km:tipitaka:sut:an:03:sut.an.03.v03

បុគ្គលវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 03.v03 បាលី cs-km: sut.an.03.v03 អដ្ឋកថា: sut.an.03.v03_att PTS: ?

បុគ្គលវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. បុគ្គលវគ្គោ)

(សមិទ្ធសូត្រ ទី១)

(១. សមិទ្ធសុត្តំ)

[២១] សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​គង់នៅក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះ​ឯង ព្រះ​សវិដ្ឋៈដ៏​មានអាយុ និង​ព្រះមហាកោដិ្ឋតៈ ដ៏មានអាយុ ចូល​ទៅរកព្រះសារីបុត្ត​ដ៏មានអាយុ លុះចូល​ទៅ​ដល់ហើយ ក៏​ពោល​ពាក្យ​រាក់ទាក់​ ជាមួយ​នឹង​ព្រះសារីបុត្ត​ដ៏មានអាយុ លុះ​បញ្ចប់ពាក្យ​ ដែល​គួរ​រីករាយ និង​ពាក្យដែល​គួររលឹកហើយ ក៏អង្គុយ​ក្នុង​ទីដ៏សម​គួរ។ លុះ​ព្រះសេវិដ្ឋៈដ៏មាន​អាយុ អង្គុយ​ក្នុង​ទីដ៏សម​គួររួច​ហើយ ​ព្រះ​សារីបុត្ត​ដ៏មានអាយុ បាន​ពោលដូច្នេះថា ម្នាលអាវុសោ សវិដ្ឋៈ បុគ្គល ៣ ពួកនេះ រមែង​មាន​នៅក្នុងលោក។ បុគ្គល ៣ពួក តើដូចម្ដេច។ គឺកាយសក្ខិ (មានកាយ​ជា​បន្ទាល់)​ ១​ ទិដ្ឋិប្បត្ត (ដល់ដោយ​ទិដ្ឋិ គឺបញ្ញា)​ ១ ​សទ្ធាវិមុត្ត (រួច​ចាកកិលេសដោយ​សទ្ធា) ១។ ម្នាល​អាវុសោ បុគ្គល​៣ ពួកនេះឯង រមែង​មាននៅ​ក្នុង​លោក។ ​ ម្នាលអាវុសោ បណ្ដា​បុគ្គល ​ទាំង​៣ ពួក​នេះ បុគ្គល​ដូចម្ដេច ដែល​ល្អជាង​និងឧត្ដមជាង ដែល​គាប់ចិត្តលោក។ ម្នាលអាវុសោសារីបុត្ត បុគ្គល​៣ពួក​នេះ រមែង​មាន​នៅក្នុង​លោក។ បុគ្គល៣ពួក​ តើដូចម្ដេច។ គឺកាយ​សក្ខិ ១​ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាល​អាវុសោ បុគ្គល​៣ពួក​នេះ រមែង​មាន​នៅក្នុង​លោក។ ម្នាល​អាវុសោ បណ្ដាបុគ្គល​៣ពួកនេះ បុគ្គល​ណា ជាសទ្ធា​វិមុត្ត​ បុគ្គល​ទាំង​៣​ពួកនេះ បុគ្គល​នេះ​ ល្អជាង និង​ឧត្ដម​ជាង រមែង​គាប់​ចិត្តខ្ញុំ។ ដំណើរនោះ ព្រោះហេតុ​អ្វី។ ម្នាលអាវុសោ ដ្បិតថា សទ្ធិន្រ្ទិយរបស់បុគ្គល​នេះ មាន​ប្រមាណ​ច្រើន​ក្រៃពេក។ លំដាប់នោះឯង ព្រះ​សារីបុត្ត​ដ៏មានអាយុ បាន​ពោល​នឹង​ព្រះ​មហាកោដ្ឋិតៈដ៏មាន​អាយុ ​ដូច្នេះ​ថា ម្នាល​អាវុសោ កោដ្ឋិតៈ បុគ្គល​៣​ពួក​នេះ រមែង​មាននៅក្នុង​លោក។ បុគ្គល​៣​ពួក​ តើដូចម្ដេច។ គឺកាយ​សក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត​ ១។ ម្នាល​អាវុសោ បុគ្គល​៣ ពួកនេះឯង រមែង​មាន​នៅក្នុង​លោក​។ ម្នាល​អាវុសោ បណ្ដាបុគ្គល​៣ពួក​នេះ បុគ្គល​ដូចម្ដេច ដែល​ល្អ​ជាង​គេ និង​ឧត្ដម​ជាង​គេ ដែល​គាប់​ចិត្ត​លោក។ ម្នាលអាវុសោ សារីបុត្ត បុគ្គល​៣ ពួក​នេះ រមែង​មាន​នៅ​ក្នុង​លោក។ បុគ្គល​៣ពួក តើដូចម្ដេច។ គឺ​កាយ​សក្ខិ ១ ទដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាល​អាវុសោ បុគ្គល ៣​ពួកនេះ រមែង​មាន​នៅ​ក្នុងលោក។ ​ ម្នាលអាវុសោ បណ្ដា​បុគ្គល​៣ ពួកនេះ បុគ្គល​ណា ជាកាយសក្ខិ បុគ្គលទាំង​៣ពួកនេះ បុគ្គល​នេះ ​ល្អ​ជាង និង​ឧត្ដម​ជាង រមែង​គាប់​ចិត្ត​ខ្ញុំ។ ដំ​ណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​អាវុសោ ដ្បិត​ថា សមាធិន្រ្ទិយ​របស់បុគ្គល​នេះ មានប្រមាណ​ច្រើនក្រៃពេក​។ លំដាប់នោះ ព្រះ​មហា​កោដ្ឋិតៈដ៏មាន​អាយុ បាន​ពោល​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ ​ដូច្នេះ​ថា ម្នាល​អាវុសោ សារីបុត្ត បុគ្គល​៣ពួក​នេះ រមែង​មាន​នៅក្នុង​លោក។ បុគ្គល ៣ពួក តើ​ដូចម្ដេច។ គឺ​កាយ​សក្ខិ ១ ទិដ្ឋិប្បត្ត​ ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល​៣ពួក​នេះ រមែងង​មាន​នៅក្នុង​លោក។ ម្នាលអាវុសោ បណ្ដាបុគ្គលទាំង​ ៣ ពួកនេះ បុគ្គល​ដូចម្ដេច ដែល​ល្អ​ជាង​គេ និង​ឧត្ដមជាងគេ ដែល​គាប់​ចិត្ត​លោក។ ម្នាល​អាវុសោ កោដ្ឋិតៈ បុគ្គល​៣ពួកនេះ រមែង​មាន​នៅក្នុងលោក។ បុគ្គល​៣​ពួក តើដូចម្ដេច។ គឺ​កាយ​សក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត​ ១។ ម្នាលអាវុសោ បុគ្គល​៣ ពួកនេះ ​រមែងមាន​នៅក្នុង​លោក។ ម្នាលអាវុសោ បណ្ដាល​បុគ្គល​៣​ពួក​នេះ​ បុគ្គល​ណា ​ជាទិដ្ឋិប្បត្ត បុគ្គល​ទាំង​៣ ពួក​នេះ បុគ្គល​នេះ​ ល្អ​ជាង និង​ឧត្ដម​ជាង រមែងគាប់​ចិត្ត​ខ្ញុំ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​អាវុសា ដ្បិត​ថា បញ្ញិន្រ្ទិយ​របស់បុគ្គល​នេះ មាន​ប្រមាណ​ច្រើន​ក្រៃ​ពេក។ លំដាប់នោះ ព្រះ​សារីបុត្ត​ដ៏មាន​អាយុ បាន​ពោល​នឹង​ព្រះ​សវិដ្ឋៈដ៏មាន​អាយុផង និង​ព្រះ​មហា​កោដ្ឋិតៈដ៏​មាន​អាយុ​ផង ដូច្នេះថា ម្នាលអាវុសោ បដិភាណ (ប្រាជ្ញា​វាង​វៃ) ដែល​យើង​ទាំង​អស់​គ្នា ​ព្យាករ​ទៅ​តាម​អធ្យាស្រ័យ​របស់​ខ្លួន​ ម្នាលអាវុសោ មក ពួកយើង​នឹង​ចូល​ទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ហើយ នឹង​ក្រាប​បង្គំ​ទូល​សួរ​សេចក្ដី​នុ៎ះ ចំពោះ​ព្រះ​មាន​ព្រះភាគ ព្រះមាន​ព្រះ​ភាគ​ នឹងទ្រង់​ព្យាករ ​ដល់យើង​យ៉ាង​ណា យើង​នឹង​ចាំ​សេចក្ដី​នោះ ទុក​យ៉ាង​នោះ។ ព្រះ​សវិដ្ឋៈដ៏មាន​អាយុ និង​ព្រះមហា​កោដ្ឋិតៈ​ដ៏មានអាយុ ទទួល​ស្ដាប់​ពាក្យ​ព្រះ​សារីបុត្ត​ដ៏មាន​អាយុ​ថា ករុណា ​អាវុសោ។ លំដាប់នោះ ព្រះ​សារីបុត្ត​ដ៏មាន​អាយុ ព្រះ​សវិដ្ឋៈដ៏មាន​អាយុ និងព្រះ​មហាកោដ្ឋិតៈ​ដ៏មាន​អាយុ ចូល​ទៅគាល់​ព្រះ​មាន​ព្រះភាគ លុះចូលទៅ​ដល់​ហើយ បាន​ក្រាប​ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយ​អង្គុយក្នុង​ទីដ៏សម​គួរ។ លុះ​ព្រះ​សារីបុត្ត​ដ៏មាន​អាយុ អង្គុយ​ក្នុង​ទីដ៏​សមគួរហើយ បាន​ក្រាប​បង្គំ​ទូល​ពាក្យ​ ដែល​ចរចា ជាមួយ​នឹង​ព្រះ​សវិដ្ឋៈដ៏​មាន​អាយុ និង​ព្រះមហាកោដ្ឋិតៈដ៏មានអាយុ តាំង​ពី​ដើម​ទាំង​អស់នោះ ចំពោះព្រះ​មាន​ព្រះ​ភាគ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ក្នុង​ដំណើរនុ៎ះ បុគ្គលមិនងាយ​នឹងព្យាករ ដោយ​ដាច់​ខាតថា បណ្ដាបុគ្គល​ ទាំង​៣ពួក​នេះ បុគ្គល​នេះ ​ល្អជាង និង​ឧត្ដម​ជាង ដូច្នេះ​ទេ។ ម្នាល​សារីបុត្ត ហេតុ​នុ៎ះ រមែង​មាន​ដោយ​ពិត​ថា បុគ្គល​ណា ជាសទ្ធាវិមុត្ត បុគ្គល​នោះ ​ប្រតិបត្តិ ដើម្បី​អរហត្តមគ្គ បុគ្គល​ណា ជាកាយ​សក្ខិ បុគ្គលនោះ​ ជាសក​ទាគាមី ឬ​ជា អនាគាមី មួយទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គល​នោះ ជាសកទា​គាមី ឬជាអនាគាមី ក៏មាន។ ម្នាលសារីបុត្ត ក្នុង​ដំណើរនុ៎ះ បុគ្គល​មិន​ងាយ​ព្យាករ ដោយ​ដាច់​ខាតថា បណ្ដាបុគ្គល ​ទាំង​៣​ពួកនេះ បុគ្គល​នេះ ល្អ​ជាង​ និង​ឧត្តមជាង ដូច្នេះទេ។ ម្នាល​សារីបុត្ត ហេតុនុ៎ះ រមែង​មាន​ដោយ​ពិត​ថា បុគ្គល​ណា ជា​កាយ​សក្ខិ បុគ្គល​នោះ ប្រតិបត្តិ​ដើម្បី​អរហត្ត​មគ្គ បុគ្គល​ណា ជាសទ្ធាវិមុត្ត បុគ្គល​នោះ ជាសកទា​គាមី ឬជា​អនាគាមី មួយ​ទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គល​នោះ ជាសកទាគាមី ឬជា​អនាគាមី​ ក៏​មាន។ ម្នាលសារីបុត្ត ក្នុង​ដំណើរ​នុ៎ះ បុគ្គល​មិន​ងាយនឹង​ព្យាករ ដោយ​ដាច់ខាតថា បណ្ដា​បុគ្គល​ ទាំង​៣​ពួក​នេះ​ បុគ្គលនេះ ល្អ​ជាង និង​ឧត្ដម​ជាង ដូច្នេះ​ទេ។ ម្នាល​សារីបុត្ត ហេតុនុ៎ះ រមែង​មាន​ដោយ​ពិត​ថា បុគ្គល​ណា ជា​ទិដ្ឋិប្បត្ត បុគ្គល​នោះ ប្រតិបត្តិ​ ដើម្បី​អរហត្ត​មគ្គ បុគ្គល​ណា ជា​សទ្ធា​វិមុត្ត បុគ្គលនោះ ​ជាសកទាគាមី ឬ​អនាគាមី មួយវិញទៀត បុគ្គលណា ជាកាយសក្ខិ បុគ្គល​នោះ ជា​សកទាគាមី ឬអនាគាមី​ ក៏មាន។ ម្នាល​សារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គល​មិន​ងាយ​នឹង​ព្យាករ ដោយ​ដាច់​ខាត​ថា បណ្ដា​បុគ្គល​ ទាំង​៣​ពួកនេះ បុគ្គលនេះ​ ល្អជាង និង​ឧត្ដម​ឯង ដូច្នេះ​ទេ។

(គិលានសូត្រ ទី២)

(២. គិលានសុត្តំ)

[២២] ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ជម្ងឺ​ ៣ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក​។ ​អ្នក​ជម្ងឺ​ ៣​ពួក ​ដូចម្ដេច​។ ​ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ជម្ងឺ​ពួក​ខ្លះ ​ក្នុងលោក​នេះ បានភោជនជាទីសប្បាយក្ដី មិន​បាន​ភោជន​ជាទី​សប្បាយ​ក្ដី បាន​ភេសជ្ជៈ​ជាទី​សប្បាយ​ក្ដី មិន​បាន​ភេស​ជ្ជៈ​ជាទី​សប្បាយ​ក្ដី បាន​ឧបដ្ឋាក ដ៏​សម​គួរក្ដី មិន​បាន​ឧបដ្ឋាក ​ដ៏​សម​គួរ​ក្ដី ក៏នៅ​តែមិន​សះ​ស្បើយ ​ចាក​ជម្ងឺនោះឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ម្យ៉ា់ង​ទៀត អ្នក​ជម្ងឺពួក​ខ្លះ ​ក្នុង​លោកនេះ បាន​ភោជន​ជាទី​សប្បាយ​ក្ដី មិន​បាន​ភោជន​ជាទី​សប្បាយ​ក្ដី បានភេសជ្ជៈជា​ទី​សប្បាយ​ក្ដី មិន​បាន​ភេសជ្ជៈ​ជាទី​សប្បាយ​ក្ដី បាន​ឧបដ្ឋាកដ៏សម​គួរ​ក្ដី មិន​បាន​ឧបដ្ឋាក​ដ៏សម​គួរក្តី ក៏​រមែង​សះស្បើយ​ ចាកជម្ងឺ​នោះបាន។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត អ្នក​ជម្ងឺ​ពួក​ខ្លះ​ក្នុង​លោកនេះ បាន​ភោជន​ជាទីសប្បាយ មិន​មែន​ជាមិន​បាន​ភោជន​ជាទី​សប្បាយ​ទេ បាន​ភេសជ្ជៈ​ជាទី​សប្បាយ មិន​មែន​ជាមិនបាន​ភេសជ្ជៈ​ជាទី​សប្បាយ​ទេ បាន​ឧបដ្ឋាកដ៏​សម​គួរ មិន​មែន​ជាមិន​បាន​ឧបដ្ឋាក​ដ៏​សម​គួរ​ទេ ទើបសះ​ស្បើយ ​ចាក​ជម្ងឺ​នោះបាន។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដា​អ្នក​ជម្ងឺ ទាំង ៣ ពួក​នោះ អ្នក​ជម្ងឺ​ណា បាន​ភោជន​ជាទី​សប្បាយ មិនមែន​ជាមិន​បាន​ភោជន​ជាទីសប្បាយ​ទេ បាន​ភេសជ្ជៈ​ជាទី​សប្បាយ មិនមែន​ជាមិន​បានភេសជ្ជៈ​ជាទី​សប្បាយ​ទេ បានឧបដ្ឋាក ដ៏សមគួរ មិនមែន​ជា​មិន​បាន​ឧបដ្ឋាក​ ដ៏សម​គួរ​ទេ ទើប​សះ​ស្បើយ​ ចាក​ជម្ងឺ​នោះ​បាន ម្នាល​ភិក្ខុ​ទាំងឡាយ តថា​គត​ អនុញ្ញាត​គិលាន​ភត្ត (អាហារ​សម្រាប់​អ្នកជម្ងឺ) អនុញ្ញាត​គិលាន​ភេសជ្ជៈ (ថ្នាំរក្សាជម្ងឺ) អនុញ្ញាតគិលានុបដ្ឋាក (អ្នក​ថែ​ជម្ងឺ) ព្រោះ​អាស្រ័យ​អ្នក​ជម្ងឺ​នេះ​ឯង ម្នាល​ភិក្ខុ​ទាំងឡាយ មួយវិញ​ទៀត ព្រោះ​អាស្រ័យ​អ្នក​ជម្ងឺ​នេះ សូម្បី​អ្នក​ជម្ងឺ​ទាំង​ឡាយ​ឯទៀត​ៗ ភិក្ខុ​គួរ​ថែ​រក្សា​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ជម្ងឺ​៣ ពួក​នេះ រមែង​មាននៅ​ក្នុង​លោក។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​ហ្នឹង​ដែរ បុគ្គល​៣​ពួក​នេះ ប្រៀប​ដូច​អ្នក​ជម្ងឺ រមែង​មាន​នៅក្នុង​លោក។ ​បុគ្គល ៣ពួក តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ បាន​ឃើញ​ព្រះ​តថា​គតក្ដី មិន​បាន​ឃើញ​ព្រះ​តថាគត​ក្ដី បាន​ស្ដាប់​ធម៌​វិន័យ ​ដែល​ព្រះ​តថាគត ​សំដែងហើយ​ក្ដី មិន​បាន​ស្ដាប់​ធម៌​វិន័យ ​ដែល​ព្រះ​តថាគត​ សំដែង​ហើយ​ក្ដី រមែងចុះ​ស៊ប់ ​កាន់​សេចក្ដី​និយម​ ដ៏​គាប់​ប្រសើរ ក្នុង​កុសល​ធម៌​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ បានឃើញ​ព្រះ​តថាគត​​ក្ដី មិន​បាន​ឃើញ​ព្រះ​តថាគត​ក្ដី បាន​ស្ដាប់​ធម៌​វិន័យ ដែល​ព្រះ​តថាគត​សំដែង​ហើយ​ក្ដី មិន​បាន​ស្ដាប់​ធម៌វិន័យ​ ដែល​ព្រះ​តថាគត សំដែង​ហើយ​ក្ដី រមែង​ចុះ​ស៊ប់​ កាន់​សេចក្ដី​និយម ដ៏​គាប់​ប្រសើរ ក្នុងកុសល​ធម៌​ទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ បាន​ឃើញ​ព្រះ​តថាគត មិន​មែន​ជាមិន​បានឃើញ​ទេ បាន​ស្ដាប់​ធម៌​វិន័យ ​ដែល​ព្រះ​តថាគត​ សំដែង​ហើយ មិនមែន​ជា​មិន​បាន​ស្ដាប់​ទេ រមែង​ចុះ​ស៊ប់​ កាន់​សេចក្ដី​និយម​ ដ៏​គាប់​ប្រសើរ ក្នុង​កុសល​ធម៌​ទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដាបុគ្គល ទាំង​៣ពួក​នោះ បុគ្គល​ណា​ បាន​ឃើញ​ព្រះ​តថាគត មិន​មែន​ជាមិន​បាន​​ឃើញទេ បាន​ស្ដាប់​ធម៌​វិន័យ​ ដែល​ព្រះ​តថាគត​ សំដែង​ហើយ មិនមែន​ជាមិន​បាន​ស្ដាប់​ទេ រមែង​ចុះ​ស៊ប់​ កាន់​សេចក្ដី​និយម ដ៏គាប់​ប្រសើរ ក្នុង​កុសល​ធម៌​ទាំងឡាយ ម្នាល​ភិក្ខុ​ទាំងឡាយ ធម្មទេសនា ​ដែល​ព្រះតថាគត​ អនុញ្ញាត​ហើយ ព្រោះ​អាស្រ័យ​បុគ្គល​នេះ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញទៀត ​ធម៌​ដែល​ព្រះ​តថាគត​ គប្បី​សំដែង​ ដល់​ភិក្ខុ​ទាំង​ឡាយ ឯទៀតសោត​ ក៏​ព្រោះ​អាស្រ័យ​បុគ្គល​នេះដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលទាំង​៣ ពួក​នេះ មាន​សេចក្ដី​ប្រៀប​ដូច​អ្នក​ជម្ងឺ រមែង​មាន​នៅក្នុង​លោក។

(សង្ខារសូត្រ ទី៣)

(៣. សង្ខារសុត្តំ)

[២៣] ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​៣ ពួក​នេះ រមែង​មាន​នៅក្នុងលោក។ បុគ្គល​៣ពួក តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ ប្រមូល​មក នូវ​កាយ​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូលមក ​នូវ​វចី​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូល​មក​ នូវ​មនោសង្ខារ ប្រកបដោយ​ទុក្ខ។ បុគ្គល​នោះ លុះ​ប្រមូល​មក​ នូវ​កាយ​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូលមក​ នូវ​វចី​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូល​មក ​នូវ​មនោសង្ខារ ប្រកបដោយ​ទុក្ខ​ហើយ រមែង​ចូល​ទៅកាន់លោក​ ប្រកប​ដោយ​ទុក្ខ ផស្សៈ ​ដែលប្រកប​ដោយ​ទុក្ខ​ទាំង​ឡាយ រមែង​ពាល់​ត្រូវនូវ​បុគ្គល ​ដែល​ចូល​ទៅ​កាន់លោក ​ប្រកប​ដោយ​ទុក្ខ​នោះ។ បុគ្គល​នោះ កាល​ដែល​ផស្សៈ​ ប្រកប​ដោយទុក្ខ​ ពាល់​ត្រូវ​ហើយ រមែង​ទទួល​វេទនា ​ប្រកប​ដោយ​ទុក្ខ​ មាន​ទុក្ខ​តែម្យ៉ាង ដូចពួក​សត្វ​ ដែល​កើត​ក្នុង​នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ ប្រមូល​មក​ នូវ​កាយ​សង្ខារ មិន​ប្រកប​ដោយ​ទុក្ខ ប្រមូល​មក ​នូវ​វចី​សង្ខារ មិន​ប្រកប​ដោយ​ទុក្ខ ប្រ​មូល​មក​ នូវ​មនោសង្ខារ មិន​ប្រកប​ដោយ​ទុក្ខ។ បុគ្គល​នោះ លុះ​ប្រមូល​មក​ នូវ​កាយ​សង្ខារ មិនប្រកប​ដោយ​ទុក្ខ ប្រមូល​មក​ នូវ​វចី​សង្ខារ មិន​ប្រកប​ដោយ​ទុក្ខ ប្រមូល​មក នូវមនោសង្ខារ មិន​ប្រកប​ដោយ​ទុក្ខ​ហើយ រមែង​ចូល​ទៅ​កាន់​លោក​ ដែលមិន​ប្រកប​ដោយ​ទុក្ខ។ ផស្សៈ​ទាំងឡាយ ដែល​មិន​ប្រកប​ដោយ​ទុក្ខ ពាល់​ត្រូវ​នូវ​បុគ្គល​ ដែល​ចូល​ទៅ​កាន់​លោក មិន​ប្រកប​ដោយ​ទុក្ខ​នោះ​។ បុគ្គល​នោះ កាល​ដែល​ផស្សៈ មិន​ប្រកប​ដោយទុក្ខ ពាល់​ត្រូវ​ហើយ រមែង​ទទួល​វេទនា មិន​ប្រកប​ដោយ​ទុក្ខ មាន​សុខ​តែ​ម្យ៉ាង ដូចទេវតា​ជាន់​សុភកិណ្ហៈ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយវិញ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ប្រមូល​មក​ នូវ​កាយ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មានទុក្ខ​ខ្លះ ប្រមូល​មក​ នូវ​វចី​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ ប្រមូល​មក ​នូវ​មនោ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ។ បុគ្គល​នោះ លុះ​ប្រមូល​មក ​នូវ​កាយ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥតមាន​ទុក្ខ​ខ្លះ ប្រមូល​មក​ នូវ​វចី​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ ប្រមូល​មក​ នូវ​មនោ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ​ ឥត​មាន​ទុក្ខ​ខ្លះ​ហើយ រមែងចូល​ទៅ​កាន់​លោក​ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ។ ​ផស្សៈទាំង​ឡាយ ដែល​ប្រកប​ដោយទុក្ខ​ខ្លះ ​ឥតមាន​ទុក្ខ​ខ្លះ​ រមែង​ពាល់​ត្រូវ​នូវ​បុគ្គល ​ដែល​ចូលទៅ​កាន់​លោក ប្រ​កប​ដោយទុក្ខ​ខ្លះ ឥតមាន​ទុក្ខ​ខ្លះ​នោះ។ បុគ្គលនោះ កាល​ដែល​ផស្សៈ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ ពាល់ត្រូវ​ហើយ រមែង​ទទួល​វេទនា ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥមាន​ទុក្ខ​ខ្លះ មាន​សុខ ​និងទុក្ខ ​ច្រឡូក​ច្រឡំ​គ្នា ដូច​មនុស្ស​និង​ទេវតា​ពួក​ខ្លះ វិនិបាតពួក​ខ្លះ។1) ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​៣​ពួកនេះ រមែង​មាន​នៅ​ក្នុង​លោក។

(ពហុការសូត្រ ទី៤)

(៤. ពហុការសុត្តំ)

[២៤] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) មាន​៣​ពួក​នេះ មាន​ឧបការៈ​ច្រើន ​ដល់​បុគ្គល (ជាសិស្ស)។ បុគ្គល​៣ ពួក​ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដល់​នូវ​ព្រះ​ពុទ្ធ ជា​ទីពឹង​ ដល់នូវ​ព្រះ​ធម៌​ ជា​ទីពឹង ដល់​​នូវ​ព្រះ​សង្ឃ ​ជា​ទី​ពឹង ព្រោះ​អាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គល​នេះ​ឈ្មោះ​ថា មាន​ឧបការៈច្រើន ​ដល់បុគ្គលនេះ។ ម្នាល​ភិក្ខុទាំងឡាយ មួយ​ទៀត បុគ្គល​ដឹង​ច្បាស់​ តាម​ពិត​ថា នេះជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជាទី​កើត​ឡើង​នៃ​ទុក្ខ ដឹង​ច្បាស់​តាម​ពិតថា នេះជាសេចក្ដី​រលត់​ទៅ​នៃទុក្ខ ដឹង​ច្បាស់តាម​ពិត​ថា នេះបដិបទា ជាដំណើរទៅកាន់ទី​រំលត់ទុក្ខ ព្រោះ​អាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​នេះ​ហៅថា​ មានឧបការៈច្រើន ​ដល់​បុគ្គលនេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គល​បាន​ធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​ នៃ​អាសវៈទាំង​ឡាយ​ដោយប្រាជ្ញា​ ដ៏ឧត្ដម​ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន​នេះ សម្រេច​សម្រាន្តនៅ ព្រោះអាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​នេះ ​ឈ្មោះ​ថា មានឧបការៈច្រើន ​ដល់បុគ្គលនេះ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣​ពួក​នេះ ឈ្មោះ​ថា​ មាន​ឧបការៈ​ច្រើន​ ដល់​បុគ្គល។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត តថា​គត​​ពោលថា បុគ្គល​ឯ​ទៀត មាន​ឧបការៈ​ច្រើន ​ដល់បុគ្គលនេះ លើស​ជាង​បុគ្គល​ទាំង​៣ ពួក​នេះ​ទៅទៀត មិនមាន​ឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយ​វិញ​ទៀត តថាគត​ពោលថា បុគ្គល​នេះ មិន​ងាយ​នឹងតប​គុណ​ ដល់​បុគ្គល​ ទាំង​៣ ពួក​នេះ ដោយ​ការ​ថ្វាយ​បង្គំ ការ​ក្រោក​ទទួល ការធ្វើ​អញ្ជលិកម្ម សមីចិកម្ម និង​ការ​ប្រគេន​ចីវរ បិណ្ឌបាត សេនាសនៈ និង​គ្រឿង​បរិក្ខារ​ ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​បាន​ទេ។

(វជិរូបមសូត្រ ទី៥)

(៥. វជិរូបមសុត្តំ)

[២៥] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែង​មាន​នៅក្នុង​លោក។ បុគ្គល ៣ ពួក តើដូចម្ដេច។ គឺ​បុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ដំបៅចាស់ ១​ បុគ្គល​មាន​ចិត្តប្រៀប​ដូច​ផ្លេក​បន្ទោរ​ ១ បុគ្គល​មានចិត្ត​ប្រៀប​ដូច​ពេជ្រ​ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះបុគ្គល ​មាន​ចិត្ត​ប្រៀប​ដូច​ដំ​បៅ​ចាស់ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោកនេះ​ ជាអ្នក​ក្រោធច្រើន​ ដោយ​សេចក្ដី​តាន​តឹង សូម្បី​​គេពោល​តែ​បន្តិច​បន្ដួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ​ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ​ និង​សេចក្ដី​មិន​សប្បាយចិត្ត ​ឲ្យកើត​ប្រាកដ​ឡើង​។ ម្នាល​ភិក្ខុ​ទាំងឡាយ ដូច​ជា​ដំបៅ​ចាស់ ដែលត្រូវ​ប៉ះ​ទង្គិច​ ដោយ​កំណាត់​ឈើ ​ឬ​អំបែង រមែង​ក្លាយ​ឡើង​ លើស​ប្រមាណ មាន​ឧបមា​យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដី​តានតឹង សូម្បី​គេ​ពោល​តែ​បន្ដិច​បន្តួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ និងសេចក្ដី​មិន​សប្បាយ​ចិត្ត ​ឲ្យ​កើត​ប្រាកដ​ឡើង ក៏​មាន​ឧបមេយ្យ​ដូច្នោះដែរ។ ម្នាល​ភិក្ខុទាំងឡាយ នេះ​ហៅ​ថា បុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ដំ​បៅ​ចាស់។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ផ្លេក​បន្ទោរ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុ​ ជា​ទី​កើត​ឡើង​ នៃ​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​សេចក្ដី​រលត់​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះបដិបទា ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។ ម្នាល​ភិក្ខុទាំងឡាយ ដូច​ជា​បុរស​មាន​ចក្ខុ គប្បីឃើញ​នូវ​រូប​ទាំង​ឡាយ ​ក្នុង​ខណៈដែល​មានផ្លេកបន្ទោរ​ភ្លែត​ៗ ក្នុង​វេលា​យប់​ងងឹត​សូន្យ​ឈឹង​ យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ… ដឹង​ច្បាស់​តាម​ពិត​ថា នេះ​បដិបទា ជា​ដំណើរទៅ​កាន់​ទី​រំលត់​ទុក្ខ ក៏យ៉ាងនោះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ នេះ​ហៅថា បុគ្គល​មាន​ចិត្ត​ប្រៀបដូច​ផ្លេកបន្ទោរ។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ពេជ្រ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​ សម្រេច​នូវ​ចេ​តោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះអស់​ទៅ​ នៃ​អាសវៈ​ទាំង​ឡាយ ដោយ​បញ្ញា​ដ៏ឧត្ដម ដោយ​ខ្លួន​ឯង ក្នុងបច្ចុ​ប្បន្ន​ សម្រេច​សម្រាន្ត​នៅ។ ម្នាលភិក្ខុ​ទាំងឡាយ ដូច​ជា​វត្ថុ​អ្វី​មួយ ​គឺកែវមណី ឬថ្ម ជា​វត្ថុ​ដែល​ពេជ្រ​បំ​បែក​ចេញ​មិន​បាន​នោះ មិន​មានឡើយ យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ព្រោះអស់អាសវៈ​ទាំង​ឡាយ​ សម្រេច​សម្រាន្ត​នៅ ​ក៏​យ៉ាង​នោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅ​ថា បុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ពេជ្រ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣​ពួកនេះ រមែង​មាន​នៅ​ក្នុង​លោក។

(សេវិតព្វសូត្រ ទី៦)

(៦. សេវិតព្វសុត្តំ)

[២៦] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក។ បុគ្គល​៣​ពួក តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែលគេ​មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេគួរ​សេព គួរ​គប់រក គួរ​ចូល​ទៅ​អង្គុយ​ជិត ​១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេ​គួរ​ធ្វើ​សក្ការៈ ធ្វើ​សេចក្ដី​គោរព ហើយ​ទើបសេព​គប់ ចូល​ទៅ​អង្គុយ​ជិត​ ១។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​បុគ្គល ដែល​គេមិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​សាប​សូន្យ ចាកសីល សមាធិ បញ្ញា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ មាន​សភាព​យ៉ាងនេះ គេ​មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត លើក​លែង​តែមាន​សេចក្ដី​អាណិត ឬ​លើក​លែង​តែ​មាន​សេចក្ដី​អនុ​គ្រោះ​ចេញ។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​បុគ្គល​ ដែល​គេ​គួរ​សេព​ គួរ​គប់រក គួរ​ចូល​ទៅអង្គុយ​ជិត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ​ ជា​អ្នក​ស្មើគ្នា ដោយ​សីល សមាធិ បញ្ញា ម្នាល​ភិក្ខុទាំងឡាយ បុគ្គលមាន​សភាព​យ៉ាង​នេះ ដែល​គេ​គួរ​សេព គួរ​គប់រក គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ​ព្រោះ​ហេតុ​អ្វី។ ព្រោះ​គេ​គិត​ថា សីល​កថា របស់​ពួក​សប្បុរសអ្នក​មាន​សីល​ស្មើគ្នា នឹង​មាន​ដល់​ពួក​យើង​ផង សីល​កថា​នោះ នឹង​មានសេចក្ដី​ចំរើន​ ដល់​ពួក​យើង​ផង សីល​កថា​នោះ នឹង​នាំ​ឲ្យ​បាន​សុខ​ដល់​ពួកយើង​ផង សមា​ធិកថា របស់​ពួក​សប្បុរស អ្នក​មាន​សមាធិ​ស្មើ​គ្នា នឹង​មានដល់​ពួក​យើង​ផង សមាធិកថា​នោះ នឹង​មាន​សេចក្ដី​ចំរើន​ ដល់​ពួក​យើងផង សមាធិកថា​នោះ ​នឹង​នាំ​ឲ្យ​បាន​សេចក្ដី​សុខ​ ដល់ពួក​យើងផង បញ្ញាកថា របស់​ពួក​សប្បុរស អ្នក​មាន​បញ្ញា​ស្មើគ្នា នឹង​មានដល់​ពួក​យើង​ផង បញ្ញាកថា​នោះ នឹង​មាន​សេចក្ដី​ចំរើន ដល់​ពួក​យើង​ផង បញ្ញាកថា​នោះ នឹង​នាំ​ឲ្យបាន​សេចក្ដី​សុខ​ដល់​ពួក​យើង​ផង។ ហេតុ​នោះ បុគ្គលមានសភាព​យ៉ាង​នេះ ដែល​គេគួរ​សេព គួរ​គប់រក គួរ​ចូល​ទៅអង្គុយ​ជិត។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​ដែល​គេ​គួរ​ធ្វើ​សក្ការៈ ធ្វើ​សេចក្ដីគោរព ហើយ​ទើប​សេពគប់ ចូល​ទៅ​អង្គុយ​ជិត តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ជា​អ្នក​លើស​ដោយ​សីល សមាធិ បញ្ញា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មាន​សភាព​យ៉ាង​នេះ ដែល​គួរធ្វើ​សក្ការៈ ធ្វើ​សេចក្ដី​គោរព ហើយ​ទើប​សេព​គប់ ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ព្រោះ​គេ​គិត​ថា អាត្មា​អញ ​នឹង​បំពេញសីល​ក្ខន្ធ ដែលមិនទាន់​បរិបូណ៌ ឲ្យបរិបូណ៌ឡើងផង នឹងអនុគ្រោះសីលក្ខន្ធ ដែលបរិបូណ៌ហើយ ​ក្នុង​ទីនោះៗ ដោយ​បញ្ញាផង នឹង​បំពេញសមាធិក្ខន្ធ ដែល​មិន​ទាន់​បរិបូណ៌ ឲ្យ​បរិបូណ៌ឡើង​ផង នឹង​អនុគ្រោះសមាធិ​ក្ខន្ធ ដែល​​បរិបូណ៌​ហើយ ក្នុង​ទី​នោះៗ ដោយ​បញ្ញា​ផង នឹង​បំពេញ​បញ្ញាខន្ធ ​ដែល​មិន​ទាន់​បរិបូណ៌​ ឲ្យបរិបូណ៌ឡើង​ផង​នឹង​អនុ​គ្រោះ​បញ្ញា​ខន្ធ​ ដែលបរិបូណ៌​ហើយ​ ក្នុង​ទី​នោះ​ៗ ដោយ​បញ្ញាផង។ ហេតុនោះ បុគ្គល​មានសភាព​យ៉ាង​នេះ ​ដែល​គេគួរ​ធ្វើ​សក្ការៈ ធ្វើ​សេចក្ដី​គោរព ហើយ​ទើបសេពគប់ ចូលទៅ​អង្គុយ​ជិត។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣ ពួក​នេះ រមែង​មាន​នៅ​ក្នុង​លោក។ បុរសអ្នក​សេពគប់បុគ្គល​ថោក​ទាប រមែង​សាប​សូន្យ បើសេព​គប់​បុគ្គល​ស្មើ​គ្នា មិន​គប្បី​សាប​សូន្យ ក្នុង​កាល​ណាឡើយ បើបុរស​ចូល​ទៅ​គប់​រក​បុគ្គល ​ដែល​ប្រសើរ (ជាង​ខ្លួន) រមែង​ចំរើន​ឆាប់ ព្រោះ​ហេតុ​នោះ បុរស ​គួរ​គប់​នឹង​បុគ្គល ដែល​ប្រសើរ​លើស​ខ្លួន (ទើប​ប្រសើរ)។

(ជិគុច្ឆិតព្វសូត្រ ទី៧)

(៧. ជិគុច្ឆិតព្វសុត្តំ)

[២៧] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក។ បុគ្គល​៣​ពួក ​តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែលគេ​គួរ​ខ្ពើម មិន​គួរ​សេព​ មិនគួរ​គប់​រក មិន​គួរ​ចូលទៅ​អង្គុយ​ជិត ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេ​គួរ​ព្រងើយ​កន្តើយ មិន​គួរ​សេព មិន​គួរគប់រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេ​គួរ​សេព គួរគប់​រក គួរ​ចូល​ទៅ​អង្គុយ​ជិត​ ១​។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​បុគ្គល​ដែល​គួរ​ខ្ពើម មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុងលោកនេះ ជា​អ្នក​ទ្រុស្ត​សីល មាន​ធម៌​ដ៏លាមក មិន​ស្អាត មាន​កិរិ​យា​មារយាទ​ ប្រកប​ដោយ​សេចក្ដី​រង្កៀស មានការងារ​លាក់​លៀម​ទុក មិន​មែន​ជា​សម​ណៈ ប្ដេជ្ញា​ថា​ជា​សមណៈ មិនមែន​ជា​ព្រហ្ម​ចារី ប្ដេជ្ញា​ថា​ជា​ព្រហ្ម​ចារី ស្អុយ​ខាង​ក្នុង មានចិត្ត​ជោគជាំដោយ​រាគៈ មាន​ចិត្ត​ជ្រោកជ្រាក។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មានសភាព​យ៉ាង​នេះ ឈ្មោះ​ថា ​ជា​បុគ្គល​ដែល​គេ​គួរ​ខ្ពើម មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា បុគ្គល​មិន​លុះ​ទៅ​តាម​ដំ​ណើរ​ទិដ្ឋិ របស់បុគ្គល​មានសភាព​យ៉ាង​នេះ ក៏​ពិត​មែន​ហើយ ប៉ុន្តែ​ថា ​បុគ្គល​នោះ គង់មានកិត្តិសព្ទ​ដ៏​លាមក​ ល្បី​ឡើង​ថា បុរស​បុគ្គល​មាន​មិត្ត​អាក្រក់ មាន​សំឡាញ់អាក្រក់ មាន​គូកនអាក្រក់។ ម្នាល​ភិក្ខុ​ទាំងឡាយ ដូច​ជាពស់​លូន​ទៅ​ក្នុងលាមក ទុក​ជាមិន​ចិក​​ ក៏ពិត​មែន ប៉ុន្តែថា លាមក គង់​ប្រឡាក់​ពស់​នោះ​មិនខាន​ យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មិនលុះ​ទៅតាម​ដំណើរទិដ្ឋិ​ របស់បុគ្គលមាន​សភាព​យ៉ាង​នេះ ក៏ពិត​មែន ប៉ុន្តែ​ថា បុគ្គល​នោះ ​មាន​កិត្តិសព្ទ ដ៏លាមក ល្បី​ឡើង​ថា បុរស​បុគ្គល​ មាន​មិត្ត​អាក្រក់ មាន​សំឡាញ់​អាក្រក់ មាន​គូកន​អាក្រក់​ ក៏យ៉ាង​នោះ​ដែរ។ ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាពយ៉ាង​នេះ ​ឈ្មោះ​ថា ជា​បុគ្គល​ដែល​គេគួរ​ខ្ពើម​ មិន​គួរ​សេព មិន​គួរ​គប់​រក មិនគួរចូល​ទៅ​អង្គុយ​ជិត។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​ដែល​គេ​គួរ​ព្រងើយ​កន្តើយ មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដី​តាន​តឹង សូម្បី​គេ​និយាយ​តែ​បន្តិចបន្តួច ក៏​ជាប់​ចិត្តក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេច​ក្ដី​ក្រោធ ​ទោសៈ និង​សេច​ក្ដី​មិនសប្បាយ​ចិត្ត​ ឲ្យ​ប្រាកដ​ឡើង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ដំ​បៅ​ចាស់ ដែល​ត្រូវ​ប៉ះទង្គិច ដោយ​កំណាត់​ឈើ ឬអំបែង រមែង​ក្លាយ​ឡើង លើសប្រមាណ​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុងលោក​នេះ ជា​អ្នកក្រោធ​ ច្រើន​ដោយ​សេចក្ដី​តានតឹង សូម្បី​គេ​និយាយ​តែ​បន្តិច​បន្តួច ក៏ជាប់​ចិត្តក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ និងសេចក្ដី​មិន​សប្បាយ​ចិត្ត ឲ្យ​ប្រាកដ​ឡើង​ យ៉ាង​នោះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​អង្កត់​ភ្លើង​ឧសដង្កោ ដែល​គេ​កៀស​ ដោយ​កំណាត់ឈើ ឬអំបែង រមែង​ធ្វើ​សំ​ឡេង ​ឮ​ចិចិដៈ2) ធ្វើសំឡេង ​ឮ​ចិដិចិដៈ ដោយ​ក្រៃលែង លើស​ប្រមាណ​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោកនេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដី​តាន​តឹង សូម្បី​គេ​និយាយ​បន្តិច​បន្តួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ​ និងសេចក្ដី មិនសប្បាយ​ចិត្ត ​ឲ្យ​ប្រាកដឡើង ក៏​យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​រណ្ដៅ​លាមក​ ដែល​បុគ្គល​ឆ្កឹស ដោយ​កំ​ណាត់​ឈើ​ ឬ​អំបែង រមែង​មានក្លិន​ស្អុយ​ដោយ​ក្រៃលែង​ លើស​ប្រមាណ យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដីតាន​តឹង សូម្បី​តែ​គេ​និយាយ​បន្តិច​បន្តួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ និង​សេចក្ដី​មិន​សប្បាយ​ចិត្ត ឲ្យប្រាកដ​ឡើង ក៏​យ៉ាង​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលមានសភាព​យ៉ាង​នេះ ឈ្មោះថា ជា​បុគ្គល​ដែលគេគួរ​ព្រ​ងើយ​កន្តើយ​ មិន​គួរសេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ព្រោះ​គេ​គិត​ថា ជន (នេះ) គប្បី​ជេរ​អាត្មា​អញ​ខ្លះ ផ្ដាសាអាត្មា​អញ​ខ្លះ ធ្វើអាត្មា​អញ​ ឲ្យ​ខូច​ប្រយោជន៍​ខ្លះ។ ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាព​យ៉ាងនេះ ឈ្មោះ​ថា ជាបុគ្គល​ ដែលគេគួរ​ព្រងើយកន្តើយ​ មិន​គួរ​សេព មិនគួរ​គប់​រក មិន​គួរ​ចូល​ទៅ​​អង្គុយ​ជិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គលដែល​គេ​គួរ​សេព គួរ​គប់​រក គួរ​ចូល​ទៅ​អង្គុយ​ជិត តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ មានសីល មាន​កល្យាណ​ធម៌។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សភាពយ៉ាង​នេះ​ឈ្មោះ​ថា ជាបុគ្គល​គួរ​សេព គួរ​គប់រក គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរនោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មិន​លុះទៅតាម​ដំណើរ​ទិដ្ឋិ ​របស់​បុគ្គល​មាន​សភាព​យ៉ាង​នេះ ក៏​ពិត​មែន ប៉ុ​ន្តែបុគ្គលនោះ គង់​មាន​កិត្តិសព្ទ​ ដ៏​ពី​រោះ ​ល្បី​ឡើង​ថា បុរសបុគ្គល ​មានមិត្ត​ល្អ មានសំឡាញ់​ល្អ មាន​គូកន​ល្អ។ ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាពយ៉ាង​នេះ ឈ្មោះ​ថា​ ជាបុគ្គល​គួរ​សេព គួរគប់​រក គួរ​ចូល​ទៅ​អង្គុយជិត​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួកនេះ រមែង​មាន​នៅ​ក្នុងលោក។ បុរស​អ្នក​សេពគប់​បុគ្គលថោកទាប ​រមែង​សាប​សូន្យ បើ​សេពគប់​បុគ្គល​ស្មើ​គ្នា មិន​គប្បី​សាប​សូន្យ ក្នុង​កាល​ណា​ឡើយ​ បុរស​ចូល​ទៅ​គប់​រក​បុគ្គល​ប្រ​សើរ (ជាង​ខ្លួន) រមែង​ចំរើនឆាប់ ព្រោះ​ហេតុ​នោះ បុរស​គួរ​គប់រក​នឹង​បុគ្គល​ដ៏​ប្រសើរ​លើស​ខ្លួន (ទើប​ប្រសើរ)។

(គូថភាណីសូត្រ ទី៨)

(៨. គូថភាណីសុត្តំ)

[២៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក​។ បុគ្គល៣​ពួក តើ​ដូច​ម្ដេច។ គឺ​បុគ្គល​មាន​សំដី​ស្អុយ​ ដូច​លាមក​ ១ បុគ្គល​មាន​សំដី​ក្រអូប​ដូច​ផ្កា​ ១ បុគ្គល​មានសំដី​ផ្អែម​ ដូច​ទឹកឃ្មុំ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះបុគ្គល​មានសំដីស្អុយ​ ដូច​លាមក តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោកនេះ ទៅ​កាន់​សភា ​(ទីប្រជុំ) ក្ដី ទៅ​ក្នុង​បរិ​សទ្យ​ក្ដី ទៅ​ក្នុង​កណ្ដាល​ញាតិក្ដី ទៅ​ក្នុង​កណ្ដាល​ពួក​សេនាក្ដី ទៅ​ក្នុង​កណ្ដាល​រាជ​ត្រកូលក្ដី ដែល​គេ​នាំ​ទៅ​ធ្វើ​ជា​សាក្សី​ ហើយ​សួរ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​ចូល​មក​នេះ អ្នក​ដឹង​ហេតុណា ចូរ​និយាយ​ហេតុនោះ។ បុរស​នោះ​ កាល​មិនដឹង​ និយាយ​ថា ខ្ញុំដឹង​ក្ដី កាល​ដឹង​ និយាយ​ថា ខ្ញុំ​មិន​ដឹង​ក្ដី កាល​មិន​ឃើញ និយាយថា ខ្ញុំ​ឃើញ​ក្ដី កាល​ឃើញ​ និយាយថា ខ្ញុំ​មិន​ឃើញ​ក្ដី ជា​អ្នក​ពោលពាក្យ​កុហក ដោយ​ដឹង​ខ្លួន ព្រោះ​ហេតុតែ​ខ្លួន​ក្ដី ព្រោះ​ហេតុ​អ្នក​ដទៃ​ក្ដី ព្រោះ​ហេតុ​សំ​ណូក​​​បន្តិច​បន្តួច​ក្ដី ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មាន​សំដី​ស្អុយ​ ដូច​លាមក។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​សំដី​ក្រអូប​ដូច​ផ្កា តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ ទៅ​កាន់​សភា ​(ទី​ប្រជុំ) ​ក្ដី​ ទៅ​ក្នុង​បរិសទ្យក្ដី ទៅ​ក្នុង​កណ្ដាល​ញាតិក្ដី ទៅ​ក្នុង​កណ្ដាល​ពួក​សេនា​ក្ដី ទៅ​ក្នុង​កណ្ដាលរាជត្រកូល​ក្ដី ដែល​គេ​នាំ​ទៅ​ធ្វើ​ជាសាក្សី ​ហើយ​សួរ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​ចូរ​មក​នេះ អ្នក​ដឹង​ហេតុ​ណា ចូរ​និយាយ​ហេតុ​នោះ។ បុរសនោះ កាល​មិន​ដឹង​ និយាយ​ថា ខ្ញុំ​មិន​ដឹង​ក្ដី កាល​ដឹង​និយាយ​ថា ខ្ញុំ​ដឹង​ក្ដី កាល​មិន​ឃើញ​ និយាយ​ថា ខ្ញុំ​មិន​ឃើញ​ក្ដី កាល​ឃើញ​និយាយ​ថា ខ្ញុំឃើញ​ក្ដី ជា​អ្នក​មិន​ពោល​ពាក្យ​កុហក ដោយ​ដឹង​ខ្លួន ព្រោះ​តែ​ខ្លួន​ក្ដី ព្រោះ​ហេតុ​អ្នក​ដទៃ​ក្ដី ព្រោះហេតុ​តែ​សំ​ណូកបន្តិច​បន្តួច​ក្ដី ម្នាល​ភិក្ខុ​ទាំង​​ឡាយ នេះ​ហៅ​ថា បុគ្គល​មាន​សំ​ដី​ក្រអូប​ដូច​ផ្កា។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​បុគ្គលមាន​សំ​ដី​ផ្អែម​ ដូចទឹក​ឃ្មុំ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ លះ​បង់​វា​ចា​អាក្រក់ វៀរចាក​វាចា​អាក្រក់ សំដីណា ជា​សំ​ដី​ឥត​ទោស ជាសុខ​ដល់​ត្រ​ចៀក​ គួរ​ជា​ទី​ស្រឡាញ់ ជ្រាប​ចូល​ទៅក្នុង​ដួងចិត្ត ជា​សំដី​អ្នក​ក្រុង ​ដែល​ជា​ទី​ពេញ​ចិត្ត ​នៃ​ជន​ច្រើន ជាទី​គាប់​ចិត្ត​ នៃ​ជន​ច្រើន ជា​អ្នក​ពោល​នូវ​សំ​ដី មាន​សភាព​ដូច្នោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា បុគ្គល​មាន​សំដី​ផ្អែម ​ដូច​ទឹក​ឃ្មុំ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅក្នុង​លោក។

(អន្ធសូត្រ ទី៩)

(៩. អន្ធសុត្តំ)

[២៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក។ បុគ្គល​៣​ពួក ​តើដូច​ម្ដេច។ គឺ​បុគ្គល​ខ្វាក់ ១ បុគ្គល​មាន​ភ្នែកម្ខាង​ ១ បុគ្គល​មាន​ភ្នែក​ទាំង​ពីរខាង​ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ខ្វាក់ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ គប្បី​បាននូវ​ភោគៈ​ ដែល​ខ្លួន​មិន​ធ្លាប់​បានក្ដី គប្បី​ធ្វើ​នូវ​ភោគៈ​ ដែល​ខ្លួន​បាន​ហើយ ឲ្យចំ​រើន​ឡើង​ក្ដី ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា ចក្ខុ​មាន​សភាព​យ៉ាង​នោះ មិន​មាន​ឡើយ មួយ​ទៀត បុគ្គល​គប្បី​​ដឹង ​នូវ​ពួក​ធម៌ ជា​កុសល ​និងអកុសល ដឹង​ពួក​ធម៌​ ដែល​មាន​ទោស និង​ឥត​ទោស ដឹងពួក​ធម៌​ថោក​ទាប និង​ឧត្ដម ដឹង​ពួក​ធម៌​ ដែលមាន​ចំ​ណែក​ជា​ទំ​នាស់គ្នា​ដោយ​អំណាច​ធម៌​ខ្មៅ និង​ធម៌​ស ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា ​សូម្បី​ចក្ខុ​មាន​សភាពយ៉ាងនោះ ក៏​មិន​មាន ​ដល់​បុគ្គល​នោះ​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅ​ថា បុគ្គល​ខ្វាក់​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​ភ្នែក​ម្ខាង តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ គប្បី​បាន​ភោគៈ ដែល​ខ្លួន​មិន​ធ្លាប់​បាន​ក្ដី​គប្បី​ធ្វើ​ភោគៈ ​ដែល​ខ្លួន​បាន​ហើយ ​ឲ្យ​ចំ​រើនឡើងក្ដី ដោយចក្ខុ​មាន​សភាព​យ៉ាង​ណា ចក្ខុ​មាន​សភាព​យ៉ាង​នោះ ​រមែង​មាន។ ប៉ុន្តែ​បុគ្គល​នោះ គប្បី​ដឹង​ពួក​ធម៌​ ជា​កុសល​ និង​អកុសល ដឹង​ពួក​ធម៌​មានទោស ​និង​ឥត​ទោស ដឹង​ពួក​ធម៌ ​ដែល​ថោក​ទាប និង​ឧ​ត្ដម ដឹង​ពួក​ធម៌ ដែល​មាន​ចំ​ណែក​ជា​ទំនាស់​គ្នា ដោយ​អំ​ណាច​ធម៌​ខ្មៅ​ និង​ធម៌​ស ដោយដោយ​ចក្ខុមាន​សភាព​យ៉ាង​ណា សូម្បី​ចក្ខុ​មាន​សភាព​យ៉ាង​នោះ ក៏​មិន​មាន​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា បុគ្គល​មាន​ភ្នែក​ម្ខាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះបុគ្គល​មាន​ភ្នែក​ទាំង​ពីរ​ខាង តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ គប្បី​បាន​នូវ​ភោគៈ ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ក្ដី ធ្វើនូវ​ភោគៈ​ ដែល​ខ្លួន​បាន​ហើយ ​ឲ្យ​ចំរើន​ឡើង​ក្ដី ដោយចក្ខុ​មានសភាព​យ៉ាងណា ចក្ខុ​មាន​សភាពយ៉ាង​នោះ ក៏​មាន មួយ​ទៀត បុគ្គល​នោះ គប្បីដឹង​ពួក​ធម៌ ជាកុសល ​និង​អកុសល ដឹង​ពួក​ធម៌មាន​ទោស​ និង​ឥត​ទោស ដឹង​ពួក​ធម៌​ថោក​ទាប​ និង​ឧត្ដម ដឹង​ពួក​ធម៌ ដែលមាន​ចំណែក​ជា​ទំនាស់​គា្ន ដោយ​អំ​ណាច​ធម៌ខ្មៅ​និង​ធម៌​ស ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា សូម្បីចក្ខុ​មាន​សភាព​យ៉ាង​នោះ​ក៏មាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មាន​ចក្ខុ​ទាំង​ពីរ​ខាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុង​លោក។ ភោគៈ​ទាំងឡាយ មានសភាព​ដូច្នោះ មិន​មាន​ដល់បុគ្គល​ខ្វាក់​ឡើយ បុគ្គល​ខ្វាក់​ មិន​ដែល​ធ្វើបុណ្យ​ទាំងឡាយ​ទេ ការចាប់ខុស ចំពោះ​ប្រយោជន៍​ទាំង​ពីរ រមែង​មាន ​ដល់​បុគ្គល​ខ្វាក់ ​ខូច​ចក្ខុ។ មួយ​ទៀត បុគ្គល​ដែល​ហៅ​ថា មាន​ភ្នែក​ម្ខាង​នេះ ជា​អ្នក​ច្រឡូកច្រឡំ ដោយ​កុសល​ធម៌ និង​អកុសល​ធម៌ ស្វែងរកភោគៈ​ទាំង​ឡាយ ដោយ​ថេយ្យចិត្ត ជាអ្នក​ឈ្លាស ប្រមូល​មក ​នូវ​អំពើទាំង​ពីរ ដោយ​កូដ​កម្ម3) ផង​ ដោយ​ការ​ពោល​ពាក្យ​កុហក​ផង ជាមនុស្ស​បរិភោគកាម បុគ្គល​ដែល​មាន​ចក្ខុ​តែម្ខាង​នោះ លុះរំលាងខន្ធ អំពី​លោក​នេះ​ហើយ ទៅ​កាន់​នរក ​រង​ទុក្ខខ្លោច​ផ្សា។ ចំណែក​ខាង​បុរស​បុគ្គល ដែលហៅថា មាន​ចក្ខុ​ទាំង​ពីរ​ខាង ជា​អ្នក​ប្រសើរ ដោយ​ភោគៈ​ទាំង​ឡាយ ដែល​ខ្លួន​បាន​មក​ដោយ​ធម៌ ឲ្យ​ទ្រព្យ​ដែល​ខ្លួន​រក​បាន ដោយ​សេចក្ដី​ព្យាយាម មានតម្រិះ​ដ៏ប្រសើរ ជា​ជន​មាន​ចិត្ត​ឥត​សង្ស័យ រមែងចូល​ទៅកាន់​ស្ថាន​ដ៏​ចំរើន ដែល​ខ្លួន​បាន​ទៅ​ ហើយមិន​សោក​សៅ បុគ្គល ​គប្បី​វៀរមនុស្ស​ខ្វាក់​ផង មនុ​ស្ស​មាន​ភ្នែក​ម្ខាង​ផង អំពី​ចម្ងាយ ​ហើយគប្បីសេពគប់​បុរស​បុគ្គល​ ដ៏​ប្រសើរ មាន​ភ្នែក​ទាំង​ពីរ​ខាង​ចុះ។

(អវកុជ្ជសូត្រ ទី១០)

(១០. អវកុជ្ជសុត្តំ)

[៣០] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅក្នុង​លោក។ បុគ្គល​៣ពួក តើដូចម្ដេច។ គឺ​បុគ្គល​មាន​ប្រាជ្ញា ​ដូចជាក្អម​ផ្កាប់​ ១ បុគ្គល​មាន​ប្រាជ្ញា ​ដូច​ថ្នក់​លេច ​១ បុគ្គល​មាន​ប្រាជ្ញា ​ដ៏ទូលាយ​ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល ​មាន​ប្រាជ្ញា​ដូច​ក្អម​ផ្កាប់ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ​ទៅ​កាន់អារាម ស្ដាប់​ធម៌​ ក្នុង​សំណាក់ ​នៃ​ពួក​ភិក្ខុ​រឿយៗ ពួកភិក្ខុ​សំ​ដែង​ធម៌ មាន​លំ​អបទ​ខាង​ដើម មាន​លំ​អបទ​កណ្ដាល មាន​លំអ​បទ​ខាង​ចុង​ប្រកាស​ព្រហ្ម​ចរិយៈ ​ប្រកប​ដោយ​អត្ថ ​ប្រកប​ដោយ​ព្យញ្ជនៈ ​ដ៏​បរិសុទ្ធ បរិបូណ៌​ទាំងអស់ ដល់​បុគ្គល​នោះ បុគ្គល​នោះ កាល​អង្គុយ​លើ​អាសនៈនោះ ក៏មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​កណ្ដាល មិន​ធ្វើទុកក្នុងចិត្ត​ ត្រង់​ខាង​ចុង ​នៃកថា​នោះ សូម្បី​ក្រោកពីអាសនៈនោះ​ហើយ ក៏មិនធ្វើទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម ត្រង់​កណ្ដាល ​និង​ខាង​ចុង​ នៃកថា​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ក្អម​ផ្កាប់ ទឹក​ដែល​គេ​ចាក់​ទៅ​លើ​ក្អម​នោះ ក៏ហូរ​ចេញ​អស់​ទៅ មិន​ដក់នៅ​បាន យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ ទៅ​កាន់​អារាម ស្ដាប់ធម៌​ ក្នុង​សំណាក់ នៃ​ភិក្ខុ​ទាំង​ឡាយ​រឿយ​ៗ ​ភិក្ខុ​ទាំង​ឡាយ ក៏សំដែង​ធម៌ ​មាន​លំអបទ​ខាង​ដើម មាន​លំអ​បទកណ្ដាល មាន​លំ​អបទ​ខាងចុង ​ហើយ​ប្រកាស​ព្រហ្ម​ចរិយៈ ប្រកប​ដោយ​អត្ថ ប្រកប​ដោយ​ព្យញ្ជនៈ ​ដ៏បរិសុទ្ធ បរិបូណ៌ទាំង​អស់ ដល់​បុគ្គលនោះ បុគ្គលនោះ កាល​ដែលអង្គុយ​លើ​អាសនៈ​នោះ ក៏​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម មិន​ធ្វើទុក​ក្នុង​ចិត្ត ត្រង់កណ្ដាល មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង នៃកថានោះ ទុក​ជា​ក្រោក​ឡើង​ អំ​ពី​អាសនៈ​នោះ​ហើយ ក៏​នៅ​តែ​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់ខាង​ដើម មិន​ធ្វើទុក​ក្នុង​ចិត្ត ​ត្រង់កណ្ដាល មិន​ធ្វើ​ទុកក្នុង​ចិត្ត ​ត្រង់​ខាង​ចុង នៃ​កថា​នោះ ក៏​យ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា បុគ្គលមាន​ប្រាជ្ញា​ ដូច​ជា​ក្អម​ផ្កាប់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​ប្រាជ្ញា​ដូចថ្នក់លេច តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ ទៅ​កាន់​អារាម​ ស្ដាប់​ធម៌ ​ក្នុង​សំ​ណាក់​ភិក្ខុ​ទាំង​ឡាយ​រឿយៗ ភិក្ខុ​ទាំងឡាយ ក៏​សំ​ដែង​ធម៌ មាន​លំ​អបទ​ខាង​ដើម មាន​លំ​អ​បទ​កណ្ដាល មាន​លំ​អបទ​ខាង​ចុង ប្រកាស​ព្រហ្មចរិយៈ ​ប្រកប​ដោយ​អត្ថ ប្រកប​ដោយព្យញ្ជនៈ​ ដ៏​បរិសុទ្ធ ​បរិបូណ៌​ទាំង​អស់​ដល់​បុគ្គល​នោះ ​បុគ្គល​នោះ​ កាល​អង្គុយលើ​អាសនៈ​នោះ ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​កណ្ដាលផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង ​នៃ​កថា​នោះ​ដែរ តែ​លុះ​ក្រោក​ចេញ ​អំ​ពីអាសនៈ​នោះ​ទៅ​ហើយ ក៏​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាងដើម មិន​ធ្វើ​ទុក​ក្នុងចិត្ត ​ត្រង់​កណ្ដាល មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ត្រង់​ខាង​ចុង​ នៃ​កថា​នោះ​ឡើយ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​បង្អែម​ផ្សេងៗ ​ដែល​លាយ​ច្រឡំ​គ្នា គឺ​មាន​ល្ង​ អង្ករ​ នំ ម្សៅ​ ផ្លែ​ពុទ្រា​ ក្នុង​ថ្នក់​លេចនៃ​បុរស​ បុរស​នោះ ​កាល​ក្រោក​អំពី​អាសនៈ​នោះ ក៏​ជ្រុះរាត់​រាយ ព្រោះ​ភ្លេច​ស្មារតី យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុងលោក​នេះ ទៅ​កាន់​អារាម​ ស្ដាប់​ធម៌​ ក្នុង​សំ​ណាក់​ភិក្ខុ​ទាំងឡាយ​រឿយៗ ភិក្ខុទាំង​ឡាយ ​ក៏​សំ​ដែង​ធម៌​ មាន​លំ​អ​បទ​ខាង​ដើម មាន​លំអបទកណ្ដាល មានលំ​អបទ​ខាង​ចុង ​ប្រកាស​ព្រហ្មចរិយធម៌ ​ប្រកប​ដោយ​អត្ថ ប្រកប​ដោយ​ព្យញ្ជនៈ​ ដ៏​បរិសុទ្ធ បរិបូណ៌​ទាំង​អស់​ ដល់​បុគ្គល​នោះ បុគ្គលនោះ កាល​អង្គុយ​លើ​អាសនៈ​នោះ ក៏​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុង​ចិត្ត​ត្រង់​កណ្ដាល​ផង ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ចុង​ផង​ នៃ​កថា​នោះ លុះ​ក្រោក​អំពី​អាសនៈ​នោះ​ទៅ ក៏​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាងដើម មិនធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​កណ្ដាល មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ចុង នៃ​កថា​នោះ ក៏​យ៉ាងនោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មានប្រាជ្ញា ​ដូច​ជា​ថ្នក់​លេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​ប្រាជ្ញា ដ៏​ទូលាយ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុងលោក​នេះ ទៅ​កាន់​អារាម ស្ដាប់​ធម៌​ ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយ​រឿយ​ៗ ភិក្ខុ​ទាំង​ឡាយ ក៏​សំដែង​ធម៌​ មានលំ​អបទ​ខាងដើម មាន​លំ​អបទ​កណ្ដាល មាន​លំអបទ​ខាង​ចុង ប្រកាស​ព្រហ្ម​ចរិយៈ ប្រកបដោយ​អត្ថ ប្រកប​ដោយព្យ​ញ្ជនៈ ​ដ៏​បរិសុទ្ធ បរិបូណ៌​ទាំងអស់ ​ដល់​បុគ្គល​នោះ បុគ្គលនោះ កាលអង្គុយ​លើ​អាសនៈ​នោះ ក៏​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ត្រង់​កណ្ដាល​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង នៃ​កថា​នោះ​ ទុក​ជាក្រោកអំពី​អាសនៈ​នោះ​ទៅ​ហើយ​ ក៏​នៅ​តែ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម​ផង​ ធ្វើ​ទុកក្នុង​​ចិត្ត​ ត្រង់​កណ្ដាល​ផង ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង​ នៃ​កថា​នោះ​ទៀត​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ក្អម​ផ្ងារ ទឹក​ដែល​គេ​ចាក់​ក្នុង​ក្អម​នោះ ក៏​ដក់នៅ​ មិន​ហូរ​ចេញ​ទៅបាន យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលពួក​ខ្លះ​ ក្នុង​លោក​នេះ​ ទៅកាន់​អារាម ស្ដាប់​ធម៌ ​ក្នុង​សំណាក់​ភិក្ខុទាំង​ឡាយរឿយៗ ភិក្ខុ​ទាំង​ឡាយ​ ក៏​សំដែង​ធម៌​ មាន​លំ​អ​បទ​ខាងដើម មាន​លំអបទកណ្ដាល ​មាន​លំ​អ​បទ​ខាង​ចុង ​ប្រកាស​ព្រហ្ម​ចរិយៈ​ ប្រកប​ដោយ​អត្ថ ​ប្រកប​ដោយ​ព្យញ្ជនៈ ​ដ៏​បរិសុទ្ធ បរិបូណ៌​ទាំង​អស់ ​ដល់​បុគ្គល​នោះ បុគ្គលនោះ កាល​អង្គុយ​លើ​អាសនៈ​នោះ ក៏​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុងចិត្ត​ ត្រង់​កណ្ដាល​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង នៃ​កថា​នោះ​ ទុកជាក្រោក​អំពី​អាសនៈ​នោះ​ហើយ ក៏​នៅ​តែ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម ធ្វើទុក​ក្នុង​ចិត្ត​ ត្រង់​កណ្ដាល ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ចុង​ នៃ​កថា​នោះ​ទៀត ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មាន​ប្រាជ្ញា​ដ៏ទូលាយ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួកនេះ រមែង​មាន​នៅ​ក្នុង​លោក។

បុរស​មាន​ប្រាជ្ញា​ ដូច​ក្អម​ផ្កាប់ គឺ​ជាអ្នក​ឥត​ប្រាជ្ញា ឥតសេចក្ដី​ពិចារណា បុរស​មាន​សភាព​ដូច្នោះ ទុក​ជាចូលទៅកាន់​សំណាក់​ភិក្ខុ​ទាំងឡាយ សូម្បី​រឿយៗ ក៏មិនអាច​ ដើម្បី​រៀនធម៌ ​ត្រង់​ខាងដើម​ ត្រង់​កណ្ដាល​ ត្រង់ខាង​ចុង​ នៃកថា​ (នោះ) ​បាន ព្រោះ​ថា ប្រាជ្ញា ​មិនមានដល់​បុគ្គល​នោះ​ឡើយ​។ បុរស​មាន​ប្រាជ្ញា ដូច​ថ្នក់​លេច តថាគត​ពោលថា ប្រសើរជាង បុរស​មាន​ប្រាជ្ញាដូច​ជាក្អម​ផ្កាប់​នុ៎ះ បុរស​មាន​សភាព​ដូច្នោះ បើទុក​ជាចូល​ទៅ​កាន់​សំណាក់​ នៃភិក្ខុ​ទាំង​ឡាយ សូម្បីរឿយៗ អង្គុយ​លើ​អាសនៈ​នោះ រៀន​ធម៌​ខាងដើម ត្រង់​កណ្ដាល ត្រង់​ខាង​ចុង ​នៃកថា (នោះ) បាន​ដែរ តែ​លុះ​ក្រោក​ចេញ​ទៅ​ ក៏​កំណត់​ចាំ​ព្យញ្ជនៈមិនបាន ព្រោះ​ថា បុរស​នោះ ភ្លេច​ព្យញ្ជនៈ ​ដែល​ខ្លួន​រៀនហើយ។ ចំណែក​ខាង​បុរស​មាន​ប្រាជ្ញា​ ដ៏​ទូលាយ តថាគត​ពោល​ថា ប្រសើរ​ជាង បុរស​មាន​ប្រាជ្ញា​ដូចថ្នក់​លេច​នុ៎ះ បុរស​មាន​សភាព​ដូច្នោះ កាល​បើ​ចូលទៅ​កាន់​សំ​ណាក់ ​នៃ​ភិក្ខុ​ទាំងឡាយ សូម្បី​រឿយៗ អង្គុយ​លើ​អាសនៈនោះ រៀន​ធម៌​ ត្រង់​ខាង​ដើម ត្រង់កណ្ដាល ត្រង់​ខាង​ចុង នៃកថា (នោះ) ចាំទុកនូវ​ព្យញ្ជនៈបាន ជា​ជន​មាន​តម្រិះ​ដ៏​ប្រសើរ មាន​ចិត្តឥត​សង្ស័យ ជាអ្នក​ប្រតិបត្តិ​នូវ​ធម៌ ​ដ៏​សម​គួរ​ដល់​ធម៌ គប្បី​ធ្វើ​នូវ​ទី​បំ​ផុត​នៃ​ទុក្ខ​បាន។

ចប់ បុគ្គលវគ្គ ទី៣។

ឧទ្ទាន​នៃ​បុគ្គល​វគ្គ​នោះ​គឺ

ពោល​អំពី​ព្រះ​សវិដ្ឋត្ថេរ ​១ អំពី​អ្នក​ជម្ងឺ ១ អំពី​សង្ខារ ​១ អំពី​បុគ្គល​មាន​ឧបការៈ​ច្រើន ​១ អំពី​បុគ្គល ប្រៀបដូចពេជ្រ​ ជា​ដើម​ ១ អំពី​បុគ្គល​គួរ​សេព​គប់​ ជាដើម​​ ១ អំ​ពី​បុគ្គល​គួរ​ខ្ពើម​ ជាដើម​ ១ អំពី​បុគ្គលមាន​សំដី​ស្អុយ ដូច​លាមក ​ជា​ដើម​ ១ អំពី​បុគ្គល​ខ្វាក់​ ជាដើម ​១ អំពីបុគ្គល​មាន​ប្រាជ្ញា (ដូច​ក្អម) ផ្កាប់ ​ជាដើម​ ១។

 

លេខយោង

1)
វេមានិកប្រេត។ (អដ្ឋកថា)។
2)
សំឡេងផ្ទុះប្រែះៗ ព្រួសរងើកចេញ។
3)
អំពើកៀចក្រាញ ឬអំពើកោង។
km/tipitaka/sut/an/03/sut.an.03.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann