km:tipitaka:sut:an:03:sut.an.03.063

ភយសូត្រ ទី២

សង្ខេប

ភ្លើង ទឹក​ជំនន់ និង​សង្រ្គាម​អាច​គំរាម​កំហែង​ដល់ការ​បែក​បាក់គ្រួសារ។ ប៉ុន្តែ​ពិ​ភពលោក​គឺពោ​រពេញ​ទៅ​ដោយ​​ខ្លាំង​ជាង​នេះ។ នេះ​​ជា​​វិធី​​ប្រាកដ​​ក្នុង​​ការ​​យក​​ឈ្នះ​​ពួក​ភយ​ទាំង​​អស់។

an 03.063 បាលី cs-km: sut.an.03.063 អដ្ឋកថា: sut.an.03.063_att PTS: ?

ភយសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. ភយសុត្តំ)

[៦៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​មិន​ចេះ​ដឹង រមែង​ពោលថា អមាតា​បុត្តិក​ភ័យ (ភ័យ​ដែល​មាតា​​មិន​បាន​ឃើញ​បុត្រ បុត្រ​មិន​បាន​ឃើញមាតា) នេះ​ មាន​៣​យ៉ាង។ ភ័យ​៣​យ៉ាង ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សម័យ​ដែល​មាន​កំដៅ​ភ្លើង​ធំ​តាំង​ឡើង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើ​កំដៅ​ភ្លើង​ធំ ​តាំង​ឡើង​ហើយ អ្នក​ស្រុក​ក៏ក្ដៅ អ្នកនិគម​ក៏ក្ដៅ អ្នក​នគរក៏​ក្ដៅ​ ដោយ​ភ្លើង​នោះ កាល​បើ​អ្នក​ស្រុក​ក្ដៅ អ្នក​និគម​ក្ដៅ អ្នក​នគរ​ក្ដៅ មាតា​ក៏មិន​បាន​ឃើញ​កូន ទាំង​កូន​ ក៏​មិន​បានឃើញ​មាតា ក្នុង​កាល​ដែល​អគ្គិភ័​យ​ កើត​ឡើង​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុចុជ្ជន​អ្នក​មិន​ចេះ​ដឹង ​តែង​ពោល​ថា នេះ​ជា ​អមាតា​បុត្តិ​កភ័យ ទី១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត សម័យ​ដែល​មហាមេឃ​តាំង​ឡើង គឺ​បង្អុរ​ភ្លៀង ​ឲ្យ​ធ្លាក់​ចុះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​មហាមេឃ បង្អុរ​ភ្លៀង​ធ្លាក់​ចុះ អន្លង់​ទឹក​ធំ រមែង​កើត​ព្រម កាល​បើ​ជំនន់​ធំ​ កើត​ព្រម​ហើយ អ្នក​ស្រុក​រមែង​រសាត់​ទៅ អ្នក​និគម​ រមែង​រសាត់​ទៅ ​អ្នក​នគរ​ រមែង​រសាត់​ទៅ ​ដោយ​ទឹក​នោះ កាល​បើអ្នក​ស្រុក​រសាត់ទៅ អ្នក​និគម​រសាត់​ទៅ អ្នក​នគរ​រសាត់​ទៅ មាតា​ក៏មិន​បាន​ឃើញ​កូន ទាំង​កូន ​ក៏​មិន​បាន​ឃើញ​មាតា​ ក្នុង​ពេល​ដែល​ឧទកភ័យ កើត​ឡើង​នុ៎ះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង រមែង​ពោល​ថា នេះ​ជា ​អមាតា​បុត្តិ​ក​ភ័យ ​ទី​២។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​វិញ​ទៀត សម័យ​ដែល​មាន អដវី​សង្កោបភ័យ (គឺសេចក្ដី​កម្រើក ចោរ​ក្នុងដង​ព្រៃ)1) នោះ ​ពួក​អ្នក​ជន​បទ ​ក៏​នាំ​គ្នា​ឡើង​កាន់​ចក្កយាន​បរ​ទៅ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ អដវីសង្កោប​ភ័យ ​មាន​ហើយ ពួក​អ្នក​ជនបទ​ នាំ​គ្នា​ឡើង​កាន់​ចក្ក​យាន ​បរ​ទៅ មាតា​ក៏​មិន​បាន​ឃើញ​បុត្រ ទាំង​បុត្រ​ ក៏មិន​បាន​ឃើញ​មាតា ក្នុង​កាល​ដែល អដវី​សង្កោប​ភ័យ​ កើត​ឡើង​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង តែង​ពោល​ថា នេះ​ជា អមាតា​បុត្តិក​ភ័យ ទី៣។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​អ្នក​មិនចេះ​ដឹង តែង​ពោល​ថា អមាតា​បុត្តិក​ភ័យ ​មាន​៣ យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន ​អ្នក​មិន​ចេះ​ដឹង រមែង​ពោល​ នូវ​សមាតាបុត្តិកភ័យ (​ភ័យ​ដែល​មាតា និង​បុត្រ​នៅ​ឃើញ​គ្នា​បាន) ថាជា ​អមាតាបុត្តិកភ័យ (​ភ័យ​ដែល​មាតា​ និង​បុត្រ​មិន​បាន​ឃើញ​គ្នា) នេះ ​មាន​៣​យ៉ាង។ ភ័យ ៣ យ៉ាង​ តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​ដែល​មានកំដៅ​ភ្លើង​ធំ​ តាំង​ឡើង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​កំដៅ​ភ្លើង​ធំ តាំង​ឡើង​ហើយ អ្នក​ស្រុក​ក៏​ក្ដៅ អ្នក​និគម​ក៏ក្ដៅ អ្នក​នគរ​ក៏​ក្ដៅ ​ដោយភ្លើង​នោះ កាល​បើ​អ្នក​ស្រុក​ក្ដៅ អ្នក​និគម​ក្ដៅ អ្នក​នគរ​ក្ដៅ សម័យនោះ ជួន​កាល​មាតា​បាន​ឃើញ​បុត្រ បុត្រ​ក៏​បាន​ឃើញ​មាតា​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង រមែង​ពោល​នូវ​សមាតា​បុត្តិ​កភ័យ នេះ​ថា​ជា អមាតាបុត្តិកភ័យ ទី១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀតសម័យ​ដែល​មាន​មហា​មេឃ​បង្អុរភ្លៀង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើមហា​មេឃ​ បង្អុរ​ភ្លៀង​ហើយ ជំនន់​ធំ​ ក៏​កើត​ឡើង កាល​បើ​ជំនន់​ទឹក​ធំ​ កើតហើយ ពួក​អ្នក​ស្រុក​ ក៏​រសាត់​ទៅ អ្នក​និគម​ ក៏​រសាត់​ទៅ អ្នក​នគរ ​ក៏​រសាត់ទៅ ​ដោយ​ទឹក​នោះ កាល​បើ​អ្នក​ស្រុក​រសាត់​ទៅ អ្នក​និគម​រសាត់​ទៅ អ្នកនគរ​ក៏​រសាត់​ទៅ សម័យ​នោះ ​ជួន​កាល​មាតា​ ក៏​បាន​ឃើញ​បុត្រ បុត្រ​ក៏​បានឃើញ​មាតា​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុចុជ្ជន​ អ្នក​មិន​ចេះ​ដឹង តែង​ពោល​នូវ​សមាតា​បុត្តិ​ក​ភ័យ នេះ​ថា​ជា អមាតា​បុត្តិក​ភ័យ ​ទី២។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត សម័យ​ដែល​មាន អដវីសង្កោប​ភ័យ ពួក​អ្នកជន​បទ​ ក៏​នាំ​គ្នា​ឡើង​កាន់​ចក្ក​យាន​ បរ​ទៅ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយវិញ​​ទៀត កាល​បើ​អដវី​សង្កោប​ភ័យ​មាន​ហើយ ពួក​អ្នក​ជន​បទ ក៏​នាំគ្នាឡើង​កាន់​ចក្ក​យាន ​បរ​ទៅ សម័យ​នោះ ​ជួនកាល​ មាតា​បាន​ឃើញ​បុត្រ​ បុត្រ​ក៏​បាន​ឃើញ​មាតា​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះដឹង តែង​ពោល​នូវ​សមា​តា​បុត្តិកភ័យនេះ ថា​ជា​អមាតា​បុត្តិក​ភ័យ ទី៣។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង រមែង​ពោល​នូវ​សមាតាបុត្តិកភ័យ ៣ យ៉ាង​នេះ​ឯង​ថា ជា​អមាតា​បុត្តិកភ័យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អមាតា​បុត្តិក​ភ័យ​នេះ ​មាន​៣ យ៉ាង។ អមាតា​បុត្តិកភ័យ ៣ យ៉ាង តើ​ដូចម្ដេច។ គឺ​ជរា​ភ័យ ភ័យ​ព្រោះ​ជរា​១ ព្យាធិ​ភ័យ ភ័យ​ព្រោះ​ព្យាធិ​១ មរណ​ភ័យ ភ័យ​ព្រោះ​មរណៈ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាមិនបាន​ឃើញ​បុត្រ ​ដែល​កំពុង​ជរា​ យ៉ាង​នេះ​ថា អាត្មា​អញ​ចាស់ សូម​កុំ​ឲ្យ​បុត្រអាត្មា​អញ​ចាស់​ឡើយ ចំណែក​ខាង​បុត្រ​ ក៏​មិន​បាន​ឃើញ​មាតា ​ដែល​កំពុងចាស់​ យ៉ាង​នេះថា អាត្មា​អញ សូម​កុំ​ឲ្យ​មាតា​របស់​អញ ​ចាស់​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាមិន​បាន​ឃើញ​បុត្រ​ដែល​កំពុង​មាន​ព្យាធិ​ យ៉ាងនេះ​ថា អាត្មា​អញ ​មាន​ព្យាធិ សូម​កុំ​ឲ្យ​បុត្រ​របស់អាត្មា​អញ​ មាន​ព្យាធិ​ឡើយ ចំណែក​ខាងបុត្រ ​មិនបាន​ឃើញ​មាតា ដែល​កំពុង​មាន​ព្យាធិ​ យ៉ាងនេះ​ថា អាត្មា​អញ ​មាន​ព្យាធិ សូម​កុំ​ឲ្យ​មាតា​របស់អាត្មា​អញ ​មាន​ព្យាធិ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតា​មិន​បាន​ឃើញ​បុត្រ ​ដែល​ស្លាប់យ៉ាង​នេះ​ថា អាត្មា​អញ ​រមែង​ស្លាប់ សូម​កុំ​ឲ្យ​បុត្រ​របស់​អញ ​ស្លាប់ឡើយ ចំណែក​ខាង​បុត្រ​ ក៏​មិន​បាន​ឃើញ​មាតា ​ដែល​ស្លាប់​ យ៉ាង​នេះ​ថា អាត្មា​អញ រមែង​តែ​ស្លាប់ សូម​កុំ​ឲ្យ​មាតា​របស់​អាត្មា​អញ ​ស្លាប់​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ អមាតា​បុត្តិក​ភ័យ មាន​៣ យ៉ាង​នេះ​​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មគ្គ​ និង​បដិ​បទា រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​លះ​បង់ ដើម្បី​កន្លង​បង់ នូវ​សមា​តា​បុត្តិក​ភ័យ ទាំង៣ យ៉ាង​នេះ​ផង​ នូវ​អមាតា​បុត្តិ​ក​ភ័យ ទាំង​៣ យ៉ាងនេះ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មគ្គ តើ​ដូចម្ដេច បដិបទា តើដូច​ម្ដេច រមែង​ប្រព្រឹត្តទៅ ដើម្បី​លះ​បង់ កន្លង​បង់​ នូវ​សមាតា​បុត្តិកភ័យ ​ទាំង​៣យ៉ាង​នេះ​បាន​ផង នូវ​អមាតា​បុត្តិ​ក​ភ័យ ​ទាំង៣ នេះ​បាន​ផង។ មគ្គ ដែល​ប្រកប​ដោយ​អង្គ​៨ ដ៏​ប្រសើរ​នេះ​ឯង គឺ​សម្មាទិដ្ឋិ១ សម្មា​សង្កប្បៈ១ សម្មា​វាចា​១ សម្មា​កម្មន្តៈ១ សម្មា​អាជីវៈ ១ សម្មា​វាយាមៈ១ សម្មាសតិ​១ សម្មា​សមាធិ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​ហៅ​ថា មគ្គ នេះ​ហៅ​ថា បដិបទា ប្រព្រឹត្ត​ទៅ ​ដើម្បី​លះបង់ ដើម្បី​កន្លង​បង់ ​នូវ​សមាតាបុត្តិក​ភ័យ​ ទាំង​៣ យ៉ាង​នេះ​ផង​ នូវ​អមាតា​បុត្តិក​ភ័យ ​ទាំង​៣​យ៉ាងនេះ​ផង។

 

លេខយោង

1)
ពួកចោរ ដែលនៅក្នុងដងព្រៃ លបចាំប្លន់អ្នកស្រុក (អដ្ឋកថា)។
km/tipitaka/sut/an/03/sut.an.03.063.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann