km:tipitaka:sut:an:03:sut.an.03.v04

ទេវទូត​វគ្គ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 03.v04 បាលី cs-km: sut.an.03.v04 អដ្ឋកថា: sut.an.03.v04_att PTS: ?

ទេវទូត​វគ្គ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. ទេវទូតវគ្គោ)

(សព្រហ្មកសូត្រ ទី១)

(១.សព្រហ្មកសុត្តំ)

[៣១] ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​របស់​ត្រកូល​ទាំង​ឡាយ​ណា បាន​បូ​ជា​មាតាបិតា ក្នុង​ផ្ទះរបស់​ខ្លួន ត្រកូល​ទាំង​នោះ​ ឈ្មោះ​ថា ប្រកបដោយ​ព្រហ្ម ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​របស់​ត្រកូលទាំង​ឡាយ​ណា ​បានបូជាមាតាបិតា ក្នុង​ផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​នោះ​ ឈ្មោះ​ថា ​ប្រកប​ដោយបុព្វាចារ្យ​ (អាចារ្យ​ដើម) ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​របស់​ត្រកូល​ទាំង​ឡាយណា បាន​បូជា​មាតា​បិតា​ ក្នុង​ផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​នោះ​ ឈ្មោះ​ថា ប្រកប​ដោយ​អាហុនេយ្យ (​អ្នក​គួរ​ទទួល​របស់ ​ដែល​កូន​ប្រុស​ស្រី​បូជា​)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ព្រហ្ម​នុ៎ះ ជា​ឈ្មោះ​មាតាបិតា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា បុព្វាចារ្យ​នុ៎ះ​ ជា​ឈ្មោះ​មាតាបិតា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា អាហុ​នេយ្យ​នុ៎ះ ជា​ឈ្មោះ​មាតាបិតា​។ ដំណើរ​នោះ ​ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​មាតា​បិតា​ ជា​អ្នក​មាន​ឧបការៈ​ច្រើន ជាអ្នក​បីបាច់ រក្សា​ចិញ្ចឹម​កូន ជា​អ្នក​ឲ្យ​កូន​បាន​ឃើញ​លោក​នេះ។

មាតាបិតា​ លោក​ហៅថា ព្រហ្មផង​ ថា បុព្វាចារ្យផង ថា អាហុនេយ្យ​ផង របស់​កូន​ទាំងឡាយ ព្រោះ​ជា​អ្នក​អនុ​គ្រោះ ​នូវ​ពពួក​សត្វ។ ព្រោះ​ហេតុ​នោះ បណ្ឌិត​ត្រូវ​តែ​នមស្ការ​ ធ្វើ​សក្ការៈមាតាបិតា​ទាំង​នោះ ដោយ​បាយ ទឹក សំពត់ ទី​ដេក គ្រឿង​ដុស​ខាត់​ ទឹក​ងូត ​និង​ទឹក​លាង​ជើង បណ្ឌិតរមែង​សរសើរ​កូន​នោះ ព្រោះ​ការ​បម្រើ​មាតា​បិតា​នោះ ក្នុង​លោក​នេះ (កូន​នោះ) លុះ​លះ​លោក​នេះ ​ទៅកាន់បរលោក រមែង​រីករាយ ក្នុង​ស្ថានសួគ៌។

(អានន្ទសូត្រ ទី២)

(២. អានន្ទសុត្តំ)

[៣២] លំដាប់​នោះ ព្រះ​អានន្ទ​ដ៏​មាន​អាយុ ចូល​ទៅគាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ។ លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ក៏​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រព្រះ​អង្គ​ដ៏​ចំរើន បើ​អហង្ការ​ទិដ្ឋិ មមង្ការ​តណ្ហា​និង​មានានុស័យ មិនមាន​ក្នុង​កាយ ​ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និងមានានុស័យ មិន​មាន​ក្នុង​និមិត្ត​ទាំង​អស់ ព្ធ​ដ៏​ខាង​ក្រៅផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិន​មាន​ដល់​ភិក្ខុ ​ដែល​ដល់​នូវ​ចេតោវិមុត្តិ​ និងបញ្ញាវិមុត្តិ​ណា ភិក្ខុ​គប្បី​ដល់​ នូវ​ចេតោវិមុត្តិ ​និង​បញ្ញា​វិមុត្តិ​នោះ សម្រេចសម្រាន្ត​នៅ​យ៉ាងណា ការ​បាន​នូវ​សមាធិ មាន​សភាព​យ៉ាង​នោះ គប្បីមាន​ដល់​ភិក្ខុ​ដែរ​ឬ។ ម្នាល​អានន្ទ បើ​អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិនមាន​ក្នុង​កាយ ​ដែល​ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានា​នុ​ស័យ មិនមាន​ក្នុងនិមិត្ត​ទាំងអស់ ព្ធ​ដ៏ខាងក្រៅ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិន​មាន​ដល់​ភិក្ខុ ដែល​ដល់​នូវ​ចេតោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​ណា ភិក្ខុ​គប្បីដល់ នូវ​ចេតោវិមុត្តិ និង​បញ្ញា​វិមុត្តិ​នោះ សម្រេច​សម្រាន្ត​នៅ យ៉ាង​ណា ការ​បាន​នូវ​សមាធិ មាន​សភាព​យ៉ាង​នោះ គប្បីមាន​ដល់​ភិក្ខុដែរ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អហង្ការ​ទិដ្ឋិ មមង្ការតណ្ហា ​និង​មានា​នុស័យ មិន​មាន​ក្នុង​កាយ ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង អហ​ង្ការ​ទិដ្ឋិ មមង្ការត​ណ្ហា ​និង​មានានុស័យ មិន​មាន​ក្នុង​និមិត្ត​ទាំង​អស់ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការ​ទិដ្ឋិ មមង្ការ​តណ្ហា ​និង​មានា​នុស័យ មិន​មាន​ដល់​ភិក្ខុ ​ដែល​បាន​នូវ​ចេតោវិមុត្តិ ​និង​បញ្ញាវិមុត្តិ​នោះ សម្រេច​សម្រាន្ត​នៅ​យ៉ាង​ណា ការ​បាននូវ​សមាធិ មាន​ភាព​យ៉ាង​នោះ គប្បី​មាន​ដល់​ភិក្ខុ តើ​ដូច​ម្ដេច។ ម្នាលអានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ មានសេចក្ដី​ត្រិះ​រិះ​ដូច្នេះថា ធម្មជាត ដែលហៅថា ស្ងប់​ ធម្មជាត​ ដែល​ហៅថា ឧត្ដម​នោះ ​គឺ​ការ​ស្ងប់​រម្ងាប់​សង្ខារ​ទាំង​អស់ ការ​លះបង់​ឧប​ធិទាំងអស់ ការអស់​តណ្ហា​ ការ​ប្រាសចាក​រាគៈ ការរលត់ គឺ​ព្រះ​និព្វាន​ហ្នឹង​ឯង។ ម្នាល​អានន្ទ អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិនមាន​ក្នុង​កាយ ​ប្រកប​ដោយ​វិញ្ញាណ​នេះផង អហង្ការ​ទិដ្ឋិ មមង្ការតណ្ហា​ មានានុស័យ មិន​មាន​ក្នុង​និមិត្ត​ទាំង​អស់ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និងមានានុស័យ មិនមាន​ដល់​ភិក្ខុ ​ដែល​បាន​នូវចេតោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​ណា ភិក្ខុ​គប្បី​បាន ​នូវ​ចេតោ​វិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេច​សម្រាន្តនៅ យ៉ាង​ណា ការ​បាន​នូវសមាធិ មាន​សភាព​យ៉ាងនោះ គប្បី​មាន​ដល់​ភិក្ខុ យ៉ាងនេះ​ឯង ម្នាល​អានន្ទ ពាក្យថា

បុគ្គល​ណា​ដឹង​ច្បាស់ ​នូវ​របស់​ខ្លួន ​និង​របស់​ជន​ដទៃ ក្នុងលោក រមែង​មិន​មាន​សេចក្ដី​ញាប់​ញ័រ ក្នុង​អារម្មណ៍​នីមួយ​ទេ តថាគត​ពោលថា ​បុគ្គល​នោះ​ ស្ងប់​រម្ងាប់​ ប្រាសចាក​ផ្សែង​ គឺ ទុច្ច​រិត មិនមាន​សេចក្ដី​ទុក្ខ មិនមាន​តណ្ហា បាន​ឆ្លងជាតិ ​និង​ជរាហើយ ដូច្នេះនេះ ដែល​តថាគត​ពោល​ហើយ ក្នុង​បុណ្ណកប្បញ្ហា បរាយនវគ្គ សំដៅ​ហេតុ​នុ៎ះ​ឯង។

(សារីបុត្តសូត្រ ទី៣)

(៣. សារិបុត្តសុត្តំ)

[៣៣] គ្រានោះ ព្រះ​សារីបុត្តមាន​អាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅ​ដល់​ ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីដ៏​សម​គួរ។ លុះ​ព្រះ​សារី​បុត្ត​មាន​អាយុ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ព្រះមាន​ព្រះ​ភាគ បាន​ត្រាស់​ដូច្នេះ​ថា ម្នាល​សារី​បុត្ត តថាគតសំដែង​ធម៌ ដោយ​បំប្រួញខ្លះ ម្នាលសារីបុត្ត តថាគត ​គួរ​សំដែង​ធម៌ ដោយ​ពិស្ដារខ្លះ ម្នាល​សារីបុត្ត តថាគត ​គួរ​សំដែង​ធម៌​ ទាំង​បំប្រួញ ​ទាំង​ពិស្ដារ​ខ្លះ ដ្បិត​ថា ពួកបុគ្គល​អ្នក​យល់​ធម៌ ​រក​បាន​ដោយ​កម្រ​។ បពិត្រ​ព្រះ​មាន​ព្រះភាគ ជា​កាលគួរ​នឹង​សំដែង​ធម៌​នុ៎ះ​ហើយ បពិត្រ​ព្រះ​សុគត ជាកាល​គួរ​នឹង​សំដែង​ធម៌នុ៎ះ​ហើយ ប្រសិន​បើព្រះ​មាន​ព្រះភាគ សំដែង​ធម៌ដោយ​សង្ខេបក្ដី សំដែងធម៌​ ដោយ​ពិស្ដារក្ដី សំដែង​ធម៌​ ទាំង​សង្ខេប​ ទាំង​ពិស្ដារ​ក្ដី ពួក​អ្នក​យល់​ធម៌ គង់​នឹង​មាន។ ម្នាល​សារីបុត្ត ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ ត្រូវ​សិក្សាយ៉ាង​នេះ​ថា​ អហង្ការ​ទិដ្ឋិ ​មមង្ការ​តណ្ហា​ និង​មានានុស័យ ​នឹង​មិន​មានក្នុង​កាយ ប្រកប​ដោយ​វិញ្ញាណនេះ​ផង អហង្ការ​ទិដ្ឋិ មមង្ការ​តណ្ហា ​និង​មានានុស័យ នឹង​មិនមាន​ ក្នុង​និមិត្ត​ទាំង​អស់​ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការ​ទិដ្ឋិ មមង្ការតណ្ហា និង​មានានុស័យ មិនមាន​ដល់​ភិក្ខុ​ ដែល​បាន​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្ត​ណា យើង​នឹង​បាន​នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ​នោះ ​សម្រេច​សម្រាន្ត​នៅ។ ម្នាលសារីបុត្ត អ្នក​ត្រូវ​សិក្សា​ យ៉ាង​នេះ​ចុះ​។ ម្នាល​សារីបុត្ត កាល​ណា​ភិក្ខុ​មិនមានអហង្ការទិដ្ឋិ មមង្ការ​តណ្ហា ​និង​មានានុស័យ ក្នុងកាយ​ប្រកប​ដោយ​វិញ្ញាណនេះផង មិនមាន​អហង្ការទិដ្ឋិ ​មមង្ការតណ្ហា​ និង​មានានុស័យ ក្នុង​និមិត្ត​ទាំងអស់​ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និង​មានានុស័យ ​មិនមាន​ដល់​ភិក្ខុ ដែល​បាន​ចេតោ​វិមុត្តិ និង​បញ្ញាវិមុត្តិណា ភិក្ខុ​រមែង​បាន​ នូវចេតោវិមុត្តិ​ និង​បញ្ញាវិមុត្ត​នោះ​ សម្រេច​សម្រាន្ត​នៅ។ ម្នាល​សារីបុត្ត ភិក្ខុនេះ​ តថាគត​ហៅថា​ បាន​ផ្ដាច់ផ្ដិល នូវ​តណ្ហា គាស់​រំលើង​ នូវ​សំយោជនៈ បានធ្វើនូវ​ទីបំផុត​ទុក្ខ ​ព្រោះ​ត្រាស់​ដឹង ​នូវ​កិរិយា​លះ​បង់​មានះ ដោយ​ឧបាយ​ដ៏​ល្អ ម្នាល​សារីបុត្ត​ ពាក្យ​ថា

តថាគត​ សំដែង​នូវ​ការ​លះ​បង់កាម​សញ្ញា ​និង​ទោម​នស្សទាំង​ពីរ​ផង នូវ​ការ​បន្ទោបង់​ថីនៈ​ផង នូវ​ការ​ហាមឃាត់​កុក្កុច្ចៈ​ផង នូវ​ធម៌​ដ៏​ស្អាត ដោយ​ឧបេក្ខា ​និង​សតិផង នូវ​ប្រធាន​នៃ​សេចក្ដី​ត្រិះ​រិះ​ធម៌​ផង នូវ​ការ​រួច​ស្រឡះ ដោយ​អរហត្ត​ផលផង ថា​ជា​ការ​ទំ​លាយ​បង់ ​នូវ​អវិជ្ជា ដូច្នេះ​នេះ ដែល​តថាគត​ពោល​ហើយ ក្នុង​ឧទយ្យញ្ហា ​បារាយនវគ្គ សំដៅ​ហេតុ​នេះ​ឯង។

(និទានសូត្រ ទី៤)

(៤. និទានសុត្តំ)

[៣៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត ៣​នេះ ​ជា​ហេតុ​ឲ្យកើត​កម្ម។ ធម្មជាត​៣ តើ​ដូចម្ដេច។ គឺ​លោភៈ ជា​ហេតុ​ឲ្យ​កម្ម​ ១ ទោសៈ ជាហេតុ​ឲ្យ​កើត​កម្ម ​១ មោហៈ ជា​ហេតុ​ឲ្យ​កើត​កម្ម ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា​ ដែល​បុគ្គល​ធ្វើ​ព្រោះ​លោភៈ កើត​អំពី​លោភៈ មាន​លោភៈ​ជាហេតុ មាន​លោភៈ​ជា​ដែន​កើត អត្តភាព​បុគ្គល​នោះ​ កើត​ក្នុង​ទីណា កម្ម​នោះ ​រមែងឲ្យផល​ក្នុង​ទីនោះ កម្ម​នោះ​ឲ្យផល​ក្នុង​ទីណា បុគ្គល​រមែង​ទទួល​ផល ​នៃកម្ម​នោះ ក្នុង​ទីនោះ គឺ​អត្ត​ភាព​ជា​បច្ចុប្បន្ន ឬ​អត្ត​ភាព ​ដែល​កើត​បន្ទាប់ ឬអត្ត​ភាព​ដទៃ ​ដែល​អន្ទោល​តទៅ​ទៀត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា ដែល​បុគ្គល​ធ្វើ​ហើយ​ ព្រោះ​ទោសៈ កើត​អំពី​ទោសៈ មាន​ទោសៈជា​ហេតុ មាន​ទោសៈ​ជា​បច្ច័យ អត្ត​ភាព​របស់​បុគ្គល​នោះ កើត​ក្នុង​ទីណា កម្ម​នោះ រមែង​ឲ្យផល​ក្នុង​ទី​នោះ កម្ម​នោះ ​ឲ្យ​ផល​ក្នុង​ទីណា បុគ្គល​រមែង​ទទួល​ផលរបស់​កម្ម​នោះ ក្នុង​ទី​នោះ គឺ​អត្ត​ភាព​ ជា​បច្ចុប្បន្ន​ក្ដី អត្ត​ភាព ​ដែល​កើតបន្ទាប់​ក្ដី អត្តភាព​ដទៃ ​ដែល​អន្ទោល​តទៅ​ទៀត​ក្ដី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្មណា ដែល​បុគ្គល​ធ្វើ​ដោយ​មោហៈ កើត​អំពី​មោហៈ មាន​មោហៈជាហេតុ មាន​មោហៈ​ជា​បច្ច័យ អត្ត​ភាព​របស់​បុគ្គល​នោះ កើត​ក្នុង​ទីណា កម្ម​នោះ ​រមែង​ឲ្យ​ផល​ក្នុង​ទីនោះ កម្ម​នោះ​ រមែង​ឲ្យ​ផល​ ក្នុងទីណា បុគ្គល​រមែង​ទទួល​ផល របស់​កម្ម​នោះ ក្នុង​ទីនោះ គឺ​អត្តភាព​ ជា​បច្ចុប្បន្នក្ដី អត្ត​ភាព​ដែល​កើត​បន្ទាប់​ក្ដី អត្តភាព​ដទៃ​ដែល​អន្ទោល​តទៅ​ទៀត​ក្ដី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ពូជ ​ដែល​មិន​បែក មិន​ស្អុយ មិន​ខូច ដោយ​ខ្យល់ ​និង​កំដៅ​ថ្ងៃ ប្រកប​ដោយ​ខ្លឹម​សារ (ជា​គ្រាប់​មាន​សាច់ពេញ​លេញ) គេ​ទុក​ដាក់​ស្រួលបួល ដែល​បុគ្គល​សាប​ព្រោះ ​លើទី​ដែល​ភ្ជួររាស់​ល្អ ក្នុង​ស្រែ​មាន​ជីរជាតិ ភ្លៀង​សោត​ ក៏​ផ្ដល់​ធារ​ទឹកដោយ​ស្រួល ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ពូជ​ទាំង​នោះ​ សម​ប្រកប​យ៉ាងនេះ ដល់​នូវ​ការ​លូតលាស់ ដុះ​ដាល​បែក​គុម្ព យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ ព្រោះ​លោភៈ កើត​អំពី​លោភៈ មាន​លោភៈ​ជាហេតុ មាន​លោភៈ​ជាបច្ច័យ អត្ត​ភាព​របស់​បុគ្គល​នោះ​កើតក្នុង​ទីណា កម្ម​នោះ​ រមែង​ឲ្យ​ផល ក្នុង​ទីនោះ កម្ម​នោះ​ ឲ្យ​ផល​ក្នុង​ទីណា បុគ្គល​រមែង​ទទួល​ផល ​របស់​កម្ម​នោះ ​ក្នុង​ទីនោះ គឺ​អត្ត​ភាព​ ក្នុង​បច្ចុប្បន្នក្ដី អត្ត​ភាព​ដែល​កើត​បន្ទាប់ក្ដី អត្ត​ភាព​ដទៃ​ ដែល​អន្ទោល​តទៅក្ដី។ កម្ម​ណា ដែល​បុគ្គល​ធ្វើ​ ព្រោះ​ទោសៈ​។ ​បេ។ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ​ ព្រោះ​មោហៈ​។ ​បេ​។ ក្នុង​អត្តភាព​ដទៃ​ ដែល​អន្ទោល​តទៅ​ក្ដី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត​៣នេះ​ឯង ជា​ហេតុ​ឲ្យ​កើត​កម្មទាំង​ឡាយ ក៏យ៉ាង​នោះដែរ។

[៣៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត ៣នេះ ជាហេតុ​ឲ្យ​កើតកម្ម​ទាំង​ឡាយ។ ធម្មជាត​៣ តើដូចម្ដេច។ គឺ​អលោភៈ ជាហេតុ​ឲ្យ​កើត​កម្ម​ទាំង​ឡាយ ១ អទោសៈ ជាហេតុ​ឲ្យកើត​កម្ម​ទាំងឡាយ​ ១ អមោហៈ ជាហេតុឲ្យ​កើត​កម្ម​ទាំង​ឡាយ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា​ ដែល​បុគ្គល​ធ្វើ ព្រោះ​អលោភៈ កើត​អំពីអលោភៈ មាន​អលោភៈជា​ហេតុ មាន​អលោភៈជា​បច្ច័យ បើ​សេចក្ដីលោភ មិន​មាន​ហើយ កម្ម​នោះ ​ឈ្មោះថា បុគ្គល​បាន​លះ​បង់​យ៉ាង​នេះ ជាកម្ម​មាន​ឫស​គល់ ផ្ដាច់ផ្ដិល​ហើយ ធ្វើមិន​ឲ្យ​ដុះ​ទៀត​បាន ដូច​ជាត្នោតកំបុតក ធ្វើ​មិន​ឲ្យ​មាន​ពូជ ជាកម្ម​មិនកើត តទៅ​ទៀត​ជាធម្មតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ​ ព្រោះ​អទោសៈ កើត​អំពីអទោសៈ ​មាន​អទោសៈ​ជាហេតុ មាន​អទោសៈជា​បច្ច័យ កាល​បើ​ទោសៈ មិនមានហើយ កម្ម​នោះ​ឈ្មោះថា បុគ្គល​បាន​លះ​បង់​យ៉ាង​នេះ ជាកម្មមានឫស​ផ្ដាច់​ផ្ដិល​ហើយ ធ្វើ​មិនឲ្យ​ដុះ​ទៀតបាន ដូច​ជាត្នោត​កំបុតក ធ្វើមិន​ឲ្យមាន​ពូជ ជាកម្ម​មិន​កើត​តទៅ​ទៀត ជាធម្មតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្មណា ​ដែល​បុគ្គល​ធ្វើ​ព្រោះ​អមោហៈ កើត​អំពី​អមោហៈ​ មាន​អមោហៈ ជាហេតុ មាន​អមោហៈ​ ជា​បច្ច័យ កាល​បើអ​មោហៈ​មិន​មាន​ហើយ កម្មនោះ ឈ្មោះ​ថា បុគ្គល​បាន​លះ​បង់​ហើយ​ យ៉ាង​នេះ ជា​កម្ម​មាន​ឫស​គល់​ផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យ​ដុះ​ទៀត​បាន ដូច​ជា​ត្នោត​កំបុតក ធ្វើ​ឲ្យវិនាស ជាកម្មមិនកើត​តទៅ​ទៀត​ជាធម្មតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ពូជ​ ដែលមិន​បែក មិន​ស្អុយ មិន​វិនាស​ដោយ​ខ្យល់ ​និង​កំដៅ​ថ្ងៃ ប្រកប​ដោយ​ខ្លឹមសារ គេ​ទុក​ដាក់​ល្អ ​បុរស​គប្បី​ដុត ​នូវ​ពូជ​នោះ​ ដោយ​ភ្លើង ដុត​ដោយ​ភ្លើង​រួចហើយ ធ្វើ​ជា​ធ្យូង​ម៉ត់ ធ្វើ​ជា​ធ្យូង​ម៉ត់រួច​ហើយ ក៏​បាច​ទៅ​ក្នុង​ខ្យល់​ដ៏ខ្លាំង​ក្ដី បណ្ដែត​ក្នុង​ស្ទឹង ​ដែល​មាន​ខ្សែ​ទឹក​ហូរ​ត្របាញ់​ក្ដី ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ពូជាទាំង​នោះ ​ត្រូវ​គេ​បំ​ផ្លាញយ៉ាង​នេះ ​មុខ​ជា​នឹងមាន​កំណើត​ផ្ដាច់ផ្ដិល ធ្វើ​មិន​ឲ្យកើត​ទៀត​បាន ​ដូច​ជា​ត្នោត​កំបុតក ធ្វើ​ឲ្យ​វិនាស ​ជា​ពូជមិនកើត​តទៅ​ទៀត ​ជា​ធម្មតា ​យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ យ៉ាង​នោះ​ដែរ​ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ ​ព្រោះ​អលោភៈ កើត​អំពី​អលោភៈ មាន​អលោភៈ ជាហេតុ មាន​អលោភៈ​ ជាបច្ច័យ កាល​បើ​លោភៈ​ មិនមាន​ហើយ កម្មនោះ ​ឈ្មោះ​ថា​ បុគ្គល​បានលះ​បង់​ហើយ យ៉ាង​នេះ ជាកម្ម​មាន​ឫស​គល់​ផ្ដាច់ផ្ដិល​ហើយ ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន ដូច​ជាត្នោត​កំ​បុត​ក ធ្វើ​ឲ្យ​វិនាស ជាកម្មមិន​កើត​តទៅ​ទៀត​ជាធម្មតា។ កម្ម​ណា​ ដែល​បុគ្គល​ធ្វើ​ ព្រោះ​អទោសៈ។ ​បេ​។ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ​ ព្រោះ​អមោហៈ។ ​បេ។ ធ្វើ​ឲ្យ​វិនាស ជា​កម្មមិន​កើត​ត​ទៅ​ទៀត​ ជា​ធម្មតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត​៣ នេះឯង ជា​ហេតុឲ្យ​កើត​កម្ម​ទាំង​ឡាយ។

បុគ្គល​ពាល​ជា​អ្នក​មិន​ដឹង​ច្បាស់​នូវ​កម្ម ដែល​កើត​អំពី​លោភៈ​ផង កើត​អំពី​ទោសៈ​ផង កើត​អំពី​មោហៈ​ផង កម្ម​ណា ​ដែល​បុគ្គល​នោះ​ធ្វើ​ហើយ ទោះ​តិច​ក្ដី ច្រើន​ក្ដី បុគ្គល​នោះ​ ត្រូវ​រង​កម្ម​នោះ ក្នុង​អត្តភាព​នេះឯង វត្ថុ​ដទៃ មិនមាន​ទេ ហេតុ​នោះ ភិក្ខុ (ណា) ជា​អ្នក​ដឹង​ (រមែងមិន​ធ្វើ​នូវ​កម្ម ​ដែល​កើត​អំពី​) លោភៈផង ទោសៈផង មោហៈ​ផង (ភិក្ខុ​នោះ​) ​ឈ្មោះ​ថា ​ញុំាង​វិជ្ជា​ ឲ្យ​កើត​ឡើង ហើយ​លះ​បង់ ​នូវ​ទុគ្គតិ​ទាំង​អស់​បាន។

(ហត្ថកសូត្រ ទី៥)

(៥. ហត្ថកសុត្តំ)

[៣៦] សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់​លើ​កម្រាល​ស្លឹក​ឈើ ដែល​ជ្រុះ​ក្នុង​ព្រៃ​ឆ្នង់ ជិត​ផ្លូវ​គោ ក្នុង​ដែន​អាឡវី។ លំ​ដាប់​នោះ​ឯង ​ព្រះរាជ​កុមារ​ ព្រះ​នាម​ហត្ថកអាឡ​វក ត្រាច់​ទៅ​មក ​ដើម្បី​សម្រួល​ព្រះ​ជង្ឃា ក៏បាន​ឃើញ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់​លើ​កម្រាល​ស្លឹក​ឈើ ​ក្នុង​ព្រៃ​ឆ្នង់ ​ជិតផ្លូវ​គោ ​លុះ​ឃើញ​ហើយ ក៏​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគហើយ ​គង់​ក្នុង​ទី​សម​គួរ។ លុះ​ហត្ថកអាឡវក គង់​ក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ផ្ទំ​ស្រួល​ទេ​ឬ។ ម្នាលកុមារ យ៉ាង​ហ្នឹង​ហើយ តថាគត​ បា​ន​សិង​ស្រួល​ហើយ ពួក​ជន​ណា ​ដេកស្រួល​ក្នុង​លោក បណ្ដា​ជន​ទាំង​នោះ តថាគត​ ក៏​ជា​អ្នក​សិង​ស្រួលមួយនឹង​គេ​ដែរ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន រាត្រី​ក្នុង​ហេមន្ត​រដូវ​ ត្រជាក់ កាលក្នុង​ ៨​ថ្ងៃ​ ជា​ចន្លោះ (ខែ​មាឃ​ និង​ខែ​ផល្គុន​) ជា​សម័យ​ធ្លាក់​ទឹក​សន្សើម ផែន​ដី​ដែល​ត្រូវ​ក្រចក​ជើង​គោ ជាន់​ខូង​រដិបរដុប ក៏រឹង កម្រាល​ស្លឹកឈើ ក៏​ស្ដើង អស់​ទាំង​ស្លឹក​ឈើ​ ក៏រង្វើល សំពត់​កាសាយៈ ​ក៏​ត្រជាក់ ​ខ្យល់​វល់ ដ៏ត្រជាក់ ​ក៏​បក់​មក កាល​បើ​យ៉ាង​ហ្នឹង ម្ដេចក៏​ព្រះ​មាន​ព្រះ​ភាគ ត្រាស់​យ៉ាងនេះ​ថា ម្នាល​កុមារ យ៉ាង​ហ្នឹង​ហើយ តថាគត ​បាន​សិង​ស្រួល​ហើយ។ ពួក​ជន​ណា ​ដេក​ស្រួល​ក្នុង​លោក បណ្ដាជន​ទាំង​នោះ​ តថាគត​ ក៏​ជាអ្នក​សិងស្រួល​មួយ​នឹង​គេ​ដែរ។ ម្នាល​កុមារ បើដូច្នោះ តថាគត​នឹង​សួរអ្នក​ ក្នុងដំណើរ​នុ៎ះ ថា​បើ​អ្នក​គាប់​ចិត្ត​យ៉ាង​ណា គប្បី​ព្យាករ​ នូវ​ដំណើរ​នោះ​ យ៉ាងនោះ​ចុះ។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ​ដូចម្ដេច គហបតី ​ឬគហបតិបុត្រ​ ក្នុង​លោក​នេះ មាន​ផ្ទះ​កំពូល​ បូក​លាប​ខាង​ក្នុង​ ទាំង​បូក​លាប​ខាង​ក្រៅ ខ្យល់​ចូល​មិន​រួច មាន​ទ្វារ​ដ៏​ជិត មាន​បង្អួច​បិទ​ជិត​ ក្នុង​ផ្ទះ​នោះ មាន​បល្ល័ង្កក្រាល​ដោយ​កម្រាល​គោណកៈ ក្រាល​ដោយ​កម្រាល​បដិកៈ ក្រាលដោយកម្រាល​បដលិកៈ​ មាន​កម្រាល​ដ៏​ប្រសើរ ជាវិការ​នៃ​ស្បែក​ឈ្មុស1) ​ មានខ្នើយ​ក្រហម​ទាំង​ពីរ​ខាង ព្រមទាំង​ពិតាន​ក្រហម​ ទាំង​ប្រទីប​ប្រេង​ ក៏​ឆេះ​ភ្លឺក្នុង​ផ្ទះ​នោះ មាន​ប្រពន្ធ​៤​នាក់ នៅ​ផ្គត់​ផ្គង់​បម្រើ ដោយ​សេចក្ដី​គាប់ចិត្ត។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ ​ដូច​ម្ដេច បុគ្គល​នោះ ​គួរ​ដេក​ជាសុខ​ ឬទេ ឬ​អ្នកមាន​សេចក្ដី​យល់ ក្នុង​ដំណើរ​នុ៎ះ​ ដូច​ម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏​ចំ​រើន បុគ្គល​នោះ​ គួរ​ដេក​ជាសុខ ពួក​ជនណា ​ដេក​ជា​សុខ ក្នុងលោក បណ្ដា​ជន​ទាំង​នោះ អ្នក​នោះ​ ជាអ្នក​ដេក​ជា​សុខ​មួយ​នឹង​គេដែរ។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ ដូចម្ដេច គហបតី ឬ​គហបតិបុត្រ​នោះ កើត​សេច​ក្ដី​រសាប់​រសល់ ​ផ្សាយ​ទៅ​ក្នុង​កាយ ​ក្នុង​ចិត្ត ដែល​បណ្ដាល​អំ​ពីរាគៈ គហបតី​ ឬ​គហបតិបុត្រ​នោះ ត្រូវ​សេច​ក្ដី​រសាប់​រសល់ ​ដែល​បណ្ដាលអំ​ពី​រាគៈ​ណា រោល​រាល តើ​ត្រូវ​ដេក​ជា​ទុក្ខ​ ឬទេ។ យ៉ាង​នឹង​ហើយ ព្រះ​អង្គ។ ម្នាល​កុមារ គហបតី ​ឬ​គហបតិ​បុត្រ​នោះ ​ត្រូវ​សេចក្ដី​រសាប់​រសល់ ដែល​បណ្ដាល​អំ​ពី​រាគៈណា រោល​រាល​ ត្រូវ​ដេក​ជា​ទុក្ខ រាគៈ​នោះ តថាគត​ បាន​លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​ហើយ ធ្វើ​មិន​ឲ្យ​កើតទៀត ដូច​ជា​ត្នោត​កំ​បុត​ក ធ្វើ​ឲ្យ​វិនាស​ មិន​ឲ្យមាន​ទី​កើត​តទៅទៀត ​ជាធម្មតា ហេតុ​នោះ ​ទើប​តថាគត​បាន​សិង​ជា​សុខ ម្នាល​កុមារ អ្នក​សំ​គាល់ហេតុ​នោះ ​ដូច​ម្ដេច គហបតី ​ឬគហបតិបុត្រ​ កើត​សេចក្ដី​រសាប់​រសល់ ដែលបណ្ដាល​អំ​ពី​ទោសៈ។ បេ​។ កើត​សេច​ក្ដី​រសាប់​រសល់​ផ្សាយ​ទៅ​ក្នុង​កាយ ក្នុង​ចិត្ត ដែល​បណ្ដាល​អំពី​មោហៈ បុគ្គល​នោះ ​ត្រូវ​សេចក្ដី​រសាប់​រសល់ ដែល​បណ្ដាល​អំពី​មោហៈណា រោល​រាល តើ​ត្រូវ​ដេក​ជា​ទុក្ខ ​ឬ​ទេ។ យ៉ាងហ្នឹង​ហើយ ​ព្រះ​អង្គ។ ម្នាល​កុមារ គហបតី ឬគហបតិបុត្រ​នោះ ត្រូវ​សេចក្ដីរសាប់​រសល់ ដែល​បណ្ដាល​អំពី​មោហៈ​ណា រោលរាល ត្រូវ​ដេក​ជា​ទុក្ខ មោហៈនោះ តថាគត​ លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិលឫស​គល់​ហើយ ធ្វើ​មិនឲ្យកើត​ទៀត ដូច​ជា​ត្នោតកំបុតក ធ្វើ​ឲ្យវិនាស មិនឲ្យ​មាន​ទី​កើត​តទៅទៀត ​ជា​ធម្មតា ហេតុ​នោះ ទើប​តថាគត ​បាន​សិង​ជា​សុខ។

អ្នក​ណា​មាន​បាប​បន្សាត់​ចោល រំលត់​ទុក្ខ​ហើយ រមែងដេក​ជា​សុខ​សព្វ​កាល បុគ្គល​ណា ​មិន​ជាប់​ជំពាក់ ​ក្នុងកាម​ទាំង​ឡាយ មាន​សេចក្ដី​ត្រជាក់ មិន​មាន​ឧបធិក្កិលេស បាន​ផ្ដាច់​បង់ ​នូវ​តណ្ហា​ទាំង​អស់ បន្ទោបង់​ នូវសេចក្ដី​ក្រវល់​ក្រ​វាយ ក្នុង​ហឫទ័យ បុគ្គល​ស្ងប់ រមែង​ដេក​ជា​សុខ​ ដល់​នូវ​ការ​ស្ងប់​ នៃចិត្ត​បាន។

(ទេវទូតសូត្រ ទី៦)

(៦. ទេវទូតសុត្តំ)

[៣៧] ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទូត​នេះ​ មាន​៣ ពួក។ ទេវទូត៣ពួក តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ខ្លះ ​ក្នុង​លោកនេះ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិតដោយ​វាចា ប្រព្រឹត្តទុច្ចរិតដោយ​ចិត្ត។ បុគ្គល​នោះ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្តហើយ លុះ​បែក​ធ្លាយ​រាងកាយ​ ស្លាប់ទៅ​ខាង​មុខ តែង​កើត​ក្នុង​ប្រេត អសុរកាយ តិរច្ឆាន នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល ចាប់​បុគ្គល​នោះ ​ត្រង់​ដើមដៃ​ទាំងពីរ នាំទៅថា្វយ​ដល់​យមរាជ ​ដោយ​ពាក្យ​ថា បពិត្រ​លោក បុរស​នេះ ​ប្រព្រឹត្ត​ខុសក្នុងមាតា ប្រព្រឹត្ត​ខុស​ក្នុង​បិតា ប្រព្រឹត្ត​ខុស ​ក្នុង​សមណៈ ប្រព្រឹត្ត​ខុស ក្នុងខីណាសវ​ព្រាហ្មណ៍ មិន​កោត​ខ្លាច​បុគ្គលជា​ធំ​ក្នុង​ត្រកូល សូម​លោក​ដាក់អាជ្ញា ​ដល់​បុរស​នេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ដេញដោល ​ចោទសាក​សួរ​ទេវទូត ​ទី១ ចំ​ពោះ​បុរស​នោះថា ម្នាល​បុរស​ដ៏​ចំរើន អ្នកបានឃើញ​ទេវទូត ​ទី១ ដែល​កើត​ប្រាកដ ​ក្នុងពួក​មនុស្ស​ឬទេ។ បុរស​នោះ ក៏ក្រាប​ទូល​ យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ ​មិន​បាន​ឃើញទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជ ពោល​ទៅ​នឹងបុរស​នោះ យ៉ាង​នេះថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញ​ស្រី ​ឬ​ប្រុស ​ដែល​អាយុ​៨០​ក្ដី អាយុ​៩០​ក្ដី អាយុ១០០ឆ្នាំ​ក្ដី គ្រាំ​គ្រា​ដោយ​ជាតិ ទោរ​ដូច​ជា​បង្កង់ មាន​ខ្នងកោង មាន​ឈើច្រត់​នាំមុខ ដើរ​រញីរញ័រ រសាប់​រសល់​ព្រោះ​ជរា មាន​វ័យ​កន្លង​ហើយ ធ្មេញ​បាក់ សក់​ស្កូវ​ មាន​ក្បាល​ឆក មាន​ក្បាលទំពែក មាន​ស្បែក​ជ្រីវ មាន​ខ្លួន​ដាស ​ដោយ​ប្រជ្រុយ ក្នុង​ពួក​មនុស្ស​ដែរឬទេ។ បុរស​នោះ​ក្រាប​បង្គំ​ទូល ​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំព្រះ​អង្គ ​បាន​ឃើញ​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ ពោល​នឹងបុរស​នោះ​ យ៉ាង​នេះ​ថា នែ​បុរស​ដ៏​ចំរើន អ្នក​ឯង​ជា​មនុស្ស​ដឹង​ក្ដី មានស្មារតី​ចាស់ហើយ តែ​មិ​ន​មាន​គំនិត​យ៉ាងនេះ​ថា អាត្មា​អញ​ ក៏មាន​សេចក្ដីគ្រាំគ្រាជា​ធម្មតា មិនកន្លង​សេចក្ដី​គ្រាំ​គ្រា​បាន​ឡើយ បើ​ដូច្នោះ​ គួរ​អាត្មាអញ ធ្វើ​សេចក្ដី​ល្អ​ដោយកាយ​ វាចា​ ចិត្ត។ បុរស​នោះ ​ក្រាប​បង្គំ​ទូល​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​មិន​អាច (នឹក​ឃើញ​ទៅហើយ) បពិត្រព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ ​បាន​ជា​ប្រហែស​ទៅ​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជ​ពោល​នឹង​បុរស​នោះ​ យ៉ាង​នេះថា នែ​បុរស​ដ៏​ចំ​រើន អ្នក​មិនបានធ្វើ​ នូវ​អំពើ​ល្អ​ ដោយ​កាយ វាចា ចិត្ត ព្រោះ​តែ​សេចក្ដី​ប្រហែស ម្នាលបុរស​ដ៏ចំរើន ពួក​និរយបាល​ នឹង​ធ្វើ​ទោស​អ្នក តាម​អំពើ​ ដែល​អ្នក​ប្រហែសហើយ​នោះឯង អំ​ពើ​បាប​នោះឯង មិន​មែន​មាតា​ធ្វើ មិន​មែន​បិតា​ធ្វើ មិនមែន​បង​ប្អូន​ប្រុស​ធ្វើ មិន​មែន​បង​ប្អូន​ស្រី​ធ្វើ មិន​មែន​ពួកមិត្ត​ និង​អាមាត្យធ្វើ មិនមែន​ពួក​ញាតិ​និង​សាលោហិត​ធ្វើ មិន​មែន​ពួក​ទេវតា​ធ្វើ មិន​មែនពួក​សមណៈ និង​ព្រាហ្មណ៍​ធ្វើ​ទេ អំ​ពើ​អាក្រក់​នោះ​ អ្នក​ឯង​ ធ្វើ​ជា​ប្រាកដ អ្នកឯង​នឹង​ទទួល​ផល ​នៃ​អំ​ពើ​អាក្រក់​នោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជដេញ​ដោល ​ចោទ​សាក​សួរ​ទេវទូត​ ទី​១ ចំ​ពោះ​បុរស​នោះ​ហើយ ក៏ដេញដោល​ ចោទ​សាក​សួរ​ទេវទូត ​ទី២ ថា នែ​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញទេវទូត ​ទី២ កើតប្រាកដ ​ក្នុង​ពួក​មនុស្ស​ឬទេ។ បុរស​នោះ​ក្រាប​បង្គំ​ទូល យ៉ាង​នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ ​មិន​បាន​ឃើញ​ទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ពោល​នឹង​បុរស​នោះ ​យ៉ាង​នេះថា ម្នាល​បុរសដ៏ចំរើន អ្នក​បាន​ឃើញ​ស្រី​ក្ដី ប្រុស​ក្ដី មាន​អាពាធ​ ដល់​នូវ​សេចក្ដី​ទុក្ខ ឈឺធ្ងន់ ដេក​ច្របល់​ក្នុង​មូត្រ​ និង​ករីស​ខ្លួន ដែល​ពួក​ជន​ដ​ទៃ​ គ្រាហ៍​ឲ្យ​ក្រោក ពួក​ជន​ដ​ទៃ ​ផ្ដេក​ឲ្យ​ដេក​ក្នុង​ពួក​មនុស្ស​ដែរឬ​ទេ។ បុរស​នោះ ​ក្រាប​បង្គំ​ទូលយ៉ាង​នេះថា ​បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ ​បាន​ឃើញ​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ពោលនឹង​បុរស​នោះ​ យ៉ាង​នេះ​ថា ម្នាល​បុរសដ៏​ចំរើន អ្នក​ឯង​ជាមនុស្ស​ដឹង​ក្ដី ​ចាស់​ហើយ ក៏​នៅ​តែ​ឥត​មាន​គំនិត ​ដូច្នេះថា អញ​មាន​ព្យាធិ​ ជាធម្មតា មិន​កន្លង​ព្យាធិបាន​ឡើយ គួរ​តែ​អាត្មា​អញ ធ្វើ​ល្អ​ដោយ​កាយ វាចា ចិត្ត។ បុរស​នោះ ក្រាប​បង្គំ​ទូល យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះអង្គ​ បាន​ជា​មិន​អាច (នឹក​ឃើញ​ទៅ​ហើយ) បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ​ បាន​ជាប្រហែស​ទៅ​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជ​ ពោល​នឹង​បុរស​នោះ ​យ៉ាង​នេះ​ថា ម្នាល​បុរស​ដ៏ចំរើន អ្នក​មិន​បាន​ធ្វើ​កុសល ​ដោយ​កាយ វាចា ចិត្ត ព្រោះ​សេចក្ដី​ធ្វេសប្រ​ហែស នែ​បុរស​ដ៏​ចំរើន​ អើ​ពួក​និរយ​បាល​ នឹង​ធ្វើ​ទោស​អ្នក​ តាម​អំ​ពើដែលអ្នក​ប្រហែស​ហើយ​នោះ អំពើ​អាក្រក់​នោះ​ឯង មិនមែន​មាតាធ្វើ មិន​មែនបិតាធ្វើ មិនមែន​បង​ប្អូន​ប្រុស​ធ្វើ មិន​មែន​បង​ប្អូន​ស្រី​ធ្វើ មិន​មែន​ពួកមិត្ត និង​អាមាត្យធ្វើ មិនមែន​ពួក​ញាតិ​ និង​សាលោហិត​ធ្វើ មិន​មែន​ពួក​ទេវតា​ធ្វើ មិន​មែនពួក​សមណៈ និង​ព្រាហ្មណ៍​ធ្វើ​ទេ អំ​ពើ​អាក្រក់​នោះ​ អ្នក​ឯងធ្វើ​ជា​ប្រាកដ អ្នក​នឹង​ទទួល​ផល ​នៃ​អំ​ពើ​អាក្រក់​នោះ។ ម្នាល​ភិក្ខុទាំង​ឡាយ លុះ​យមរាជ ​ដេញ​ដោល ​ចោទសាក​សួរ​ទេវទូត ទី​២ ចំពោះ​បុរស​នោះហើយ ក៏​ដេញ​ដោល​ ចោទ​សាក​សួរ​ទេវទូត​ ទី​៣ ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញ​ទេវទូត ទី​៣ កើត​ប្រាកដ ​ក្នុង​ពួក​មនុស្ស​ខ្លះ​ឬទេ។ បុរស​នោះ ​ក្រាប​បង្គំ​ទូល​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ មិន​ឃើញ​ទេ។ ម្នាល​ភិក្ខុទាំង​ឡាយ យម​រាជ​ពោល​នឹង​បុរសនោះ ​យ៉ាង​នេះ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញ​ស្រី​ក្ដី ប្រុស​ក្ដី ដែល​ស្លាប់​ ១ថ្ងៃក្ដី ស្លាប់ ២​ថ្ងៃ​ក្ដី ស្លាប់​៣​ថ្ងៃ​ក្ដី ជាអសុភហើមប៉ោង​ មាន​សម្បុរខៀវ មានខ្ទុះ​ហូរចេញ ក្នុង​ពួក​មនុស្ស​ដែរ​ឬ​ទេ។ បុរស​នោះ ​ក្រាប​បង្គំ​ទូល យ៉ាង​នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ​ ​បាន​ឃើញហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ យម​រាជ​ ពោលនឹង​បុរស​នោះ​ យ៉ាង​នេះ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​ឯង​ជា​មនុស្ស​ដឹង​ក្ដី ចាស់​ហើយ នៅ​តែ​មិន​មាន​សេច​ក្ដី​ត្រិះ​រិះ​ ដូច្នេះថា អាត្មា​អញ ​មាន​សេច​ក្ដីស្លាប់ ​ជា​ធម្មតា មិនកន្លង​សេចក្ដី​ស្លាប់​ទៅបាន គួរ​តែ​អាត្មា​អញ ​ធ្វើ​ល្អដោយ​កាយ វាចា ចិត្ត។ បុរស​នោះ ​ក្រាប​បង្គំ​ទូល​ យ៉ាង​នេះ​ថា បពិត្រព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​ បាន​ជា​មិន​អាច (នឹក​ឃើញ​ទៅហើយ) បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ ​បាន​ជា​ប្រហែស​ធ្វេស​ទៅហើយ។ ម្នាល​ភិក្ខុ​ទាំង​​ឡាយ យម​រាជ​ ពោល​នឹង​បុរស​នោះ​ យ៉ាង​នេះថា ម្នាល​បុរស​ដ៏​ចំ​រើន អ្នក​មិន​បាន​ធ្វើ​កុសល​ ដោយ​កាយ វាចា ចិត្ត ព្រោះ​សេចក្ដី​ប្រហែសធ្វេស អើ​បុរស​ដ៏​ចំរើន មុខ​ជា​ពួក​និរយ​បាល នឹងធ្វើ​ទោស​អ្នក​ តាម​អំពើដែល​អ្នក​ប្រហែស​ហើយ​នោះ អំ​ពើ​អាក្រក់​នោះ​ឯង មិន​មែន​មាតា​ធ្វើ មិន​មែន​បិតា​ធ្វើ មិន​មែន​បង​ប្អូន​ប្រុស​ធ្វើ មិន​មែន​បង​ប្អូន​ស្រី​ធ្វើ មិន​មែន​ពួកមិត្ត និង​អាមាត្យធ្វើ មិនមែន​ពួក​ញាតិ ​និង​សាលោហិត​ធ្វើ មិន​មែន​ពួក​ទេវតា​ធ្វើ មិន​មែនពួក​សមណៈ ព្រាហ្មណ៍​ធ្វើ​ទេ ប្រាកដជាអ្នកឯង ធ្វើអំ​ពើ​អាក្រក់​នោះ​ អ្នកឯង​នឹង​ទទួលយក​ផល​ នៃ​អំ​ពើ​អាក្រក់​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​យម​រាជ ដេញ​ដោល ​ចោទ​សាក​សួរ​ទេវទូត​ ទី​៣ ហើយ ​ក៏​ស្ងៀម។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួកនិរយ​បាល ​ធ្វើ​កម្មករណ៍ ដែលហៅ​ថា​ ចំ​ណង​៥​ប្រការ ​ចំ​ពោះ​បុរស​នោះ ​គឺ​បោះ​ដែក​គោល​ដ៏​ក្ដៅ ​ទៅ​ត្រង់​ដៃ បោះ​ដែក​គោល​ដ៏​ក្ដៅ​ ទៅ​ត្រង់​ដៃទី២​បោះដែក​គោល​ដ៏​ក្ដៅ ​ទៅ​ត្រង់​ជើង បោះដែក​គោល​ដ៏​ក្ដៅ ទៅ​ត្រង់ជើង​ទី​ពីរ​បោះដែក​គោល​ដ៏​ក្ដៅ ត្រង់​កណ្ដាល​ទ្រូង។ បុរស​នោះ ​ទទួល​វេទនា​ដ៏​ក្លា ក្ដៅ​ក្រហាយ ក្នុង​នរក​នោះ អំ​ពើ​អាក្រក់នោះ​មិន​ទាន់​អស់ ដរាប​ណា មិន​ទាន់​ធ្វើ​មរណកាល ដរាបនោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ពួក​និរយ​បាល ​ផ្ដេក​បុរស​នោះ ចាំង​ដោយ​ដឹង​ទាំង​ឡាយ។ បុរស​នោះ ក៏​ទទួល​ទុក្ខ​វេទនា ​ដ៏ក្លា​រឹង ផ្សាខ្លោច ក្នុង​នរក​នោះ អំ​ពើអាក្រក់​នោះ​ មិន​ទាន់​អស់ ដរាបណា មិនទាន់​ធ្វើ​មរណ​កាល​ដរាបនោះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​និរយបាល ចាប់​បុរស​នោះ ​បញ្ឈរ ឲ្យមាន​ជើងឡើង​លើ ក្បាល​ចុះ​ក្រោម​ ច្រាស់​នឹង​កាំបិតព្រា​ទាំង​ឡាយ… ម្នាល​ភិក្ខុទាំង​ឡាយ ពួក​និរយ​បាល ​ទឹម​បុរស​នោះ​នឹង​រថ ​បរ​ទៅ​មក​លើ​ផែន​ដី ​ដែលមាន​ភ្លើង​ឆេះ រុង​រឿង​សន្ធោ​សន្ធៅ…​ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​និរយបាល ​ឲ្យ​បុរស​នោះ ឡើង​ចុះ​ភ្នំ​រងើក​ភ្លើង​ដ៏ធំ ដែល​ភ្លើង​កំពុង​ឆេះ​ច្រាលឆ្អៅ​ សន្ធោសន្ធៅ… ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល ចាប់​បុរស​នោះបញ្ឈរ​ជើង​ឡើង​លើ ក្បាលចុះ​ក្រោម បោះទៅ​ក្នុង​ខ្ទះ​លោហៈ​ដ៏ក្ដៅ ដែល​ឆេះ​ច្រាល​ឆ្អៅ​សន្ធោសន្ធៅ។ បុរស​នោះ ត្រូវ​បាប​កម្ម​ស្ងោរ​ នៅក្នុង​ខ្ទះ​លោហៈនោះ ផុល​ឡើង​ដូច​ជា​ពពុះទឹក។ កាល​បុរស​នោះ ត្រូវ​បាប​កម្ម​ស្ងោរ​ នៅ​ក្នុង​ខ្ទះ​លោហៈ​នោះ ផុល​ឡើង ដូច​ជា​ពពុះ​ទឹក ជួនណា​ពុះ​ខ្ជោល​ឡើង​លើ​ម្ដង លិច​ចុះ​ក្រោមម្ដង ជួនណា​ទៅទទឹង​ម្ដង។ បុរស​នោះ ក៏​ទទួល​វេទនា​ជា​ទុក្ខ​​ដ៏ក្លា​រឹង ក្ដៅក្រហាយ ក្នុងនរក​នោះ អំពើ​អាក្រក់មិន​ទាន់​អស់ ដរាបណា ក៏​មិន​ទាន់​ធ្វើ​មរណកាល ​ដរាបនោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ទើប​ពួក​និរយបាល បោះបុរស​នោះ​ ទៅក្នុង​មហានរក ​(មហាអវីចិ)។ ម្នាលភិក្ខុ​ទាំង​ឡាយ ឯ​មហា​នរក​នោះឯង

មាន​ជ្រុង​៤ មាន​ទ្វា​រ៤ ដែល​កម្ម​ចែក​ហើយ ដោយចំណែក វាស់ដោយ​ចំណែក មាន​កំពែង​ដែក​ព័ទ្ធ​ជុំវិញ ប្រក់​ដោយ​ដែក ផែនដី​របស់​នរក​នោះ សុទ្ធ​តែ​ដែកច្រាល​ឆ្អៅ ប្រកបដោយ​ភ្លើង​ ផ្សាយ​ទៅអស់ ១០០យោជន៍​ជុំវិញ តាំង​នៅសព្វ​ៗ​កាល។

ម្នាលភិក្ខុ​ទាំងឡាយ ធ្លាប់​មាន​រឿង​មកថា យមរាជ មានសេចក្ដី​ត្រិះរិះ ដូច្នេះថា ម្នាល​អ្នក​ដ៏​ចំរើន ឮថា ​ពួក​សត្វណា ធ្វើ​អំពើ​អាក្រក់​ក្នុង​លោក ពួក​សត្វ​នោះ ត្រូវពួក​និរយ​បាល​ ធ្វើ​កម្មករណ៍​ផ្សេងៗ មាន​សភាព​យ៉ាងនេះ អើហ្ន៎ សូម​ឲ្យ​អាត្មា​អញ ​បាន​កើត​ជា​មនុស្ស សូម​ឲ្យ​ព្រះ​តថាគត​ អរហន្តសម្មាសម្ពុទ្ធ កើត​ក្នុង​លោក អាត្មា​អញ​សោត គប្បី​បាន​អង្គុយ​ជិត ព្រះដ៏​មាន​ព្រះ​ភាគ​នោះ គប្បី​សំដែង​ធម៌ អាត្មា​អញ គប្បី​យល់​ធម៌ របស់ព្រះ​ដ៏មាន​ព្រះ​ភាគនោះ។ ម្នាលភិក្ខុទាំង​ឡាយ តថាគត​ នឹង​បានឮនូវហេតុ​នោះ អំពី​សំ​ណាក់​ នៃ​សមណៈ ឬ​ព្រាហ្មណ៍​ដទៃ ហើយ​សំដែង យ៉ាង​នេះ​ក៏​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រាកដ​ជាតថាគត​ បាន​សំដែងហេតុនោះ​ឯង ដែល​តថាគត ​ដឹង​ដោយខ្លួន​ឯង ឃើញ​ដោយ​ខ្លួន​ឯង យល់ជាក់​ច្បាស់ ​ដោយ​ខ្លួន​ឯង។ មាណព​ណា ដែល​ទេវទូត​ដាស់​តឿន​ហើយ នៅតែប្រហែស​ធ្វេស មាណព នោះ ទៅ​កើត​ក្នុង​ពួក​ថោកទាប រមែង​សោក​សង្រេង​ អស់​រាត្រី​វែង។ នរជន​ណាជាសប្បុរស ស្ងប់​ទុក្ខ​ក្នុងលោក​នេះ ដែល​ទេវទូត​ ដាស់តឿន​ហើយ​ មិនប្រហែស​ធ្វេស​ ក្នុង​អរិយធម៌​ ក្នុង​កាល​ខ្លះ ឃើញ​ភ័យ​ ក្នុង​ឧបាទាន ជាដែន​កើត​នៃ​ជាតិ ​និង​មរណៈ រមែង​រួច​ស្រឡះ ព្រោះ​មិន​ប្រកាន់ ក្នុង​ការ​អស់​ជាតិ និង​មរណៈ នរ​ជន​នោះ ដល់​នូវ​សេចក្ដី​ក្សេម​ និង​សុខ រលត់​កិលេស ក្នុង​បច្ចុប្បន្ន កន្លង​បង់ ​នូវ​ពៀរ​និង​ភ័យទាំង​អស់ កន្លង​នូវ​សេចក្ដី​ទុក្ខ ទាំង​អស់​បាន។

(ចតុមហារាជសូត្រ ទី៧)

(៧. ចតុមហារាជសុត្តំ)

[៣៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​ថ្ងៃ​ទី​៨ ​នៃបក្ខ ពួក​អាមាត្យ ​ជាបរិសទ្យ​ របស់​ស្ដេច​ធំ​ ទាំង​៤ តែង​ដើរ​ត្រួត​លោក​នេះ ដោយ​គិត​ថា បណ្ដា​មនុស្ស​ទាំង​ឡាយ គង់​មាន​ពួក​មនុស្ស​ជា​ច្រើន ជា​អ្នក​គោរព​មាតា គោរពបិតា គោរព​សមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែងបុគ្គល​ជា​ធំ ក្នុង​ត្រកូល រក្សា​បកតិ​ឧបោសថ រក្សា​បដិជាគរឧបោសថ ធ្វើបុណ្យ​ទាំងឡាយ​ខ្លះ​ដែរឬ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​ថ្ងៃ ទី​១៤ នៃ​បក្ខ ពួក​រាជបុត្រ ​របស់​ស្ដេចធំ ​ទាំង​៤ តែង​ដើរ​ត្រួត​លោកនេះ ដោយ​គិត​ថា បណ្ដា​មនុស្ស​ទាំង​ឡាយ គង់​មាន​ពួក​មនុស្ស​ជាច្រើន ជា​អ្នក​គោរព​មាតា គោរព​បិតា គោរព​សមណៈ គោរព​ព្រាហ្មណ៍ កោតក្រែង​បុគ្គល​ជា​ធំ ក្នុង​ត្រកូល រក្សា​បកតិឧបោសថ ធ្វើ​បដិ​ជាគរឧបោសថ ធ្វើ​បុណ្យ​ទាំង​ឡាយ​ ខ្លះ​ដែរ​ឬ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​ថ្ងៃ​បណ្ណរសីឧបោសថនោះ ពួក​ស្ដេច​ធំ​ ទាំង​៤ តែង​ដើរ​ត្រួត​មើល​លោក​នេះ​ខ្លួន​ឯង ដោយ​គិត​ថា បណ្ដា​មនុស្ស​ទាំងឡាយ គង់​មាន​ពួក​មនុស្ស​ជាច្រើន ជា​អ្នកគោរព​មាតា គោរពបិតា គោរពសមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែងបុគ្គល​ជាធំ ក្នុង​ត្រកូល រក្សា​បកតិ​ឧបោសថ ធ្វើ​បដិ​ជាគរ​ឧបោសថ ធ្វើបុណ្យ​ទាំង​ឡាយ ​ខ្លះ​ដែរឬ។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដា​មនុស្សទាំង​ឡាយ បើ​ពួក​មនុស្ស ជា​អ្នក​គោរព​មាតា គោរព​បិតា គោរពសមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សាបកតិឧបោសថ ធ្វើ​បដិជា​គរឧបោសថ ធ្វើ​បុណ្យ​ទាំង​ឡាយ ​មានតិចគ្នា។ ម្នាល​ភិក្ខុ​ទាំងឡាយ ស្ដេច​ធំ​ ទាំង​៤ ប្រាប់​ដំ​ណឹង​នោះ ដល់​ពួកទេវតាស្ថានតាវត្តឹង្ស ដែល​អង្គុយ​ប្រជុំ​គ្នា ក្នុង​សាលា​សុធម្មាថា នែ​អ្នក​និទ៌ុក្ខ​ទាំងឡាយ បណ្ដា​មនុស្ស​ទាំងឡាយ ពួក​មនុស្ស​ ជាអ្នក​គោរព​មាតា គោរព​បិតា គោរព​សមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សា​បកតិឧបោសថ ធ្វើបដិ​ជាគរឧបោសថ ធ្វើ​កុសល​ទាំង​ឡាយ​ តិច​គ្នា​ណាស់។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ពួក​តាវត្តឹង្ស​ទេវតា ​តូច​ចិត្តថា ម្នាលអ្នក​ដ៏ចំរើន ពួក​ទេវតានឹង​សាបសូន្យ ពួក​អសុរនឹង​កុះករ។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដា​មនុស្សទាំងឡាយ បើ​ពួក​មនុស្ស ជាអ្នក​គោរព​មាតា គោរព​បិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សាបកតិ​ឧបោសថ ធ្វើ​បដិជា​គរឧបោសថ ធ្វើ​បុណ្យ​ទាំង​ឡាយ មាន​ចំនួនច្រើន​គ្នា។ ម្នាល​ភិក្ខុ​ទាំងឡាយ សេ្ដច​ធំ ទាំង​៤ តែង​ប្រាប់ដំ​ណឹង​នោះ ដល់​តាវត្តឹង្ស​ទេវតា ដែល​អង្គុយ​ប្រជុំ​ ក្នុង​សាលា​ឈ្មោះ​សុធម្មាថា ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ បណ្ដា​មនុស្ស​ទាំង​ឡាយ ពួក​មនុស្ស​ជាអ្នក​គោរព​មាតា គោរព​បិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សា​បកតិឧបោសថ ធ្វើ​បដិជា​គរឧ​បោសថ ធ្វើ​បុណ្យ​ទាំងឡាយ​ច្រើន​គ្នា។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ពួក​តាវត្តឹង្សទេវតា មាន​សេចក្ដីពេញ​ចិត្តថា ម្នាល​អ្នក​ដ៏ចំរើន ពួក​ទេវតានឹង​កុះករ ពួក​អសុរនឹង​សាបសូន្យ។

(ទុតិយចតុមហារាជសូត្រ ទី៨)

(៨. ទុតិយចតុមហារាជសុត្តំ)

[៣៩] ម្នាល​ភិក្ខុ​ទាំងឡាយ ធ្លាប់​មាន​រឿងមក កាល​សក្កទេវរាជ ជាធំជាង​ពួក​ទេវតា ដាស់​តឿន​ក្រើន​រំលឹក​ពួក​តាវត្តឹង្ស​ទេវតា បានពោល​គាថានេះ ក្នុង​ពេល​នោះថា

នរៈណា ​ដូច​ជាយើង នរៈនោះ ត្រូវ​រក្សា​ឧបោសថ ប្រកប​ដោយ​អង្គ ៨ ក្នុង​តិថី ទី​១៤ ផង តិថី ទី១៥ ផង ទី​៨ នៃបក្ខផង បាដិហារិយបក្ខផង

ម្នាល​ភិក្ខុ​ទាំងឡាយ គាថា​នោះឯង ដែល​សក្កៈ ជាធំជាង​ទេវតា ច្រៀង​ទាស់​ហើយ មិន​មែន​ច្រៀងត្រូវ​ទេ ពោល​ទាស់ហើយ មិនមែន​ពោល​ត្រូវ​ទេ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះសក្កៈ ជាធំ​ជាង​ពួក​ទេវតា មិនទាន់​ប្រាស​ចាក​រាគៈ មិនទាន់​ប្រាសចាក​ទោសៈ មិនទាន់​ប្រាស​ចាក​មោហៈ។ ម្នាលភិក្ខុ​ទាំងឡាយ លុះ​តែ​ភិក្ខុ​ណា ​ជាអរហន្ត​ខីណា​ស្រព នៅ​ចប់ព្រហ្ម​ចារ្យ​ហើយ មានកិច្ច​ធ្វើ​រួច​ហើយ មាន​ភារៈ​ ដាក់​ចុះ​ហើយ សម្រេច​អរហត្តហើយ អស់​សំយោជនៈ ក្នុង​ភពហើយ ជាអ្នក​ផុតស្រឡះ​ ព្រោះ​ដឹង​នូវ​ហេតុ ភិក្ខុ​នោះឯង​ទើបគួរ​ពោល ​នូវ​គាថា​នោះថា

នរៈណា​ ប្រាកដ​ដូច​ជាយើង នរៈ​នោះ ត្រូវ​រក្សា​ឧបោសថ ប្រកប​ដោយ​អង្គ៨ ក្នុង​តិថី ទី​១៤ផង ទី​១៥ផង ទី៨ នៃ​បក្ខ​ផង បាដិហារយ​បក្ខ​ផង។

ដំណើរនោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ភិក្ខុនោះ ប្រាសចាករាគៈ ប្រាសចាក​ទោសៈ ប្រាសចាកមោហៈ។ ម្នាល​ភិក្ខុទាំងឡាយ ធ្លាប់​មាន​រឿង​មក កាល​សក្ក​ទេវរាជ ជាធំ​ជាង​ពួក​ទេវតា ដាស់​តឿនពួក​តាវត្តឹង្សទេវតា បាន​ពោល​គាថានេះ ក្នុង​ពេល​នោះថា

នរៈណា​ ប្រាកដ​ដូច​ជាយើង នរៈនោះ ត្រូវ​រក្សាឧបោសថ ប្រកបដោយ​អង្គ​៨ ក្នុង​តិថី ​ទី ១៤ ផង ទី ១៥​ផង ទី៨​ នៃ​បក្ខផង បាដិហារិបក្ខផង។

ម្នាល​ភិក្ខុ​ទាំងឡាយ គាថា​នោះ សក្ក​ទេវរាជជាធំ ជាង​ទេវតា ច្រៀងទាស់​ហើយ មិនមែន​ច្រៀង​ត្រូវ​ទេ ពោល​ទាស់​ហើយ មិនមែន​ពោលត្រូវ​ទេ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះសក្កៈ ជា​ធំជាង​ទេវតា មិនទាន់​ផុត​ចាកជាតិ ជរា មរណៈ សោក ខ្សឹក​ខ្សួល ទុក្ខ ទោម​នស្ស សេចក្ដី​តាន​តឹង តថាគត​ហៅថា មិន​ទាន់​ផុត​ចាកទុក្ខ។ ម្នាល​ភិក្ខុ​ទាំងឡាយ លុះតែភិក្ខុ​ ជាអរហន្ត​ខីណាស្រព នៅ​ចប់​ព្រហ្មចារ្យហើយ មានកិច្ច​ធ្វើ​រួច​ហើយ មាន​ភារៈដាក់​ចុះហើយ បាន​សម្រេចអរហត្ត​ហើយ មាន​សំយោជនៈ ក្នុង​ភព​អស់​ហើយ រួច​ស្រឡះ​ហើយ ព្រោះ​ដឹង​នូវហេតុ ភិក្ខុ​នោះ​ ទើប​គួរ​ពោល ​នូវ​គាថា​នោះថា

នរៈណា ​ប្រាកដ​ដូចជាយើង នរៈនោះ ត្រូវ​រក្សាឧបោសថ ​ប្រកប​ដោយ​អង្គ ៨​ ក្នុងតិថី ​ទី​១៤ផង ទី១៥ផង ទី​៨ នៃ​បក្ខផង បាដិហារិយបក្ខផង។

ដំណើរនោះ ព្រោះហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ភិក្ខុ​នោះ រួច​ស្រឡះ​​ ចាក​ជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោម​នស្ស សេចក្ដីតានតឹង តថាគត​ហៅថា រួច​ស្រឡះចាក​ទុក្ខ។

(សុខុមាលសូត្រ ទី៩)

(៩. សុខុមាលសុត្តំ)

[៤០] ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ​ធ្លាប់សុខ​ដ៏​ក្រៃលែង ធ្លាប់​សុខ​ជា​ទីបំផុត។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះ​បិតា​តថាគត ទ្រង់​ឲ្យជីក​ស្រះ​បោក្ខរណី ក្នុង​ព្រះ​រាជ​និវេសន៍ ទ្រង់​ឲ្យ​ដាំ​ឧ​ប្បល​ខៀវមួយ​កន្លែង ឈូកស មួយ​កន្លែង ឈូក​ក្រហម មួយ​កន្លែង ប្រយោជន៍ដល់​តថាគត​ប៉ុណ្ណោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មិនមែន​ទ្រទ្រង់​ត្រឹម​តែ​លំអិត​ខ្លឹម​ចន្ទន៍ ក្នុង​ដែន​កាសី2) ​ប៉ុណ្ណោះទេ ម្នាល​ភិក្ខុ​ទាំងឡាយ ឈ្នួត​របស់​តថាគត ក៏​មក​ពី​ដែន​កាសី អាវ ​និង​សំពត់​ទទូរ ក៏​មក​ពី​ដែន​កាសី សំពត់​ស្លៀក ក៏​មក​ពី​ដែន​កាសី ​សំ​ពត់​បង់​ក ក៏​មក​ពី​ដែន​កាសី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គេ​បាំងស្វេតច្ឆត្រ ​ឲ្យ​តថាគត ទាំង​យប់​ ទាំង​ថ្ងៃ ដោយ​ការពារ ​មិន​ឲ្យ​ត្រជាក់​ក្ដី ក្ដៅក្ដី ធូលីក្ដី ស្មៅក្ដី ទឹក​សន្សើម​ក្ដី ប៉ះ​ត្រូវ​តថាគត​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ​ មានប្រាសាទ​ ៣ គឺ​ប្រាសាទ ​ដែល​សម្រាប់នៅ​ ក្នុង​រដូវ​ត្រជាក់ ១ សម្រាប់​នៅ ​ក្នុង​រដូវ​ក្ដៅ ១ សម្រាប់​នៅ ​ក្នុង​រដូវភ្លៀង ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មាន​គេ​បម្រើ​ ដោយ​តូរ្យ​តន្រ្តី មិន​លាយ​ដោយ​ប្រុស ​អស់​៤​ខែ ក្នុង​វស្សាន​រដូវ ក្នុង​ប្រាសាទ​សម្រាប់រដូវភ្លៀង មិន​ដែល​ចុះ​មក​ខាង​ក្រោម​ប្រាសាទ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​លំ​នៅ​ទាំង​ឡាយ របស់​ពួក​ជនដទៃ គេ​ឲ្យ​បាយ​ចុង​អង្ករ ​ដែលមាន​ទឹក​ជ្រក់ ​ជាគំរប់​ពីរ ​ដល់​ទាសៈ​ និង​អ្នក​ធ្វើ​ការងារ និង​បុរស​អ្នក​អាស្រ័យចិញ្ចឹម​ជីវិត​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ ចំណែក​ក្នុង​និវេសន​ស្ថាន របស់​ព្រះបិតា​តថាគត គេឲ្យ​បាយ​អង្ករ​ស្រូវ​សាលី ​និង​សាច់ ​ដល់​ទាសៈ និង​អ្នក​ធ្វើ​ការ និង​បុរស​អ្នក​អាស្រ័យ​ចិញ្ចឹម​ជី​វិត តែ​យ៉ាង​ហ្នឹង​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ ​ប្រកប ដោយ​ឫទ្ធិ ​មាន​សភាព​យ៉ាងនេះ​ផង ដោយ​សេចក្ដី​សុខ ដ៏​ក្រៃលែង​ យ៉ាង​នេះផង មាន​សេចក្ដីត្រិះ​រិះ ​ដូច្នេះថា បុថុជ្ជន ដែល​មិន​បាន​រៀន​សូត្រ មាន​ជរា ជា​ធម្មតា មិន​កន្លង​នូវ​ជរា​ឡើយ លុះឃើញ​អ្នក​ដទៃ​គ្រាំគ្រា ​រំលង​ខ្លួន​ឯង​ទៅ នឿយណាយ ជិន​ឆ្អន់ ​ខ្ពើម​រអើម (នឹង​អ្នក​ដទៃវិញ) ចំណែក​អាត្មា​អញ មានជរា ជា​ធម្មតា​ដែរ មិន​កន្លង​ជរា​បាន​ឡើយ បើ​អាត្មា​អញ មាន​ជរា​ជាធម្មតា មិនកន្លង​ជរា​ទៅ​បាន​ឡើយ លុះឃើញ​អ្នក​ដទៃ​ហើយ នឿយ​ណាយ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុ​នោះ មិនសម​គួរ ​ដល់​អាត្មា​អញ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​នោះ​ ពិចារណាឃើញ​ច្បាស់ ​ដូច្នេះហើយ ក៏​លះ​បង់ នូវ​សេចក្ដី​ស្រវឹង ក្នុង​វ័យ​ទាំង​អស់។ បុថុជ្ជន​ មិន​បាន​រៀន​សូត្រ​ខ្លួន​ឯង មាន​ព្យាធិ​ជា​ធម្មតា មិនកន្លង​នូវ​ព្យាធិទៅ​បាន លុះ​ឃើញ​អ្នក​ដទៃមានព្យា​ធិ ​រំលង​ខ្លួន​ឯង​ទៅ នឿយ​ណាយ ​ជិន​ឆ្អន់ ខ្ពើម​រអើម (អ្នក​ដទៃវិញ)។ សូម្បី​អាត្មា​អញ ក៏​មាន​ព្យាធិ ជា​ធម្មតា​ដែរ មិន​កន្លង​ព្យា​ធិបាន បើអាត្មា​អញ មាន​ព្យាធិ ជាធម្មតា មិន​កន្លង​ព្យាធិទៅបាន លុះ​ឃើញអ្នក​ដទៃ​ មាន​ព្យាធិហើយ នឿយណាយ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុនោះ មិនសម​គួរ ​ដល់​អាត្មា​អញទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ កាល​ពិចារណា​ឃើញ ​ដូច្នេះ ក៏​លះ​បង់​សេចក្ដី​ស្រវឹង ព្រោះ​មិនមាន​រោគ ដោយ​ប្រការ​ទាំង​ពួង។ បុថុជ្ជន ​ដែល​មិន​បាន​រៀន​សូត្រ​ខ្លួន​ឯង មានមរណៈ ជា​ធម្មតា មិន​កន្លង​មរណៈ​ទៅបាន លុះ​ឃើញ​អ្នក​ដទៃ​ស្លាប់ រំលង​ខ្លួនឯង​ទៅ នឿយ​ណាយ ជិន​ឆ្អន់ ខ្ពើម​រអើម (បុគ្គល​ដទៃ​វិញ)។ អាត្មា​អញ ក៏​មាន​មរណៈ ​ជា​ធម្មតា​ដែរ មិន​កន្លង​មរណៈ​បាន ប្រសិន​បើអាត្មា​អញ មាន​មរណៈ ​ជាធម្មតា​ដែរ មិន​កន្លង​មរណៈបានទេ លុះឃើញអ្នក​ដទៃ ស្លាប់​ហើយ ក៏នឿយ​ណាយ​ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុ​នោះ ក៏មិន​សម​គួរ ​ដល់​អាត្មា​អញ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​តថា​គត​នោះ ពិចារណា​ឃើញ​ ដូច្នេះ សេចក្ដី​ស្រវឹង ​ព្រោះ​ជីវិត​នោះ ​ក៏បាត់ទៅ ដោយប្រការ​ទាំង​ពួង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្ដី​ស្រវឹង​នេះ មាន​៣​យ៉ាង។ សេចក្ដី​ស្រវឹង៣យ៉ាង ​តើអ្វីខ្លះ។ គឺ​ស្រវឹង​ព្រោះ​វ័យ ​១ ស្រវឹង​ព្រោះ​មិន​មាន​រោគ ​១ ស្រវឹង​ព្រោះ​ជីវិត ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ ដែល​មិន​បាន​រៀនសូត្រ ស្រវឹង ដោយ​សេចក្ដី​ស្រវឹង​ព្រោះ​វ័យ តែង​ប្រព្រឹត្ត​ទុច្ចរិត ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត។ បុថុជ្ជន​នោះ ប្រព្រឹត្តទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្តហើយ លុះ​បែក​ធ្លាយ​រាង​កាយ​ ស្លាប់ទៅ តែង​ទៅ​កើត​ជាប្រេត តិរច្ឆាន អសុរកាយ​ នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជ ដែល​មិន​បាន​រៀន​សូត្រ ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង ​ព្រោះ​មិន​មាន​រោគ។ ​បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជន​ដែលមិន​បាន​រៀនសូត្រ ស្រវឹង​ដោយ​សេចក្ដីស្រវឹង ព្រោះ​ជីវិត តែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិតដោយចិត្ត។ បុថុជ្ជន​នោះ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិតដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ហើយ លុះ​បែក​ធ្លាយ​រាង​កាយ ​ស្លាប់ទៅ តែង​ទៅកើត​ជា​ប្រេត តិរច្ឆាន អសុរកាយ នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង​ ព្រោះ​វ័យ​ក្ដី តែង​លា​សិក្ខា ​ត្រឡប់​មកកាន់​ភេទដ៏​ថោក​ទាប ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង​ ដោយ​សេចក្ដី​ស្រវឹង ព្រោះ​មិន​មាន​រោគ​ក្ដី តែង​លាសិក្ខា វិល​ត្រឡប់​មកកាន់​ភេទ​ដ៏​ថោក​ទាប ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង ដោយ​សេចក្ដី​ស្រវឹង​ព្រោះ​ជីវិត​ក្ដី តែង​លាសិក្ខា ហើយ​ត្រឡប់​មកកាន់​ភេទ​ដ៏​ថោកទាប។

ពួក​បុថុជ្ជន មាន​ព្យាធិជាធម្មតា មាន​ជរា​ជាធម្មតា មាន​មរណៈ ​ជាធម្មតា ធម្មតា (ខ្លួន​) យ៉ាង​ណា ក៏ត្រូវ​តែមាន​យ៉ាង​នោះ តែ​ខ្ពើម ​(បុគ្គលដទៃ)។ ប្រសិន​បើតថាគត ខ្ពើម​រអើម ​នូវ​ហេតុ​នោះ ក្នុង​សត្វ​ទាំងឡាយ ដែល​មាន​ធម្មតា យ៉ាង​នេះ សេចក្ដី​ខ្ពើម​រអើម​នោះ មិនសម​គួរ ​ដល់​តថាគត ដែល​នៅ​​យ៉ាង​នោះទេ។ កាល​តថាគត កំពុង​នៅ យ៉ាង​នេះ បាន​ដឹង​នូវ​ធម៌ ដែល​មិន​មាន​ឧបធិ ក៏​បានគ្របសង្កត់សេចក្ដី​ស្រវឹងព្រោះ​មិនមាន​រោគ ព្រោះវ័យ ព្រោះ​ជីវិត​ទាំងពួងបាន ព្រោះ​ឃើញ​នូវ​នេក្ខម្ម ដោយ​សេចក្ដី​ក្សេម។ កាល​តថាគត​នោះ ឃើញច្បាស់​នូវ​ព្រះ​និព្វាន ក៏កើតឧស្សាហ៍ តថាគត ​មិន​គួរ​ដើម្បី​សេព ​នូវ​កាម​ទាំងឡាយ ​ក្នុង​កាល​ឥឡូវ​នេះទេ​ នឹង​មិន​ត្រឡប់​មករក​(កាម) វិញទេ មាន​ព្រហ្មចារ្យប្រព្រឹត្ត​ទៅ​ខាង​មុខ។

(អាធិបតេយ្យសូត្រ ទី១០)

(១០. អាធិបតេយ្យសុត្តំ)

[៤១] ម្នាល​ភិក្ខុទាំងឡាយ អាធិបតេយ្យ ​(ភាពជាធំ) នេះ មាន​៣​យ៉ាង។ អាធិបតេយ្យ​ ៣យ៉ាង តើអ្វីខ្លះ។ គឺ​អត្តា​ធិបតេយ្យ​ ១ លោកាធិបតេយ្យ ​១ ធម្មាធិបតេយ្យ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អត្តាធិបតេយ្យ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ នៅ​ក្នុង​ព្រៃ​ក្ដី នៅជិត​គល់​ឈើក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្ដី រមែង​ពិចារណាឃើញ​ច្បាស់​ យ៉ាង​នេះថា អាត្មា​អញ មិនមែន​ចេញ​ចាក​ផ្ទះ ​មក​បួស ព្រោះ​ហេតុ​តែចីវរទេ មិនមែនព្រោះ​ហេតុតែបិណ្ឌបាត​ទេ មិនមែន​ព្រោះ​ហេតុ​តែសេនា​សនៈទេ មិន​មែន​ចេញ​ចាកផ្ទះមកបួស​ ព្រោះ​ហេតុ​តែ​ភពតូច ភពធំ​3) ​ទេ ក៏​អាត្មា​អញ ​ជា​បុគ្គល​ដែល​ជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ​ ទោម​នស្ស ចង្អៀត​ចង្អល់ គ្រប​សង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅខាង​មុខ ធ្វើ​ម្ដេច​ហ្ន៎ គប្បី​ធ្វើ​ទីបំផុត​គំនរ​ទុក្ខទាំង​អស់​នេះ ឲ្យ​ប្រាកដបាន។ អាត្មា​អញសោត​ បានលះបង់​កាម​បែប​ណាហើយ ចេញ​ចាក​ផ្ទះ​មក​បួស គប្បី​ស្វែង​រក​នូវ​កាមបែប​នោះ​ក្ដី នូវ​អំពើ​អាក្រក់​ ខ្លាំង​ជាងកាម​ទាំង​នោះក្ដី ការ​នោះ ​មិន​សម​គួរ ដល់​អាត្មា​អញទេ។ ភិក្ខុ​នោះ តែង​ពិចារ​ណា ​ដូច្នេះ​ថា អាត្មា​អញ​ នឹងប្រារព្ធ​ព្យាយាម ​មិន​ឲ្យធូរ​ថយ នឹង​ប្រុសស្មារតី មិនឲ្យ​វង្វេង​ភ្លាត់ ឲ្យកាយ​4) ស្ងប់​រម្ងាប់ មិន​ឲ្យ​រសាប់​រសល់ ឲ្យចិត្ត​ដំកល់​មាំ​ មាន​អារម្មណ៍តែមួយ។ ភិក្ខុ​នេះ ​ធ្វើ​ខ្លួន​ឯង ​ឲ្យ​ជាអាធិបតេយ្យ​ហើយ រមែង​លះបង់​អកុសល ចំរើន​កុសល លះបង់​អំពើ​ ដែល​ប្រកប​ដោយ​ទោស ចំរើនតែ​អំពើ ​ដែលមិន​មាន​ទោស រក្សា​ខ្លួន​ឲ្យ​ស្អាត។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា អត្តាធិបតេយ្យ។ ម្នាល​ភិក្ខុ​ទាំងឡាយ លោកា​ធិបតេយ្យ តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ នៅ​ក្នុង​ព្រៃក្ដី នៅ​ជិត​គល់​ឈើក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្ដី រមែង​ពិចារណា ​ដូច្នេះថា អាត្មា​អញ​ មិន​មែន​ចេញ​ចាកផ្ទះ​មក​បួស ព្រោះ​ហេតុ​តែចីវរទេ មិន​មែន​ព្រោះ​ហេតុ​តែបិណ្ឌ​បាតទេ មិន​មែន​ព្រោះ​ហេតុ​តែសេនាសនៈទេ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែភព​តូច​ ភព​ធំទេ ក៏​អាត្មា​អញ ជាបុគ្គល​ដែល​ជាតិ ជរា មរណៈ សោក សេចក្ដី​ខ្សឹក​ខ្សួល ទុក្ខ ទោម​នស្ស សេចក្ដី​ចង្អៀតចង្អល់​ គ្រប​សង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​សេចក្ដី​ទុក្ខ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ ធ្វើ​ម្ដេចហ្ន៎ គប្បី​ធ្វើ​ទី​បំ​ផុត​គំ​នរទុក្ខ​ទាំង​អស់​នេះ ឲ្យ​ប្រាកដ​បាន។ អាត្មា​អញ បួស​យ៉ាង​នេះហើយ ត្រិះ​រិះកាម​វិតក្កៈក្ដី ត្រិះ​រិះ​ព្យាបាទវិតក្កៈក្ដី ត្រិះរិះ​វិហឹសាវិត​ក្កៈក្ដី លោក​សន្និវាស​នេះ​សោត ​ក៏​ធំ ទោះ​ក្នុងលោក​សន្និវាស​ធំ​មែន ក៏គង់​មាន​សម​ណ​ព្រាហ្មណ៍​ ជា​អ្នក​មាន​ឫទ្ធិ មានទិព្វចក្ខុ ដឹង​ចិត្តបុគ្គល​ដទៃ ពួក​សម​ណ​ព្រាហ្មណ៍​ទាំង​នោះ រមែងឃើញ​អំពី​ចម្ងាយ ទោះ​នៅជិត ​ក៏​មិន​ប្រាកដ រមែង​ដឹង​ច្បាស់​ នូវ​ចិត្តដោយ​ចិត្ត ពួក​សមណ​ព្រាហ្មណ៍​ទាំង​នោះ គង់​ដឹង​អាត្មា​អញ​ យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​ចំរើន សូម​អ្នក​មើល​កុល​បុត្រ​នេះ ចេញ​ចាក​ផ្ទះ​មក​បួស​ ដោយសទ្ធា​ហើយ នៅតែ​ច្របូក​ច្របល់ ដោយ​ធម៌​ ជា​អកុសល​ដ៏​លាមក។ ម្យ៉ាង​ទៀត ​គង់​មាន​ពួក​ទេវតា​ ដែល​​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ ដឹង​ចិត្តបុគ្គល​ដទៃ ពួក​ទេវតា​ទាំង​នោះ តែង​ឃើញ​អំពី​ចម្ងាយ ទោះ​នៅ​ជិត​ ក៏​មិន​ប្រាកដ រមែង​ដឹង​ចិត្ត​ដោយ​ចិត្ត ពួក​ទេវតា​ទាំង​នោះ គង់​ដឹង​អាត្មា​អញ​ យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​ចំរើន សូម​អ្នក​មើល​កុល​បុត្រ​នេះ ចេញ​ចាក​ផ្ទះ ​មក​បួសដោយ​សទ្ធា​ហើយ នៅ​តែ​ច្របូក​ច្របល់ ដោយ​ធម៌​ ជា​អកុសល​ដ៏​លាមក។ ភិក្ខុ​នោះ ​ពិចារ​ណា ​ដូច្នេះថា អាត្មា​អញ ​នឹង​ប្រារព្ធ​ព្យាយាម​ មិន​ឲ្យ​ធូរ​ថយ នឹង​ប្រុងសតិ មិន​ឲ្យ​វង្វេង​ភ្លេច ឲ្យ​កាយ​ស្ងប់​រម្ងាប់ មិនឲ្យ​ធូរ​ថយ ឲ្យ​ចិត្ត​ដំកល់​មាំ មាន​អារម្មណ៍តែមួយ។ លុះ​ភិក្ខុ​នោះ​ ​ប្រារព្ធលោក​ ឲ្យ​ជាអាធិបតេយ្យ​ហើយ តែង​លះ​បង់​អកុសល ចំរើន​កុសល លះ​បង់​អំពើ​ ដែលប្រកប​ដោយ​ទោស ចំរើន​តែអំពើ​ ដែល​មិនមាន​ទោស រក្សា​ខ្លួន​ឲ្យ​ស្អាត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា លោកាធិបតេយ្យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មាធិបតេយ្យ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ នៅក្នុង​ព្រៃ​ក្ដី នៅ​ជិត​គល់​ឈើ​ក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់ក្ដី តែង​ពិចារណា ដូច្នេះថា អាត្មា​អញ​ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែ​ចីវរទេ មិន​មែន​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ទេ មិនមែន​ព្រោះ​ហេតុ​តែ​សេនា​សនៈទេ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែ​ភព​តូច​ ភព​ធំ​ទេ ក៏​អាត្មា​អញ ជាបុគ្គល ​ដែល​ជាតិ ជារា មរណៈ សោក​ ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀត​ចង្អល់ គ្របសង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅខាង​មុខ ធ្វើ​ម្ដេច​ហ្ន៎ គប្បី​ធ្វើ​ទី​បំផុត​គំ​នរ​ទុក្ខ​ទាំង​អស់​នេះ​ ឲ្យ​ប្រាកដ​បាន។ ធម៌​ដែលព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ល្អ​ហើយ ជា​ធម៌​ដែល​អរិយ​បុគ្គល​ ឃើញច្បាស់​ដោយ​ខ្លួន​ឯង ឲ្យ​ផល​មិន​រង់​ចាំកាល គួរ​នឹង​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូលមក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន ជា​ធម៌ ​ដែល​វិញ្ញូជន​ គប្បីដឹង​ច្បាស់​ចំពោះ​ខ្លួន។ គង់​មាន​សព្រហ្ម​ចារី​បុគ្គល​ដឹង​ ឬ​ឃើញ​ដែរ។ អាត្មា​អញ​បួស​ក្នុង​ធម៌​វិន័យ ដែល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​ល្អ​ហើយយ៉ាង​នេះ​ត្រឡាំង​ ទៅ​ជាអ្នក​ខ្ជិល​ ប្រហែល​ធ្វេស ហេតុ​នោះ​ មិន​សម​គួរទេ​។ ភិក្ខុ​នោះ ​តែង​ពិចារណា​ដូច្នេះ​ថា អាត្មា​អញ​ នឹង​ប្រារព្ធ​ព្យាយាម មិន​ឲ្យធូរ​ថយ នឹង​ប្រុង​ស្មារតី មិន​ឲ្យ​វង្វេង​​ភ្លេច ឲ្យ​កាយ​ស្ងប់​រម្ងាប់ មិន​ឲ្យរសាប់​រសល់​ ឲ្យ​ចិត្ត​ដំកល់​មាំ មាន​អារម្មណ៍​តែមួយ។ ភិក្ខុ​នោះ ប្រារព្ធធម៌​ហ្នឹង​ឯង​ ឲ្យ​ជាអាធិ​តេយ្យ ហើយ​លះបង់​អកុសល ចំរើន​តែកុសល លះបង់​អំពើ​ប្រកប​ដោយ​ទោស ចំរើនអំពើ​ ដែលមិន​មាន​ទោស រក្សា​ខ្លួនឲ្យ​​ស្អាត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា ធម្មាធិបតេយ្យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អាធិបតេយ្យ ​មាន​៣​យ៉ាង​នេះឯង។

ធម្មតា ​បុគ្គល​អ្នក​ធ្វើ​អំពើ​អាក្រក់​ ក្នុង​លោក មិន​ដែលកំបាំង​ទេ ម្នាល​បុរស ខ្លួន​អ្នកឯង រមែង​ដឹង​ថា ពិត ​ឬមិន​ពិត (ខ្លួន​ឯង) ម្នាល​អ្នក​ដ៏​ចំរើន អ្នក​ឯង​ជាសាក្សីចំពោះ​ខ្លួន​យ៉ាង​ល្អ ​អ្នក​ឯងផ្ទ​ញ់​ផ្ទាល់​ខ្លួន​ឯង បើអ្នក​ឯងបិទបាំង​អំពើ​អាក្រក់ ដែល​មាន​ក្នុង​ខ្លួន​នោះ​ឯង​ហើយ ទេវតា​ទាំងឡាយ​ និង​ព្រះតថាគត​ទាំង​ឡាយ រមែងឃើញ​បុគ្គល​ពាល ដែល​ប្រព្រឹត្ត​ខុស​ក្នុង​លោក ហេតុនោះ​ បុគ្គល ត្រូវ​មាន​ខ្លួន​ជាធំ ប្រុង​ស្មារតី​ ប្រព្រឹត្ត​ផង មាន​លោក​ជាធំ ទាំង​មាន​ប្រាជ្ញា​ចាស់ មាន​ឈានផង មាន​ធម៌ជាធំ​ ទាំង​ប្រ​ព្រឹត្តតាម​ធម៌ផង ជាអ្នក​ប្រាជ្ញ មាន​ព្យាយាម​ទៀងទាត់ រមែង​មិនថោក​ថយ បុគ្គលណា មាន​ព្យាយាម​ ញំាញី ​គ្រប​សង្កត់​មារ ​ជា​អ្នក​បំផ្លាញ រមែង​សម្រេច​ នូវ​ព្រះ​និព្វាន ​ជាទី​អស់​ទៅ​នៃជាតិ បុគ្គលបែប​នោះ ជា​អ្នក​ជ្រាប​ច្បាស់​នូវ​លោក មានប្រាជ្ញា​ល្អ ជាអ្នក​ប្រាជ្ញ មិន​មាន​ចំណង់ ក្នុង​ធម៌​ទាំង​អស់។

ចប់ ទេវទូត​វគ្គ ទី៤។

ឧទ្ទាននៃ​ទេវទូត​វគ្គ​នោះគឺ

មាតា​ដូច​ជា​ព្រហ្ម​ ១​សូត្រ រឿង​ព្រះ​អានន្ទ​ ១​សូត្រ រឿង​ព្រះ​សារី​បុត្រ ​១សូត្រ ហេតុ​នៃកម្ម ១សូត្រ ហត្ថក​ ១​សូត្រ ទេវទូត ១សូត្រ ទេវរាជ​ ២​សូត្រ ពោធិ​សត្វ​ធ្លាប់​សុខ​ ១​សូត្រ អាធិបតេយ្យ​ ១​សូត្រ។

 

លេខយោង

1)
ឈ្មោះ​កម្រាលទាំងអស់នេះ បានប្រែក្នុងសៀវភៅ ទី១៤ ទំព័រ ១៦ រួចហើយ។
2)
សំដៅយករបស់​ដែលល្អិតល្អប្រសើរបំផុត។ អដ្ឋកថា។
3)
សំដៅយករបស់ដែលថ្លៃថ្លាយ៉ាងល្មម និងថ្លៃថ្លាយ៉ាងវិសេស។ អដ្ឋកថា។
4)
សំដៅយក​ទាំងនាមកាយ ទាំងករជកាយ។ អដ្ឋកថា។
km/tipitaka/sut/an/03/sut.an.03.v04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann