បុគ្គលបីប្រភេទមិនងាយនឹងតបគុណ ដល់បុគ្គល ទាំង៣ ពួកនេះ ដោយការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលិកម្ម សមីចិកម្ម និងការប្រគេនចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺបានទេ។
an 03.024 បាលី cs-km: sut.an.03.024 អដ្ឋកថា: sut.an.03.024_att PTS: ?
ពហុការសូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
(៤. ពហុការសុត្តំ)
[២៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) មាន៣ពួកនេះ មានឧបការៈច្រើន ដល់បុគ្គល (ជាសិស្ស)។ បុគ្គល៣ ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដល់នូវព្រះពុទ្ធ ជាទីពឹង ដល់នូវព្រះធម៌ ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង ព្រោះអាស្រ័យបុគ្គលណា ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឈ្មោះថា មានឧបការៈច្រើន ដល់បុគ្គលនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលដឹងច្បាស់ តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់ទៅនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ព្រោះអាស្រ័យបុគ្គលណា ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះហៅថា មានឧបការៈច្រើន ដល់បុគ្គលនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយដោយប្រាជ្ញា ដ៏ឧត្ដមដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ ព្រោះអាស្រ័យបុគ្គលណា ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឈ្មោះថា មានឧបការៈច្រើន ដល់បុគ្គលនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ ឈ្មោះថា មានឧបការៈច្រើន ដល់បុគ្គល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតពោលថា បុគ្គលឯទៀត មានឧបការៈច្រើន ដល់បុគ្គលនេះ លើសជាងបុគ្គលទាំង៣ ពួកនេះទៅទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត តថាគតពោលថា បុគ្គលនេះ មិនងាយនឹងតបគុណ ដល់បុគ្គល ទាំង៣ ពួកនេះ ដោយការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលិកម្ម សមីចិកម្ម និងការប្រគេនចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺបានទេ។