(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 03.052 បាលី cs-km: sut.an.03.052 អដ្ឋកថា: sut.an.03.052_att PTS: ?
បឋមទ្វេព្រាហ្មណសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. បឋមទ្វេព្រាហ្មណសុត្តំ)
[៥៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍២ នាក់ ជរា មានវ័យចំរើន ចាស់ មានវ័យកន្លង ចូលដល់បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ ឆ្នាំហើយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យគួរឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំជាព្រាហ្មណ៍ ជរា មានវ័យចំរើនហើយ ចាស់ កន្លងវ័យចូលដល់បច្ឆិមវ័យតាំងពីកើតមកបាន ១២០ ឆ្នាំហើយ តែយើងខ្ញុំទាំងនោះ មិនបានធ្វើសេចក្ដីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹង ដើម្បីការពារភ័យ សូមព្រះគោតមដ៏ចំរើន ទូន្មានយើងខ្ញុំ សូមព្រះគោតមដ៏ចំរើន ប្រៀនប្រដៅពួកយើងខ្ញុំ ដើម្បីប្រយោជន៍ ដើម្បីសុខ ដល់យើងខ្ញុំ អស់កាលយូរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា អើអ្នកទាំងឡាយ ជាព្រាហ្មណ៍ជរា មានវ័យចំរើនហើយ ចាស់កន្លងវ័យ ចូលដល់បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ ឆ្នាំហើយ តែថា អ្នកទាំងនោះ មិនបានធ្វើសេចក្ដីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹង ដើម្បីការពារភ័យ ម្នាលព្រាហ្មណ៍ទាំងឡាយ សត្វលោកនេះ ដែលជរា ព្យាធិ មរណៈ បញ្ជូន1) តៗ គ្នា ម្នាលព្រាហ្មណ៍ទាំងឡាយ កាលបើសត្វលោក ដែលជរា ព្យាធិ មរណៈ បញ្ជូនតៗ គ្នា យ៉ាងនេះ សេចក្ដីសង្រួមដោយកាយ សេចក្ដីសង្រួមដោយវាចា សេចក្ដីសង្រួមដោយចិត្តណា ពីឥឡូវនេះទៅ បុណ្យដែលកើតអំពីសេចក្ដីសង្រួមនោះ ជាទីជ្រកកោនផង ជាទីពួនផង ជាទីពឹងផង ជាទីរឭកផង ជាទីសង្ឃឹមផង របស់បុគ្គលអ្នកទៅកាន់បរលោកនោះ។
ជីវិត គឺអាយុមានប្រមាណតិច ដែលជរា បញ្ជូនតៗគ្នា ទីពឹងទាំងឡាយ មិនមានដល់បុគ្គល ដែលជរាបញ្ជូនតៗគ្នាទៅ កាលបើបុគ្គលឃើញភ័យ ក្នុងមរណៈនុ៎ះ គួរធ្វើនូវបុណ្យទាំងឡាយ ដែលជាហេតុនាំមកនូវសេចក្ដីសុខ។ សេចក្ដីសង្រួម ដោយកាយ វាចា ចិត្តណា តាំងពីឥឡូវនេះទៅ បុណ្យដែលកើតអំពីការសង្រួមនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាសុខ ដល់បុគ្គលដែលទៅកាន់បរលោកនោះ (ព្រោះហេតុនោះ) កាលបើបុគ្គលរស់នៅ គួរតែធ្វើបុណ្យ។