km:tipitaka:sut:an:03:sut.an.03.v02

រថការវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 03.v02 បាលី cs-km: sut.an.03.v02 អដ្ឋកថា: sut.an.03.v02_att PTS: ?

រថការវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. រថការវគ្គោ)

(ញាតសូត្រ ទី១)

(១. ញាតសុត្តំ)

[១១] ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មាន​កេរ្ដិ៍ឈ្មោះ​ ប្រកបដោយ​ធម៌​ ៣យ៉ាង​ជាអ្នក​ប្រតិបត្តិ ដើម្បី​មិន​ជា​គុណ​ ដល់​ជន​ច្រើន ដើម្បី​មិន​ជា​សុខ ​ដល់ជន​ច្រើន ដើម្បី​មិន​ជា​ប្រយោជន៍ ដល់​ជនច្រើន ដើម្បី​មិន​ជាគុណ ដើម្បីជាទុក្ខ​ ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ។ ធម៌​៣ យ៉ាង តើ​ដូចម្ដេច។ គឺ​ភិក្ខុបបួល​អ្នក​ផង​ក្នុង​កាយ​កម្ម ដែល​មិនសម​គួរ​ ១ បបួលក្នុងវចីកម្ម ដែលមិនសម​គួរ ១ ​បបួល​ក្នុង​ធម៌​ទាំង​ឡាយ1) ​ដែល​មិន​សម​គួរ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមាន​កេរ្ដិ៍ឈ្មោះ ប្រកប​ដោយធម៌​៣ នេះឯង រមែង​ប្រតិបត្តិ ដើម្បី​មិន​ជា​គុណ ​ដល់ជន​ច្រើន ដើម្បីមិនជា​សុខ ​ដល់​ជនច្រើន ដើម្បីមិន​ជាប្រយោជន៍​ ដល់​ជនច្រើន ដើម្បីមិន​ជា​គុណ ដើម្បី​ជាទុក្ខ ដល់ទេវតា​ និង​មនុស្ស​ទាំង​ឡាយ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មាន​កេរ្តិ៍​ឈ្មោះ ប្រកបដោយ​ធម៌ ​៣​យ៉ាង ជាអ្នក​ប្រតិបត្តិ ដើម្បី​ជា​គុណ ​ដល់ជនច្រើន ដើម្បី​សេចក្ដី​សុខ ​ដល់​ជន​ច្រើន ដើម្បី​ជា​ប្រយោជន៍ ​ដល់​ជនច្រើន ដើម្បីជា​គុណ ដើម្បី​សេចក្ដីសុខ​ ដល់​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ។ ធម៌​៣យ៉ាង តើដូចម្ដេច។ គឺ​ភិក្ខុ​បបួល​អ្នក​ផង ​ក្នុង​កាយ​កម្ម ដែលសម​គួរ ១ បបួលក្នុង​វចីកម្ម ដែល​សមគួរ​ ១ បបួល​ក្នុងធម៌​ទាំងឡាយ ដែល​សមគួរ​ ១។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មាន​កេរ្តិ៍ឈ្មោះ ប្រកប​ដោយ​ធម៌ ​៣យ៉ាង​នេះ​ឯង ជាអ្នក​ប្រតិបត្តិ ដើម្បី​ជា​គុណ​ ដល់​ជន​ច្រើន ដើម្បី​សេចក្ដីសុខ ​ដល់​ជន​ច្រើន ដើម្បី​ជា​ប្រយោជន៍​ ដល់​ជន​ច្រើន ដើម្បី​ជា​គុណ ដើម្បី​សេចក្ដី​សុខ ​ដល់ទេវតា ​និង​មនុស្ស​ទាំងឡាយ។

(សារណីយសូត្រ ទី២)

(២. សារណីយសុត្តំ)

[១២] ម្នាល​ភិក្ខុទាំងឡាយ ហេតុ​ទាំងឡាយ ​ដែល​ព្រះរាជា ជាក្សត្រិយ៍​បានមុទ្ធា​ភិសេក​ហើយ នៅ​តែ​រលឹក​ចាំ​បាន ​រហូត​ដល់​អស់​ព្រះជន្មនេះ មាន​៣​យ៉ាង។ ហេតុ​៣​យ៉ាង តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ព្រះរាជា​ ជាក្សត្រិយ៍ ដែល​បាន​មុទ្ធា​ភិសេក ​ទ្រង់​ព្រះ​សម្ភព ​ក្នុង​ប្រ​ទេស​ណា នេះ​ជា​ហេតុ ​ទី១ ដែល​ព្រះរាជា ជាក្សត្រិយ៍ បាន​មុទ្ធាភិសេក​ហើយ នៅតែ​រលឹក​ចាំ​បាន​ រហូតដល់​អស់​ព្រះជន្ម។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ព្រះរាជា ជាក្សត្រិយ៍ បាន​មុទ្ធាភិសេក​ ក្នុង​ប្រទេសណា នេះជាហេតុ ​ទី​២ ដែល​ព្រះរាជា ជាក្សត្រិយ៍​ បាន​មុទ្ធាភិសេក​ហើយ នៅ​តែ​រលឹកចាំ​បាន ​រហូត​ដល់​អស់​ព្រះជន្ម។ ម្នាល​ភិក្ខុទាំងឡាយ មួយ​ទៀត ព្រះរាជា ជា​ក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេក​ហើយ ទ្រង់​ផ្ចាញ់​សង្រ្គាម បានឈ្នះ​សង្រ្គាម​ហើយ ទ្រង់​គ្រប់គ្រង​ទី​សង្រ្គាម​នោះ​ឯង ក្នុង​ប្រទេស​ណា នេះជា​ហេតុ​ ទី​៣ ដែល​ព្រះ​រាជា ជាក្សត្រិយ៍​ បាន​មុទ្ធាភិសេក​ហើយ នៅ​តែរលឹក​ចាំ​បាន​រហូត​ដល់អស់​ព្រះ​ជន្ម។ ម្នាល​ភិក្ខុទាំងឡាយ ហេតុ​៣​នេះឯង ដែល​ព្រះ​រាជា ជា​ក្សត្រិយ៍ ​បានមុទ្ធាភិសេក​ហើយ នៅតែ​រលឹក​ចាំ​បាន រហូត​ដល់​អស់​ព្រះ​ជន្ម។ ម្នាល​ភិក្ខុទាំងឡាយ ហេតុ​ទាំងឡាយ​ ដែលភិក្ខុ​គួររលឹក ​រហូត​ដល់​អស់​ជីវិត ឲ្យ​ដូច​ជា​ព្រះ​មហាក្សត្រិយ៍​នោះ នេះ មាន​៣​យ៉ាង។ ហេតុ ៣យ៉ាង តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​កោរសក់​ កោរ​ពុកមាត់ ​ពុកចង្កា ស្លៀកដណ្ដប់សំពត់ កាសាយៈ ចេញចាកផ្ទះ​ ចូល​កាន់​ផ្នួស ក្នុងប្រទេសណា ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជាហេតុ​ ទី១ ដែល​ភិក្ខុ​គួររលឹក ​រហូត​ដល់​អស់​ជីវិត។ ម្នាល​ភិក្ខុទាំងឡាយមួយ​ទៀត ភិក្ខុ​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះហេតុ​ឲ្យកើត​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ធម៌​ ជា​គ្រឿង​រលត់​ទុក្ខ ដឹងច្បាស់​តាម​ពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅ​កាន់​សេចក្ដីរលត់​ទុក្ខ ក្នុងប្រទេស​ណា ម្នាលភិក្ខុ ទាំង​ឡាយ នេះ​ជា​ហេតុ​ ទី២ ដែល​ភិក្ខុគួររលឹក រហូត​ដល់​អស់​ជីវិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់ ​នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ​ព្រោះ​អស់អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​របស់​ខ្លួន​ឯង ​នា​បច្ចុប្បន្ន ក្នុង​ប្រ​ទេសណា ម្នាល​ភិក្ខុទាំងឡាយ នេះ​ជា​ហេតុ ​ទី​៣ ដែល​ភិក្ខុ​គួររ​លឹក​ រហូត​ដល់​អស់ជីវិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​៣ យ៉ាង​នេះ​ឯង​ ដែល​ភិក្ខុគួរ​តែរលឹក​ចាំ​បាន ​រហូត​ដល់​អស់​ជីវិត។

(អាសំសសូត្រ ទី៣)

(៣. អាសំសសុត្តំ)

[១៣] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣ ពួកនេះ មាន​ប្រាកដក្នុង​លោក។ បុគ្គល​ ៣ ​ពួក តើដូច​ម្ដេច។ គឺ​បុគ្គល​មិន​មាន​សេច​ក្ដី​ប្រាថ្នា ​១ មាន​សេចក្ដី​ប្រាថ្នា​ ១ ប្រាសចាក​សេចក្ដី​ប្រាថ្នា ​១។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មិនមាន​សេចក្ដី​ប្រាថ្នា តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ​ ក្នុង​លោក​នេះ ជា​​អ្នក​កើត​ក្នុង​ត្រកូល​ទាប គឺ​ត្រកូលចណ្ឌាល ត្រកូលអ្នក​ត្បាញ​ផែង ត្រកូលអ្នក​នេសាទ ត្រកូល​អ្នក​ធ្វើ​រថ ត្រកូល​អ្នកចោលសម្រាម ​ឬត្រកូល​អ្នក​កំសត់ ​ដែលមាន​បាយ ​និង​ទឹក ​និង​ភោជន​​តិច ប្រព្រឹត្ត ចិញ្ចិម​ជីវិត​លំបាក ជា​ត្រកូល ដែល​រក​អាហារ​សម្រាប់​បរិភោគ​និងសំពត់សម្រាប់​ស្លៀក​ដណ្ដប់បាន​ដោយ​លំបាក។ បុគ្គល​នោះ​សោត ​មាន​សម្បុរអាក្រក់ អ្នក​ផង​មិន​ចង់​ពិត​ពិល​រមិល​មើល ជាមនុស្ស​តឿ មាន​ជម្ងឺ​ច្រើនខ្វាក់ម្ខាង​ ក្ងែង ខ្ចក ឬ​មានអវយវៈ​ម្ខាង​ពិការ ជា​អ្នក​មិន​បានបាយ​ ទឹក ​សំពត់យាន​ ផ្កា​កម្រង គ្រឿង​ក្រអូប គ្រឿង​លាប ទីដេក លំនៅ ​និង​គ្រឿងប្រទីប។ បុគ្គល​នោះ ឮ​ដំណឹងថា ក្សត្រិយ៍ទ្រង់​ព្រះ​នាម​នេះ ពួក​ក្សត្រិយ៍បាន​អភិសេក​ដោយ​ខត្តិ​យាភិសេក​ហើយ។ បុគ្គល​នោះ រមែង​មិនត្រិះរិះ ​យ៉ាង​នេះថា កាល​ណាហ្ន៎ ពួកក្សត្រិយ៍ នឹង​អភិសេក​អញ ​ដោយខត្តិយាភិសេក​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គលមិនមាន​សេចក្ដី​ប្រាថ្នា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សេចក្ដី​ប្រាថ្នា តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​លោក​នេះ ព្រះ​រាជ​បុត្រ​ច្បង របស់​ខត្តិ​យរាជ ដែល​បាន​មុទ្ធាភិសេក​ហើយ ជារាជកុមារ ដែល​គេ​មិន​ទាន់ អភិសេក ដោយ​រាជាភិសេក​នៅ​ឡើយ​ទេ តែ​ព្រះ​រាជ​កុមារ​ មិន​មាន​ញាប់ញ័រ​(ចង់បាន)។ ព្រះ​រាជ​បុត្រ​នោះ ឮ​ដំណឹង​ថា ព្រះ​ខត្តិយ​រាជ​ព្រះនាមនេះ ពួក​ក្សត្រិយ៍ បាន​អភិសេក ដោយ​ខត្តិយាភិសេកហើយ។ ព្រះរាជបុត្រ​នោះ មាន​សេចក្ដី​ត្រិះរិះ​ យ៉ាង​នេះថា កាល​ណាហ្ន៎ ពួក​ក្សត្រិយ៍ នឹង​អភិសេក​​អញ ដោយ​ខត្តិយាភិសេកផង។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅ​ថា បុគ្គល​មាន​សេចក្ដី​ប្រាថ្នា។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែលប្រាសចាក​សេចក្ដី​ប្រាថ្នា តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ខត្តិយរាជ ក្នុង​លោក​នេះ បាន​មុទ្ធា​ភិសេក​ហើយ។ ព្រះ​រាជាអង្គ​នោះ ឮ​ដំណឹងថា ខត្តិយរាជ​ព្រះនាម​នេះ ពួក​ក្សត្រិយ៍​ បាន​អភិសេក ដោយ​ខត្តិយាភិសេក​ហើយ។ ព្រះ​រាជា​អង្គនោះ មិន​មាន​ព្រះ​រាជតម្រិះ​ យ៉ាង​នេះថា កាលណា​ហ្ន៎ ពួក​ក្សត្រិយ៍​ នឹង​អភិសេក​អញ ដោយ​ខត្តិ​យា​ភិសេក​ផង។ ដំ​ណើរ​នោះ តើ​ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​សេចក្ដីប៉ុន​ប៉ង​ ក្នុង​រាជា​ភិសេកណា របស់​ព្រះ​រាជា ដែល​មិន​ទាន់​អភិសេក​ ក្នុង​កាលមុន​នោះ សេចក្ដី​ប៉ុន​ប៉ង ​ក្នុង​រាជា​ភិសេក របស់​ព្រះ​រាជា​អង្គ​នោះៗ បានស្កប់ព្រះរាជហឫទ័យ​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គល​ប្រាសចាក​សេចក្ដី​ប្រាថ្នា។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​៣ពួក​នេះ​ឯង មានប្រាកដ​ក្នុង​លោក។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​៣​ពួក​ មាន​ប្រាកដក្នុង​ពួក​ភិក្ខុ ក៏យ៉ាង​នោះ​ដែរ។ បុគ្គល​៣ពួក តើ​ដូចម្ដេច។ គឺ​បុគ្គលមិន​មាន​សេច​ក្ដី​ប្រាថ្នា ១ មាន​សេច​ក្ដី​ប្រាថ្នា ១ ប្រាស​ចាក​សេចក្ដីប្រាថ្នា ​១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​មិន​មាន​សេចក្ដីប្រាថ្នា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ទ្រុស្តសីល មានធម៌អាក្រក់ មាន​អំពើ​មិន​ល្អ មាន​មារយាទ​គួរ​ឲ្យ​អ្នក​ផង​រង្កៀស ជាអ្នក​បិទ​បាំង​​បាប​កម្ម​ទុក មិន​មែន​ជា​សមណៈ តែ​ប្ដេជ្ញា​ខ្លួន​ថា ​ជា​សមណៈ មិន​ប្រព្រឹត្ត​ព្រហ្មចារ្យ តែ​ប្ដេជ្ញា​ខ្លួន​ថា ជាអ្នកប្រព្រឹត្ត​ព្រហ្មចារ្យ ជាអ្នកស្អុយ​ខាង​ក្នុង មាន​ចិត្ត​ទទឹក​ដោយ​រាគៈ មាន​ជាតិ​ដ៏ជ្រោកជ្រាក។ បុគ្គល​នោះ ឮដំណឹង​ថា ភិក្ខុ​ឈ្មោះនេះ ​ធ្វើឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយប្រាជ្ញា​ ដ៏​ឧត្ដម​ខ្លួន​ឯង នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ ក្នុង​បច្ចុប្បន្ន។ បុគ្គល​នោះ មិន​មាន​សេចក្ដីត្រិះ​រិះ​​​យ៉ាង​នេះថា កាល​ណាហ្ន៎ អាត្មា​អញ នឹង​ធ្វើឲ្យ​ជាក់​ច្បាស់ បាន​ដល់ដោយ​ប្រាជ្ញា ​ដ៏​ឧត្ដម​ខ្លួនឯង ​នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់អាសវៈ​​ទាំងឡាយ ក្នុង​បច្ចុប្បន្ន​នេះ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គល​មិន​មាន​សេច​ក្ដី​ប្រាថ្នា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមាន​ប្រាថ្នា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ​ជាអ្នក​មាន​សីល មាន​ធម៌ល្អ។ ភិក្ខុ​នោះ ឮដំណឹង​ថា ភិក្ខុ​ឈ្មោះនេះ ​បានធ្វើ​ឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា​ ដ៏​ឧត្តម​ខ្លួន​ឯង​ នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់អាសវៈ​ទាំងឡាយ ក្នុង​បច្ចុប្បន្ន​។ ភិក្ខុ​នោះ មាន​សេចក្ដី​ត្រិះរិះ​ យ៉ាង​នេះ​ថា កាល​ណា​ហ្ន៎ អាត្មាអញ​ នឹង​ធ្វើឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា​ ដ៏​ឧត្ដម​ខ្លួន​ឯង នូវ​ចេ​តោវិមុត្តិ បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គល​មាន​សេចក្ដី​ប្រាថ្នា។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលប្រាសចាក​សេចក្ដី​ប្រាថ្នា តើ​ដូច​ម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នះ ជា​អរហន្តខីណាស្រព។ ភិក្ខុនោះ ឮដំណឹង​ថា ភិក្ខុ​ឈ្មោះនេះ បាន​ធ្វើ​ឲ្យជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា ​ដ៏​ឧត្ដមខ្លួងឯង នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ​ ព្រោះ​អស់​អាសវៈ​ទាំង​​ឡាយ​ ក្នុង​បច្ចុប្បន្ន។ ភិក្ខុ​នោះ មិន​មានសេចក្ដីត្រិះរិះ ​យ៉ាង​នេះថា កាល​ណាហ្ន៎​ អាត្មា​អញ នឹង​ធ្វើ​ឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា ​ដ៏​ឧត្ដម​ខ្លួន​ឯង នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ​ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ក្នុង​បច្ចុប្បន្ន​ផង។ ដំណើរនោះ ​តើព្រោះ​ហេតុ​ដូចម្តេច​។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះសេចក្ដី​ប៉ុនប៉ង​នូវវិមុត្តិណា របស់​ភិក្ខុ ដែលមិន​ទាន់​មាន​វិមុត្តិ​ ក្នុង​កាលមុន ​សេច​ក្ដីប៉ុនប៉ង ​នូវ​វិមុត្តិ​ របស់ភិក្ខុនោះ ៗ​ បាន​ស្កប់ស្កល់​ចិត្ត​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​ប្រាសចាក​សេចក្ដី​ប្រាថ្នា។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ទាំង​ ៣ នេះឯង មាន​ប្រាកដ ​ក្នុង​ពួក​ភិក្ខុ។

(ចក្កវត្តិសូត្រ ទី៤)

(៤. ចក្កវត្តិសុត្តំ)

[១៤] ម្នាលភិក្ខុ​ទាំងឡាយ​ ស្ដេចចក្រ​ពត្តិអង្គណា ប្រកបដោយធម៌2) ទ្រង់ធម៌3) ស្ដេច​អង្គនោះ ទ្រង់​ញុំាងចក្រ​ ដែល​មិន​មែន​ជា​របស់ស្ដេច ​ឲ្យប្រព្រឹត្ត​ទៅ។ កាល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​យ៉ាង​នេះ មាន​ភិក្ខុ​ ១រូប ក្រាប​ទូល​សួរ​ព្រះ​មាន​ព្រះ​ភាគ យ៉ាង​នេះថា សូម​ទ្រង់ព្រះមេត្តាប្រោស ចក្រ​របស់​ស្ដេច​ចក្រ​ពត្តិ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ តើ​ដូចម្ដេច។ ព្រះមាន​ព្រះភាគ​ ទ្រង់​ត្រាស់​តបថា ម្នាល​ភិក្ខុ ចក្រ​នោះ ក៏គឺ​ធម៌4) ដូច្នេះ រួច​ទ្រង់ត្រាស់ត​ទៅ​ទៀតថា មា្នល​ភិក្ខុ ក្នុង​លោកនេះ ស្ដេច​ចក្រ​ពត្តិ ប្រកបដោយ​ធម៌ ទ្រង់​ធម៌ ទ្រង់​អាស្រ័យ​ធម៌​តែ​មួយ​យ៉ាង ធ្វើ​សក្ការៈ​ចំពោះ​ធម៌ គោរព​ធម៌ កោត​ក្រែង​ធម៌ យក​ធម៌ជា​ទង់​ជ័យ យក​ធម៌ជា​ទង់​យស យក​ធម៌ជាអធិបតី ចាត់ចែង​នូវ​ការ​រក្សា ​ទប់ទល់គ្រប់​គ្រង ​ប្រកប​ដោយ​ធម៌ ចំពោះ​ជន​ខាង​ក្នុង ម្នាល​ភិក្ខុ មួយ​ទៀត ស្ដេច​ចក្រពត្តិ ប្រកបដោយ​ធម៌​ ទ្រង់ធម៌ ទ្រង់​អាស្រ័យ​ធម៌តែមួយ​យ៉ាង ធ្វើសក្ការៈ​ចំពោះធម៌ គោរពធម៌ កោត​ក្រែងធម៌ យកធម៌​ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌​ជាអធិបតី ចាត់ចែង​នូវ​ការ​រក្សា ​ទប់ទល់ គ្រប់គ្រងប្រកបដោយ​ធម៌ ចំពោះ​ពួក​ក្សត្រិយ៍អ្នក​ចុះ​ចូល ពួក​ពល ពួក​ព្រាហ្មណ៍ គហបតី ពួក​អ្នក​និគម អ្នក​ជន​បទ ពួក​សម​ណ​ព្រាហ្មណ៍ និង​ពួក​ម្រឹគ​បក្សី។ ម្នាល​ភិក្ខុ​ លុះ​ស្ដេច​ចក្រ​ពត្តិ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ អង្គ​នោះ​ឯង អា​ស្រ័យ​ធម៌តែមួយ​យ៉ាង ធ្វើ​សក្ការៈ​ចំពោះធម៌ គោរព​ធម៌ កោត​ក្រែង​ធម៌ យកធម៌ជា​ទង់ជ័យ យកធម៌ជា​ទង់​យស យកធម៌​ជា​អធិបតី ចាត់​ចែង​នូវ​ការ​រក្សា​ទប់​ទល់ គ្រប់​គ្រង​ ប្រកបដោយ​ធម៌ ចំពោះជនខាងក្នុង ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះពួក​ក្សត្រិយ៍អ្នក​ចុះ​ចូល ពួក​ពល ពួក​ព្រាហ្មណ៍​ គហបតី ពួក​អ្នក​និគម ជនបទ ពួកសមណ​ព្រាហ្មណ៍ និង​ពួកម្រឹគ​បក្សី ទើបញុំាង​ចក្រ​ ឲ្យប្រព្រឹត្ត​តាម​ធម៌កើត។ ចក្រ​នោះ មនុស្ស​ណា​មួយ ជាសត្រូវ ​ធ្វើ​បដិវត្ត​ដោយ​ដៃ​ពុំបាន​ឡើយ។ ម្នាល​ភិក្ខុ សេចក្ដី​នេះ​ មានដូច​ជា​ព្រះ​តថា​គត អរហន្ត​ សម្មាសម្ពុទ្ធ ប្រកបដោយ​ធម៌5) ​ទ្រង់ធម៌6) អាស្រ័យ​ធម៌​តែ​មួយ​យ៉ាង ​ធ្វើ​សក្ការៈ​ចំពោះ​ធម៌ គោរពធម៌ កោតក្រែងធម៌ យក​ធម៌​ជាទង់​ជ័យ យក​ធម៌​ជាទង់​យស យកធម៌​ជា​អធិបតី ចាត់​ចែង​នូវការ​រក្សា ​ទប់​ទល់ គ្រប់​គ្រង​ ប្រកប​ដោយ​ធម៌ ចំពោះកាយ​កម្មថា កាយកម្មបែប​នេះ ​គួរ​សេព កាយ​កម្ម​បែបនេះ ​មិន​គួរ​សេព​ឡើយ។ ម្នាល​ភិក្ខុ មួយទៀត ព្រះ​តថាគត អរហន្ត​ សម្មា​សម្ពុទ្ធ ប្រកបដោយ​ធម៌ ទ្រង់​ធម៌​ អាស្រ័យធម៌​តែ​មួយ​យ៉ាង ​ធ្វើ​សក្ការៈ​ចំពោះ​ធម៌ គោរព​ធម៌​ កោត​​ក្រែង​ធម៌ ​យកធម៌ជាទង់​ជ័យ យក​ធម៌​ជាទង់យស យក​ធម៌​ជា​អធិបតី ចាត់​ចែង​នូវ​ការ​រក្សា ទប់ទល់ ​គ្រប់គ្រង​ ប្រកប​ដោយ​ធម៌​ ចំពោះ​វចីកម្ម​ថា​ វចីកម្មបែបនេះ ​គួរ​សេព វចី​កម្ម​បែប​នេះ ​មិន​គួរ​សេពឡើយ។ ម្នាលភិក្ខុ មួយ​ទៀត ព្រះ​តថាគត អរហន្ត​សម្មា​សម្ពុទ្ធ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ អាស្រ័យ​ធម៌តែ​មួយ​យ៉ាង ធ្វើ​សក្ការៈ​ចំពោះធម៌ គោរពធម៌ កោត​ក្រែង​​ធម៌ យកធម៌ជា​ទង់ជ័យ យកធម៌​ជាទង់យស យកធម៌​ជា​អធិបតី ចាត់​ចែង​នូវ​ការ​រក្សា​ ទប់ទល់ គ្រប់គ្រង​ប្រកប​ដោយ​ធម៌ ចំពោះ​មនោកម្ម​ថា មនោកម្ម​បែប​នេះ​ គួរ​សេព មនោកម្ម​បែប​នេះ មិនគួរ​សេព​ឡើយ។ ម្នាលភិក្ខុ ព្រះតថាគត​នោះ​ឯង ជាអរហន្ដ ​សម្មាសម្ពុទ្ធ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ អាស្រ័យ​នូវ​ធម៌​តែ​មួយយ៉ាង ​ធ្វើសក្ការៈចំពោះ​ធម៌ គោរព​ធម៌ កោត​ក្រែង​ធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់​យស យក​ធម៌​ជា​អធិបតី ចាត់​ចែង​នូវការរក្សា​ ទប់ទល់ គ្រប់គ្រង​ ប្រកបដោយ​ធម៌ ចំពោះកាយ​កម្ម ចាត់​ចែង​នូវ​ការ​រក្សា ​ទប់​ទល់ គ្រប់គ្រង​ ប្រកបដោយ​ធម៌ ចំពោះវចី​កម្ម ចាត់​ចែង​នូវ​ការ​រក្សា​ ទប់​ទល់ គ្រប់គ្រង​ ប្រកបដោយ​ធម៌ ចំពោះមនោកម្ម ញុំាងធម្មចក្រ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ តាម​ធម៌នុ៎ះ​ឯង។ ចក្កនោះ សមណៈ ឬព្រាហ្មណ៍ ទេវតា ​មារ ​ព្រហ្ម ឬ​អ្នក​ណា​មួយ​ ក្នុង​លោក ធ្វើ​បដិវត្ត​ពុំបាន​ឡើយ។

(សចេតនសូត្រ ទី៥)

ឬ បចេតនសូត្រ
(៥. សចេតនសុត្តំ)

[១៥] សម័យ​មួយ ព្រះ​ដ៏មាន​ព្រះ​ភាគ ទ្រង់​ប្រថាប់​នៅ​ក្នុង​ឥសិបត​ន​មិគ​ទាយវន ជិត​ក្រុង​ពារាណសី។ ក្នុង​ទី​នោះ​ឯង​ ព្រះ​ដ៏មាន​ព្រះ​ភាគ បាន​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ។ ពួក​ភិក្ខុ​ទាំងនោះ ​ទទួលតប​​ព្រះ​ពុទ្ធ​ដីកា ​របស់​ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះករុណា ​ព្រះអង្គ​។ ទើបព្រះដ៏​មាន​ព្រះ​ភាគ ​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ពី​ព្រេង​នាយមក មាន​ព្រះ​រាជា​ ១ព្រះអង្គ ព្រះនាម​បចេតនៈ។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ​ឯង ព្រះ​បាទបចេតនៈ​ ទ្រង់ត្រាស់​ទៅ​នឹង​ជាង​រថ​ម្នាក់ថា ម្នាល​ជាង​រថ​ជា​សម្លាញ់ អំណឹះ​ទៅ៦ខែ ​អំពី​ខែ​នេះ យើង​នឹង​មានសង្រ្គាម ម្នាល​ជាង​រថ​សម្លាញ់ អ្នកអាច​ធ្វើ​ចក្រ ១ គូ​យ៉ាង​ថ្មី ឲ្យយើងបាន​​ឬទេ។ ម្នាលភិក្ខុ​ទាំងឡាយ ជាង​រថ​ បាន​ក្រាប​បង្គំ​ទូល​តបព្រះ​បាទ​បចេត​នៈ​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​អង្គ​ អាច​ធ្វើបាន។ ម្នាល​ភិក្ខុ​ទាំងឡាយ គ្រា​នោះ​ឯង​ ជាង​រថ​ ធ្វើ​ចក្រ​ឲ្យ​សម្រេចបាន​តែ​ម្ខាង ក្នុង​វេលា ៦ ខែ ខ្វះ​៦ រាត្រី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លំដាប់នោះ ព្រះ​បាទបចេតនៈ ទ្រង់​ត្រាស់​ប្រាប់​ជាង​ធ្វើ​រថថា ម្នាល​ជាងរថសម្លាញ់ កន្លង​ទៅ ៦ ថ្ងៃ អំពីថ្ងៃនេះ យើង​នឹង​មាន​សង្រ្គាម ចក្រ​១គូយ៉ាង​ថ្មី អ្នក​ធ្វើសម្រេចហើយ​ឬ។ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ធ្វើអស់ ៦ខែ ខ្វះ ៦ រាត្រីនេះ​ឯង ហើយ​បាន​តែចក្រម្ខាង។ ម្នាល​ជាង​រថ​សម្លាញ់ ចុះអ្នក​អាច​ធ្វើ​ចក្រ ទី២ ឲ្យសម្រេច​ ត្រឹម​តែ​៦ ថ្ងៃ​នេះ ​បានឬ​ទេ។ ម្នាលភិក្ខុទាំង​ឡាយ ជាងរថ​បាន​ទទួល​តប​ព្រះឱង្ការ​ព្រះបាទ​បចេតនៈ​ថា សូមទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំ​ព្រះ​អង្គ​ អាចធ្វើ​បាន។ ម្នាលភិក្ខុ​ទាំង​ឡាយ គ្រា​នោះ​ឯង ជាង​រថ​ធ្វើ​ចក្រ​ ទី២ ឲ្យ​សម្រេច​ត្រឹម​តែ​ ៦ ថ្ងៃ រួច​នាំយកចក្រ​ទាំង ១គូយ៉ាង​ថ្មី (នោះ) ចូល​ទៅ​គាល់​ព្រះ​បាទបចេតនៈ លុះចូល​​ទៅ​ដល់​ហើយ ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​បចេតនៈ​ យ៉ាង​នេះថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស នេះ​ហើយ​ចក្រ​ ១​គូយ៉ាង​ថ្មី​ របស់​ព្រះ​ករុណា ខ្ញុំ​ព្រះ​អង្គ​ ធ្វើ​សម្រេច​ហើយ។ ព្រះ​បាទ​បចេតនៈ​ទ្រង់​ត្រាស់​សួរថា អើជាង​រថ​សម្លាញ់ ចក្រ​ណា​ ដែល​អ្នក​ធ្វើ​ឲ្យសម្រេច ​អស់ ៦​ខែ ខ្វះ​៦​រាត្រី​ក្ដី ចក្រ​ណា ​ដែល​អ្នក​ធ្វើ​ឲ្យសម្រេច ​ត្រឹម​តែ​ ៦ ថ្ងៃ​ក្ដី ចក្រ​ទាំង ២​នេះ ​មានដំ​ណើរ​ផ្សេង​គ្នា​ ដូច​ម្ដេច យើងមិន​ទាន់​យល់​ការណ៍​ផ្សេង​គ្នា​ នៃ​ចក្រទាំង​២នុ៎ះ​ ថាដូចម្ដេច​ឡើយ។ បពិត្រ​ព្រះ​សម្មតិទេព ការណ៍​ផ្សេង​គ្នា​ នៃ​ចក្រទាំង២​នុ៎ះ​មាន សូម​ទ្រង់​ចាំ​ទត​ការណ៍​ផ្សេង​គ្នា ​(នោះ) ​ចុះ។ ម្នាល​ភិក្ខុទាំង​ឡាយ លំ​ដាប់​នោះឯង ជាង​រថ​ បង្វិល​ចក្រ ​ដែល​ធ្វើ​ឲ្យសម្រេច ​អស់ត្រឹម​តែ ៦ថ្ងៃ​ ឲ្យ​វិល​ទៅ។ កាល​ចក្រ​នោះ​វិល​ទៅ ​ក៏ទៅ​កាន់​ទី​អស់​កំណត់ត្រឹម​តែ​មួយ​វិល​ប៉ុណ្ណោះ ហើយ​ត្រឡប់​ដួល​លើ​ផែន​ដី។ រួច​ទើប​ជាង​រថបង្វិល​ចក្រ​ ដែល​ធ្វើ​ឲ្យ​សម្រេច​ អស់៦​ខែ ខ្វះ៦​រាត្រី ឲ្យ​វិល​ទៅម្ដង​ទៀត​។ កាល​ចក្រ​នោះ​វិល​ទៅ ក៏​ទៅ​កាន់ទី​អស់​កំណត់​ត្រឹម​តែមួយ​កំឡាំង​បង្វិលប៉ុណ្ណោះ ហើយ​ក៏​នៅ​នឹង​ថ្កល់​ ហាក់​ដូច​ជា​ខ្ទាស់​ត្រង់​ភ្លៅ។ ព្រះ​បាទបចេតនៈ​ ត្រាស់​សួរ​ថា ម្នាល​ជាង​រថ​សម្លាញ់ ចុះ​ហេតុ​ដូច​ម្ដេច បច្ច័យ​ដូចម្ដេច បានជាចក្រ​ណា ដែល​អ្នក​ធ្វើឲ្យ​សម្រេច​ ត្រឹម​តែ​៦​ថ្ងៃ ចក្រ​នោះ​ ដែល​អ្នកបង្វិល​ទៅ ក៏​ទៅ​កាន់​ទី​អស់​កំណត់ ​ត្រឹម​តែមួយ​វិល​ប៉ុណ្ណោះ ហើយ​ត្រឡប់ដួល​ចុះ ​លើ​ផែន​ដី។ ម្នាល​ជាង​រថ​សម្លាញ់ ហេតុ​ដូច​ម្ដេច បច្ច័យ​ដូចម្ដេច បាន​ជា​ចក្រ​ណា ដែល​អ្នក​ធ្វើ​ឲ្យសម្រេច ​អស់​៦​ខែ​ ខ្វះ៦​រាត្រី ចក្រ​នោះ ​ដែលអ្នក​បង្វិលទៅ ក៏​ទៅ​កាន់​ទី​អស់​កំណត់ ត្រឹម​តែ​មួយ​វិល​ប៉ុណ្ណោះ ហើយ​ក៏តាំង​នៅ​នឹង​ថ្កល់ ហាក់​ដូចជាខ្ទាស់​ត្រង់​ភ្លៅ​។ ជាង​រថ​ក្រាប​បង្គំ​ទូល​ថា សូមទ្រង់​ព្រះ​មេត្តា​ប្រោស ចក្រ​ណា ​ដែល​ធ្វើ​ឲ្យ​សម្រេច​ត្រឹម ៦​ថ្ងៃ ​ចក្រ​នោះឯង មាន​ខ្នង​កង់​វៀច ពករដិបរដុប មាន​ជាប់​ស្រាយ​ផង កាំ​ក៏​វៀច ពករដិប​រដុប មាន​ជាប់​ស្រាយ​ផង ដុំ​វៀច មាន​ពក​រដិប​ដុប មាន​ជាប់​ស្រាយផង។ ចក្រ​នោះ ​ដែល​ខ្ញុំ​ព្រះ​អង្គ​បង្វិល ក៏​វិល​ទៅ​កាន់​ទី​អស់​កំណត់ ​ត្រឹម​តែ​មួយ​​កំឡាំង​បង្វិល​​ប៉ុណ្ណោះ ហើយ​ត្រ​ឡប់​ដួល​លើ​ផែន​ដី ព្រោះ​មាន​ខ្នងកង់​វៀច ​ពក​រដិបរដុប មាន​ជាប់​ស្រាយ​ផង ព្រោះ​កាំ​វៀច ពក​រដិបរដុប មាន​ជាប់​ស្រាយ​ផង ព្រោះ​ដុំ​វៀច មាន​ពក​រដិប​រដុប ជាប់​ស្រាយ​ផង។ បពិត្រ​ព្រះ​សម្ម​តិ​ទេព ចំណែក​ចក្រ​ណា ដែល​ធ្វើ​ឲ្យ​សម្រេច​អស់ ៦ខែ ខ្វះ​៦រាត្រី ចក្រ​នោះ​ មាន​ខ្នង​កង់​មិន​វៀច មិន​មាន​ពក​រដិបរដុប មិន​មានស្រាយផង មាន​កាំ​មិន​វៀច មិន​មាន​ពក​រដិបដុប មិន​មាន​ស្រាយ​ផង មាន​ដុំ​មិន​វៀច មិន​មាន​ពក​រដិបរដុប មិន​មានស្រាយ​ផង។ ចក្រ​នោះ ដែល​ខ្ញុំ​ព្រះ​អង្គ​បង្វិល ក៏​វិល​ទៅ​កាន់​ទី​អស់​កំណត់​ ត្រឹម​តែមួយ​កំឡាំង​បង្វិល​ប៉ុណ្ណោះ ហើយ​នៅ​គាំង ហាក់​ដូច​ជាខ្ទាស់​ត្រង់​ភ្លៅ ព្រោះ​មាន​ខ្នងកង់មិន​វៀច មិន​មាន​ពករដិបដុប មិន​មាន​ស្រាយ ព្រោះ​មាន​កាំមិនវៀច មិន​មាន​ពក​រដិបរដុប ​មិន​មាន​ស្រាយ ព្រោះ​មាន​ដុំ​មិន​វៀច មិន​មាន​ពករដិបរដុប ​មិន​មាន​ស្រាយ​ផង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គំនិត​របស់​អ្នក​ទាំង​ឡាយ ទំនង​ជា​យល់​យ៉ាង​នេះ​ថា ជាង​រថ​នោះ ក្នុងសម័យ​នោះ គឺ​អ្នក​ដទៃ​ផ្សេង ដោយ​ពិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ មិន​ត្រូវ​យល់​ដំណើរនោះ​ យ៉ាង​នោះឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ជាង​រថ​នោះ ក្នុង​សម័យនោះ គឺ​តថា​គត​ហ្នឹង​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​កាល​នោះ តថាគត ជាអ្នក​ចេះ​ស្គាល់​ពួក​ឈើ​វៀច ឈើ​មាន​ពក​រដិប​រដុប ឈើមាន​ស្រាយ​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ លុះ​តថាគត ​បានជា​អរហន្ដ​ សម្មា​សម្ពុទ្ធ​ ក្នុង​កាល​ឥឡូវ​នេះ ជា​អ្នក​យល់​ស្គាល់​ ក្នុង​កាយ​វៀច កាយ​មាន​ពក កាយ​មាន​ស្រាយ ជា​អ្នកយល់​ស្គាល់​ ក្នុង​ពាក្យ​វៀច ពាក្យ​មានពក ពាក្យ​មាន​ស្រាយ ជាអ្នក​យល់ស្គាល់ ​ក្នុង​​មនោ​វៀច មនោ​មាន​ពក មនោ​មាន​ស្រាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ​ភិក្ខុ​ ឬ​ភិក្ខុ​នី​ណាមួយ​​មិនបាន​លះ​បង់​កាយ​វៀច កាយ​មាន​ពក​ កាយមាន​ស្រាយ មិន​បាន​លះ​បង់​ពាក្យ​វៀច ពាក្យ​មាន​ពក ពាក្យ​មាន​ស្រាយ មិន​បាន​លះ​បង់​ចិត្ត​វៀច ចិត្ត​មាន​ពក ចិត្ត​មាន​ស្រាយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ ឬ​ភិក្ខុនី​ទាំង​នោះ ឈ្មោះ​ថា រលំ​ចាក​ធម៌​វិន័យ​នេះ យ៉ាង​នេះ​ឯង ដូច​ជាចក្រ ​ដែល​ធ្វើ​ឲ្យសម្រេច​ ត្រឹម​៦ថ្ងៃនោះ។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុ​ ឬភិក្ខុនីណាមួយ បាន​លះ​បង់​កាយ​វៀច កាយ​មាន​ពក កាយ​មាន​ស្រាយ បានលះបង់​ពាក្យ​វៀច​ ពាក្យ​មាន​ពក ពាក្យ​មាន​ស្រាយ ​បាន​លះបង់​ចិត្ត​វៀច ​ចិត្តមាន​ពក ចិត្ត​មាន​ស្រាយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ ​ឬភិក្ខុនី​ទាំង​នោះ​ ឈ្មោះថា​ តាំង​នៅ​ក្នុង​ធម៌​វិន័យ​នេះ ​យ៉ាង​នេះ​ឯង ដូច​ចក្រ ដែល​ធ្វើ​អស់ ៦ខែ​ ខ្វះ​៦រាត្រី ​ទើប​ស្រេច​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ អ្នក​ទាំងឡាយ គប្បី​សិក្សា ​យ៉ាង​នេះថា យើង​ទាំង​ឡាយ នឹង​លះ​បង់​កាយ​វៀច កាយ​មាន​ពក ​កាយ​មាន​ស្រាយ ​នឹង​លះ​បង់​ពាក្យវៀច ពាក្យ​មាន​ពក ពាក្យមាន​​ស្រាយ នឹង​លះ​បង់​ចិត្ត​វៀច ចិត្ត​មាន​ពក ចិត្តមាន​ស្រាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ គប្បី​សិក្សា​ យ៉ាង​នេះ​ឯង។

(អបណ្ណកសូត្រ ទី៦)

(៦. អបណ្ណកសុត្តំ)

[១៦] ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៣​យ៉ាង ឈ្មោះថា​ អ្នក​ប្រតិបត្តិ​ នូវ​សេចក្ដី​ប្រតិបត្តិ​មិន​ខុស ទាំង​ហេតុ​ ក៏​ឈ្មោះ​ថា លោកបាន​ផ្គង ដើម្បី​ឲ្យអស់​អាសវៈ​ទាំងឡាយ។ ធម៌​៣ យ៉ាង តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​គ្រប់គ្រងទ្វារ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ១ ជា​អ្នកដឹង​ប្រមាណ ​ក្នុង​ភោជន ១ ជាអ្នកប្រកប​រឿយៗ ​នូវ​ការ​ភ្ញាក់​រលឹក​ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ភិក្ខុ​ជា​អ្នកគ្រប់​គ្រង​ទ្វារ​ ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ បាន​ឃើញ​រូប ​ដោយ​ភ្នែក​ហើយ តែ​ជា​អ្នក​មិនបាន​កួចកាន់​នូវ​និមិត្ត មិន​បាន​កួចកាន់​ នូវ​អនុព្យញ្ជនៈ​ អភិជ្ឈា និង​ទោម​នស្ស ដែល​ជា​​អកុសល​ធម៌​ ដ៏លាមក គប្បី​គ្រប​សង្គត់​ នូវ​បុគ្គល​ ដែល​មិន​សង្រួម នូវ​​ចក្ខុ​ន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិន​បាន​សង្រួម ​នូវ​ចក្ខុន្រ្ទិយណា ក៏​ប្រតិបត្តិ ដើម្បី​សង្រួម​នូវ​ចក្ខុន្រ្ទិយ​នោះ រក្សា​នូវ​ចក្ខុន្រ្ទិយ ដល់នូវសេចក្ដីសង្រួម ​ក្នុង​ចក្ខុន្រ្ទិយ បាន​ឮសំឡេង ​ដោយ​ត្រចៀក​ហើយ។ បេ។ បានធុំក្លិន ​ដោយ​ច្រមុះ​ហើយ។ បេ។ បាន​ជញ្ជក់​ជញ្ជាបរស ​ដោយអណ្ដាត​ហើយ។ ​បេ។ បាន​ពាល់​ត្រូវ ​នូវផោដ្ធព្វៈ ​ដោយ​កាយ​ហើយ។ ​បេ។ បាន​ដឹងច្បាស់ ​នូវ​ធម្មារម្មណ៍ ​ដោយ​ចិត្ត​ហើយ តែ​ជា​អ្នក​មិន​បាន​កួច​កាន់ នូវ​និមិត្ត មិន​បាន​កួច​កាន់ ​នូវ​អុព្យញ្ជនៈ អភិជ្ឈា​ និង​ទោមនស្ស ដែលជា​អកុសល​ធម៌ ​ដ៏​លាមក គប្បី​គ្រប​សង្កត់​នូវ​បុគ្គល ដែល​មិន​បាន​សង្រួមនូវ​មនិន្រ្ទិយនុ៎ះ ព្រោះ​ហេតុតែ មិន​បាន​សង្រួម ​នូវ​មនិន្រ្ទិយ​ណា ក៏ប្រតិបត្តិ​ដើម្បី​សង្រួម​នូវមនិន្រ្ទិយ​នោះ រក្សា​នូវ​មនិន្រ្ទិយ ដល់​នូវ​សេចក្ដីសង្រួម​ក្នុង​មនិន្រ្ទិយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ​ឈ្មោះថា ភិក្ខុ​ជា​អ្នក​គ្រប់​គ្រង​ទ្វារ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ។ ​ម្នាល​ភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ជា​អ្នក​ដឹង​ប្រមាណ ​ក្នុង​ភោជន តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ បាន​ពិចារណា​ ដោយ​ឧបាយ​នៃប្រាជ្ញា បរិ​ភោគ​ នូវអាហារ​ដោយ​គិត​ថា មិន​មែន​ដើម្បី​លេង មិនមែន​ដើម្បី​ស្រវឹង មិនមែងដើម្បី​ប្រដាប់ មិនមែន​ដើម្បី​ស្អិតស្អាង​ទេ គ្រាន់​តែ​ដើម្បី​ឲ្យតាំង​នៅ​នៃ​កាយនេះ ដើម្បី​ញុំាង​ជីវិត ​​ឲ្យប្រព្រឹត្ត​ទៅ ដើម្បី​កំចាត់​បង់​ នូវ​សេចក្ដីលំបាក ដើម្បីអនុគ្រោះ​ព្រហ្មចរិយធម៌ អាត្មា​អញ ​នឹង​កំចាត់​បង់ ​នូវ​វេទនា​ចាស់​ផង មិន​ឲ្យ​វេទនា​ថ្មី​កើត​ឡើង​បាន​ផង ការ​ប្រព្រឹត្តិ​ទៅ ​នៃ​ឥរិយាបថ ៤ ក្ដី ការមិន​មាន​ទោស​គឺមិន​ខ្ជិល​ច្រអូស​ក្ដី ការ​នៅ​ជា​សុខ​ក្ដី នឹង​មានដល់​អាត្មា​អញ ​ដោយ​ប្រការ​ដូច្នោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ឈ្មោះថា ភិក្ខុ​ជា​អ្នក​ដឹង​ប្រមាណ ​ក្នុង​ភោជន។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ជា​អ្នក​ប្រកប​រឿយៗ​នូវ​ការ​ភ្ញាក់​រលឹក តើ​ដូច​ម្ដេច។ ម្នាល​​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ រមែង​ធ្វើ​ចិត្ត​ឲ្យស្អាត ​ចាកអាវរណីយ​ធម៌ (ធម៌ជា​គ្រឿង​រា​រាំង) ដោយការ​ចង្រ្កម ដោយការអង្គុយ អស់​១​ថ្ងៃ រមែង​ធ្វើ​ចិត្ត​ឲ្យ​ស្អាត ​ចាក​អាវរណីយធម៌ ដោយ​ការចង្រ្កម ដោយ​ការ​អង្គុយ អស់​បឋម​យាម​នៃរាត្រី សម្រេច​នូវ​សីហសេយ្យាសន៍ ផ្អៀង​ទៅ​ខាងស្ដាំ អស់​មជ្ឈិមយាម​នៃរាត្រី តម្រួតជើង​លើជើង ប្រកបដោយ​សតិ​សម្បជញ្ញៈ ធ្វើ​ទុក​ក្នុង​ចិត្ត ​នូវ​សេចក្ដី​សំគាល់ថា នឹង​ក្រោក ហើយ​ក៏ក្រោក ក្នុង​បច្ឆិម​យាម​នៃរាត្រី ធ្វើ​ចិត្ត​ឲ្យ​ស្អាត ​ចាក​អាវរណីយធម៌ ដោយ​ការចង្រ្កម ដោយ​ការ​អង្គុយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ឈ្មោះថា ភិក្ខុ​ជា​អ្នក​ប្រកប​រឿយៗ នូវ​ការ​ភ្ញាក់​រលឹក។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣យ៉ាង​នេះឯង ឈ្មោះ​ថា អ្នក​ប្រតិបត្តិ នូវសេចក្ដី​ប្រតិប័ទមិនខុស ទាំង​ហេតុ ​ក៏ឈ្មោះថា លោក​បាន​ផ្គង​ ដើម្បីឲ្យ អស់​អាសវៈ​ទាំងឡាយ។

(អត្តព្យាពាធសូត្រ ទី៧)

(៧. អត្តព្យាពាធសុត្តំ)

[១៧] ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣យ៉ាង​នេះ ​ប្រព្រឹត្ត​ទៅ ដើម្បី បៀត​បៀន​ខ្លួន​ឯងផង ប្រព្រឹត្ត​ទៅ ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល ​ទាំង​២​ផង​។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺកាយ​ទុច្ច​រិត ១ វចី​ទុច្ចរិត​១ មនោទុច្ចរិត​១។ ម្នាល​​ភិក្ខុ​ទាំងឡាយ ធម៌​៣​នេះឯង តែង​ប្រព្រឹត្ត​ទៅ ដើម្បី​បៀតបៀន​ខ្លួន​ឯងផង ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល ទាំង​២​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌៣​យ៉ាង​នេះ ​មិន​ប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​ខ្លួន​ឯងផង មិន​ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលដទៃ​ផង មិនប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល​ទាំង​២ផង។ ធម៌​៣ តើដូចម្ដេច។ គឺ កាយសុចរិត​ ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣នេះ​ឯង មិន​ប្រព្រឹត្ត​ទៅ ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ផង មិន​ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​បុគ្គល​ដទៃ​ផង មិន​ប្រព្រឹត្តទៅ ដើម្បី​បៀតបៀនបុគ្គល​ទាំង ២ផង។

(ទេវលោកសូត្រ ទី៨)

(៨. ទេវលោកសុត្តំ)

[១៨] ម្នាល​ភិក្ខុ​ទាំងឡាយ បើពួក​បរិព្វា​ជក ​ជា​អន្យតិរ្ថិយ សួរ​អ្នក​ទាំង​ឡាយ យ៉ាង​នេះថា ម្នាល​អាវុសោទាំងឡាយ ព្រះ​សមណ​គោតម ប្រព្រឹត្ត​​ព្រហ្មចរិយធម៌ ដើម្បី​ទៅ​កើតក្នុង​ទេវលោកឬ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើ​បរិព្វាជក​ជា​អន្យតិរ្ថិយ សួរ​យ៉ាង​នេះ អ្នក​ទាំង​ឡាយ ជិន​ឆ្អន់ ធុញ​ទ្រាន់​ ខ្ពើម​រអើម​ ដែរ​ឬ។ ព្រះ​ករុណា​ ព្រះ​អង្គ។ ម្នាល​ភិក្ខុ​ទាំងឡាយ បាន​ឮ​ថា អ្នក​ទាំងឡាយ ជិនឆ្អន់​ ធុញ​ទ្រាន់ ខ្ពើម​រអើម អាយុទិព្វ សម្បុរទិព្វ សេចក្ដីសុខទិព្វ យសទិព្វ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម ភាព​ជាអធិបតី​ជាទិព្វ ដោយ​ប្រការដូច្នេះហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើម្ល៉ោះ​ទៅ​ហើយ អ្នក​ទាំងឡាយ គប្បី​ជិន​ឆ្អន់ ធុញ​ទ្រាន់ ខ្ពើម​រអើម នឹងកាយ​ទុច្ចរិត​ នឹង​វចីទុច្ចរិត…​ គប្បី​ជិនឆ្អន់ ធុញ​ទ្រាន់ ខ្ពើមរអើម​នឹងមនោទុច្ចរិត។

(បឋមបាបណិកសូត្រ ទី៩)

(៩. បឋមបាបណិកសុត្តំ)

[១៩] ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារ​ប្រកប​ដោយ​អង្គ ​៣ ជាអ្នកមិន​គួរ​បាន​ភោគៈ ដែល​មិនទាន់​បានផង មិនគួរ​ធ្វើ​ភោគៈ ​ដែល​រកបាន​ហើយ ឲ្យចំរើន​ឡើងផង។ អង្គ​៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារក្នុង​លោក​នេះ មិន​ចាត់ចែង​ការងារ ដោយ​យក​ចិត្ត​ទុកដាក់​ ក្នុងបុព្វណ្ហសម័យ ​១ មិនចាត់​ចែងការងារ ដោយយកចិត្តទុកដាក់ ​ក្នុងជម្ឈន្ដិកសម័យ ១ មិន​ចាត់ចែងការងារ ដោយ​យកចិត្តទុកដាក់​ ក្នុង​សាយណ្ហសម័យ ​១។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ៣នេះឯង រមែងមិនគួរបានភោគៈ ដែលមិនទាន់បានផង មិនគួរធ្វើភោគៈ ដែលរកបានមកហើយ ឲ្យចំរើនឡើងផង។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយធម៌​ ទាំង៣​ មិនគួរបាន​កុសលធម៌​ ដែល​មិនទាន់​បានផង មិនគួរធ្វើ​កុសល​ធម៌ ដែលកើតហើយ ឲ្យ​ចំរើនឡើងផង ក៏យ៉ាង​នោះដែរ។ ធម៌​៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ មិនអធិដ្ឋានសមាធិនិមិត្ត ដោយ​យក​ចិត្ត​ទុកដាក់ ក្នុងបុព្វណ្ហសម័យ​ ១​ មិនអធិដ្ឋាន​​សមាធិនិមិត្ត ដោយយក​ចិត្តទុកដាក់ ​ក្នុងមជ្ឈន្ដិកសម័យ ១​មិនអធិដ្ឋាន​សមាធិនិមិត្ត​ ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌ ទាំង៣​នេះឯង មិនគួរ​បាន​កុសល​ធម៌ ដែល​មិន​ទាន់បាន​ផង មិន​គួរ​ធ្វើ​កុសលធម៌ ដែល​បានហើយ ឲ្យចំរើន​ឡើងផង។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារប្រកបដោយអង្គ ៣ ទើប​គួរ​បាននូវ​ភោគៈ ​ដែល​មិន​ទាន់បានមក​ផង គួរ​ធ្វើ​ភោគៈ ដែលបាន​មក​ហើយ ឲ្យចំរើន​ឡើង​ផង។ ​ អង្គ​៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារ​ក្នុង​លោក​នេះ ចាត់ចែង​ការងារ ដោយយកចិត្ត​ទុកដាក់ ក្នុង​បុព្វណ្ហ​សម័យ ​១ ចាត់ចែង​ការងារ​ ដោយ​យកចិត្តទុកដាក់ ​ក្នុងមជ្ឈន្ដិកសម័យ ​១ ចាត់ចែង​ការងារ ដោយ​យកចិត្តទុកដាក់ ក្នុង​សាយណ្ហសម័យ ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ​ ប្រកប​ដោយអង្គ ទាំង៣ នេះឯង ទើបគួរបាន​នូវ​ភោគៈ​ ដែល​មិនទាន់​បានផង គួរ​ធ្វើភោគៈ ដែល​រកបាន​មក​ហើយ ឲ្យ​ចំរើន​ឡើងផង។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣យ៉ាង​គួរបានកុសល​ធម៌​ ដែល​មិន​ទាន់​បានផង គួរ​ធ្វើកុសល​ធម៌ ​ដែល​បាន​ហើយ ឲ្យចំរើន​ឡើងផង ក៏យ៉ាង​នោះដែរ។ ធម៌ ៣ យ៉ាង តើដូចម្ដេច។ ម្នាល​ភិក្ខុ​​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្ត​ទុក​ដាក់​ក្នុងបុព្វណ្ហសម័យយ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ​ក្នុង​សាយណ្ហសម័យ​ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង​៣នេះឯង ទើបគួរ​បានកុសល​ធម៌ ដែល​មិនទាន់បានផង គួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង។

(ទុតិយបាបណិកសូត្រ ទី១០)

(១០. ទុតិយបាបណិកសុត្តំ)

[២០] ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ​ប្រកបដោយ​អង្គ​ ៣ មិនយូរប៉ុន្មាន រមែង​ដល់ ​នូវ​ការចំរើន បរិបូណ៌​ក្នុង​ភោគៈ។ អង្គ ​៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ​ក្នុងលោកនេះ ជាអ្នក​មានបញ្ញាចក្ខុ ១ មានព្យាយាម ​ដ៏ប្រសើរ​១ សម្បូណ៌​ដោយ​ទីពឹង​១។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ ដែល​មានបញ្ញាចក្ខុ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារក្នុងលោក​នេះ រមែង​ស្គាល់​ទំនិញថា ទំនិញនេះ អញ​ទិញ​មកថ្លៃ​ប៉ុណ្ណេះ កាលបើអញលក់​ទៅវិញ​ថ្លៃប៉ុណ្ណេះ នឹង​បានដំឡៃត្រឹមប៉ុណ្ណេះ ​នឹងបាន​ចំណេញប៉ុណ្ណេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ​ហៅថា ​អ្នកផ្សារមានបញ្ញាចក្ខុ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារមាន​ព្យាយាម ​ដ៏ប្រសើរ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារក្នុង​លោកនេះ រមែង​ឆ្លៀវឆ្លាស ក្នុង​ការទិញទំនិញផង លក់​ទំនិញ​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា អ្នក​ផ្សារ​មានព្យាយាម ​ដ៏ប្រសើរ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះអ្នកផ្សារ ​សម្បូណ៌ដោយ​ទីពឹង តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារក្នុង​លោកនេះ រមែង​មានពួកគហបតី ឬគហបតិបុត្រ ដែលស្ដុកស្ដម្ភ​មានទ្រព្យ​ច្រើន មាន​គ្រឿង​ប្រើប្រាស់ច្រើន ស្គាល់​អ្នក​ផ្សារ​នោះ យ៉ាង​នេះថា អ្នក​ផ្សារ​ដ៏​ចំរើន​នេះ មាន​បញ្ញាចក្ខុផង មានព្យាយាម​ ដ៏ប្រសើរផង ជាអ្នក​អង់អាច​ដើម្បី​រក្សាកូនប្រពន្ធ​ផង ដើម្បី​ផ្ដល់​នូវទ្រព្យ ដល់​យើង​មួយដង​ ​មួយ​កាលបានផង។ គហបតី ឬ​គហបតីបុត្រ​ទាំង​នោះ អញ្ជើញអ្នក​ផ្សារនោះ​ ដោយ​ភោគៈ​ទាំងឡាយ​ថា ម្នាល​អ្នក​ផ្សារ​សម្លាញ់ ចូរអ្នក​យកភោគៈអំពីនេះ ទៅ​ចិញ្ចឹម​កូន​ប្រពន្ធ​ចុះ ចូរផ្ដល់​នូវ​ទ្រព្យ ​ដល់យើង ​មួយដង​មួយ​កាលផងចុះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា ​អ្នក​ផ្សារ​សម្បូណ៌​ដោយ​ទីពឹង។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារប្រកប​ដោយអង្គ​ ទាំង​៣ នេះឯង មិន​យូរ​ប៉ុន្មាន រមែង​ដល់​នូវ​ការចំរើន បរិបូណ៌​ក្នុងភោគៈ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌​៣ មិនយូរ​ប៉ុន្មាន គង់ដល់នូវ​ការចំរើន បរិបូណ៌ ​ក្នុងកុសលធម៌ ក៏យ៉ាងនោះដែរ។ ធម៌៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកមាន​បញ្ញាចក្ខុ ១ មាន​ព្យាយាម ​ដ៏ប្រសើរ​ ១ សម្បូណ៌​ដោយ​ទីពឹង ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកមានបញ្ញាចក្ខុ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ រមែង​ដឹង​ច្បាស់​ តាម​ពិត​ថា នេះ​ទុក្ខ…. ដឹង​ច្បាស់​តាមពិតថា នេះ​បដិបទា ជាដំណើរទៅកាន់ទីរំលត់​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាងនេះឯង ហៅថា​ភិក្ខុ​មានបញ្ញាចក្ខុ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ព្យាយាម ​ដ៏ប្រសើរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នកតាំង​ផ្ដើមសេចក្ដីព្យាយាម ដើម្បី​លះបង់អកុសលធម៌ ធ្វើ​កុសល​ធម៌ ​ឲ្យកើតឡើង ជាអ្នក​មាន​កម្លាំង មាន​សេចក្ដីប្រឹង​ប្រែង ​ដ៏មុតមាំ មិន​បោះ​បង់​ព្យាយាម ក្នុង​កុសល​ធម៌ទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា ​ភិក្ខុ​មាន​ព្យាយាមដ៏ប្រសើរ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកសម្បូណ៌ដោយទីពឹង តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែង​បានពួក​ភិក្ខុ ដែល​មាន​សេចក្ដី​ចេះដឹង​ច្រើន ចេះ​ចាំស្ទាត់ ក្នុង​និកាយ ជាអ្នក​ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ភិក្ខុ​នោះ​ក៏ចូល​ទៅ​ដណ្ដឹង សាក​សួរ​ពួកភិក្ខុទាំងនោះ មួយ​ដង​មួយ​កាល​ថា បពិត្រ​ព្រះ​ករុណា​ដ៏ចំរើន កិច្ច​នេះ​តើដូចម្ដេច ប្រយោជន៍​នៃ​កិច្ច​នេះ តើដូចម្ដេច។ ចំណែកលោក​ដ៏​មាន​អាយុ​ទាំងនោះ ក៏​បើក​នូវ​សេចក្ដី ដ៏កំបាំង​ផង ធ្វើ​ឲ្យ​រាក់​ នូវ​សេចក្ដី​ដែល​ជ្រៅ​ផង បន្ទោបង់ ​នូវ​សេចក្ដី​សង្ស័យ ក្នុង​ធម៌ ដែល​គួរ​សង្ស័យ ដ៏​ច្រើន​ប្រការ​ផង ដល់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា ភិក្ខុ​សម្បូណ៌ដោយទីពឹង។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ទាំង​៣​នេះឯង​ហើយ មិន​យូរប៉ុន្មាន គង់​ដល់​នូវ​សេចក្ដី​ចំរើន ​បរិបូណ៌ ក្នុង​កុសលធម៌ ទាំង​ឡាយ។

ចប់ រថ​ការវគ្គ ទី២។

ឧទ្ទាននៃរថ​ការវគ្គនោះគឺ

សំដែង​អំពី​ភិក្ខុ​មាន​កេរ្ដិ៍ឈ្មោះ​ ១ ហេតុ​ដែល​ស្ដេច​គប្បីរលឹក​ ១ ភិក្ខុ ១ ស្ដេច​ចក្រ​ពត្តិ​ ១ ព្រះបាទ​បចេតនៈ ១ ភិក្ខុប្រតិបត្តិ​អបណ្ណកប្បដិបទា ១ អន្យតិរិ្ថយ​ថា ​ព្រះ​សម្ពុទ្ធប្រព្រឹត្ត ដើម្បី​កើត​ក្នុង​ទេវលោក​ ១ អ្នក​ផ្សារ​ ប្រកប​ដោយ​ធម៌ ៣ មាន​២លើក។

 

លេខយោង

1)
សំដៅយកមនោកម្ម។ (អដ្ឋកថា)។
2)
ប្រកប​ដោយកុសលកម្មបថ ទាំង១០។
3)
ញុំាងមហាជន ឲ្យត្រេកអរ ដោយកុសលកម្មបថ ១០។
4)
សំដៅយកកុសលកម្មបថ។ អដ្ឋកថា។
5)
ប្រកបដោយនវលោកុត្តរធម៌។
6)
ព្រះអង្គញុំាងមហាជន ឲ្យរីករាយ ដោយនវលោកុត្តរធម៌។ អដ្ឋកថា។
km/tipitaka/sut/an/03/sut.an.03.v02.txt · ពេលកែចុងក្រោយ: 2024/01/21 01:00 និពន្ឋដោយ Johann