(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 03.059 បាលី cs-km: sut.an.03.059 អដ្ឋកថា: sut.an.03.059_att PTS: ?
តិកណ្ណសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. តិកណ្ណសុត្តំ)
[៦០] គ្រានោះឯង តិកណ្ណព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះតិកណ្ណព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏និយាយសរសើរព្រាហ្មណ៍ទាំងឡាយ អ្នកបានវិជ្ជា៣ ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា ពួកព្រាហ្មណ៍ បានវិជ្ជា៣យ៉ាងនេះ ពួកព្រាហ្មណ៍បានវិជ្ជា៣ ដូច្នេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា៣ដោយប្រការយ៉ាងណា។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្នុងលោកនេះ ជាឧភតោសុជាត (មានជាតិល្អទាំងពីរខាង) គឺអំពីមាតាផង អំពីបិតាផង កើតអំពីផ្ទៃ ដ៏បរិសុទ្ធស្អាត ដែលបុគ្គលមិនរង្កៀស មិនតិះដៀល ដោយពោលអំពីជាតិបាន ដរាបអំពីជួរជីតា គំរប់ ៧ ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់ត្រើយ នៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ មានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកចេះបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្រ្ត និងមហាបុរិសលក្ខណសាស្រ្ត។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍ អ្នកបានវិជ្ជា៣ យ៉ាងនេះឯង។ ម្នាលព្រាហ្មណ៍ ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍ អ្នកបានវិជ្ជា៣ ដោយឡែក ឯវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក។ បពិត្រព្រះគោតមដ៏ចំរើន ចុះវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ តើដូចម្ដេច វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ យ៉ាងណា សូមព្រះគោតមដ៏ចំរើន មេត្តាសំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរប្រុងស្ដាប់ ប្រុងធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ តិកណ្ណព្រាហ្មណ៍ ទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិត្តកៈ និងវិចារៈ មានបីតិ និងសុខ កើតអំពីវិវេក សម្រេចសម្រាន្តនៅ ព្រោះស្ងប់វិតក្កៈ វិចារៈ ក៏ចូលដល់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ វិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ សម្រេចសម្រាន្តនៅ ព្រោះប្រាសចាកបីតិផង ជាអ្នកព្រងើយកន្ដើយ មានសតិសម្បជញ្ញៈផង ទទួលសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល ដែលបានតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានកិរិយានៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលកាន់តតិយជ្ឈាននោះ សម្រេចសម្រាន្តនៅ ព្រោះលះបង់សុខផង លះបង់ទុក្ខផង អស់សោមនស្ស ទោមនស្ស ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន មានអារម្មណ៍មិនជាទុក្ខ មិនជាសុខ មានសតិ ដ៏បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ កាលបើចិត្ត តាំងខ្ជាប់ខ្ជួន បរិសុទ្ធស្អាត មិនមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តមិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណភិក្ខុនោះ រឭកឃើញនូវខន្ធ ដែលសត្វអាស្រ័យនៅ ក្នុងកាលមុន ជាច្រើនប្រការ គឺរឭកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០.០០០ជាតិខ្លះ រឭកអស់សំវដ្ដកប្បជាច្រើន វិវដ្ដកប្បជាច្រើន សំវដ្ដវិវដ្ដកប្បជាច្រើនក៏បាន ថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើត ក្នុងភពឯណោះ ដែលកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ភិក្ខុនោះ រឭកបាននូវខន្ធ ដែលខ្លួននៅ ក្នុងកាលមុន ជាច្រើនប្រការ ព្រមទាំងអាការៈ គឺសម្បុរ និងអាហារ ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រ ដោយប្រការដូច្នេះ។ នេះជាវិជ្ជាទី១ ដែលភិក្ខុនោះបានសម្រេចហើយ អវិជ្ជាក៏បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុមិនមានសេចក្ដីប្រមាទ មានសេចក្ដីព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធស្អាត មិនមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តមិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីសត្តានំ ចុតូបបាតញ្ញាណ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងចក្ខុជារបស់មនុស្សធម្មតា រមែងឃើញពួកសត្វ ដែលកំពុងច្យុត ដែលកំពុងកើត ដឹងច្បាស់នូវពួកសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួនថា អើហ្ន៎ ពួកសត្វនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់អំពើមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ឯពួកសត្វទាំងអម្បាលនេះ បានប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់អំពីជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វ ដែលច្យុត ដែលកើត ក៏ដឹងច្បាស់ នូវពួកសត្វថោកទាប ឧត្ដម មានសម្បុរល្អ សម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ។ នេះជាវិជ្ជាទី២ ដែលភិក្ខុនោះ បានសម្រេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។ កាលបើចិត្ត តាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តមិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យបានដល់នូវសេចក្ដីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈទាំងឡាយ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យដល់នូវសេចក្ដីរលត់អាសវៈ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ នេះជាវិជ្ជាទី៣ ដែលភិក្ខុនោះ បានសម្រេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។
ចិត្តរបស់បុគ្គលណា មានសីលមិនខ្ពស់ទាប មានប្រាជ្ញាចាស់ក្លា អ្នកដុតកំដៅកិលេស ជាចិត្តដ៏ស្ទាត់ មានអារម្មណ៍តែមួយ តាំងខ្ជាប់ខ្ជួន (ដោយអារម្មណ៍) ពួកអ្នកប្រាជ្ញ ហៅបុគ្គលនោះ ថាជាអ្នកបន្ទោបង់ នូវងងឹត ជាអ្នកប្រាជ្ញបានវិជ្ជា ៣ លះបង់មច្ចុ ជាប្រយោជន៍ដល់ទេវតា និងមនុស្ស លះបង់នូវបាបធម៌ទាំងអស់ បរិបូណ៌ដោយវិជ្ជា ៣ មានកិរិយា នៅដោយសេចក្ដីមិនភាន់ច្រឡំ ចាក់ធ្លុះនូវសច្ចៈ ទាំង៤ ទ្រទ្រង់នូវសរីរៈ មានក្នុងទីបំផុត ពួកទេវតា និងមនុស្ស តែងនមស្ការព្រះគោតមនោះ។ បុគ្គលណាដឹងនូវបុព្វេនិវាស ឃើញនូវសួគ៌ និងអបាយ មួយទៀត ជាខីណាសវមុនិ ដល់នូវការអស់ទៅនៃជាតិដឹងហើយ បានសម្រេចសម្រាន្តនៅ ដោយទីបំផុត នៃកិច្ច បានវិជ្ជា៣ ដោយវិជ្ជា៣នុ៎ះ តថាគត ហៅបុគ្គលអ្នកបានវិជ្ជា៣នោះ ថាជាព្រាហ្មណ៍ មិនមែនហៅបុគ្គលដទៃ តាមពាក្យដែលគេធ្លាប់ហៅឡើយ។
ម្នាលព្រាហ្មណ៍ វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន វិជ្ជា៣ របស់ព្រាហ្មណ៍ទាំងឡាយ ដោយឡែក វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក បពិត្រព្រះគោតមដ៏ចំរើន តែថា វិជ្ជា៣ របស់ព្រាហ្មណ៍ទាំងឡាយ មិនដល់នូវចំណែក ទី១៦ ៗ ដង នៃវិជ្ជា ៣ ក្នុងវិន័យរបស់អរិយៈនេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុក នូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ។