km:tipitaka:sut:an:03:sut.an.03.039

សុខុមាលសូត្រ ទី៩

សង្ខេប

ស្រវឹង​​បី​​យ៉ាង​​នាំ​​ឲ្យ​​ប្រព្រឹត្ត​​អាក្រក់ ហើយ​នាំ​​ឲ្យ​​លះ​បង់​​ការ​ជីវិត​​បរិសុទ្ធ។

an 03.039 បាលី cs-km: sut.an.03.039 អដ្ឋកថា: sut.an.03.039_att PTS: ?

សុខុមាលសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

(៩. សុខុមាលសុត្តំ)

[៤០] ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ​ធ្លាប់សុខ​ដ៏​ក្រៃលែង ធ្លាប់​សុខ​ជា​ទីបំផុត។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះ​បិតា​តថាគត ទ្រង់​ឲ្យជីក​ស្រះ​បោក្ខរណី ក្នុង​ព្រះ​រាជ​និវេសន៍ ទ្រង់​ឲ្យ​ដាំ​ឧ​ប្បល​ខៀវមួយ​កន្លែង ឈូកស មួយ​កន្លែង ឈូក​ក្រហម មួយ​កន្លែង ប្រយោជន៍ដល់​តថាគត​ប៉ុណ្ណោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មិនមែន​ទ្រទ្រង់​ត្រឹម​តែ​លំអិត​ខ្លឹម​ចន្ទន៍ ក្នុង​ដែន​កាសី1) ​ប៉ុណ្ណោះទេ ម្នាល​ភិក្ខុ​ទាំងឡាយ ឈ្នួត​របស់​តថាគត ក៏​មក​ពី​ដែន​កាសី អាវ ​និង​សំពត់​ទទូរ ក៏​មក​ពី​ដែន​កាសី សំពត់​ស្លៀក ក៏​មក​ពី​ដែន​កាសី ​សំ​ពត់​បង់​ក ក៏​មក​ពី​ដែន​កាសី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គេ​បាំងស្វេតច្ឆត្រ ​ឲ្យ​តថាគត ទាំង​យប់​ ទាំង​ថ្ងៃ ដោយ​ការពារ ​មិន​ឲ្យ​ត្រជាក់​ក្ដី ក្ដៅក្ដី ធូលីក្ដី ស្មៅក្ដី ទឹក​សន្សើម​ក្ដី ប៉ះ​ត្រូវ​តថាគត​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ​ មានប្រាសាទ​ ៣ គឺ​ប្រាសាទ ​ដែល​សម្រាប់នៅ​ ក្នុង​រដូវ​ត្រជាក់ ១ សម្រាប់​នៅ ​ក្នុង​រដូវ​ក្ដៅ ១ សម្រាប់​នៅ ​ក្នុង​រដូវភ្លៀង ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មាន​គេ​បម្រើ​ ដោយ​តូរ្យ​តន្រ្តី មិន​លាយ​ដោយ​ប្រុស ​អស់​៤​ខែ ក្នុង​វស្សាន​រដូវ ក្នុង​ប្រាសាទ​សម្រាប់រដូវភ្លៀង មិន​ដែល​ចុះ​មក​ខាង​ក្រោម​ប្រាសាទ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​លំ​នៅ​ទាំង​ឡាយ របស់​ពួក​ជនដទៃ គេ​ឲ្យ​បាយ​ចុង​អង្ករ ​ដែលមាន​ទឹក​ជ្រក់ ​ជាគំរប់​ពីរ ​ដល់​ទាសៈ​ និង​អ្នក​ធ្វើ​ការងារ និង​បុរស​អ្នក​អាស្រ័យចិញ្ចឹម​ជីវិត​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ ចំណែក​ក្នុង​និវេសន​ស្ថាន របស់​ព្រះបិតា​តថាគត គេឲ្យ​បាយ​អង្ករ​ស្រូវ​សាលី ​និង​សាច់ ​ដល់​ទាសៈ និង​អ្នក​ធ្វើ​ការ និង​បុរស​អ្នក​អាស្រ័យ​ចិញ្ចឹម​ជី​វិត តែ​យ៉ាង​ហ្នឹង​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ ​ប្រកប ដោយ​ឫទ្ធិ ​មាន​សភាព​យ៉ាងនេះ​ផង ដោយ​សេចក្ដី​សុខ ដ៏​ក្រៃលែង​ យ៉ាង​នេះផង មាន​សេចក្ដីត្រិះ​រិះ ​ដូច្នេះថា បុថុជ្ជន ដែល​មិន​បាន​រៀន​សូត្រ មាន​ជរា ជា​ធម្មតា មិន​កន្លង​នូវ​ជរា​ឡើយ លុះឃើញ​អ្នក​ដទៃ​គ្រាំគ្រា ​រំលង​ខ្លួន​ឯង​ទៅ នឿយណាយ ជិន​ឆ្អន់ ​ខ្ពើម​រអើម (នឹង​អ្នក​ដទៃវិញ) ចំណែក​អាត្មា​អញ មានជរា ជា​ធម្មតា​ដែរ មិន​កន្លង​ជរា​បាន​ឡើយ បើ​អាត្មា​អញ មាន​ជរា​ជាធម្មតា មិនកន្លង​ជរា​ទៅ​បាន​ឡើយ លុះឃើញ​អ្នក​ដទៃ​ហើយ នឿយ​ណាយ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុ​នោះ មិនសម​គួរ ​ដល់​អាត្មា​អញ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​នោះ​ ពិចារណាឃើញ​ច្បាស់ ​ដូច្នេះហើយ ក៏​លះ​បង់ នូវ​សេចក្ដី​ស្រវឹង ក្នុង​វ័យ​ទាំង​អស់។ បុថុជ្ជន​ មិន​បាន​រៀន​សូត្រ​ខ្លួន​ឯង មាន​ព្យាធិ​ជា​ធម្មតា មិនកន្លង​នូវ​ព្យាធិទៅ​បាន លុះ​ឃើញ​អ្នក​ដទៃមានព្យា​ធិ ​រំលង​ខ្លួន​ឯង​ទៅ នឿយ​ណាយ ​ជិន​ឆ្អន់ ខ្ពើម​រអើម (អ្នក​ដទៃវិញ)។ សូម្បី​អាត្មា​អញ ក៏​មាន​ព្យាធិ ជា​ធម្មតា​ដែរ មិន​កន្លង​ព្យា​ធិបាន បើអាត្មា​អញ មាន​ព្យាធិ ជាធម្មតា មិន​កន្លង​ព្យាធិទៅបាន លុះ​ឃើញអ្នក​ដទៃ​ មាន​ព្យាធិហើយ នឿយណាយ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុនោះ មិនសម​គួរ ​ដល់​អាត្មា​អញទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ កាល​ពិចារណា​ឃើញ ​ដូច្នេះ ក៏​លះ​បង់​សេចក្ដី​ស្រវឹង ព្រោះ​មិនមាន​រោគ ដោយ​ប្រការ​ទាំង​ពួង។ បុថុជ្ជន ​ដែល​មិន​បាន​រៀន​សូត្រ​ខ្លួន​ឯង មានមរណៈ ជា​ធម្មតា មិន​កន្លង​មរណៈ​ទៅបាន លុះ​ឃើញ​អ្នក​ដទៃ​ស្លាប់ រំលង​ខ្លួនឯង​ទៅ នឿយ​ណាយ ជិន​ឆ្អន់ ខ្ពើម​រអើម (បុគ្គល​ដទៃ​វិញ)។ អាត្មា​អញ ក៏​មាន​មរណៈ ​ជា​ធម្មតា​ដែរ មិន​កន្លង​មរណៈ​បាន ប្រសិន​បើអាត្មា​អញ មាន​មរណៈ ​ជាធម្មតា​ដែរ មិន​កន្លង​មរណៈបានទេ លុះឃើញអ្នក​ដទៃ ស្លាប់​ហើយ ក៏នឿយ​ណាយ​ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុ​នោះ ក៏មិន​សម​គួរ ​ដល់​អាត្មា​អញ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​តថា​គត​នោះ ពិចារណា​ឃើញ​ ដូច្នេះ សេចក្ដី​ស្រវឹង ​ព្រោះ​ជីវិត​នោះ ​ក៏បាត់ទៅ ដោយប្រការ​ទាំង​ពួង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្ដី​ស្រវឹង​នេះ មាន​៣​យ៉ាង។ សេចក្ដី​ស្រវឹង៣យ៉ាង ​តើអ្វីខ្លះ។ គឺ​ស្រវឹង​ព្រោះ​វ័យ ​១ ស្រវឹង​ព្រោះ​មិន​មាន​រោគ ​១ ស្រវឹង​ព្រោះ​ជីវិត ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ ដែល​មិន​បាន​រៀនសូត្រ ស្រវឹង ដោយ​សេចក្ដី​ស្រវឹង​ព្រោះ​វ័យ តែង​ប្រព្រឹត្ត​ទុច្ចរិត ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត។ បុថុជ្ជន​នោះ ប្រព្រឹត្តទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្តហើយ លុះ​បែក​ធ្លាយ​រាង​កាយ​ ស្លាប់ទៅ តែង​ទៅ​កើត​ជាប្រេត តិរច្ឆាន អសុរកាយ​ នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជ ដែល​មិន​បាន​រៀន​សូត្រ ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង ​ព្រោះ​មិន​មាន​រោគ។ ​បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជន​ដែលមិន​បាន​រៀនសូត្រ ស្រវឹង​ដោយ​សេចក្ដីស្រវឹង ព្រោះ​ជីវិត តែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិតដោយចិត្ត។ បុថុជ្ជន​នោះ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិតដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ហើយ លុះ​បែក​ធ្លាយ​រាង​កាយ ​ស្លាប់ទៅ តែង​ទៅកើត​ជា​ប្រេត តិរច្ឆាន អសុរកាយ នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង​ ព្រោះ​វ័យ​ក្ដី តែង​លា​សិក្ខា ​ត្រឡប់​មកកាន់​ភេទដ៏​ថោក​ទាប ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង​ ដោយ​សេចក្ដី​ស្រវឹង ព្រោះ​មិន​មាន​រោគ​ក្ដី តែង​លាសិក្ខា វិល​ត្រឡប់​មកកាន់​ភេទ​ដ៏​ថោក​ទាប ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង ដោយ​សេចក្ដី​ស្រវឹង​ព្រោះ​ជីវិត​ក្ដី តែង​លាសិក្ខា ហើយ​ត្រឡប់​មកកាន់​ភេទ​ដ៏​ថោកទាប។

ពួក​បុថុជ្ជន មាន​ព្យាធិជាធម្មតា មាន​ជរា​ជាធម្មតា មាន​មរណៈ ​ជាធម្មតា ធម្មតា (ខ្លួន​) យ៉ាង​ណា ក៏ត្រូវ​តែមាន​យ៉ាង​នោះ តែ​ខ្ពើម ​(បុគ្គលដទៃ)។ ប្រសិន​បើតថាគត ខ្ពើម​រអើម ​នូវ​ហេតុ​នោះ ក្នុង​សត្វ​ទាំងឡាយ ដែល​មាន​ធម្មតា យ៉ាង​នេះ សេចក្ដី​ខ្ពើម​រអើម​នោះ មិនសម​គួរ ​ដល់​តថាគត ដែល​នៅ​​យ៉ាង​នោះទេ។ កាល​តថាគត កំពុង​នៅ យ៉ាង​នេះ បាន​ដឹង​នូវ​ធម៌ ដែល​មិន​មាន​ឧបធិ ក៏​បានគ្របសង្កត់សេចក្ដី​ស្រវឹងព្រោះ​មិនមាន​រោគ ព្រោះវ័យ ព្រោះ​ជីវិត​ទាំងពួងបាន ព្រោះ​ឃើញ​នូវ​នេក្ខម្ម ដោយ​សេចក្ដី​ក្សេម។ កាល​តថាគត​នោះ ឃើញច្បាស់​នូវ​ព្រះ​និព្វាន ក៏កើតឧស្សាហ៍ តថាគត ​មិន​គួរ​ដើម្បី​សេព ​នូវ​កាម​ទាំងឡាយ ​ក្នុង​កាល​ឥឡូវ​នេះទេ​ នឹង​មិន​ត្រឡប់​មករក​(កាម) វិញទេ មាន​ព្រហ្មចារ្យប្រព្រឹត្ត​ទៅ​ខាង​មុខ។

 

លេខយោង

1)
សំដៅយករបស់​ដែលល្អិតល្អប្រសើរបំផុត។ អដ្ឋកថា។
km/tipitaka/sut/an/03/sut.an.03.039.txt · ពេលកែចុងក្រោយ: 2023/05/23 18:31 និពន្ឋដោយ Johann