តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » តិកនិបាត » បឋមបណ្ណាសក » រថការវគ្គ ទី២ »
គុណលក្ខណៈរបស់ស្តេចសុចរិត និងអ្នកដឹកនាំ។
an 03.014 បាលី cs-km: sut.an.03.014 អដ្ឋកថា: sut.an.03.014_att PTS: ?
ចក្កវត្តិសូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៤. ចក្កវត្តិសុត្តំ)
[១៤] ម្នាលភិក្ខុទាំងឡាយ ស្ដេចចក្រពត្តិអង្គណា ប្រកបដោយធម៌1) ទ្រង់ធម៌2) ស្ដេចអង្គនោះ ទ្រង់ញុំាងចក្រ ដែលមិនមែនជារបស់ស្ដេច ឲ្យប្រព្រឹត្តទៅ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ មានភិក្ខុ ១រូប ក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ចក្ររបស់ស្ដេចចក្រពត្តិ ប្រកបដោយធម៌ ទ្រង់ធម៌ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលភិក្ខុ ចក្រនោះ ក៏គឺធម៌3) ដូច្នេះ រួចទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ ក្នុងលោកនេះ ស្ដេចចក្រពត្តិ ប្រកបដោយធម៌ ទ្រង់ធម៌ ទ្រង់អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់គ្រប់គ្រង ប្រកបដោយធម៌ ចំពោះជនខាងក្នុង ម្នាលភិក្ខុ មួយទៀត ស្ដេចចក្រពត្តិ ប្រកបដោយធម៌ ទ្រង់ធម៌ ទ្រង់អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រងប្រកបដោយធម៌ ចំពោះពួកក្សត្រិយ៍អ្នកចុះចូល ពួកពល ពួកព្រាហ្មណ៍ គហបតី ពួកអ្នកនិគម អ្នកជនបទ ពួកសមណព្រាហ្មណ៍ និងពួកម្រឹគបក្សី។ ម្នាលភិក្ខុ លុះស្ដេចចក្រពត្តិ ប្រកបដោយធម៌ ទ្រង់ធម៌ អង្គនោះឯង អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សាទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះជនខាងក្នុង ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះពួកក្សត្រិយ៍អ្នកចុះចូល ពួកពល ពួកព្រាហ្មណ៍ គហបតី ពួកអ្នកនិគម ជនបទ ពួកសមណព្រាហ្មណ៍ និងពួកម្រឹគបក្សី ទើបញុំាងចក្រ ឲ្យប្រព្រឹត្តតាមធម៌កើត។ ចក្រនោះ មនុស្សណាមួយ ជាសត្រូវ ធ្វើបដិវត្តដោយដៃពុំបានឡើយ។ ម្នាលភិក្ខុ សេចក្ដីនេះ មានដូចជាព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌4) ទ្រង់ធម៌5) អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះកាយកម្មថា កាយកម្មបែបនេះ គួរសេព កាយកម្មបែបនេះ មិនគួរសេពឡើយ។ ម្នាលភិក្ខុ មួយទៀត ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ ទ្រង់ធម៌ អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះវចីកម្មថា វចីកម្មបែបនេះ គួរសេព វចីកម្មបែបនេះ មិនគួរសេពឡើយ។ ម្នាលភិក្ខុ មួយទៀត ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ប្រកបដោយធម៌ ទ្រង់ធម៌ អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រងប្រកបដោយធម៌ ចំពោះមនោកម្មថា មនោកម្មបែបនេះ គួរសេព មនោកម្មបែបនេះ មិនគួរសេពឡើយ។ ម្នាលភិក្ខុ ព្រះតថាគតនោះឯង ជាអរហន្ដ សម្មាសម្ពុទ្ធ ប្រកបដោយធម៌ ទ្រង់ធម៌ អាស្រ័យនូវធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះកាយកម្ម ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះវចីកម្ម ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះមនោកម្ម ញុំាងធម្មចក្រ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ តាមធម៌នុ៎ះឯង។ ចក្កនោះ សមណៈ ឬព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬអ្នកណាមួយ ក្នុងលោក ធ្វើបដិវត្តពុំបានឡើយ។