km:tipitaka:sut:an:03:sut.an.03.035

ហត្ថកសូត្រ ទី៥

សង្ខេប

បុគ្គល​ដែល​ដេក​ជាសុខ​បាន នារដូវរងា ព្រោះ​ដល់​នូវ​ការ​ស្ងប់​នៃ​ចិត្ត។

an 03.035 បាលី cs-km: sut.an.03.035 អដ្ឋកថា: sut.an.03.035_att PTS: ?

ហត្ថកសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. ហត្ថកសុត្តំ)

[៣៦] សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់​លើ​កម្រាល​ស្លឹក​ឈើ ដែល​ជ្រុះ​ក្នុង​ព្រៃ​ឆ្នង់ ជិត​ផ្លូវ​គោ ក្នុង​ដែន​អាឡវី។ លំ​ដាប់​នោះ​ឯង ​ព្រះរាជ​កុមារ​ ព្រះ​នាម​ហត្ថកអាឡ​វក ត្រាច់​ទៅ​មក ​ដើម្បី​សម្រួល​ព្រះ​ជង្ឃា ក៏បាន​ឃើញ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់​លើ​កម្រាល​ស្លឹក​ឈើ ​ក្នុង​ព្រៃ​ឆ្នង់ ​ជិតផ្លូវ​គោ ​លុះ​ឃើញ​ហើយ ក៏​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគហើយ ​គង់​ក្នុង​ទី​សម​គួរ។ លុះ​ហត្ថកអាឡវក គង់​ក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ផ្ទំ​ស្រួល​ទេ​ឬ។ ម្នាលកុមារ យ៉ាង​ហ្នឹង​ហើយ តថាគត​ បា​ន​សិង​ស្រួល​ហើយ ពួក​ជន​ណា ​ដេកស្រួល​ក្នុង​លោក បណ្ដា​ជន​ទាំង​នោះ តថាគត​ ក៏​ជា​អ្នក​សិង​ស្រួលមួយនឹង​គេ​ដែរ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន រាត្រី​ក្នុង​ហេមន្ត​រដូវ​ ត្រជាក់ កាលក្នុង​ ៨​ថ្ងៃ​ ជា​ចន្លោះ (ខែ​មាឃ​ និង​ខែ​ផល្គុន​) ជា​សម័យ​ធ្លាក់​ទឹក​សន្សើម ផែន​ដី​ដែល​ត្រូវ​ក្រចក​ជើង​គោ ជាន់​ខូង​រដិបរដុប ក៏រឹង កម្រាល​ស្លឹកឈើ ក៏​ស្ដើង អស់​ទាំង​ស្លឹក​ឈើ​ ក៏រង្វើល សំពត់​កាសាយៈ ​ក៏​ត្រជាក់ ​ខ្យល់​វល់ ដ៏ត្រជាក់ ​ក៏​បក់​មក កាល​បើ​យ៉ាង​ហ្នឹង ម្ដេចក៏​ព្រះ​មាន​ព្រះ​ភាគ ត្រាស់​យ៉ាងនេះ​ថា ម្នាល​កុមារ យ៉ាង​ហ្នឹង​ហើយ តថាគត ​បាន​សិង​ស្រួល​ហើយ។ ពួក​ជន​ណា ​ដេក​ស្រួល​ក្នុង​លោក បណ្ដាជន​ទាំង​នោះ​ តថាគត​ ក៏​ជាអ្នក​សិងស្រួល​មួយ​នឹង​គេ​ដែរ។ ម្នាល​កុមារ បើដូច្នោះ តថាគត​នឹង​សួរអ្នក​ ក្នុងដំណើរ​នុ៎ះ ថា​បើ​អ្នក​គាប់​ចិត្ត​យ៉ាង​ណា គប្បី​ព្យាករ​ នូវ​ដំណើរ​នោះ​ យ៉ាងនោះ​ចុះ។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ​ដូចម្ដេច គហបតី ​ឬគហបតិបុត្រ​ ក្នុង​លោក​នេះ មាន​ផ្ទះ​កំពូល​ បូក​លាប​ខាង​ក្នុង​ ទាំង​បូក​លាប​ខាង​ក្រៅ ខ្យល់​ចូល​មិន​រួច មាន​ទ្វារ​ដ៏​ជិត មាន​បង្អួច​បិទ​ជិត​ ក្នុង​ផ្ទះ​នោះ មាន​បល្ល័ង្កក្រាល​ដោយ​កម្រាល​គោណកៈ ក្រាល​ដោយ​កម្រាល​បដិកៈ ក្រាលដោយកម្រាល​បដលិកៈ​ មាន​កម្រាល​ដ៏​ប្រសើរ ជាវិការ​នៃ​ស្បែក​ឈ្មុស1) ​ មានខ្នើយ​ក្រហម​ទាំង​ពីរ​ខាង ព្រមទាំង​ពិតាន​ក្រហម​ ទាំង​ប្រទីប​ប្រេង​ ក៏​ឆេះ​ភ្លឺក្នុង​ផ្ទះ​នោះ មាន​ប្រពន្ធ​៤​នាក់ នៅ​ផ្គត់​ផ្គង់​បម្រើ ដោយ​សេចក្ដី​គាប់ចិត្ត។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ ​ដូច​ម្ដេច បុគ្គល​នោះ ​គួរ​ដេក​ជាសុខ​ ឬទេ ឬ​អ្នកមាន​សេចក្ដី​យល់ ក្នុង​ដំណើរ​នុ៎ះ​ ដូច​ម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏​ចំ​រើន បុគ្គល​នោះ​ គួរ​ដេក​ជាសុខ ពួក​ជនណា ​ដេក​ជា​សុខ ក្នុងលោក បណ្ដា​ជន​ទាំង​នោះ អ្នក​នោះ​ ជាអ្នក​ដេក​ជា​សុខ​មួយ​នឹង​គេដែរ។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ ដូចម្ដេច គហបតី ឬ​គហបតិបុត្រ​នោះ កើត​សេច​ក្ដី​រសាប់​រសល់ ​ផ្សាយ​ទៅ​ក្នុង​កាយ ​ក្នុង​ចិត្ត ដែល​បណ្ដាល​អំ​ពីរាគៈ គហបតី​ ឬ​គហបតិបុត្រ​នោះ ត្រូវ​សេច​ក្ដី​រសាប់​រសល់ ​ដែល​បណ្ដាលអំ​ពី​រាគៈ​ណា រោល​រាល តើ​ត្រូវ​ដេក​ជា​ទុក្ខ​ ឬទេ។ យ៉ាង​នឹង​ហើយ ព្រះ​អង្គ។ ម្នាល​កុមារ គហបតី ​ឬ​គហបតិ​បុត្រ​នោះ ​ត្រូវ​សេចក្ដី​រសាប់​រសល់ ដែល​បណ្ដាល​អំ​ពី​រាគៈណា រោល​រាល​ ត្រូវ​ដេក​ជា​ទុក្ខ រាគៈ​នោះ តថាគត​ បាន​លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​ហើយ ធ្វើ​មិន​ឲ្យ​កើតទៀត ដូច​ជា​ត្នោត​កំ​បុត​ក ធ្វើ​ឲ្យ​វិនាស​ មិន​ឲ្យមាន​ទី​កើត​តទៅទៀត ​ជាធម្មតា ហេតុ​នោះ ​ទើប​តថាគត​បាន​សិង​ជា​សុខ ម្នាល​កុមារ អ្នក​សំ​គាល់ហេតុ​នោះ ​ដូច​ម្ដេច គហបតី ​ឬគហបតិបុត្រ​ កើត​សេចក្ដី​រសាប់​រសល់ ដែលបណ្ដាល​អំ​ពី​ទោសៈ។ បេ​។ កើត​សេច​ក្ដី​រសាប់​រសល់​ផ្សាយ​ទៅ​ក្នុង​កាយ ក្នុង​ចិត្ត ដែល​បណ្ដាល​អំពី​មោហៈ បុគ្គល​នោះ ​ត្រូវ​សេចក្ដី​រសាប់​រសល់ ដែល​បណ្ដាល​អំពី​មោហៈណា រោល​រាល តើ​ត្រូវ​ដេក​ជា​ទុក្ខ ​ឬ​ទេ។ យ៉ាងហ្នឹង​ហើយ ​ព្រះ​អង្គ។ ម្នាល​កុមារ គហបតី ឬគហបតិបុត្រ​នោះ ត្រូវ​សេចក្ដីរសាប់​រសល់ ដែល​បណ្ដាល​អំពី​មោហៈ​ណា រោលរាល ត្រូវ​ដេក​ជា​ទុក្ខ មោហៈនោះ តថាគត​ លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិលឫស​គល់​ហើយ ធ្វើ​មិនឲ្យកើត​ទៀត ដូច​ជា​ត្នោតកំបុតក ធ្វើ​ឲ្យវិនាស មិនឲ្យ​មាន​ទី​កើត​តទៅទៀត ​ជា​ធម្មតា ហេតុ​នោះ ទើប​តថាគត ​បាន​សិង​ជា​សុខ។

អ្នក​ណា​មាន​បាប​បន្សាត់​ចោល រំលត់​ទុក្ខ​ហើយ រមែងដេក​ជា​សុខ​សព្វ​កាល បុគ្គល​ណា ​មិន​ជាប់​ជំពាក់ ​ក្នុងកាម​ទាំង​ឡាយ មាន​សេចក្ដី​ត្រជាក់ មិន​មាន​ឧបធិក្កិលេស បាន​ផ្ដាច់​បង់ ​នូវ​តណ្ហា​ទាំង​អស់ បន្ទោបង់​ នូវសេចក្ដី​ក្រវល់​ក្រ​វាយ ក្នុង​ហឫទ័យ បុគ្គល​ស្ងប់ រមែង​ដេក​ជា​សុខ​ ដល់​នូវ​ការ​ស្ងប់​ នៃចិត្ត​បាន។

 

លេខយោង

1)
ឈ្មោះ​កម្រាលទាំងអស់នេះ បានប្រែក្នុងសៀវភៅ ទី១៤ ទំព័រ ១៦ រួចហើយ។
km/tipitaka/sut/an/03/sut.an.03.035.txt · ពេលកែចុងក្រោយ: 2024/12/03 12:44 និពន្ឋដោយ Cheav villa