km:tipitaka:sut:an:03:sut.an.03.040

អាធិបតេយ្យសូត្រ ទី១០

សង្ខេប

ព្រះសម្មា​សម្ពុទ្ធទ្រង់​ប្រៀន​អង្គ​បី​ជា​អ្នង​ចាងហ្វាង​គ្រប់គ្រង សម្រាប់ភាពជោគជ័យត្រឹមត្រូវ។ អាធិបតេយ្យ ​(ភាពជាធំ) ឬ មានះត្រឹមត្រូវ ត្រូវការដើម្បីយកឈ្នះមានះទាំងអស់ និងសន្តិភាព។

an 03.040 បាលី cs-km: sut.an.03.040 អដ្ឋកថា: sut.an.03.040_att PTS: ?

អាធិបតេយ្យសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

ឧបាសិកា វិឡា

(១០. អាធិបតេយ្យសុត្តំ)

[៤១] ម្នាល​ភិក្ខុទាំងឡាយ អាធិបតេយ្យ ​(ភាពជាធំ) នេះ មាន​៣​យ៉ាង។ អាធិបតេយ្យ​ ៣យ៉ាង តើអ្វីខ្លះ។ គឺ​អត្តា​ធិបតេយ្យ​ ១ លោកាធិបតេយ្យ ​១ ធម្មាធិបតេយ្យ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អត្តាធិបតេយ្យ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ នៅ​ក្នុង​ព្រៃ​ក្ដី នៅជិត​គល់​ឈើក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្ដី រមែង​ពិចារណាឃើញ​ច្បាស់​ យ៉ាង​នេះថា អាត្មា​អញ មិនមែន​ចេញ​ចាក​ផ្ទះ ​មក​បួស ព្រោះ​ហេតុ​តែចីវរទេ មិនមែនព្រោះ​ហេតុតែបិណ្ឌបាត​ទេ មិនមែន​ព្រោះ​ហេតុ​តែសេនា​សនៈទេ មិន​មែន​ចេញ​ចាកផ្ទះមកបួស​ ព្រោះ​ហេតុ​តែ​ភពតូច ភពធំ​1) ​ទេ ក៏​អាត្មា​អញ ​ជា​បុគ្គល​ដែល​ជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ​ ទោម​នស្ស ចង្អៀត​ចង្អល់ គ្រប​សង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅខាង​មុខ ធ្វើ​ម្ដេច​ហ្ន៎ គប្បី​ធ្វើ​ទីបំផុត​គំនរ​ទុក្ខទាំង​អស់​នេះ ឲ្យ​ប្រាកដបាន។ អាត្មា​អញសោត​ បានលះបង់​កាម​បែប​ណាហើយ ចេញ​ចាក​ផ្ទះ​មក​បួស គប្បី​ស្វែង​រក​នូវ​កាមបែប​នោះ​ក្ដី នូវ​អំពើ​អាក្រក់​ ខ្លាំង​ជាងកាម​ទាំង​នោះក្ដី ការ​នោះ ​មិន​សម​គួរ ដល់​អាត្មា​អញទេ។ ភិក្ខុ​នោះ តែង​ពិចារ​ណា ​ដូច្នេះ​ថា អាត្មា​អញ​ នឹងប្រារព្ធ​ព្យាយាម ​មិន​ឲ្យធូរ​ថយ នឹង​ប្រុសស្មារតី មិនឲ្យ​វង្វេង​ភ្លាត់ ឲ្យកាយ​2) ស្ងប់​រម្ងាប់ មិន​ឲ្យ​រសាប់​រសល់ ឲ្យចិត្ត​ដំកល់​មាំ​ មាន​អារម្មណ៍តែមួយ។ ភិក្ខុ​នេះ ​ធ្វើ​ខ្លួន​ឯង ​ឲ្យ​ជាអាធិបតេយ្យ​ហើយ រមែង​លះបង់​អកុសល ចំរើន​កុសល លះបង់​អំពើ​ ដែល​ប្រកប​ដោយ​ទោស ចំរើនតែ​អំពើ ​ដែលមិន​មាន​ទោស រក្សា​ខ្លួន​ឲ្យ​ស្អាត។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា អត្តាធិបតេយ្យ។ ម្នាល​ភិក្ខុ​ទាំងឡាយ លោកា​ធិបតេយ្យ តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ នៅ​ក្នុង​ព្រៃក្ដី នៅ​ជិត​គល់​ឈើក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្ដី រមែង​ពិចារណា ​ដូច្នេះថា អាត្មា​អញ​ មិន​មែន​ចេញ​ចាកផ្ទះ​មក​បួស ព្រោះ​ហេតុ​តែចីវរទេ មិន​មែន​ព្រោះ​ហេតុ​តែបិណ្ឌ​បាតទេ មិន​មែន​ព្រោះ​ហេតុ​តែសេនាសនៈទេ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែភព​តូច​ ភព​ធំទេ ក៏​អាត្មា​អញ ជាបុគ្គល​ដែល​ជាតិ ជរា មរណៈ សោក សេចក្ដី​ខ្សឹក​ខ្សួល ទុក្ខ ទោម​នស្ស សេចក្ដី​ចង្អៀតចង្អល់​ គ្រប​សង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​សេចក្ដី​ទុក្ខ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ ធ្វើ​ម្ដេចហ្ន៎ គប្បី​ធ្វើ​ទី​បំ​ផុត​គំ​នរទុក្ខ​ទាំង​អស់​នេះ ឲ្យ​ប្រាកដ​បាន។ អាត្មា​អញ បួស​យ៉ាង​នេះហើយ ត្រិះ​រិះកាម​វិតក្កៈក្ដី ត្រិះ​រិះ​ព្យាបាទវិតក្កៈក្ដី ត្រិះរិះ​វិហឹសាវិត​ក្កៈក្ដី លោក​សន្និវាស​នេះ​សោត ​ក៏​ធំ ទោះ​ក្នុងលោក​សន្និវាស​ធំ​មែន ក៏គង់​មាន​សម​ណ​ព្រាហ្មណ៍​ ជា​អ្នក​មាន​ឫទ្ធិ មានទិព្វចក្ខុ ដឹង​ចិត្តបុគ្គល​ដទៃ ពួក​សម​ណ​ព្រាហ្មណ៍​ទាំង​នោះ រមែងឃើញ​អំពី​ចម្ងាយ ទោះ​នៅជិត ​ក៏​មិន​ប្រាកដ រមែង​ដឹង​ច្បាស់​ នូវ​ចិត្តដោយ​ចិត្ត ពួក​សមណ​ព្រាហ្មណ៍​ទាំង​នោះ គង់​ដឹង​អាត្មា​អញ​ យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​ចំរើន សូម​អ្នក​មើល​កុល​បុត្រ​នេះ ចេញ​ចាក​ផ្ទះ​មក​បួស​ ដោយសទ្ធា​ហើយ នៅតែ​ច្របូក​ច្របល់ ដោយ​ធម៌​ ជា​អកុសល​ដ៏​លាមក។ ម្យ៉ាង​ទៀត ​គង់​មាន​ពួក​ទេវតា​ ដែល​​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ ដឹង​ចិត្តបុគ្គល​ដទៃ ពួក​ទេវតា​ទាំង​នោះ តែង​ឃើញ​អំពី​ចម្ងាយ ទោះ​នៅ​ជិត​ ក៏​មិន​ប្រាកដ រមែង​ដឹង​ចិត្ត​ដោយ​ចិត្ត ពួក​ទេវតា​ទាំង​នោះ គង់​ដឹង​អាត្មា​អញ​ យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​ចំរើន សូម​អ្នក​មើល​កុល​បុត្រ​នេះ ចេញ​ចាក​ផ្ទះ ​មក​បួសដោយ​សទ្ធា​ហើយ នៅ​តែ​ច្របូក​ច្របល់ ដោយ​ធម៌​ ជា​អកុសល​ដ៏​លាមក។ ភិក្ខុ​នោះ ​ពិចារ​ណា ​ដូច្នេះថា អាត្មា​អញ ​នឹង​ប្រារព្ធ​ព្យាយាម​ មិន​ឲ្យ​ធូរ​ថយ នឹង​ប្រុងសតិ មិន​ឲ្យ​វង្វេង​ភ្លេច ឲ្យ​កាយ​ស្ងប់​រម្ងាប់ មិនឲ្យ​ធូរ​ថយ ឲ្យ​ចិត្ត​ដំកល់​មាំ មាន​អារម្មណ៍តែមួយ។ លុះ​ភិក្ខុ​នោះ​ ​ប្រារព្ធលោក​ ឲ្យ​ជាអាធិបតេយ្យ​ហើយ តែង​លះ​បង់​អកុសល ចំរើន​កុសល លះ​បង់​អំពើ​ ដែលប្រកប​ដោយ​ទោស ចំរើន​តែអំពើ​ ដែល​មិនមាន​ទោស រក្សា​ខ្លួន​ឲ្យ​ស្អាត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា លោកាធិបតេយ្យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មាធិបតេយ្យ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ នៅក្នុង​ព្រៃ​ក្ដី នៅ​ជិត​គល់​ឈើ​ក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់ក្ដី តែង​ពិចារណា ដូច្នេះថា អាត្មា​អញ​ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែ​ចីវរទេ មិន​មែន​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ទេ មិនមែន​ព្រោះ​ហេតុ​តែ​សេនា​សនៈទេ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែ​ភព​តូច​ ភព​ធំ​ទេ ក៏​អាត្មា​អញ ជាបុគ្គល ​ដែល​ជាតិ ជារា មរណៈ សោក​ ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀត​ចង្អល់ គ្របសង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅខាង​មុខ ធ្វើ​ម្ដេច​ហ្ន៎ គប្បី​ធ្វើ​ទី​បំផុត​គំ​នរ​ទុក្ខ​ទាំង​អស់​នេះ​ ឲ្យ​ប្រាកដ​បាន។ ធម៌​ដែលព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ល្អ​ហើយ ជា​ធម៌​ដែល​អរិយ​បុគ្គល​ ឃើញច្បាស់​ដោយ​ខ្លួន​ឯង ឲ្យ​ផល​មិន​រង់​ចាំកាល គួរ​នឹង​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូលមក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន ជា​ធម៌ ​ដែល​វិញ្ញូជន​ គប្បីដឹង​ច្បាស់​ចំពោះ​ខ្លួន។ គង់​មាន​សព្រហ្ម​ចារី​បុគ្គល​ដឹង​ ឬ​ឃើញ​ដែរ។ អាត្មា​អញ​បួស​ក្នុង​ធម៌​វិន័យ ដែល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​ល្អ​ហើយយ៉ាង​នេះ​ត្រឡាំង​ ទៅ​ជាអ្នក​ខ្ជិល​ ប្រហែល​ធ្វេស ហេតុ​នោះ​ មិន​សម​គួរទេ​។ ភិក្ខុ​នោះ ​តែង​ពិចារណា​ដូច្នេះ​ថា អាត្មា​អញ​ នឹង​ប្រារព្ធ​ព្យាយាម មិន​ឲ្យធូរ​ថយ នឹង​ប្រុង​ស្មារតី មិន​ឲ្យ​វង្វេង​​ភ្លេច ឲ្យ​កាយ​ស្ងប់​រម្ងាប់ មិន​ឲ្យរសាប់​រសល់​ ឲ្យ​ចិត្ត​ដំកល់​មាំ មាន​អារម្មណ៍​តែមួយ។ ភិក្ខុ​នោះ ប្រារព្ធធម៌​ហ្នឹង​ឯង​ ឲ្យ​ជាអាធិ​តេយ្យ ហើយ​លះបង់​អកុសល ចំរើន​តែកុសល លះបង់​អំពើ​ប្រកប​ដោយ​ទោស ចំរើនអំពើ​ ដែលមិន​មាន​ទោស រក្សា​ខ្លួនឲ្យ​​ស្អាត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា ធម្មាធិបតេយ្យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អាធិបតេយ្យ ​មាន​៣​យ៉ាង​នេះឯង។

ធម្មតា ​បុគ្គល​អ្នក​ធ្វើ​អំពើ​អាក្រក់​ ក្នុង​លោក មិន​ដែលកំបាំង​ទេ ម្នាល​បុរស ខ្លួន​អ្នកឯង រមែង​ដឹង​ថា ពិត ​ឬមិន​ពិត (ខ្លួន​ឯង) ម្នាល​អ្នក​ដ៏​ចំរើន អ្នក​ឯង​ជាសាក្សីចំពោះ​ខ្លួន​យ៉ាង​ល្អ ​អ្នក​ឯងផ្ទ​ញ់​ផ្ទាល់​ខ្លួន​ឯង បើអ្នក​ឯងបិទបាំង​អំពើ​អាក្រក់ ដែល​មាន​ក្នុង​ខ្លួន​នោះ​ឯង​ហើយ ទេវតា​ទាំងឡាយ​ និង​ព្រះតថាគត​ទាំង​ឡាយ រមែងឃើញ​បុគ្គល​ពាល ដែល​ប្រព្រឹត្ត​ខុស​ក្នុង​លោក ហេតុនោះ​ បុគ្គល ត្រូវ​មាន​ខ្លួន​ជាធំ ប្រុង​ស្មារតី​ ប្រព្រឹត្ត​ផង មាន​លោក​ជាធំ ទាំង​មាន​ប្រាជ្ញា​ចាស់ មាន​ឈានផង មាន​ធម៌ជាធំ​ ទាំង​ប្រ​ព្រឹត្តតាម​ធម៌ផង ជាអ្នក​ប្រាជ្ញ មាន​ព្យាយាម​ទៀងទាត់ រមែង​មិនថោក​ថយ បុគ្គលណា មាន​ព្យាយាម​ ញំាញី ​គ្រប​សង្កត់​មារ ​ជា​អ្នក​បំផ្លាញ រមែង​សម្រេច​ នូវ​ព្រះ​និព្វាន ​ជាទី​អស់​ទៅ​នៃជាតិ បុគ្គលបែប​នោះ ជា​អ្នក​ជ្រាប​ច្បាស់​នូវ​លោក មានប្រាជ្ញា​ល្អ ជាអ្នក​ប្រាជ្ញ មិន​មាន​ចំណង់ ក្នុង​ធម៌​ទាំង​អស់។

ចប់ ទេវទូត​វគ្គ ទី៤។

ឧទ្ទាននៃ​ទេវទូត​វគ្គ​នោះគឺ

មាតា​ដូច​ជា​ព្រហ្ម​ ១​សូត្រ រឿង​ព្រះ​អានន្ទ​ ១​សូត្រ រឿង​ព្រះ​សារី​បុត្រ ​១សូត្រ ហេតុ​នៃកម្ម ១សូត្រ ហត្ថក​ ១​សូត្រ ទេវទូត ១សូត្រ ទេវរាជ​ ២​សូត្រ ពោធិ​សត្វ​ធ្លាប់​សុខ​ ១​សូត្រ អាធិបតេយ្យ​ ១​សូត្រ។

 

លេខយោង

1)
សំដៅយករបស់ដែលថ្លៃថ្លាយ៉ាងល្មម និងថ្លៃថ្លាយ៉ាងវិសេស។ អដ្ឋកថា។
2)
សំដៅយក​ទាំងនាមកាយ ទាំងករជកាយ។ អដ្ឋកថា។
km/tipitaka/sut/an/03/sut.an.03.040.txt · ពេលកែចុងក្រោយ: 2023/10/15 17:51 និពន្ឋដោយ Johann