km:tipitaka:sut:an:03:sut.an.03.058

វច្ឆគោត្តសូត្រ ទី៧

សង្ខេប

ទាន​​គួរ​​ថ្វាយ​​ចំពោះ​​ព្រះពុទ្ធ និង​​ព្រះ​សង្ឃ​តែ​ប៉ុណ្ណោះ​ឬ?

an 03.058 បាលី cs-km: sut.an.03.058 អដ្ឋកថា: sut.an.03.058_att PTS: ?

វច្ឆគោត្តសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៧. វច្ឆគោត្តសុត្តំ)

[៥៩] គ្រានោះឯង វច្ឆគោ​ត្របរិព្វាជក ចូល​ទៅ​គាល់​ព្រះ​មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្ដីរីករាយ ​ជាមួយ​នឹង​ព្រះដ៏​មាន​ព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ ដែល​គួរ​រីក​រាយ ​និង​ពាក្យ​គួរ​រឭក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សម​គួរ។ លុះ​វច្ឆ​គោត្របរិព្វាជក អង្គុយ​ក្នុង​ទីសម​គួរ​ហើយ បាន​ក្រាបបង្គំ​ទូល​ព្រះ​ដ៏មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​ បាន​ឮពាក្យ​នេះថា ព្រះសមណ​គោតម ត្រាស់​យ៉ាង​នេះថា បុគ្គល​គួរ​ឲ្យទាន ដល់​តថាគត មិន​គួរឲ្យទាន​ ដល់​ពួក​ជន​ដទៃឡើយ បុគ្គលគួរ​ឲ្យទាន​ ដល់​ពួក​សាវក​តថាគត​ មិន​គួរ​ឲ្យ​ទាន​ដល់​ពួក​សាវកគ្រូដទៃឡើយ ទាន ​ដែល​បុគ្គល​ឲ្យ​ ដល់​តថាគត​ហើយ មាន​ផល​ច្រើន ទានដែល​បុគ្គល​ឲ្យ​ ដល់​ពួកជន​ដទៃ មិន​មាន​ផល​ច្រើន​ទេ ទាន​ដែល​បុគ្គលឲ្យ​ដល់​ពួក​សាវក នៃតថាគត មាន​ផល​ច្រើន ទាន​ដែល​បុគ្គល​ឲ្យ​ ដល់ពួកសាវក​របស់​គ្រូ​ដទៃ មិន​មាន​ផល​ច្រើន​ទេ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ពួក​ជន​ណា​និយាយ​យ៉ាង​នេះថា ព្រះ​សមណគោតម ត្រាស់​យ៉ាង​នេះថា បុគ្គល​គួរ​ឲ្យ​ទាន​ដល់​តថាគត​តែមួយយ៉ាង មិនគួរ​ឲ្យ​ទាន ដល់​ពួក​ជនដទៃ​ឡើយ បុគ្គល​គួរ​ឲ្យ​ទាន​ដល់​ពួក​សាវក​ របស់តថា​គត​តែ​មួយ​យ៉ាង មិនគួរ​ឲ្យ​ទាន​ ដល់​ពួក​សាវក ​របស់​ពួក​គ្រូ​ដទៃ​ឡើយ ទាន​ដែល​បុគ្គល​ឲ្យដល់​តថាគត មាន​ផល​ច្រើន ទាន​ដែល​បុគ្គល​ឲ្យ​ដល់​ពួក​ជន​ដទៃ មិនមាន​ផល​ច្រើន​ទេ ទាន​ដែល​បុគ្គលឲ្យ​ ដល់​ពួក​សាវក​តថាគត មាន​ផលច្រើន ទាន​ដែល​បុគ្គលឲ្យ ដល់​ពួក​សាវក​ របស់​ពួក​គ្រូដទៃ មិន​មាន​ផលច្រើន​ឡើយ។ ពួក​ជន​ទាំង​នោះ ​ឈ្មោះ​ថា និយាយ​តាមពាក្យ ដែល​ព្រះ​គោតម​ដ៏​ចំរើន​ពោល​ហើយ មិន​និយាយ​បង្កាច់ ព្រះ​គោតមដ៏​ចំរើន​ ដោយ​ពាក្យ​មិន​ពិត ទាំង​ឈ្មោះ​ថា​ ព្យាករនូវ​ធម៌ ​សម​គួរ​ដល់​ធម៌ លំនាំ​នៃ​ពាក្យ​ប្រកប​ដោយ​ហេតុ​នី​មួយ មិន​មក​កាន់​ឋានៈ ដែល​គប្បីតិះ​ដៀល​ទេ​ឬ ព្រោះ​យើង​មិន​មាន​ប្រាថ្នា​ដើម្បី​និយាយ​បង្កាច់ព្រះគោតមដ៏​ចំរើន​ទេ។ ម្នាល​វច្ឆៈ ពួក​ជន​ណា និយាយ​យ៉ាង​នេះថា ព្រះសមណគោតម ត្រាស់យ៉ាង​នេះថា បុគ្គល​ត្រូវ​ឲ្យទាន​ដល់​តថាគតតែ​មួយ​យ៉ាង។ បេ។ ទាន​ដែល​បុគ្គល​ឲ្យ ​ដល់​ពួក​សាវក ​របស់ពួកគ្រូ​ដទៃ មិន​មាន​ផល​ច្រើន​ទេ ពួក​ជន​ទាំង​នោះ ឈ្មោះ​ថា មិន​និយាយតាម​ពាក្យ​ដែល​តថាគតពោល​ហើយ មួយ​ទៀត ពួក​ជន​ទាំង​នោះ​ ឈ្មោះថា​ និយាយ​បង្កាច់​តថា​គត​ ដោយ​ពាក្យមិន​ទៀង មិន​ពិត ម្នាល​វច្ឆៈ អ្នក​ណា ហាម​ឃាត់​បុគ្គល​ដទៃ​កំពុង​ឲ្យ​ទាន អ្នក​នោះ​ ឈ្មោះថា ធ្វើអន្ត​រាយដល់​ជន​៣ នាក់ ឈ្មោះ​ថា បៀតបៀន​ ដល់​ជន​៣​នាក់។ ដល់​ជន​៣​នាក់​ ដូច​ម្ដេច​។ គឺ​ជា​អ្នក​ធ្វើ​ឲ្យ​អន្តរាយ​បុណ្យ​ របស់​ទាយក​ ១ ធ្វើ​ឲ្យ​អន្តរាយ​លាភ ​របស់​បដិ​គ្គា​ហកៈទាំង​ឡាយ​ ១ គាស់​រំលើង​គុណរបស់​ខ្លួន​ផង កំ​ចាត់​គុណ​របស់​ខ្លួន​ផង​ ដែល​មាន​ក្នុង​កាល​មុន ១។ ម្នាល​វច្ឆៈ អ្នក​ណា​ហាម​ឃាត់​បុគ្គល​ដទៃ​កំពុង​ឲ្យ​ទាន អ្នក​នោះ​ឈ្មោះថា ធ្វើ​អន្តរាយ ​ដល់​ជន​ទាំង ៣​នាក់​នេះ បៀត​បៀន​ដល់​ជន​ទាំង​៣នាក់​នេះ។ ម្នាល​វច្ឆៈ ចំ​ណែក​ខាង​តថាគត ពោល​យ៉ាង​នេះថា សូម្បី​ពួក​សត្វ​មាន​ជីវិត​ណា ដែល​នៅ​ក្នុង​អណ្ដូង​ស្មោក​គ្រោកក្ដី រណ្ដៅស្មោក​គ្រោក​ក្ដី ជន​ណា​ចាក់​នូវ​ទឹក​លាង​ចាន​ក្ដី ទឹក​លាង​ឆ្នាំង​ក្ដី ក្នុងទីស្មោកគ្រោកនោះ ដោយ​គិត​ថា ពួក​សត្វ​ណា មាន​ក្នុង​ទី​ស្មោក​គ្រោកនោះ សត្វ​ទាំង​នោះ ចូរញុំាង​ជីវិត ​ឲ្យ​រស់​នៅ ដោយកាក​អាហារ​នោះចុះ ម្នាល​វច្ឆៈ គ្រាន់​តែ​ប៉ុណ្ណឹង​ទេ តថាគតហៅថា ហេតុ​ជា​ទី​មក​ នៃបុណ្យ ចាំ​បាច់​ពោល​ទៅ​ថ្វី ​ដល់​ពួក​មនុស្ស។ ម្នាល​វច្ឆៈ តថាគត​គ្រាន់តែ​ពោល​ថា ទាន​ដែល​ឲ្យ​ដល់​បុគ្គល​មាន​សីល មាន​ផល​ច្រើន ដល់បុគ្គល​ទ្រុស្ត​សីល មិន​ដូច្នោះ​ទេ។ ព្រោះ​បុគ្គល​មាន​សីល​នោះ លះ​អង្គ​៥ ប្រកប​ដោយ​អង្គ​៥។ លះ​អង្គ​៥ ដូចម្ដេច។ គឺ​ជា​អ្នក​លះ​កាម​ច្ឆន្ទៈ ១ លះ​ព្យាបាទៈ ១ លះ​ថីនមិទ្ធៈ ​១ លះឧទ្ធច្ចកុក្កុច្ចៈ ១ លះ​វិចិកិច្ឆា​ ១។ នេះ​ឈ្មោះ​ថា​ លះ​អង្គ​៥។ បុគ្គល​ប្រកប​ដោយ​អង្គ​៥​ តើ​ដូច​ម្ដេច។ គឺ​ជា​អ្នក​ប្រកប​ដោយ​សីល​ក្ខន្ធ ​ជា​អសេក្ខៈ ១ ប្រកប​ដោយ​សមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយ​បញ្ញា​ខន្ធ ​ជាអសេក្ខៈ ១ ប្រកប​ដោយ​វិមុត្តិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនក្ខន្ធ ជា​អសេក្ខៈ ១។ បុគ្គល​ប្រកប​ដោយ​អង្គ​ ទាំង​៥​នេះ។ តថាគត​ពោល​ថា ទាន​ដែល​បុគ្គលឲ្យ​ ចំពោះ​បុគ្គល​អ្នក​លះ​អង្គ​៥ ​ប្រកប​ដោយ​អង្គ​៥ ​​មាន​ផល​ច្រើន ដោយប្រការ​ដូច្នេះ។

គោឈ្មោល កើត​ក្នុង​ពួក​មេគោណាមួយ ទោះ​សម្បុរខ្មៅ​ក្ដី សក្ដី ក្រហម​ក្ដី លឿង​ក្ដី ពព្រុសក្ដី មានរូបរាង​ស្រដៀង​នឹង​កូន​វាក្ដី ប្រផេះក្ដី ដែល​គេ​បង្ហាត់ បាន​​បត់ ជា​គោសម្រាប់​ដឹក​នាំ បរិបូណ៌ ដោយ​កំឡាំង មាន​សន្ទុះ​ល្អ គេ​ទឹម​គោ​នោះ ​ក្នុង​រទេះ គេ​មិន​បាន​គិតគូរ ​ដល់​ពណ៌​សម្បុរ នៃ​គោ​នោះ​ឡើយ យ៉ាង​ណា​មិញ បុគ្គល​ល្អ កើត​ក្នុង​ត្រកូល​ណាមួយ ទោះ​ជាក្សត្រិយ៍​ក្ដី ព្រាហ្មណ៍​ក្ដី វេស្សៈក្ដី សុទ្ទៈក្ដី ចណ្ឌាលក្ដី បុក្កុសៈក្ដី ដែល​បាន​ទូន្មាន​ចិត្ត ឲ្យ​ប្រាស​ចាក​កិលេស ស្ថិត​នៅ​ក្នុង​ធម៌ បរិបូណ៌​ដោយ​សីល និយាយ​ពាក្យសច្ចៈ មាន​ចិត្ត​ប្រកប​ដោយ​ហិរិ លះ​ជាតិ​ និង​មរណៈ បរិបូណ៌​ដោយ​ព្រហ្មចារ្យ មាន​ភារៈដាក់​ចុះ​ហើយ ប្រាស​ចាក​រាគៈ​ មាន​សោឡ​សកិច្ច ​ធ្វើ​ស្រេច​​ហើយ មិនមាន​អាសវៈ ជាអ្នក​ដល់1) ​ត្រើយ នៃ​ធម៌​ទាំង​អស់2) ​មិន​ប្រកាន់​មាំ ប្រាស​ចាក​កំដៅ ​គឺ​កិលេស ទានដែល​បុគ្គល​ឲ្យ​ហើយ​ក្នុង​ខេត្ត ដែល​ប្រាសចាកធូលី មាន​រាគៈ​ ជា​ដើម​នោះ​ឯង ជា​ទាន​មាន​ផលធំទូលាយ ក៏​យ៉ាង​នោះ​ដែរ។ ចំ​ណែក​ខាង​ពួកបុគ្គល​ពាល អប្ប​ប្រាជ្ញា​ មិន​បាន​រៀន​សូត្រ មិន​ស្គាល់ (បុញ្ញក្ខេត្ត) រមែង​ឲ្យ​ទានខាង​ក្រៅ (ពុទ្ធសាសនា) មិន​ដែល​ចូល​ទៅ​ជិត​ពួក​សប្បុរស។ បើ​ពួក​បុគ្គលណា ចូល​ទៅ​ជិត​ពួក​សប្បុរស ជាអ្នក​មាន​ប្រាជ្ញា សន្មត​ថា ​ជា​អ្នក​ប្រាជ្ញ សទ្ធា​ជាឫសគល់​ របស់​ពួកបុគ្គល​នោះ ស្ថិត​នៅ​ក្នុង​ព្រះ​សុគត បុគ្គល​ទាំងនោះ រមែង​ទៅកាន់​ទេវលោក ឬក៏​កើត​ក្នុង​ត្រកូល (មានត្រកូល​ក្សត្រិយ៍ ​ជាដើម) នាលោក​នេះ ជាពួក​បណ្ឌិត សម្រេច​នូវ​ព្រះ​និព្វាន​តាម​លំដាប់។

 

លេខយោង

1)
សំដៅយកត្រើយ ៦ គឺ ត្រើយគឺអភិញ្ញា១ បហានៈ១ ឈាន១ ភាវនា១ សច្ឆិកិរិយា១ សមាបត្តិ១។
2)
សំដៅយកខន្ធ៥ អាយតនៈ១២ ធាតុ១៨។ អដ្ឋកថា។
km/tipitaka/sut/an/03/sut.an.03.058.txt · ពេលកែចុងក្រោយ: 2023/06/17 06:19 និពន្ឋដោយ Cheav Villa