km:tipitaka:sut:an:03:sut.an.03.029

អន្ធសូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 03.029 បាលី cs-km: sut.an.03.029 អដ្ឋកថា: sut.an.03.029_att PTS: ?

អន្ធសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. អន្ធសុត្តំ)

[២៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក។ បុគ្គល​៣​ពួក ​តើដូច​ម្ដេច។ គឺ​បុគ្គល​ខ្វាក់ ១ បុគ្គល​មាន​ភ្នែកម្ខាង​ ១ បុគ្គល​មាន​ភ្នែក​ទាំង​ពីរខាង​ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ខ្វាក់ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ គប្បី​បាននូវ​ភោគៈ​ ដែល​ខ្លួន​មិន​ធ្លាប់​បានក្ដី គប្បី​ធ្វើ​នូវ​ភោគៈ​ ដែល​ខ្លួន​បាន​ហើយ ឲ្យចំ​រើន​ឡើង​ក្ដី ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា ចក្ខុ​មាន​សភាព​យ៉ាង​នោះ មិន​មាន​ឡើយ មួយ​ទៀត បុគ្គល​គប្បី​​ដឹង ​នូវ​ពួក​ធម៌ ជា​កុសល ​និងអកុសល ដឹង​ពួក​ធម៌​ ដែល​មាន​ទោស និង​ឥត​ទោស ដឹងពួក​ធម៌​ថោក​ទាប និង​ឧត្ដម ដឹង​ពួក​ធម៌​ ដែលមាន​ចំ​ណែក​ជា​ទំ​នាស់គ្នា​ដោយ​អំណាច​ធម៌​ខ្មៅ និង​ធម៌​ស ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា ​សូម្បី​ចក្ខុ​មាន​សភាពយ៉ាងនោះ ក៏​មិន​មាន ​ដល់​បុគ្គល​នោះ​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅ​ថា បុគ្គល​ខ្វាក់​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​ភ្នែក​ម្ខាង តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ គប្បី​បាន​ភោគៈ ដែល​ខ្លួន​មិន​ធ្លាប់​បាន​ក្ដី​គប្បី​ធ្វើ​ភោគៈ ​ដែល​ខ្លួន​បាន​ហើយ ​ឲ្យ​ចំ​រើនឡើងក្ដី ដោយចក្ខុ​មាន​សភាព​យ៉ាង​ណា ចក្ខុ​មាន​សភាព​យ៉ាង​នោះ ​រមែង​មាន។ ប៉ុន្តែ​បុគ្គល​នោះ គប្បី​ដឹង​ពួក​ធម៌​ ជា​កុសល​ និង​អកុសល ដឹង​ពួក​ធម៌​មានទោស ​និង​ឥត​ទោស ដឹង​ពួក​ធម៌ ​ដែល​ថោក​ទាប និង​ឧ​ត្ដម ដឹង​ពួក​ធម៌ ដែល​មាន​ចំ​ណែក​ជា​ទំនាស់​គ្នា ដោយ​អំ​ណាច​ធម៌​ខ្មៅ​ និង​ធម៌​ស ដោយដោយ​ចក្ខុមាន​សភាព​យ៉ាង​ណា សូម្បី​ចក្ខុ​មាន​សភាព​យ៉ាង​នោះ ក៏​មិន​មាន​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា បុគ្គល​មាន​ភ្នែក​ម្ខាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះបុគ្គល​មាន​ភ្នែក​ទាំង​ពីរ​ខាង តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ គប្បី​បាន​នូវ​ភោគៈ ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ក្ដី ធ្វើនូវ​ភោគៈ​ ដែល​ខ្លួន​បាន​ហើយ ​ឲ្យ​ចំរើន​ឡើង​ក្ដី ដោយចក្ខុ​មានសភាព​យ៉ាងណា ចក្ខុ​មាន​សភាពយ៉ាង​នោះ ក៏​មាន មួយ​ទៀត បុគ្គល​នោះ គប្បីដឹង​ពួក​ធម៌ ជាកុសល ​និង​អកុសល ដឹង​ពួក​ធម៌មាន​ទោស​ និង​ឥត​ទោស ដឹង​ពួក​ធម៌​ថោក​ទាប​ និង​ឧត្ដម ដឹង​ពួក​ធម៌ ដែលមាន​ចំណែក​ជា​ទំនាស់​គា្ន ដោយ​អំ​ណាច​ធម៌ខ្មៅ​និង​ធម៌​ស ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា សូម្បីចក្ខុ​មាន​សភាព​យ៉ាង​នោះ​ក៏មាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មាន​ចក្ខុ​ទាំង​ពីរ​ខាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុង​លោក។ ភោគៈ​ទាំងឡាយ មានសភាព​ដូច្នោះ មិន​មាន​ដល់បុគ្គល​ខ្វាក់​ឡើយ បុគ្គល​ខ្វាក់​ មិន​ដែល​ធ្វើបុណ្យ​ទាំងឡាយ​ទេ ការចាប់ខុស ចំពោះ​ប្រយោជន៍​ទាំង​ពីរ រមែង​មាន ​ដល់​បុគ្គល​ខ្វាក់ ​ខូច​ចក្ខុ។ មួយ​ទៀត បុគ្គល​ដែល​ហៅ​ថា មាន​ភ្នែក​ម្ខាង​នេះ ជា​អ្នក​ច្រឡូកច្រឡំ ដោយ​កុសល​ធម៌ និង​អកុសល​ធម៌ ស្វែងរកភោគៈ​ទាំង​ឡាយ ដោយ​ថេយ្យចិត្ត ជាអ្នក​ឈ្លាស ប្រមូល​មក ​នូវ​អំពើទាំង​ពីរ ដោយ​កូដ​កម្ម1) ផង​ ដោយ​ការ​ពោល​ពាក្យ​កុហក​ផង ជាមនុស្ស​បរិភោគកាម បុគ្គល​ដែល​មាន​ចក្ខុ​តែម្ខាង​នោះ លុះរំលាងខន្ធ អំពី​លោក​នេះ​ហើយ ទៅ​កាន់​នរក ​រង​ទុក្ខខ្លោច​ផ្សា។ ចំណែក​ខាង​បុរស​បុគ្គល ដែលហៅថា មាន​ចក្ខុ​ទាំង​ពីរ​ខាង ជា​អ្នក​ប្រសើរ ដោយ​ភោគៈ​ទាំង​ឡាយ ដែល​ខ្លួន​បាន​មក​ដោយ​ធម៌ ឲ្យ​ទ្រព្យ​ដែល​ខ្លួន​រក​បាន ដោយ​សេចក្ដី​ព្យាយាម មានតម្រិះ​ដ៏ប្រសើរ ជា​ជន​មាន​ចិត្ត​ឥត​សង្ស័យ រមែងចូល​ទៅកាន់​ស្ថាន​ដ៏​ចំរើន ដែល​ខ្លួន​បាន​ទៅ​ ហើយមិន​សោក​សៅ បុគ្គល ​គប្បី​វៀរមនុស្ស​ខ្វាក់​ផង មនុ​ស្ស​មាន​ភ្នែក​ម្ខាង​ផង អំពី​ចម្ងាយ ​ហើយគប្បីសេពគប់​បុរស​បុគ្គល​ ដ៏​ប្រសើរ មាន​ភ្នែក​ទាំង​ពីរ​ខាង​ចុះ។

 

លេខយោង

1)
អំពើកៀចក្រាញ ឬអំពើកោង។
km/tipitaka/sut/an/03/sut.an.03.029.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann