km:tipitaka:sut:an:03:sut.an.03.027

ជិគុច្ឆិតព្វសូត្រ ទី៧

សង្ខេប

«បុរស​​អ្នក​​សេពគប់​​បុគ្គល​ថោក​ទាប ​រមែង​​សាប​សូន្យ បើ​​សេព​គប់​​បុគ្គល​​ស្មើ​គ្នា មិន​គប្បី​​សាប​​សូន្យ ក្នុង​​កាល​​ណា​​ឡើយ​ បុរស​​ចូល​​ទៅ​​គប់​​រក​​បុគ្គល​​ប្រ​សើរ (ជាង​​ខ្លួន) រមែង​​ចំរើន​ឆាប់ ព្រោះ​​ហេតុ​​នោះ បុរស​​គួរ​​គប់​រក​​នឹង​​បុគ្គល​​ដ៏​​ប្រសើរ​​លើស​ខ្លួន (ទើប​​ប្រសើរ)។»

an 03.027 បាលី cs-km: sut.an.03.027 អដ្ឋកថា: sut.an.03.027_att PTS: ?

ជិគុច្ឆិតព្វសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៧. ជិគុច្ឆិតព្វសុត្តំ)

[២៧] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក។ បុគ្គល​៣​ពួក ​តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែលគេ​គួរ​ខ្ពើម មិន​គួរ​សេព​ មិនគួរ​គប់​រក មិន​គួរ​ចូលទៅ​អង្គុយ​ជិត ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេ​គួរ​ព្រងើយ​កន្តើយ មិន​គួរ​សេព មិន​គួរគប់រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេ​គួរ​សេព គួរគប់​រក គួរ​ចូល​ទៅ​អង្គុយ​ជិត​ ១​។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​បុគ្គល​ដែល​គួរ​ខ្ពើម មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុងលោកនេះ ជា​អ្នក​ទ្រុស្ត​សីល មាន​ធម៌​ដ៏លាមក មិន​ស្អាត មាន​កិរិ​យា​មារយាទ​ ប្រកប​ដោយ​សេចក្ដី​រង្កៀស មានការងារ​លាក់​លៀម​ទុក មិន​មែន​ជា​សម​ណៈ ប្ដេជ្ញា​ថា​ជា​សមណៈ មិនមែន​ជា​ព្រហ្ម​ចារី ប្ដេជ្ញា​ថា​ជា​ព្រហ្ម​ចារី ស្អុយ​ខាង​ក្នុង មានចិត្ត​ជោគជាំដោយ​រាគៈ មាន​ចិត្ត​ជ្រោកជ្រាក។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មានសភាព​យ៉ាង​នេះ ឈ្មោះ​ថា ​ជា​បុគ្គល​ដែល​គេ​គួរ​ខ្ពើម មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា បុគ្គល​មិន​លុះ​ទៅ​តាម​ដំ​ណើរ​ទិដ្ឋិ របស់បុគ្គល​មានសភាព​យ៉ាង​នេះ ក៏​ពិត​មែន​ហើយ ប៉ុន្តែ​ថា ​បុគ្គល​នោះ គង់មានកិត្តិសព្ទ​ដ៏​លាមក​ ល្បី​ឡើង​ថា បុរស​បុគ្គល​មាន​មិត្ត​អាក្រក់ មាន​សំឡាញ់អាក្រក់ មាន​គូកនអាក្រក់។ ម្នាល​ភិក្ខុ​ទាំងឡាយ ដូច​ជាពស់​លូន​ទៅ​ក្នុងលាមក ទុក​ជាមិន​ចិក​​ ក៏ពិត​មែន ប៉ុន្តែថា លាមក គង់​ប្រឡាក់​ពស់​នោះ​មិនខាន​ យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មិនលុះ​ទៅតាម​ដំណើរទិដ្ឋិ​ របស់បុគ្គលមាន​សភាព​យ៉ាង​នេះ ក៏ពិត​មែន ប៉ុន្តែ​ថា បុគ្គល​នោះ ​មាន​កិត្តិសព្ទ ដ៏លាមក ល្បី​ឡើង​ថា បុរស​បុគ្គល​ មាន​មិត្ត​អាក្រក់ មាន​សំឡាញ់​អាក្រក់ មាន​គូកន​អាក្រក់​ ក៏យ៉ាង​នោះ​ដែរ។ ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាពយ៉ាង​នេះ ​ឈ្មោះ​ថា ជា​បុគ្គល​ដែល​គេគួរ​ខ្ពើម​ មិន​គួរ​សេព មិន​គួរ​គប់​រក មិនគួរចូល​ទៅ​អង្គុយ​ជិត។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​ដែល​គេ​គួរ​ព្រងើយ​កន្តើយ មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដី​តាន​តឹង សូម្បី​គេ​និយាយ​តែ​បន្តិចបន្តួច ក៏​ជាប់​ចិត្តក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេច​ក្ដី​ក្រោធ ​ទោសៈ និង​សេច​ក្ដី​មិនសប្បាយ​ចិត្ត​ ឲ្យ​ប្រាកដ​ឡើង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ដំ​បៅ​ចាស់ ដែល​ត្រូវ​ប៉ះទង្គិច ដោយ​កំណាត់​ឈើ ឬអំបែង រមែង​ក្លាយ​ឡើង លើសប្រមាណ​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុងលោក​នេះ ជា​អ្នកក្រោធ​ ច្រើន​ដោយ​សេចក្ដី​តានតឹង សូម្បី​គេ​និយាយ​តែ​បន្តិច​បន្តួច ក៏ជាប់​ចិត្តក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ និងសេចក្ដី​មិន​សប្បាយ​ចិត្ត ឲ្យ​ប្រាកដ​ឡើង​ យ៉ាង​នោះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​អង្កត់​ភ្លើង​ឧសដង្កោ ដែល​គេ​កៀស​ ដោយ​កំណាត់ឈើ ឬអំបែង រមែង​ធ្វើ​សំ​ឡេង ​ឮ​ចិចិដៈ1) ធ្វើសំឡេង ​ឮ​ចិដិចិដៈ ដោយ​ក្រៃលែង លើស​ប្រមាណ​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោកនេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដី​តាន​តឹង សូម្បី​គេ​និយាយ​បន្តិច​បន្តួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ​ និងសេចក្ដី មិនសប្បាយ​ចិត្ត ​ឲ្យ​ប្រាកដឡើង ក៏​យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​រណ្ដៅ​លាមក​ ដែល​បុគ្គល​ឆ្កឹស ដោយ​កំ​ណាត់​ឈើ​ ឬ​អំបែង រមែង​មានក្លិន​ស្អុយ​ដោយ​ក្រៃលែង​ លើស​ប្រមាណ យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដីតាន​តឹង សូម្បី​តែ​គេ​និយាយ​បន្តិច​បន្តួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ និង​សេចក្ដី​មិន​សប្បាយ​ចិត្ត ឲ្យប្រាកដ​ឡើង ក៏​យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលមានសភាព​យ៉ាង​នេះ ឈ្មោះថា ជា​បុគ្គល​ដែលគេគួរ​ព្រ​ងើយ​កន្តើយ​ មិន​គួរសេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ព្រោះ​គេ​គិត​ថា ជន (នេះ) គប្បី​ជេរ​អាត្មា​អញ​ខ្លះ ផ្ដាសាអាត្មា​អញ​ខ្លះ ធ្វើអាត្មា​អញ​ ឲ្យ​ខូច​ប្រយោជន៍​ខ្លះ។ ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាព​យ៉ាងនេះ ឈ្មោះ​ថា ជាបុគ្គល​ ដែលគេគួរ​ព្រងើយកន្តើយ​ មិន​គួរ​សេព មិនគួរ​គប់​រក មិន​គួរ​ចូល​ទៅ​​អង្គុយ​ជិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គលដែល​គេ​គួរ​សេព គួរ​គប់​រក គួរ​ចូល​ទៅ​អង្គុយ​ជិត តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ មានសីល មាន​កល្យាណ​ធម៌។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សភាពយ៉ាង​នេះ​ឈ្មោះ​ថា ជាបុគ្គល​គួរ​សេព គួរ​គប់រក គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរនោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មិន​លុះទៅតាម​ដំណើរ​ទិដ្ឋិ ​របស់​បុគ្គល​មាន​សភាព​យ៉ាង​នេះ ក៏​ពិត​មែន ប៉ុ​ន្តែបុគ្គលនោះ គង់​មាន​កិត្តិសព្ទ​ ដ៏​ពី​រោះ ​ល្បី​ឡើង​ថា បុរសបុគ្គល ​មានមិត្ត​ល្អ មានសំឡាញ់​ល្អ មាន​គូកន​ល្អ។ ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាពយ៉ាង​នេះ ឈ្មោះ​ថា​ ជាបុគ្គល​គួរ​សេព គួរគប់​រក គួរ​ចូល​ទៅ​អង្គុយជិត​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួកនេះ រមែង​មាន​នៅ​ក្នុងលោក។ បុរស​អ្នក​សេពគប់​បុគ្គលថោកទាប ​រមែង​សាប​សូន្យ បើ​សេពគប់​បុគ្គល​ស្មើ​គ្នា មិន​គប្បី​សាប​សូន្យ ក្នុង​កាល​ណា​ឡើយ​ បុរស​ចូល​ទៅ​គប់​រក​បុគ្គល​ប្រ​សើរ (ជាង​ខ្លួន) រមែង​ចំរើនឆាប់ ព្រោះ​ហេតុ​នោះ បុរស​គួរ​គប់រក​នឹង​បុគ្គល​ដ៏​ប្រសើរ​លើស​ខ្លួន (ទើប​ប្រសើរ)។

 

លេខយោង

1)
សំឡេងផ្ទុះប្រែះៗ ព្រួសរងើកចេញ។
km/tipitaka/sut/an/03/sut.an.03.027.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann