km:tipitaka:sut:an:03:sut.an.03.102

បំសុធោវកសូត្រ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 03.102 បាលី cs-km: sut.an.03.102 អដ្ឋកថា: sut.an.03.102_att PTS: ?

បំសុធោវកសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. បំសុធោវកសុត្តំ)

[១០៣] ម្នាល​ភិក្ខុ​ទាំងឡាយ ខ្សាច់​លាយ​ដោយ​អាចម៍ដី ក្បឿងលាយ​ដោយ​ក្រួស ជាឧបក្កិលេស ​យ៉ាង​គ្រោត​គ្រាត របស់​មាស ក៏​មាន មេជាងអ្នក​លាង​អាចម៍​ដីក្ដី កូន​ជាង​អ្នក​លាង​អាចម៍ដី​ក្ដី រោយ​រាយ​មាសនោះ​ចុះ ​ក្នុង​ស្នូក​ហើយ លាង​ជម្រះ​ដេញ​កំចាត់​ចេញ (នូវ​មន្ទិល) ​ត្រាតែធ្វើមាស​នោះ ​ឲ្យ​អស់​មន្ទិល ឲ្យ​បាត់​មន្ទិល​ចេញ​បាន ក្រួស​យ៉ាង​ល្អិតៗ ខ្សាច់យ៉ាង​ធំៗ ជាឧបក្កិលេស (មន្ទិល)​យ៉ាង​កណ្ដាល ​របស់​មាស មេជាង​អ្នកលាង​អាចម៍ដីក្ដី កូន​ជា​អ្នក​លាង​អាចម៍ដីក្ដី រមែង​លាង​ជម្រះ​ ដេញ​កំចាត់ចេញ​ នូវ​មន្ទិល​នោះ​ ត្រាតែ​ធ្វើ​មាស​នោះ​ ឲ្យ​អស់​មន្ទិល ឲ្យ​បាត់​មន្ទិល​ចេញបាន ដីខ្សាច់​យ៉ាង​ល្អិត ជារបស់​មាន​ពណ៌​ខ្មៅ ជាឧបក្កិលេស​ យ៉ាង​ល្អិត របស់​មាស​ ក៏​មាន មេជាង​អ្នកលាង​អាចម៍​ដីក្ដី កូន​ជាង​អ្នកលាង​អាចម៍​ដីក្ដី លាង​ជម្រះ​ ដេញ​កំចាត់​ចេញ​ នូវ​មន្ទិល​នោះ ត្រា​តែធ្វើ​មាស​នោះ ​ឲ្យ​អស់​មន្ទិល​ ឲ្យ​​បាត់​មន្ទិល​ចេញ​បាន តអំពី​នោះ​ នឹង​សល់​នៅតែ​មាស​សុទ្ធ​ ជាងមាស​ក្ដី កូន​ជាងមាស​ក្ដី ដាក់​មាស​នោះ​ចុះ ​ក្នុង​បាវ​ហើយ ទើប​សប់​រំលាយ​ដេញ​សាច់​។ មាស​នោះ ​ដែល​មិន​បាន​សប់​រំលាយ​ដេញ​សាច់ មិន​បានកំចាត់​មន្ទិល​ចេញ មិន​បាន​នាំមន្ទិល​ចេញហើយ មិន​ទៅ​ជាមាស​ទន់​ផង មិន​ទៅ​ជាមាស​គួរ​ដល់​ការងារ​ផង មិន​ទៅ​ជា​មាស​មាន​ពន្លឺ​ផ្លេក​ផង ទៅ​ជាមាស​ស្រួយ មិន​គួរ​ដល់​ការងារ​ដោយ​ប្រពៃ​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ សម័យ​គួរ​នោះ​ គឺ​សម័យ​ដែល​ជាង​មាស​ ឬកូន​ជាងមាស សប់​រំលាយ​ដេញសាច់​ មាស​នោះ​ដែល​បាន​សប់​រំលាយ​ដេញ​សាច់ កំចាត់​មន្ទិលចេញ នាំមន្ទិល​ចេញ​ហើយ រមែង​ទៅ​ជាមាស​ទន់​ផង​ គួរ​ដល់​ការ​ងារ​ផង មានពន្លឺ​ភ្លឺ​ផ្លេក​ផង មិន​ទៅ​ជាមាស​ស្រួយ​ផង គួរ​ដល់​ការ​ងារ​ ដោយ​ប្រពៃ​ផង ជាង​ប្រាថ្នា​គ្រឿង​ប្រដាប់​ប្លែកៗ​ ឯណាៗ ទោះ​ជាដំបារ​មាសក្ដី កណ្ឌលក្ដី ជា​គ្រឿង​ប្រដាប់​កក្ដី កម្រងមាស​ក្ដី រមែង​សម្រេច​តាម​ត្រូវ​ការ​នោះ បានទាំង​អស់។ ម្នាល​ភិក្ខុ​ទាំងឡាយ កាយ​ទុច្ចរិត វចី​ទុច្ច​រិត មនោទុច្ចរិត ជា​ឧបក្កិលេស យ៉ាង​គ្រោតគ្រាត ​របស់​ភិក្ខុ​ដែល​ប្រកបរឿយៗ នូវ​អធិចិត្ត ក៏មាន​យ៉ាងនោះ​ដែរ។ ភិក្ខុ​អ្នក​បរិបូណ៍​ ដោយសមាធិចិត្ត ប្រកបដោយ​ជាតិ​ ជាអ្នក​ប្រាជ្ញ រមែង​លះបង់​ បន្ទោបង់ ​ធ្វើ​ឲ្យវិនាស ​នូ​វឧបក្កិលេស​នោះ​ចេញ ឲ្យ​តាំង​នៅមិន​បាន ត្រាតែ​ធ្វើ​ចិត្ត​នោះ ឲ្យអស់​មន្ទិល​ ឲ្យ​បាត់​មន្ទិល​ចេញ។ កាម​វិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ ជាឧបក្កិលេស​ យ៉ាង​កណ្ដាល របស់​ភិក្ខុ​អ្នក​ប្រកប​នូវ​អធិចិត្ត។ ភិក្ខុអ្នក​បរិបូណ៌​ ដោយ​សមាធិចិត្ត ប្រកប​ដោយ​ជាតិ​ ជាអ្នក​ប្រាជ្ញ រមែងលះបង់​ បន្ទោបង់ ធ្វើ​ឲ្យវិនាស​ នូវ​ឧបក្កិលេស​នោះ​ចេញ ឲ្យ​តាំង​នៅមិនបាន ត្រាតែធ្វើ​ចិត្ត​នោះ ឲ្យ​អស់​មន្ទិល ឲ្យ​បាត់​មន្ទិល​ចេញ។ ញាតិ​វិតក្កៈ (សេចក្ដី​ត្រិះរិះ1) ​អំពីញាតិ) ជន​បទ​វិតក្កៈ (​សេចក្ដី​ត្រិះរិះ​2) អំពី​ជនបទ) អនវញ្ញត្តិប្បដិសំយុត្ត​វិតក្កៈ (សេចក្ដី​ត្រិះរិះ3) ​ប្រកប​ដោយការ​មិន​ចង់​ឲ្យគេមើល​ងាយ) ជាឧបក្កិលេស​យ៉ាង​ល្អិត ​របស់​ភិក្ខុ​អ្នក​ប្រកប ​នូវ​អធិចិត្ត។ ភិក្ខុ​អ្នក​បរិបូណ៌​ ដោយ​សមាធិចិត្ត ប្រកប​ដោយ​ជាតិ​ ជាអ្នក​ប្រាជ្ញ រមែង​លះបង់​ បន្ទោបង់​ ធ្វើ​ឲ្យ​វិនាស នូវ​ឧបក្កិលេស​នោះ​ចេញ ឲ្យ​តាំង​នៅមិន​បាន ត្រា​តែធ្វើ​ចិត្តនោះ​ ឲ្យ​អស់​មន្ទិល ឲ្យ​បាត់​មន្ទិល​ចេញ។ លំដាប់​តពីនោះ ​នឹង​នៅសល់​តែ​ធម្មវិតក្កៈ​ (សេចក្ដី​ត្រិះ​រិះ​នូវ​ធម៌)4) ប៉ុណ្ណោះ។ សមាធិនោះ​ មិន​បាន​រម្ងាប់ មិន​បាន​ខ្ពង់​ខ្ពស់ មិន​បាន​នូ​វ​ការ​ស្ងប់​កិលេស មិនបានដល់​នូវ​ភាពជាចិត្ត​ប្រសើរ​ឯក មិន​បាន​សង្កត់​សង្កិន​រារាំង (កិលេសដោយ​ព្យាយាម) ប្រកប​ដោយ​សង្ខារ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ ចិត្ត​ក៏​ស្ងប់​ស្ងៀម ​នៅ​ក្នុង​សន្ដាន​ មាន​សភាព​ជាចិត្ត​ប្រសើរ​ឯក ហើយតាំងនៅមាំ។ សមាធិនោះ ​ក៏​បាន​រម្ងាប់​ខ្ពង់​ខ្ពស់ ស្ងប់​កិលេស ដល់​នូវភាព​ជាចិត្ត​ប្រសើរ​ឯក សង្កត់​សង្កិន ​រារាំង (កិលេស​ដោយ​ព្យាយាម) មិន​ប្រកប​ដោយ​សង្ខារ មួយ​ទៀត​បុគ្គល​បង្អោន​ចិត្ត​ទៅ ​ដើម្បី​ធម៌​ដែល​ត្រូវធ្វើឲ្យ​ជាក់​ច្បាស់ ​ដោយ​ប្រាជ្ញាណាៗ កាល​បើ​ហេតុមាន​ រមែង​គួរ​ដល់​ នូវភាព​គួរ​ជាបន្ទាល់​ ក្នុង​ធម៌​នោះ​ៗ ព្រោះ​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ដោយ​ប្រាជ្ញា។ បុគ្គល​នោះ បើ​ប្រាថ្នាថា សូម​ឲ្យ​អាត្មា​អញ ទទួល​នូវការ​តាក់​តែងឫទ្ធិ ​ច្រើន​ប្រការ គឺ​អាត្មា​អញ​តែ​ម្នាក់​ឯង ធ្វើ​ឲ្យ​ទៅ​ជាមនុស្ស​ច្រើន​នាក់ គ្នា​ច្រើន​នាក់​ ឲ្យ​ទៅ​ជាម្នាក់ ធ្វើនូ​វទី​កំបាំង ​ឲ្យ​ទៅ​ជាទីវាល ធ្វើ​នូវ​វាល​ឲ្យ​ទៅជាទី​កំបាំង ​ដើរ​ទំលុះ​ទៅ​ក្រៅជញ្ចាំង ក្រៅ​កំពែង ក្រៅ​ភ្នំ​បាន​ មិនមានទើស​ទាល់ ​ដូច​ជាដើរ​ទៅក្នុង​ទីវាល ធ្វើ​នូវ​ការ​មុជចុះ​ និង​ងើប​ឡើង​ ក្នុងផែនដី ដូច​ជាមុជងើប​ក្នុង​ទឹក ដើរ​ទៅ​លើ​ទឹក មិន​បែក​ធ្លាយ​ទឹក ដូចជាដើរ​ទៅ​លើ​ផែន​ដី​ អណ្ដែត​ទៅ​ឯអាកាស​ទាំង​ភ្នែន​បាន ដូច​ជាសត្វ​ស្លាប ចាប់​ស្ទាប​អង្អែល ព្រះ​ចន្រ្ទ​ និង​ព្រះអាទិត្យ​ទាំងនេះ ដែល​មាន​ឫទ្ធិច្រើនយ៉ាង​នេះ មាន​អានុភាព​ច្រើន​យ៉ាងនេះ ​ដោយ​ដៃ ញុំាង​អំណាច ឲ្យប្រព្រឹត្ត​ទៅដោយ​កាយ ដរាប​ដល់​ព្រហ្ម​លោក កាល​បើ​ហេតុ​មាន រមែងដល់​នូវ​ភាព​គួរ​ជាបន្ទាល់ ក្នុង​ការ​តាក់​តែង​ឫទ្ធិ​នោះ​ៗ។ បើ​បុគ្គល​នោះ ប្រាថ្នា​ថា សូម​ឲ្យ​អាត្មាអញ​ មាន​សោត​ធាតុ​ ដូច​ជាទិព្វ ដ៏​បរិសុទ្ធ កន្លងសោត​ធាតុ​ របស់​មនុស្ស​ធម្មតា​ហើយ ឮនូវសំឡេង​ទាំង​ពីរ​ គឺសំឡេង​ទិព្វ១ សំឡេង​របស់​មនុស្ស​១ ដែល​មាន​នៅ​ក្នុង​ទីឆ្ងាយ និង​ទីជិត កាល​បើ​ហេតុ​មាន រមែង​ដល់​នូវ​ភាព​គួរ​ជាបន្ទាល់ ក្នុងការ​ឮ​ នូវសំឡេង​នោះៗ។ បើ​បុគ្គល​នោះ​ប្រាថ្នា​ថា សូម​ឲ្យអាត្មា​អញ កំណត់​ដឹង​ច្បាស់​ នូវ​ចិត្ត​សត្វទាំងឡាយ​ដទៃ បុគ្គល​ទាំងឡាយ​ដទៃ ដោយ​ចិត្ត​ (របស់​ខ្លួន)​ បាន ចិត្ត​ប្រកប​ដោយ​រាគៈ​ក្ដី អាត្មា​អញ ​ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកប​ដោយ​រាគៈ ចិត្ត​ដែល​ប្រាសចាករាគៈហើយ​ក្ដី អាត្មា​អញ​ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រាសចាក​រាគៈហើយ ចិត្ត​ដែល​ប្រកប​ដោយ​ទោសៈក្ដី​ អាត្មា​អញ ​ក៏​ដឹង​ច្បាស់ថា ចិត្ត​ប្រកប​ដោយ​ទោសៈ​ ចិត្ត​ដែល​ប្រាស​ចាក​ទោសៈ​ហើយ​ក្ដី​អាត្មាអញ​ ក៏ដឹង​ច្បាស់​ថា ចិត្ត​ប្រាស​ចាក​ទោសៈហើយ ចិត្ត​ដែល​ប្រកប​ដោយ​មោហៈក្ដី អាត្មា​ក៏ដឹង​ច្បាស់​ថា ចិត្ត​ប្រកប​ដោយមោហៈ ចិត្តដែល​ប្រាសចាក​មោហៈហើយ​ក្ដី អាត្មា​អញ​ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រាសចាក​មោហៈហើយ ចិត្ត​ដែល​រួញ​ថយ​ក្ដី អាត្មា​អញ​ ក៏ដឹង​ច្បាស់​ថា ចិត្ត​រួញថយ ចិត្តដែល​រាយមាយក្ដី អាត្មា​អញ ​ក៏ដឹង​ច្បាស់​ថា ចិត្ត​រាយ​មាយ ចិត្ត​ដែល​ជាមហគ្គតៈ (ចិត្ត​ដល់​នូវ​ភាព​ជាធំ) ក្ដី អាត្មា​អញ​ ក៏​ដឹង​ច្បាស់​ថា ចិត្តជាមហគ្គតៈ ចិត្ត​ដែល​ជាអមហគ្គតៈ (ចិត្តមិន​បាន​ដល់​នូវ​ភាព​ជាធំ) ​ក្ដី អាត្មាអញ​ ដឹង​ច្បាស់​ថា ចិត្ត​ជា​អមហគ្គតៈ ចិត្ត​ដែល​មានចិត្ត​ដទៃ ក្រៃលែង​ជាង (កាមាវចរៈ) ក្ដី អាត្មា​អញ​ ក៏ដឹង​ច្បាស់​ថា ចិត្ត​មាន​ចិត្ត​ដទៃ​ ក្រៃ​លែង​ជាង ចិត្ត​ដែល​មិន​មានចិត្ត​ដទៃ​ ក្រៃលែង​ជាង (​រូបា​វចរៈ​ និង​អរូបាវចរៈ) ក្ដី អាត្មា​អញ ក៏​ដឹង​ច្បាស់​ថា ចិត្ត​មិន​មាន​ចិត្ត​ដទៃ ​ក្រៃ​លែង​ជាង ចិត្ត​ដែល​តាំង​មាំក្ដី អាត្មា​អញ ​ក៏ដឹង​ច្បាស់​ថា ចិត្ត​តាំង​មាំ ចិត្ត​ដែល​មិន​បាន​តាំង​មាំក្ដី អាត្មា​អញ​ក៏​ដឹង​ច្បាស់​ថា ចិត្ត​មិន​បាន​តាំងមាំ ចិត្ត​ដែល​រួច​ស្រឡះ​ហើយ​ក្ដី អាត្មាអញ​ ក៏ដឹង​ច្បាស់​ថា ចិត្ត​រួច​​ស្រឡះហើយ ចិត្ត​ដែលមិន​រួច​ស្រឡះ​ក្ដី អាត្មា​អញ​ ក៏ដឹង​ច្បាស់​ថា ចិត្ត​មិន​ទាន់​រួច​ស្រឡះ កាល​បើ​ហេតុ​មាន​ រមែងដល់​នូ​វភាព​ជាបន្ទាល់ ក្នុង​ការ​ដឹង​នោះៗ​។ ​បើ​បុគ្គល​នោះ ​ប្រាថ្នា​ថា សូម​ឲ្យអាត្មា​អញ​ ឃើញ​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ គឺ​រឭក​បាន​១​ជាតិ​ខ្លះ​ ២ជាតិខ្លះ​ ៣​ជាតិ​ខ្លះ ៤ជាតិខ្លះ ៥ជាតិ​ខ្លះ ១០ជាតិ​ខ្លះ ២០ជាតិ​ខ្លះ ៣០ជាតិខ្លះ ៤០ជាតិ​ខ្លះ ៥០ជាតិ​ខ្លះ ១០០ជាតិ​ខ្លះ ១ពាន់​ជាតិ​ខ្លះ​ ១សែន​ជាតិខ្លះ សំវដ្ដកប្ប (កប្បវិនាស)ខ្លះ​ វិវដ្ដ​កប្ប (កប្បដែល​ចម្រើន)​ខ្លះ សំវដ្ដ​វិវដ្ដ​កប្ប (កប្ប​វិនាស និង​កប្ប​ចម្រើន) ខ្លះ​ ថា អាត្មា​អញ បាន​កើត​ក្នុង​ភពឯណោះ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រយ៉ាង​នេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បានទទួល​សុខ និង​ទុក្ខ​យ៉ាងនេះ មានកំណត់អាយុ ត្រឹម ​ប៉ុណ្ណេះ លុះអាត្មា​អញ ​ច្យុត​ចាកភព​នោះហើយ បានទៅកើត​ក្នុងភព ឯណោះ ដែល​អាត្មា​អញ​ បានកើត​ក្នុងភព​នោះ​ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ​ បានទទួល​សុខ និង​ទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ត្រឹម​ប៉ុណ្ណោះ លុះ​អាត្មា​អញ បានច្យុត​ចាក​ភព​នោះ​ហើយ ក៏បាន​មក​កើត​ក្នុង​ភព​នេះ​ សូមឲ្យ​អាត្មា​អញ រឭក​ឃើញ ​នូវ​បុព្វេ​និវាស​ជា​ច្រើន​ប្រការ ព្រម​ទាំង​អាការ គឺ សម្បុរ​ និងអាហារ​ជាដើម ព្រម​ទាំង​ឧទ្ទេស គឺឈ្មោះ និង​គោត្រកូល ដោយ​ប្រការដូច្នេះឯង កាល​បើ​ហេតុ​មាន រមែង​ដល់​នូវ​ភាពគួរ​ជា​បន្ទាល់ ​ក្នុង​ការរឭកឃើញនោះៗ។ បើ​បុគ្គល​នោះ​ ប្រាថ្នាថា សូម​ឲ្យ​អាត្មា​អញ​ មាន​ចក្ខុ​ដូច​ជាទិព្វ​ ដ៏​បរិសុទ្ធស្អាត កន្លង​បង់​នូវ​ចក្ខុ​ ជារបស់​មនុស្ស​ធម្មតា បានឃើញ​នូវសត្វ​ទាំងឡាយ ​ដែល​ច្យុត ដែល​កើត​ឡើង ថោក​ទាប​ និង​ឧត្តម មាន​សម្បុរល្អ មាន​សម្បុរ​អាក្រក់ មានគតិល្អ មានគតិ​អាក្រក់​ ដឹង​ច្បាស់​នូវ​ពួក​សត្វ ដែល​ប្រព្រឹត្ត​​ទៅតាម​កម្ម​ របស់​ខ្លួនថា អើហ្ន៎សត្វ​ពួក​នេះ ប្រកប​ដោយ​កាយទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត​ ប្រកប​ដោយ​មនោទុច្ចរិត ជាអ្នក​តិះដៀល នូវ​ព្រះ​អរិយៈ​ទាំង​ឡាយ ជាមិច្ឆាទិដ្ធិ កាន់យក​នូវ​អំពើ​ជាមិច្ឆាទិដ្ធិ សត្វ​ពួកនោះ លុះទំលាយ​រាង​កាយ ​ស្លាប់​ទៅ រមែង​ទៅកើត​ក្នុង​តិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎​ ចំណែក​ឯសត្វ​ពួកនេះ ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត ជាអ្នក​មិនតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាសម្មា​ទិដ្ឋិ កាន់​យក​នូវ​អំពើ​ជាសម្មាទិដ្ឋិ សត្វ​ពួក​នោះ លុះ​ទំលាយ​រាងកាយ ​ស្លាប់​ទៅ រមែង​ចូល​ទៅ​កាន់​លោក គឺសុគតិសួគ៌ សូម​ឲ្យ​អាត្មាអញ មាន​ចក្ខុ​ដូច​ជា​ទិព្វ ​ដ៏​បរិសុទ្ធ កន្លង​បង់ នូវ​ចក្ខុ​ជារបស់​មនុស្ស​ធម្មតា ឃើញនូវ​សត្វ​ទាំងឡាយ ​ដែល​ច្យុត ដែលកើត ជាសត្វ​ថោក​ថយ និង​ឧត្ដម មាន​សម្បុរល្អ មាន​សម្បុរ​អាក្រក់ មានគតិល្អ មាន​គតិ​អាក្រក់ ដឹង​ច្បាស់​នូវ​ពួកសត្វ​ ដែល​ប្រព្រឹត្ត​ទៅ​តាមកម្មរបស់​ខ្លួន​ ដោយ​ប្រការ​ដូច្នេះ កាល​បើ​ហេតុ​មាន រមែង​ដល់​នូវ​ភាព​គួរ​ជាបន្ទាល់ ​ក្នុងការ​ដឹង និងការ​ឃើញ​នោះ ៗ។ បើ​បុគ្គល​នោះ​ ប្រាថ្នា​ថា សូមឲ្យ​អាត្មា​អញ បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅនៃ​អាសវៈ​​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្ដម​ ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្ត​នៅ កាលបើ​ហេតុ​មាន រមែង​ដល់​នូវ​ភាព​គួរ​ជា​បន្ទាល់ ក្នុង​ការ​សម្រេច​នោះៗ។

 

លេខយោង

1)
សេចក្តីត្រិះរិះ ចំពោះញាតិថា ពួកញាតិរបស់អាត្មាអញ មានបុណ្យច្រើន។
2)
សេចក្តីត្រិះរិះ ចំពោះជនបទថា ជនបទ​ឯណោះ ក្សេមក្សាន្ត បរិបូណ៌ដោយភិក្ខាហារ។
3)
សេចក្តីត្រិះរិះ កើតឡើងថា ពួកជន​ដទៃ មិនគួរមើលងាយអាត្មាអញឡើយ។ អដ្ឋកថា។
4)
សំដៅយកវិបស្សនូបក្កិលេស ទាំង១០។ អដ្ឋកថា។
km/tipitaka/sut/an/03/sut.an.03.102.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann