km:tipitaka:sut:an:03:sut.an.03.079

សីលព្វតសូត្រ ទី៨

សង្ខេប

ជាប់​​ខុស​​​នឹង​​សីល ​នឹង​​មិន​​នាំ​​ទៅ​​រក​​សេចក្ដី​​ល្អ​​ទេ (ចាំ​គំនិត​​សម័យ​​ប៉ុលពត)។

an 03.079 បាលី cs-km: sut.an.03.079 អដ្ឋកថា: sut.an.03.079_att PTS: ?

សីលព្វតសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៨. សីលព្វតសុត្តំ)

[៨០] ​ គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅដល់​ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ រួចអង្គុយ​ក្នុង​ទីសម​គួរ។ លុះ​ព្រះអានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទី​សម​គួរហើយ ព្រះដ៏​មាន​ព្រះភាគ​ទ្រង់​ត្រាស់​សួរ​ ដូច្នេះថា ម្នាល​អានន្ទ សីល​ និង​វ័ត ជីវិត1) ព្រហ្ម​ចារ្យ និង​ការ​ចំរើន ដោយ​យល់​ថា មានខ្លឹម​ ទាំង​អស់​ សុទ្ធតែមាន​ផល​ឬ។ បពិត្រ​ព្រះអង្គដ៏​ចំរើន ​ក្នុង​សេចក្ដី​នុ៎ះ​មិន​គួរ​ព្យាករ ​ដោយ​ចំណែកតែម្យ៉ាង​ទេ។ ម្នាល​អានន្ទ បើដូច្នោះ ​ចូរ​អ្នក​ចែក​សេចក្ដី​ទៅមើល។ បពិត្រ​ព្រះអង្គដ៏​ចំរើន បុគ្គល​សេព​នូវ​សីល​វ័ត​ ជីវិត ព្រហ្មចារ្យ​ និង​ការចំរើន ដោយ​យល់​ថា មាន​ខ្លឹម​ណា អកុសល​ធម៌​ទាំងឡាយ ចំរើន​ឡើង កុសល​ធម៌​ទាំងឡាយ វិនាស​ទៅ សីល​ វ័ត ​ជីវិត​ ព្រហ្មចារ្យ និង​ការ​បំរើ ដោយ​យល់​ថា មាន​ខ្លឹម​ មាន​សភាពយ៉ាង​នេះ ឈ្មោះថា ឥត​ផល​ទេ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន បុគ្គល​សេព​នូវ​សីល​វ័ត ជីវិត​ ព្រហ្ម​ចារ្យ និង​ការបំរើ​ ដោយ​យល់​ថា មាន​ខ្លឹម​ណា អកុសល​ធម៌​ទាំងឡាយ ​វិនាស​ទៅ កុសល​ធម៌ទាំងឡាយ ចំរើន​ឡើង សីល​វ័ត​ ជីវិត​ ព្រហ្ម​ចារ្យ​ និងការ​បំរើ ដោយយល់ថា មានខ្លឹម មាន​សភាព​យ៉ាង​នេះ ទើប​ឈ្មោះថា មាន​ផល។ លុះ​ព្រះ​អានន្ទដ៏​មាន​អាយុ ក្រាប​ទូល​ពាក្យ​នេះ​ហើយ ព្រះ​សាស្ដា​ ក៏​ទ្រង់​គាប់​ព្រះទ័យ។ លំដាប់​នោះ ព្រះអានន្ទ​ដ៏​មាន​អាយុ ដឹង​ថា ព្រះសាស្ដារបស់​អាត្មា​អញ គាប់​ព្រះទ័យ​ហើយ ក៏​ក្រោក​ចាក​អាសនៈ​ ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ ធ្វើ​ប្រទក្សិណ ​រួច​ហើយ​ចេញ​ទៅ។ កាល​ដែលព្រះ​អានន្ទ​ដ៏​មាន​អាយុ ចេញ​ទៅ ​មិន​យូរ​ប៉ុន្មាន ព្រះមាន​ព្រះ​ភាគ ​ត្រាស់ហៅភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អានន្ទ​ ជាសេក្ខ​បុគ្គល​ ប៉ុន្ដែបុគ្គល​ដែល​ត្រឹម​ស្មើ​ដោយ​បញ្ញា ​របស់​អានន្ទ​នុ៎ះ មិន​ងាយ​នឹង​រក​បានទេ។

 

លេខយោង

1)
ព្យាយាមប្រកបដោយ​អំពើដែលគេធ្វើបានដោយកម្រ (អដ្ឋកថា)។
km/tipitaka/sut/an/03/sut.an.03.079.txt · ពេលកែចុងក្រោយ: 2023/10/14 15:15 និពន្ឋដោយ Johann