km:tipitaka:sut:an:03:sut.an.03.133

លេខសូត្រ ទី១០

សង្ខេប

តើ​ការ​​អភ័យ​ទោស​​របស់​​អ្នក​​មាន​​កម្រិត​​ណា​​ខ្លះ? ពាក្យ​ប្រៀប​ធៀប​ជា​មួយ​នឹង​ស្នាម​​គំនូស​​​ទៅ​ក្នុង​ធាតុ​ផ្សេង​គ្នា។

an 03.133 បាលី cs-km: sut.an.03.133 អដ្ឋកថា: sut.an.03.133_att PTS: ?

លេខសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១០. លេខសុត្តំ)

[១៣៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣ ពួក​នេះ មាន​ប្រាកដក្នុងលោក។ បុគ្គល ៣ពួក​ ដូចម្ដេច​ខ្លះ។ គឺ​បុគ្គល​ប្រៀបដូច​គំនូស​ថ្ម ១ បុគ្គល​ប្រៀបដូច​គំនូស​ផែន​ដី ១ បុគ្គល​ប្រៀប​ដូច​គំនូស​ទឹក ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះបុគ្គល​ប្រៀប​ដូច​គំនូស​ថ្ម តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុងលោក​នេះ រមែង​ក្រោធ​​រឿយៗ ឯ​សេចក្តីក្រោធរបស់​គេ​នោះ រមែង​ដេក​ត្រាំ​នៅ​ អស់​កាល​យូរ​អង្វែង។ ម្នាលភិក្ខុទាំងឡាយ គំនូសថ្ម រមែងមិនឆាប់រលុបដោយខ្យល់ ឬដោយ​ទឹក​ទេ ជាគំនូសតាំងនៅ អស់កាលយូរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គល​​ពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយៗ ឯសេចក្តីក្រោធ ​របស់គេនោះ រមែង​​ដេកត្រាំ​នៅ អស់កាលយូរអង្វែង ក៏យ៉ាងនោះ​ដែរ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា បុគ្គល​ប្រៀប​ដូច​គំនូស​ថ្ម​។ ម្នាល​ភិក្ខុទាំង​ឡាយ ​ចុះ​បុគ្គល​ប្រៀប​ដូច​គំនូស​​ផែន​ដី តើដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ រមែង​ក្រោធ​រឿយ​ៗ តែ​សេច​ក្តី​ក្រោធរបស់​គេ​នោះ មិន​បាន​ដេក​ត្រាំ​នៅ ​អស់កាល​យូរ​អង្វែង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​គំនូស​ផែន​ដី រមែង​ឆាប់​រលុប ​ដោយ​ខ្យល់ ឬ ដោយទឹក ជា​គំនូស​មិន​តាំង​នៅ ​អស់​កាល​យូរ យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ រមែង​ក្រោធ​រឿយ​ៗ តែ​សេច​ក្តី​ក្រោធ​ របស់​គេ​នោះ មិន​បាន​ដេក​ត្រាំនៅ ​អស់​កាល​យូរ​អង្វែង ក៏​យ៉ាង​នោះ​ដែរ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​នេះ​ហៅ​ថា បុគ្គល​ប្រៀប​ដូច​ស្នាម​គំនូស​ផែន​ដី​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​ប្រៀប​ដូចគំនូសទឹក តើ​ដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ដែល​គេ​និយាយ​ពាក្យ​រឹង​រូស​ក្តី និយាយ​ពាក្យ​អាក្រក់​ក្តី និយាយ​ពាក្យ​មិន​ជា​ទី​គាប់​ចិត្ត​ក្តី តែង​ឆាប់​និយាយ​តប​ត​ទៅ​វិញ ឆ្លើយ​ឆ្លង​ស្រួល​វិញ រីក​រាយ​ទៅ​រក​វិញ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គំនូស​ទឹក រមែង​រលុប​ឆាប់ មិន​តាំង​នៅ​អស់​កាល​យូរ យ៉ាង​ណា​មិញ ម្នាល​ភិក្ខុទាំង​ឡាយ ​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ដែល​គេ​និយាយ​ពាក្យ​រឹង​រូស​ក្តី និយាយ​ពាក្យ​អាក្រក់​ក្តី និយាយ​ពាក្យ​មិន​ជា​ទី​គាប់​ចិត្ត​ក្តី រមែង​ឆាប់​និយាយ​តប​ត​ទៅវិញ ​ឆ្លើយ​ឆ្លង​ស្រួល​វិញ រីក​រាយ​ទៅ​រក​វិញ ក៏​យ៉ាងនោះ​ដែរ​។ ម្នាល​ភិក្ខុទាំង​ឡាយ នេះ​ហៅ​ថា បុគ្គល​ប្រៀប​ដូច​គំនូស​ទឹក​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​​ បុគ្គល ៣ ពួក​នេះ​ឯង មាន​ប្រាកដ​ក្នុង​លោក​។

ចប់ កុសិនារវគ្គ ទី៣។

ឧទ្ទាន​នៃ​កុសិនារ​វគ្គ​នោះ​គឺ​

និយាយ​អំពីព្រះ​ដ៏​មាន​ព្រះ​ភាគ គង់​ជិត​ក្រុង​កុសិ​នារា ១ អំពី​ពួក​ភិក្ខុ​បង្ក​ហេតុ ទាស់​ទែង​គ្នា ១ អំពី​ព្រះដ៏​មាន​ព្រះ​ភាគ គង់​នៅ​ក្នុង​គោត​មក​ចេតិយ ១ អំពី​ភរណ្ខុ​កា​លាមតាបស ១ អំពី​ហត្ថក​ទេវ​បុត្ត ១ អំពី​ភិក្ខុធ្វើ​ខ្លួន​ឲ្យស្អុយ ១ អំពី​ព្រះ​អនុរុទ្ធ ២ លើក អំពី​វត្ថុ​ដែល​បិទ​បាំង ១ អំពី​គំនូស ១ រួប​រួម​ត្រូវ​ជា ១០។

 

លេខយោង

km/tipitaka/sut/an/03/sut.an.03.133.txt · ពេលកែចុងក្រោយ: 2024/05/03 17:41 និពន្ឋដោយ Cheav Villa