វចីសុចរិត មនោសុចរិត ថាជាអំពើគួរធ្វើ ពោលនូវកុសលធម៌ទាំងឡាយ ច្រើនប្រការ ថាជាអំពើគួរធ្វើដែរ។ ម្នាលព្រាហ្មណ៍ តថាគត ជាអ្នកសំដែងថា អំពើគួរធ្វើក៏មាន ថា អំពើមិនគួរធ្វើក៏មាន យ៉ាងនេះ។ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុក នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។
(៣៦.)
[២៨០] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអនាថបិណិ្ឌកគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទកិ្ខណេយ្យបុគ្គលក្នុងលោក មានប៉ុន្មានពួក មួយទៀត បុគ្គលគួរឲ្យទាន ក្នុងបុគ្គលដូចម្តេច។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី ទក្ខិណេយ្យបុគ្គលក្នុងលោក មានពីរពួក គឺសេក្ខបុគ្គល ១ អសេក្ខបុគ្គល ១។ ម្នាលគហបតី ទក្ខិណេយ្យបុគ្គលក្នុងលោក មានពីរពួកនេះ មួយវិញទៀត បុគ្គលគួរឲ្យទាន ក្នុងបុគ្គលពួកនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះ លុះសុគតជាសាស្តា ទ្រង់មានព្រះតម្រាស់ ដូច្នេះហើយ ក៏ទ្រង់ពោលដូច្នេះ តទៅទៀតថា
សេក្ខបុគ្គលកី្ត អសេក្ខបុគ្គលកី្ត ជាបុគ្គលគួរទទួលទាន របស់អ្នកឲ្យទានក្នុងលោកនេះ បុគ្គលទាំងនោះ ជាអ្នកប្រតិបត្តិត្រង់ ដោយកាយ វាចា ឬចិត្ត ជាស្រែបុណ្យដ៏ប្រសើរ របស់អ្នកឲ្យទាន ឯទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលពួកនេះ ជាទានមានផលច្រើន។
(៣៧.)
[២៨១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តមានអាយុ ក៏គង់នៅក្នុងប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថីដែរ។ ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ដ៏មានអាយុ។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចា របស់ព្រះសារីបុត្តមានអាយុថា អាវុសោ។ ទើបព្រះសារីបុត្តមានអាយុ មានថេរវាចា ដូច្នេះថា ម្នាលអាវុសោ ខ្ញុំនឹងសំដែងនូវបុគ្គល ដែលមានសញ្ញោជនៈខាងក្នុងផង នូវបុគ្គល ដែលមានសញ្ញោជនៈ ខាងក្រៅផង អ្នកទាំងឡាយ ចូរចាំស្តាប់នូវបុគ្គលនោះ ចូរប្រុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលថេរវាចា របស់ព្រះសារីបុត្តមានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តមានអាយុ បានសំដែង ដូច្នេះថា ម្នាលអាវុសោ បុគ្គល ដែលមានសញ្ញោជនៈខាងក្នុង តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ អ្នកមានសីលសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយ អាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ លុះភិក្ខុនោះ ទំលាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងទេវនិកាយណាមួយ (កាមាវចរទេវលោក) លុះភិក្ខុនោះ ច្យុតអំពីទេវនិកាយនោះហើយ រមែងមានដំណើរមកកាន់មនុស្សលោកនេះម្តងទៀត ម្នាលអាវុសោ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្នុង រមែងមានដំណើរមកកាន់មនុស្សលោកនេះ។ ម្នាលអាវុសោ ចុះបុគ្គលមានសញ្ញោជនៈ ខាងក្រៅ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ភិក្ខុនោះ បានចូលកាន់ចេតោវិមុតិ្ត ដែលជាធម្មជាតិស្ងប់ចាកកិសេលណាមួយ សម្រេចសម្រាន្តនៅ លុះភិក្ខុនោះ ទំលាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងទេវនិកាយណាមួយ (សុទ្ធាវាស ៥ ជាន់ ណាមួយ) លុះភិក្ខុនោះ ច្យុតអំពីទេវនិកាយនោះ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះ (ទៀតឡើយ) ម្នាលអាវុសោ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្រៅ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះទៀតឡើយ។ ម្នាលអាវុសោ ហេតុដទៃ នៅមានទៀត ភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ភិក្ខុនោះ ប្រតិបតិ្ត ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ទៅនៃកាមទាំងឡាយ ភិក្ខុនោះ ប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ទៅ នៃភពទាំងឡាយ ភិក្ខុនោះ ប្រតិបត្តិ ដើម្បីឲ្យអស់ទៅ នៃតណ្ហា ភិក្ខុនោះ ប្រតិបតិ្ត ដើម្បីឲ្យអស់ទៅ នៃលោភ លុះភិក្ខុនោះ ទំលាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងទេវនិកាយ ណាមួយ លុះភិក្ខុនោះ ច្យុតអំពីទេវនិកាយនោះ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះទៀតឡើយ ម្នាលអាវុសោ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្រៅ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះទៀតឡើយ។ លំដាប់នោះ មានទេវតាច្រើនអង្គ ឈ្មោះ សមចិត្តា (មានអត្តភាពល្អិត) នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ អង្គនុ៎ះ សំដែងបុគ្គល ដែលមានសញ្ញោជនៈខាងក្នុងផង បុគ្គលដែលមានសញ្ញោជនៈខាងក្រៅផង ដល់ពួកភិក្ខុ នៅនាប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម បពិត្រព្រះអង្គដ៏ចំរើន ពួកបរិស័ទមានចិត្តរីករាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ អាស្រ័យសេចកី្តអនុគ្រោះ ទ្រង់ស្តេចចូលទៅរកព្រះសារីបុត្តមានអាយុផងចុះ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរបាត់ព្រះអង្គ ចេញពីវិហារជេតពន ទៅប្រតិស្ឋាន ត្រង់ទីចំពោះមុខព្រះសារីបុត្តដ៏មានអាយុ នៅនាប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម (ក្នុងមួយរំពេច) ដូចបុរសអ្នកមានកំឡាំង លាដៃដែលបត់ចូល ឬបត់ដៃ ដែលលាចេញ ដូច្នោះដែរ។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈ ដែលគេក្រាលថ្វាយហើយ។ ឯព្រះសារីបុត្តមានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសារីបុត្ត ក្នុងទីនេះ មានពួកទេវតាច្រើនអង្គ ឈ្មោះ សមចិត្តា នាំគ្នាចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីដ៏សមគួរ។ ម្នាលសារីបុត្ត លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ អង្គនុ៎ះ សំដែងនូវបុគ្គល ដែលមានសញ្ញោជនៈ ខាងក្នុងផង បុគ្គលដែលមានសញ្ញោជនៈ ខាងក្រៅផង ដល់ភិក្ខុទាំងឡាយ នៅនាប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម បពិត្រព្រះអង្គដ៏ចំរើន ពួកបរិស័ទ ក៏មានចិត្តរីករាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យសេចកី្តអនុគ្រោះ ទ្រង់ស្តេចចូលទៅរកព្រះសារីបុត្តដ៏មានអាយុផងចុះ ម្នាលសារីបុត្ត ឯពួកទេវតាទាំងនោះ មានចំនួន ១០ អង្គខ្លះ ២០ អង្គខ្លះ ៣០ អង្គខ្លះ ៤០ អង្គខ្លះ ៥០ អង្គខ្លះ ៦០ អង្គខ្លះ ឋិតនៅក្នុងទីឱកាស ល្មមចាក់ដោយចុងដែកស្រួចបាន តែមិនច្រៀតបៀត ដល់គ្នានឹងគ្នាឡើយ ម្នាលសារីបុត្ត ឯចំណែកអ្នក គង់មានគំនិត យ៉ាងនេះថា ពិតមែនតែពួកទេវតាទាំងនោះ ក្នុងទីប្រជុំនោះ សឹងមានចិត្តហ្វឹកហ្វឺនហើយដូចៗគ្នា ទើបបានជាពួកទេវតាទាំងនោះ មានចំនួន ១០ អង្គខ្លះ ២០ អង្គខ្លះ ៣០ អង្គខ្លះ ៤០ អង្គខ្លះ ៥០ អង្គខ្លះ ៦០ អង្គខ្លះ ឋិតនៅក្នុងទីឱកាស ល្មមចាក់ដោយចុងដែកស្រួចប៉ុណ្ណោះ តែមិនច្រៀតបៀត ដល់គ្នានឹងគ្នាឡើយ ម្នាលសារីបុត្ត ដំណើរនុ៎ះ អ្នកមិនគួរឃើញ យ៉ាងនេះទេ ម្នាលសារីបុត្ត ពួកទេវតាទាំងនោះ ក្នុងទីប្រជុំនេះ សឹងមានចិត្តហ្វឹកហ្វឺនហើយដូចៗគ្នា ទើបបានជាទេវតាទាំងនោះ មានចំនួន ១០ អង្គខ្លះ។ បេ។ តែគង់មិនច្រៀតបៀត ដល់គ្នានឹងគ្នាឡើយ ម្នាលសារីបុត្ត ព្រោហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងនឹងមានឥន្រ្ទិយស្ងប់រម្ងាប់ មានចិត្តស្ងប់រម្ងាប់ ម្នាលសារីបុត្ត អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះ ម្នាលសារីបុត្ត លុះអ្នកទាំងឡាយ មានឥន្រ្ទិយស្ងប់រម្ងាប់ មានចិត្តស្ងប់រម្ងាប់ពិតហើយ កាយកម្ម នឹងស្ងប់រម្ងាប់ឯង វចីកម្ម នឹងស្ងប់រម្ងាប់ដែរ មនោកម្ម នឹងស្ងប់រម្ងាប់ដែរ ដោយបំណងថា យើងនឹងប្រមូលមក នូវការផ្គូផ្គង (នូវកាយវាចា) ចំពោះពួកសព្រហ្មចារី ម្នាលសារីបុត្ត អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះ ម្នាលសារីបុត្ត ពួកអន្យតិរ្ថីយ បរិព្វាជកណា មិនបានស្តាប់ធម្មបរិយាយនេះ ពួកអន្យតិរ្ថីយ បរិព្វាជកទាំងនោះ រមែងវិនាសទៅឯង។
(៣៨.)
[២៨២] សម័យមួយ ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅប្របឆ្នេរស្រះកទ្ទមៈ ជិតក្រុងវរណា។ លំដាប់នោះ អារាមទណ្ឌព្រាហ្មណ៍ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយនឹងព្រះមហាកច្ចានៈដ៏មានអាយុ ហើយនិយាយពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹក ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ លុះអារាមទណ្ឌព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយនឹងព្រះមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈ ដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកខត្តិយៈ ទាស់ទែងនឹងពួកខត្តិយៈ ក៏មាន ពួកព្រាហ្មណ៍ ទាស់ទែងនឹងពួកព្រាហ្មណ៍ ក៏មាន ពួកគហបតី ទាស់ទែងនឹងពួកគហបតី ក៏មាន។ ព្រះមហាកច្ចានៈតបថា ម្នាលព្រាហ្មណ៍ ពួកខត្តិយៈ ទាស់ទែងនឹងពួកខត្តិយៈ ក៏មាន ពួកព្រាហ្មណ៍ ទាស់ទែងនឹងពួកព្រាហ្មណ៍ ក៏មាន ពួកគហបតី ទាស់ទែងនឹងពួកគហបតី ក៏មាន ព្រោះហេតុតែកាមរាគ ជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិត។ បពិត្រព្រះកច្ចានៈ ដ៏ចំរើន ចុះអ្វីជាហេតុ ចុះអ្វីជាបច្ច័យ ដែលនាំឲ្យពួកសមណៈ ទាស់ទែងនឹងពួកសមណៈ ម្នាលព្រាហ្មណ៍ ពួកសមណៈ ទាស់ទែងនឹងពួកសមណៈ ព្រោះហេតុតែទិដិ្ឋរាគៈ ជាចំណង ចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិត។ បពិត្រព្រះកច្ចានៈដ៏ចំរើន ចុះបុគ្គលណាមួយ ក្នុងលោក ជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្រប សង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះចេញបានផង មានខ្លះឬទេ។ ម្នាលព្រាហ្មណ៍ បុគ្គលជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង តែងមានក្នុងលោក។ បពិត្រព្រះកច្ចានៈដ៏ចំរើន ចុះក្នុងលោកនេះ មានបុគ្គលណាហ្ន៎ ដែលជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណង ចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះចេញបានផង។ ម្នាលព្រាហ្មណ៍ មានក្រុងឈ្មោះ សាវត្ថី នៅក្នុងជនបទទិសខាងកើត ឥឡូវនេះ ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់គង់នៅទៀបក្រុងនោះ ម្នាលព្រាហ្មណ៍ ព្រះដ៏មានព្រះភាគ អង្គនោះហើយ ដែលជាអ្នកប្រព្រឹត្តកន្លងនូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតចេញបានផង។ លុះព្រះកច្ចានៈដ៏មានអាយុ សំដែងយ៉ាងនេះហើយ ទើបអារាមទណ្ឌព្រាហ្មណ៍ ក្រោកចាកទីអង្គុយ ធ្វើសំពត់ដណ្តប់ឆៀងស្មាម្ខាង លុតមណ្ឌលជង្គង់ ខាងស្តាំ លើផែនដី ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ បន្លឺនូវឧទាន អស់វារៈ ៣ ដងថា សូមក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ សូមក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ សូមក្រាបថ្វាយបង្គំ ចំពោះព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រោះព្រះដ៏មានព្រះភាគ អង្គនោះ ទ្រង់ប្រព្រឹត្តកន្លង នូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ទ្រង់ប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់គ្របសង្កត់រួបរិតនេះ ចេញបានផង។ បពិត្រព្រះកច្ចានៈដ៏ចំរើន ពីរោះណាស់ បពិត្រព្រះកច្ចានៈដ៏ចំរើន ពីរោះណាស់ បពិត្រព្រះកច្ចានៈដ៏ចំរើន ធម៌ដែលព្រះកច្ចានៈដ៏ចំរើន បានប្រកាសហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចគេផ្ងារ របស់ដែលផ្កាប់ចុះ ពុំនោះ ដូចគេបើករបស់បិទបាំង ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬក៏ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែកភ្លឺ នឹងមើយឃើញរូបទាំងឡាយបាន ដូច្នោះ បពិត្រព្រះកច្ចានៈដ៏ចំរើន ខ្ញុំព្រះករុណា សូមដល់នូវព្រះគោតមដ៏ចំរើននោះផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះកច្ចានៈដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណាថា ជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត តាំងពីថៃ្ងនេះតទៅ។
(៣៩.)
[២៨៣] សម័យមួយ ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅក្នុងគុន្ទាវន1) ទៀបក្រុងមធុរា។ លំដាប់នោះ កណ្ឌរាយនព្រាហ្មណ៍ ចូលទៅរកព្រះមហាកច្ចានៈ ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយនឹងព្រះមហាកច្ចានៈដ៏មានអាយុ។ បេ។ លុះកណ្ឌរាយនព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពិតព្រះមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈដ៏ចំរើន ខ្ញុំបានឮដំណឹងនេះថា ព្រះសមណកច្ចានៈ មិនសំពះ មិនក្រោកទទួល មិននិមន្ត ដោយអាសនៈ ចំពោះពួកព្រាហ្មណ៍ ដែលចាស់ ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលទៅក្នុងបច្ឆិមវ័យសោះឡើយ បពិត្រព្រះកច្ចានៈដ៏ចំរើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះកច្ចានៈដ៏ចំរើន មិនសំពះ មិនក្រោកទទួល មិននិមន្តដោយអាសនៈ ចំពោះពួកព្រាហ្មណ៍ ដែលចាស់ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុល ចូលទៅក្នុងបច្ឆិមវ័យសោះឡើយ បពិត្រព្រះកច្ចានៈដ៏ចំរើន កិច្ច មានការមិនសំពះ ជាដើមនោះ មិនសមគួរទេ។ ព្រះកច្ចានៈដ៏មានអាយុ តបថា ម្នាលព្រាហ្មណ៍ ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រះអង្គទ្រង់ជ្រាប ទ្រង់ឃើញបាន ទ្រង់សំដែងវុឌ្ឍិភូមិ (ជាន់មនុស្សចាស់) ផង ទហរភូមិ (ជាន់មនុស្សក្មេង) ផង ម្នាលព្រាហ្មណ៍ ប្រសិនបើមនុស្សចាស់ មានអាយុ ៨០ ឆ្នាំក្ដី ៩០ ឆ្នាំក្ដី ១០០ ឆ្នាំក្ដី រាប់ពីត្រឹមកើតមក ប៉ុន្តែមនុស្សនោះ នៅបរិភោគកាម ត្រាំនៅក្នុងកណ្ដាលកាម ក្ដៅក្រហាយ ដោយកំដៅកាម ត្រូវកាមវិតក្កៈគ្របសង្កត់ ជាអ្នកខ្វល់ខ្វាយ ស្វែងរកតែកាម មនុស្សនោះ ហៅថា មនុស្សក្មេងដោយពិត មិនរាប់ថា ចាស់ទុំឡើយ ម្នាលព្រាហ្មណ៍ ប្រសិនបើមនុស្សក្មេង នៅជំទង់កំឡោះ មានសក់ខ្មៅ ប្រកបដោយវ័យដ៏ចំរើន គឺបឋមវ័យ ប៉ុន្តែមនុស្សនោះ មិនបរិភោគកាម មិនត្រាំនៅក្នុងកណ្ដាលកាម មិនក្ដៅក្រហាយ ដោយកំដៅកាម មិនត្រូវកាមវិតក្កៈគ្របសង្កត់ មិនខ្វល់ខ្វាយស្វែងរកកាម មនុស្សនោះ ទើបរាប់ថាបណ្ឌិតពិត ថាចាស់ទុំដោយពិត។ លុះព្រះកច្ចានៈដ៏មានអាយុ សំដែងយ៉ាងនេះហើយ កណ្ឌរាយនព្រាហ្មណ៍ ក៏ក្រោកចាកទីអង្គុយ ធ្វើសំពត់ដណ្ដប់ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាពួកភិក្ខុ ដែលក្មេងជាងខ្លួន ហើយនិយាយថា លោកដ៏ចំរើន ជាមនុស្សចាស់ ឋិតនៅក្នុងវុឌ្ឍិភូមិ ឯខ្ញុំព្រះករុណា ជាមនុស្សក្មេង ឋិតនៅក្នុងទហរភូមិ បពិត្រព្រះកច្ចានៈដ៏ចំរើន ពីរោះណាស់។ បេ។ សូមព្រះកច្ចានៈដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះទៅ។
(៤០.)
[២៨៤] ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកចោរមានកំឡាំង សម័យនោះ ពួកស្ដេច ក៏មានកំឡាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ សម័យនោះ ស្ដេចមានព្រះរាជដំណើរត្រឡប់ចូលមកក្ដី ចេញទៅខាងក្រៅក្ដី នឹងត្រួតត្រាកិច្ចការ ក្នុងជនបទនៅចុងដែនក្ដី ក៏មិនបានសេចក្ដីសុខសប្បាយឡើយ ក្នុងសម័យនោះ សូម្បីពួកព្រាហ្មណ៍ និងគហបតី នឹងមានដំណើរត្រឡប់ ចូលមកក្ដី ចេញទៅខាងក្រៅក្ដី ត្រួតត្រាការងារឰដ៏ខាងក្រៅក្ដី ក៏មិនបានសុខសប្បាយឡើយ មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីឧបមេយ្យ ក៏ដូច្នោះដែរ ក្នុងសម័យណា ពួកភិក្ខុបាប មានកំឡាំង សម័យនោះ ពួកភិក្ខុជាអ្នកមានសីលជាទីស្រឡាញ់ រមែងមានកំឡាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ពួកភិក្ខុជាអ្នកមានសីលជាទីស្រឡាញ់ នៅស្ងៀមឈឹង នៅស្ងៀមឈឹង អង្គុយសំកុក ក្នុងកណ្ដាលជំនុំសង្ឃ ឬនៅក្នុងជនបទចុងដែន។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនបានសេចក្ដីសុខ ដល់ជនច្រើន ដើម្បីសេចក្ដីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ថែមទាំងសេចក្ដីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកស្ដេចមានកំឡាំង សម័យនោះ ពួកចោរក៏មានកំឡាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ស្ដេចនឹងមានព្រះរាជដំណើរត្រឡប់ចូលមកក្ដី ចេញទៅខាងក្រៅក្ដី នឹងត្រួតត្រាកិច្ចការ ក្នុងជនបទចុងដែនក្ដី តែងបានសេចក្ដីសុខសប្បាយ ក្នុងសម័យនោះ សូម្បីពួកព្រាហ្មណ៍ និងគហបតីទាំងឡាយ នឹងមានដំណើរត្រឡប់ចូលមកក្ដី ចេញទៅខាងក្រៅក្ដី ត្រួតត្រាការងារឰដ៏ខាងក្រៅក្ដី ក៏បានសេចក្តីសុខសប្បាយ មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីឧបមេយ្យ ក៏ដូច្នោះដែរ ក្នុងសម័យណា ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ មានកំឡាំង សម័យនោះ ពួកភិក្ខុបាប មានកំឡាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ពួកភិក្ខុបាប នៅស្ងៀមឈឹង នៅស្ងៀមឈឹង អង្គុយសំកុក នៅក្នុងកណ្ដាលជំនុំសង្ឃ ឬបែកខ្ញែក ទៅតាមទីផ្ដេសផ្ដាស។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីសេចក្ដីចំរើន ដល់ជនច្រើន ដើម្បីប្រយោជន៍ ទាំងសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
(៤១.)
[២៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតមិនសរសើរសេចក្ដីប្រតិបត្តិខុស របស់បុគ្គលពីរពួក គឺគ្រហស្ថ ១ បព្វជិត ១ ទេ។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្ដី បព្វជិតក្ដី ដែលប្រតិបត្តិខុសហើយ ជាបុគ្គលមិនអាចនឹងបានសម្រេច នូវកុសលធម៌ ព្រមទាំងវិបស្សនា ព្រោះហេតុតែការប្រតិបត្តខុសនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត សរសើរសេចក្ដីប្រតិបត្តិត្រូវ របស់បុគ្គលពីរពួក គឺគ្រហស្ថ ១ បព្វជិត ១។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្ដី បព្វជិតក្ដី ដែលប្រតិបត្តិត្រូវហើយ ជាបុគ្គលអាចនឹងបានសម្រេច នូវកុសលធម៌ ព្រមទាំងវិបស្សនា ព្រោះហេតុតែការប្រតិបត្តិត្រូវ។
(៤២.)
[២៨៦] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ហាមឃាត់អដ្ឋកថាផង បាលីផង ដោយសូត្រទាំងឡាយ ដែលខ្លួនរៀនខុស តែសមរម្យតាមព្យពា្ជនៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនបានសេចក្ដីសុខ ដល់ជនច្រើន ដើម្បីមិនចំរើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ទាំងបានសេចក្ដីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ តែងបាននូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្ម គឺសាសនានេះ ឲ្យអន្តរធានទៅផង។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ប្រព្រឹត្តតាមអដ្ឋកថាផង បាលីផង ដោយសូត្រទាំងឡាយ ដែលខ្លួនរៀនត្រឹមត្រូវ សមរម្យតាមព្យពា្ជនៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីសេចក្ដីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ទាំងបានសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ តែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតថេរបានផង។
ចប់ សមចិត្តវគ្គ ទី៤។