km:tipitaka:sut:an:03:sut.an.03.v06

ព្រាហ្មណវគ្គ ទី១ (៦)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 03.v06 បាលី cs-km: sut.an.03.v06 អដ្ឋកថា: sut.an.03.v06_att PTS: ?

ព្រាហ្មណវគ្គ ទី១ (៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៦) ១. ព្រាហ្មណវគ្គោ)

(បឋមទ្វេព្រាហ្មណសូត្រ ទី១)

(១. បឋមទ្វេព្រាហ្មណសុត្តំ)

[៥៣] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រា​នោះឯង មាន​ព្រាហ្មណ៍២ នាក់ ​ជរា មាន​វ័យ​ចំរើន ចាស់ មាន​វ័យកន្លង ចូល​ដល់​បច្ឆិម​វ័យ​ តាំងពី​កើត​មក​បាន ​១២០ ឆ្នាំ​ហើយ ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះចូល​ទៅដល់​ហើយ ក៏​ពោល​រាក់​ទាក់​ ជាមួយ​នឹង​ព្រះ​ដ៏មាន​ព្រះ​ភាគ លុះបញ្ចប់ពាក្យ ដែល​គួរ​រាក់​ទាក់ និង​ពាក្យ​គួរ​ឭក​ហើយ ក៏​អង្គុយ​ក្នុង​ទីដ៏សមគួរ។ លុះ​ព្រាហ្មណ៍​ទាំង​នោះ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ បាន​ទូលព្រះ​ដ៏​មាន​ព្រះ​ភាគ ​យ៉ាង​នេះថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន យើង​ខ្ញុំ​ជាព្រាហ្មណ៍ ជរា មាន​វ័យ​ចំរើន​ហើយ ចាស់ កន្លង​វ័យ​ចូល​ដល់​បច្ឆិម​វ័យតាំង​ពី​កើត​មក​បាន ១២០ ឆ្នាំហើយ តែ​យើង​ខ្ញុំ​ទាំង​នោះ មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បាន​ធ្វើ​កុសល មិន​បាន​ធ្វើ​ទីពឹង ដើម្បី​ការពារ​ភ័យ សូមព្រះ​គោតម​ដ៏​ចំរើន ទូន្មាន​យើង​​ខ្ញុំ សូម​ព្រះ​គោតម​ដ៏ចំរើន ប្រៀន​ប្រដៅពួក​យើង​ខ្ញុំ ដើម្បី​ប្រយោជន៍​​ ដើម្បី​សុខ ដល់​យើង​ខ្ញុំ​ អស់​កាល​យូរ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា អើ​អ្នក​ទាំង​ឡាយ ​ជាព្រាហ្មណ៍​ជរា មានវ័យ​ចំរើន​ហើយ ចាស់​កន្លង​វ័យ ចូល​ដល់​បច្ឆិម​វ័យ តាំង​ពី​កើត​មក​បាន ១២០ ឆ្នាំ​ហើយ តែថា ​អ្នក​ទាំង​នោះ មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បាន​ធ្វើកុសល មិន​បាន​ធ្វើ​ទីពឹង ដើម្បី​ការពារ​ភ័យ ម្នាល​ព្រាហ្មណ៍​ទាំង​ឡាយ សត្វ​លោក​នេះ ​ដែល​ជរា ព្យាធិ មរណៈ​ បញ្ជូន1) ​តៗ គ្នា ម្នាល​ព្រាហ្មណ៍​ទាំង​ឡាយ កាលបើសត្វលោក ដែល​ជរា ព្យាធិ មរណៈ ​បញ្ជូនតៗ គ្នា​ យ៉ាងនេះ សេចក្ដី​សង្រួម​ដោយ​កាយ សេចក្ដី​សង្រួម​ដោយ​វាចា សេចក្ដីសង្រួម​ដោយ​ចិត្ត​ណា ពី​ឥឡូវ​នេះទៅ បុណ្យ​ដែល​កើត​អំពី​សេចក្ដីសង្រួម​នោះ ​ជាទី​ជ្រក​កោន​ផង ជាទី​ពួន​ផង ជា​ទីពឹង​ផង ជាទី​រឭក​ផង ជាទី​សង្ឃឹម​ផង របស់​បុគ្គល​អ្នក​ទៅ​កាន់​បរលោក​នោះ។

ជីវិត​ គឺ​អាយុ​មាន​ប្រមាណ​តិច ដែល​ជរា​ បញ្ជូនតៗ​គ្នា ទី​ពឹង​ទាំងឡាយ មិនមានដល់​បុគ្គល ដែល​ជរា​បញ្ជូន​តៗ​គ្នា​ទៅ កាល​បើ​បុគ្គល​ឃើញភ័យ ​ក្នុង​មរណៈ​នុ៎ះ គួរ​ធ្វើ​នូវ​បុណ្យ​ទាំងឡាយ ដែល​ជា​ហេតុ​នាំមក​នូវ​សេចក្ដី​សុខ។ សេចក្ដី​សង្រួម​ ដោយ​កាយ​ វាចា​ ចិត្ត​ណា តាំងពី​ឥ​ឡូវ​នេះ​ទៅ បុណ្យ​ដែល​កើត​អំពី​ការ​សង្រួម​នោះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ជាសុខ​ ដល់​បុគ្គលដែល​​ទៅ​កាន់​បរលោក​នោះ (ព្រោះ​ហេតុ​នោះ) កាល​បើ​បុគ្គល​រស់​នៅ គួរ​តែ​ធ្វើ​បុណ្យ។

(ទុតិយទ្វេព្រាហ្មណសូត្រ ទី២)

(២. ទុតិយទ្វេព្រាហ្មណសុត្តំ)

[៥៤] គ្រា​នោះឯង ព្រាហ្មណ៍ ២​នាក់​ ជរា មាន​វ័យ​ចំរើន​ហើយ ចាស់​កន្លង​វ័យ ចូល​ដល់​បច្ឆិម​វ័យ តាំង​ពី​កើត​មក​បាន​ ១២០ ឆ្នាំ​ហើយ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះមាន​ព្រះ​ភាគ​ ហើយអង្គុយ​ក្នុង​ទី​ដ៏​សម​គួរ។ លុះ​ព្រាហ្មណ៍​ទាំង​នោះ អង្គុយក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ​ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន យើង​ជា​ព្រាហ្មណ៍​ជរា មានវ័យ​ចំរើន​ហើយ ចាស់​កន្លង​វ័យ​ហើយ ​ចូល​ដល់​បច្ឆិម​វ័យ​ តាំង​ពីកើត​មក​បាន ១២០​ឆ្នាំ​ហើយ តែយើង​ទាំង​នោះ ​មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បាន​ធ្វើ​កុសល មិន​បាន​ធ្វើទី​ពឹង ​ការ​ពារ​ភ័យ​សោះ សូម​ព្រះ​គោតម​ដ៏​ចំរើន ទូន្មាន​យើង​ខ្ញុំ​ព្រះអង្គ សូម​ព្រះ​គោតម​ដ៏​ចំរើន ប្រៀន​ប្រដៅ​យើង​ខ្ញុំ​ព្រះ​អង្គ ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ដល់​យើង​ខ្ញុំ​ព្រះ​អង្គ ​អស់កាល​ដ៏​យូរ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា អើ​អ្នក​ទាំង​ឡាយ​ ជា​ព្រាហ្មណ៍​ជរា មាន​វ័យ​ចំរើន​ហើយ ចាស់ កន្លង​វ័យ ចូល​ដល់​បច្ឆិម​វ័យ តាំង​ពី​កើត​មក បាន​ ១២០ ឆ្នាំ​ហើយ តែ​ថា ​អ្នក​ទាំង​នោះ មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បានធ្វើ​កុសល មិន​បាន​ធ្វើ​ទី​ពឹង​ ការ​ពារ​ភ័យ​សោះ ម្នាល​ព្រាហ្មណ៍​ទាំងឡាយ សត្វ​លោក​នេះ ក្ដៅ​ក្រហាយ​ព្រោះ​ជរា ព្យាធិ មរណៈ ម្នាលព្រាហ្មណ៍​ទាំង​ឡាយ កាល​បើ​សត្វ​លោកក្ដៅ​ក្រហាយ ព្រោះ​ជរា ​ព្យាធិ មរណៈ​ យ៉ាងនេះហើយ សេចក្ដី​សង្រួម​ដោយ​កាយ សេចក្ដី​សង្រួម​ដោយវាចា សេចក្ដី​សង្រួម​ដោយ​ចិត្ត​ណា តាំង​ពី​ឥឡូវ​នេះទៅ​ បុណ្យ ​(ដែលកើត​អំពី​សេចក្ដី​សង្រួម) នោះ​ ជាទី​ជ្រក​កោន​ផង ជាទី​ពួន​ផង ជាទី​ពឹង​ផង ជាទី​រឭក​ផង ជាទី​សង្ឃឹម​ផង របស់​បុគ្គល​ដែល​ទៅកាន់​បរលោក​នោះ។

កាល​បើផ្ទះ ត្រូវ​ភ្លើង​ឆេះ ជន​ម្ចាស់​ផ្ទះ​ តែង​ជញ្ជូនភាជន៍ណា ចេញ​ផុត ​(អំពី​ផ្ទះ) ឬ​ទ្រព្យ​ណា ក្នុង​ផ្ទះ​នោះ (​ដែល​គេ​ជញ្ជូន​ចេញ​ហើយ​) ភ្លើង​ឆេះ​មិន​បាន ទ្រព្យនោះ រមែង​បាន​ជា​ប្រយោជន៍​របស់​គេ យ៉ាង​ណា សត្វ​លោក ដែល​ត្រូវ​ភ្លើង ​គឺជរា​ និង​មរណៈ​ ឆាប​ឆេះ គួរ​ប្រញាប់​ជញ្ជូន​ចេញ​ឲ្យ​ផុត (អំពី​ផ្ទះ​ គឺរាង​កាយ) ដោយ​ការ​ឲ្យ​ទាន (​ព្រោះថា) ទាន​ដែល​គេ​ឲ្យ​ហើយ ឈ្មោះ​ថា បាន​ជញ្ជូនដោយ​ល្អ​ ក៏​យ៉ាង​នោះ​ដែរ។ ការសង្រួម​ដោយកាយ វាចា ចិត្តណា ពី​ឥ​ឡូវ​នេះទៅ បុណ្យ​ (​ដែល​កើត​មក​អំពី​ការសង្រួម​) នោះ រមែងកើ​តសុខ ​ដល់​បុគ្គល​ដែល​ទៅ​កាន់​បរលោក​ហើយ​នោះ ហេតុ​នោះ កាល​បើ​បុគ្គល​រស់​នៅ គួរ​តែ​ធ្វើ​បុណ្យ។

(អញ្ញតរព្រាហ្មណសូត្រ ទី៣)

(៣. អញ្ញតរព្រាហ្មណសុត្តំ)

[៥៥] គ្រា​នោះ​ឯង មាន​ព្រាហ្មណ៍​ម្នាក់ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅដល់​ហើយ ក៏​ពោល​ពាក្យ​រាក់​ទាក់​ ជាមួយនឹងព្រះ​ដ៏​មាន​​ព្រះ​ភាគ។ ​បេ​។ លុះ​ព្រាហ្មណ៍​នោះ អង្គុយ​ក្នុង​ទី​សម​គួរហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះថា បពិត្រ​ព្រះ​គោតមដ៏​ចំរើន ព្រះ​អង្គ​តែង​សំដែង​ថា ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយខ្លួន​ឯង ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង។ បពិត្រព្រះគោតម​ដ៏​ចំរើន ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួនឯង ឲ្យនូវ​ផល មិន​រង់​ចាំកាល គួរ​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូលមក​ទុក​ក្នុង​ចិត្ត ​របស់​ខ្លួន​បាន ដែល​ពួក​អ្នក​ប្រាជ្ញ ​គប្បី​ឃើញ ចំពោះ​ខ្លួន តើ​ដោយ​ហេតុ​ដូច​ម្ដេច។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា ម្នាលព្រាហ្មណ៍ បុគ្គល​ត្រេក​អរ ដែល​រាគៈ​គ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់មាំ តែង​គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ខ្លះ គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​​បៀតបៀន​ខ្លួន​ឯង​ និង​អ្នក​ដទៃ​ខ្លះ​ ក៏​រមែង​រង​ទុក្ខ​ ទោមនស្ស ​ដែលប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើ​លះ​បង់​រាគៈ​ហើយ​ បុគ្គល​រមែង​មិន​គិត​ដើម្បីបៀត​បៀន​ខ្លួន​ឯង​ផង មិន​គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ផង មិន​គិត​ដើម្បីបៀ​ត​បៀន​ខ្លួន​ឯង នឹង​អ្នក​ដទៃ​ផង រមែង​មិនរង​ទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។ ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះ​ឯង​ហើយ ​ឈ្មោះ​ថា​ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង ម្នាល​ព្រាហ្មណ៍​ បុគ្គល​ប្រទូស្ត ដែលទោសៈ​គ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ តែង​គិត​ ដើម្បី​បៀត​បៀន​ខ្លួនឯង​ខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ​ទោមនស្ស​ ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើ​លះទោសៈបាន​ហើយ បុគ្គល​តែង​មិន​គិត ដើម្បី​បៀតបៀន​ខ្លួន​ឯង​ផង មិន​គិតដើម្បី​បៀតបៀន​អ្នក​ដទៃ​ផង មិន​គិត​ ដើម្បី​បៀត​បៀន​ខ្លួន​ឯង និងអ្នកដទៃ​ផង រមែង​មិន​ទទួលទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅក្នុងចិត្ត។ ម្នាល​ព្រាហ្មណ៍​ យ៉ាង​នេះហើយ ​ឈ្មោះថា ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយខ្លួន​ឯង ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង ​ដែល​មោហៈគ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ តែង​គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង​ខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ​ទោមនស្ស​ ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើ​លះមោហៈ​ហើយ បុគ្គល​មិន​គិត ​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ផង មិនគិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ផង​ មិន​គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ និង​អ្នក​ដ​ទៃ​ផង រមែង​មិនទទួល​ទុក្ខ​ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅ​ក្នុងចិត្ត។ ម្នាល​ព្រាហ្មណ៍ យ៉ាងនេះ​ហើយ ឈ្មោះ​ថា​ ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់ ​ដោយ​ខ្លួន​ឯង ឲ្យ​នូវ​ផល មិន​រង់ចាំកាល គួរ​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូលមក​ទុក​ ក្នុង​ចិត្ត​របស់​ខ្លួន​បាន ដែល​វិញ្ញូជន​ គប្បី​ដឹង​ច្បាស់ ​ដោយ​ខ្លួន​ឯង។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់។ បេ។ សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ ​ថា​ជាឧបាសក អ្នក​ដល់​នូវ​សរណគមន៍ ស្មើដោយ​ជីវិត តាំង​អំពី​ថ្ងៃ​នេះ ​ជា​ដើម​ទៅ។

(បរិព្វាជកសូត្រ ទី៤)

(៤. បរិព្វាជកសុត្តំ)

[៥៦] គ្រា​នោះ​ឯង មាន​ព្រាហ្មណ៍​បរិព្វា​ជក​ម្នាក់ ចូល​ទៅគាល់ព្រះ​ដ៏​មាន​ព្រះ​ភាគ។ បេ។ លុះ​ព្រាហ្មណ៍​បរិព្វា​ជកនោះ ​អង្គុយ​ក្នុង​ទីសម​គួរហើយ បាន​ក្រាប​​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏ចំរើន ព្រះ​អង្គ​តែង​សំដែង​ថា​ ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ធម៌​ ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយ​ខ្លួនឯង ឲ្យ​នូវ​ផល​មិន​រង់​ចាំ​កាល គួរ​ហៅ​បុគ្គល​​ដទៃ ឲ្យ​ចូល​មក​មើលបាន គួរ​បង្អោន​ចូល​មក​ទុក ក្នុង​ចិត្ត​របស់​ខ្លួន ដែល​ពួក​វិញ្ញូជន គប្បី​ដឹង​ច្បាស់​ ដោយខ្លួន​ឯង តើ​ដោយ​ហេតុ​ដូច​ម្ដេច។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ បុគ្គល​ត្រេកអរ ​ដែល​រាគៈ​គ្របសង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិត ​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ខ្លះ គិតដើម្បី​បៀត​បៀន​អ្នក​ដទៃខ្លះ គិ​តដើម្បី​បៀតបៀន​ខ្លួន​ឯង និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើ​លះបង់រាគៈ​បាន​ហើយ បុគ្គល​រមែង​មិនគិត​ ដើម្បីបៀតបៀន​ខ្លួន​ឯងផង​ មិនគិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ផង មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង ​និង​អ្នក​ដទៃផង រមែង​មិន​ទទួល​ទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ត្រេកអរ​ ដែល​រាគៈគ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​ប្រពឹ្រត្ត​ទុច្ចរិត​ ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ ដោយ​វាចា ប្រព្រឹត្តទុច្ចរិត​ ដោយ​ចិត្ត។ កាល​បើលះ​បង់​រាគៈ​ហើយ​ បុគ្គល​រមែង​មិន​ប្រព្រឹត្តទុច្ចរិត ​ដោយកាយ មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា មិន​ប្រព្រឹត្ត​ទុច្ច​រិតដោយ​ចិត្ត។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ត្រេក​អរ​ ដែល​រាគៈគ្របសង្កត់ មាន​ចិត្ត​​ប្រកាន់​មាំ រមែង​មិន​ដឹង​ នូវ​ប្រយោជន៍​របស់​ខ្លួន​ តាម​ពិត​ខ្លះ មិន​ដឹង​នូវ ប្រយោជន៍ របស់​បុគ្គល​ដទៃ​តាម​ពិត​ខ្លះ មិន​ដឹង​នូវ​ប្រយោជន៍​ខ្លួនឯង ​និង​អ្នក​ដទៃ​តាម​ពិត​ខ្លះ។ កាល​បើ​លះ​បង់​រាគៈ​បាន​ហើយ​ បុគ្គលរមែង​ដឹង​ នូវ​ប្រយោជន៍​របស់​ខ្លួន​តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍ ​របស់​អ្នកដទៃ​តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍​ខ្លួន​ និង​អ្នក​ដទៃ​តាម​ពិត​ផង។ ម្នាលព្រាហ្មណ៍ យ៉ាង​នេះឯង​ហើយ ​ឈ្មោះថា ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង… ម្នាល​ព្រាហ្មណ៍ បុគ្គល​ប្រទូស្ត។ ​បេ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង ​ដែល​មោហៈ គ្របសង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិត​ដើម្បីបៀតបៀន​ខ្លួនឯង​ខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ ​ទោមនស្ស​ ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើលះ​បង់​មោហៈបាន​ហើយ បុគ្គល ​រមែង​មិនគិត​ដើម្បីបៀតបៀន​ខ្លួន​ឯង​ផង មិន​គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ផង មិនគិត​ដើម្បីបៀត​បៀន​ខ្លួន​ឯង​ និង​អ្នក​ដទៃ​ផង រមែង​មិន​ទទួល​ទុក្ខ​ ទោមស្ស​ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។ ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង​ ដែល​មោហៈគ្របសង្កត់ មាន​ចិត្ត​ប្រកាន​មាំ រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិតដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត។ កាល​បើលះ​មោហៈ​បាន​ហើយ បុគ្គល​រមែង​មិន​ប្រព្រឹត្ត​ទុច្ចរិត​ ដោយកាយ មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង​ ដែល​មោហៈគ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​មិន​ដឹង​ នូវ​ប្រយោជន៍​របស់​ខ្លួន​តាម ពិត​ខ្លះ មិន​ដឹង​នូវ​ប្រយោជន៍​ របស់​បុគ្គល​ដទៃ​តាម​ពិត​ខ្លះ មិន​ដឹង​នូវ​ប្រយោជន៍​ខ្លួន​ឯង ​និង​អ្នក​ដទៃ​តាម​ពិត​ខ្លះ។ កាល​បើ​លះ​មោហៈ​បាន​ហើយ បុគ្គល រមែង​ដឹង​នូវ​ប្រយោជន៍ ​របស់​ខ្លួន​តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍​អ្នកដទៃ​ តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍​ខ្លួន​ និង​អ្នក​ដទៃ​តាម​ពិត​ផង។ ម្នាលព្រាហ្មណ៍ យ៉ាង​នេះឯង ឈ្មោះថា ធម៌​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ឲ្យ​នូវ​ផល​មិន​រង់​ចាំកាល គួរហៅ​បុគ្គល​ដទៃ​ ឲ្យចូល​មកមើល​បាន គួរ​បង្អោន​ចូល​មក​ទុក ក្នុង​ចិត្ត​របស់​ខ្លួន​បាន ដែល​ពួក​វិញ្ញូជន គប្បី​ដឹង​ច្បាស់ ​ដោយ​ខ្លួន​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំទុក​នូវ​ខ្ញុំព្រះ​អង្គ​ថាជាឧបាសក​ អ្នក​ដល់​នូវ​សរណគមន៍ ​ស្មើ​ដោយ​ជីវិត​ តាំង​អំពី​ថ្ងៃ​នេះ ​ជា​ដើម​ទៅ។

(និព្វុតសូត្រ ទី៥)

(៥. និព្វុតសុត្តំ)

[៥៧] គ្រានោះ​ឯង ព្រាហ្មណ៍​ឈ្មោះ ​ជា​នុស្សោណី ចូល​ទៅគាល់ព្រះ​ដ៏​​មាន​ព្រះ​ភាគ​។ បេ។ លុះ​ជា​នុស្សោណីព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​សម​គួរហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏ចំរើន ព្រះ​អង្គ​តែង​សំដែង​ថា ព្រះនិព្វាន ​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ព្រះនិព្វាន​ជាធម្មជាត​ ដែល​បុគ្គល​គប្បី​ឃើញច្បាស់ ​ដោយខ្លួន​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ព្រះនិព្វាន ជាធម្មជាត​ ដែល​បុគ្គលគប្បី​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង ឲ្យ​នូវ​ផល​មិន​រង់ចាំកាល គួរ​ហៅបុគ្គលដទៃ ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុកក្នុង​ចិត្ត​របស់ខ្លួន​បាន ដែល​វិញ្ញូជន​ទាំងឡាយ គប្បី​ដឹង​ច្បាស់ ​ដោយ​ខ្លួន​ឯង តើ​ដោយ​ហេតុ​ដូចម្ដេច។ ព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់ថា ម្នាល​ព្រាហ្មណ៍ បុគ្គលត្រេកអរ​ ដែល​រាគៈ​គ្របសង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ខ្លះ គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀនខ្លួន​ឯង​ និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ​ ទោមនស្ស​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើ​លះ​រាគៈ​បាន​ហើយ បុគ្គល​រមែង​មិន​គិត ​ដើម្បី​បៀត​បៀន​ខ្លួន​ផង មិន​គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ផង មិនគិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង​ និង​អ្នកដទៃ​ផង រមែង​មិន​ទទួល​ទុក្ខ​ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅក្នុងចិត្ត។ ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះឯងហើយ ព្រះនិព្វាន​ ឈ្មោះ​ថា ជា​ធម្មជាត ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ​ដោយ​ខ្លួន​ឯង… ម្នាល​ព្រាហ្ម​ណ៍ បុគ្គលប្រទូស្ត។ បេ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង​ ដែលមោហៈ គ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិតដើម្បី​បៀត​បៀន​ខ្លួន​ឯងខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏រមែង​ទទួល​ទុក្ខ ទោមនស្ស​ ដែលប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាលបើ​លះបង់មោហៈ​ហើយ បុគ្គល​រមែង​មិន​គិត​ ដើម្បី​បៀត​បៀន​ខ្លួន​ផង មិន​គិត​ដើម្បីបៀតបៀន​អ្នក​ដទៃ​ផង មិន​គិត​ដើម្បីបៀតបៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ផង រមែង​មិន​ទទួល​ទុក្ខ ទោមនស្ស ​ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះឯង​ហើយ ​ព្រះ​និព្វាន ឈ្មោះ​ថា ជា​ធម្ម​ជាត​ ដែល​បុគ្គល​គប្បី​ឃើញច្បាស់ ​ដោយ​ខ្លួន​ឯង ម្នាល​ព្រាហ្មណ៍​ បុគ្គល​នេះ ទទួល​នូវ​ការ​អស់​រាគៈ ឥត​សេសសល់ ទទួល​នូវ​ការ​អស់​ទោសៈ​ ឥត​សេស​សល់ ទទួល​នូវ​ការអស់​មោហៈ​ ឥត​សេសសល់។ ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះឯង​ហើយ ​ព្រះនិព្វាន​ ឈ្មោះ​ថា​ ជាធម្មជាត ​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង ​ឲ្យនូវផល​មិន​រង់​ចាំកាល គួរ​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន ​គួរ​បង្អោន​ចូលមក​ទុក ​ក្នុង​ចិត្ត​របស់​ខ្លួន ដែល​ពួក​វិញ្ញូជន ​គប្បី​ដឹង​ច្បាស់ ដោយ​ខ្លួន​ឯង។ បពិត្រ​​ព្រះ​គោតម​ដ៏​ចំរើន​ ភ្លឺច្បាស់​ណាស់។ ​បេ។ សូម​ព្រះ​គោតមដ៏​ចំរើន ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ ថាជា​ឧ​បាសក អ្នក​ដល់​នូវ​សរណគមន៍​ ស្មើដោយ​ជីវិត​ តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​ទៅ។

(បលោកសូត្រ ទី៦)

(៦. បលោកសុត្តំ)

[៥៨] គ្រា​នោះ​​ឯង មាន​ព្រាហ្មណ៍​មហា​សាល​ម្នាក់ ចូល​ទៅ​គាល់ព្រះ​ដ៏​​មាន​ព្រះ​ភាគ។ បេ។ លុះ​ព្រាហ្ម​ណ៍​មហា​សាល​នោះ​ អង្គុយ​ក្នុង​ទី​សមគួរ​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​ បាន​ឮ​ពាក្យ​នេះ ​អំពី​ពួក​ព្រាហ្ម​ណ៍​ជាន់​មុន មាន​វ័យ​ចំរើន ចាស់ ​ជា​អាចារ្យ​ត​ៗ​គ្នា​មក ​និយាយ​ថា កាល​ពី​ដើម លោកនេះ​ ពេញ​ពាស​ដោយ​ពួក​មនុស្ស ហាក់​ដូច​ជា​អវីចិមហានរក ស្រុក ​និគម ជន​បទ រាជ​ធានី (​ជិតៗ​គ្នា) ល្មម​ចម្ងាយ​មាន់​ហើរ​ដល់។ បពិត្រ​ព្រះគោតម​ដ៏​ចំ​រើន ហេតុ​ដូច​ម្ដេច បច្ច័​យ​ដូច​ម្ដេច ដែល​នាំ​ឲ្យពួក​មនុស្ស ក្នុងកាល​ឥ​ឡូវ​នេះ ​អស់ទៅ តិច​ទៅ ស្រុក​ទៅ​ជាមិន​មែន​ស្រុក និគម ទៅជា​មិន​មែន​និគម នគរ​ទៅ​ជា​មិន​មែន​នគរ ជន​បទ ទៅ​ជា​មិន​មែន​ជន​បទ។ ព្រះ​ដ៏​មាន​ព្រះភាគ​​ ទ្រង់​ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពួក​មនុស្ស​ឥឡូវ​នេះ ត្រេកអរ​ក្នុង​អធម្ម​រាគៈ ត្រូវ​វិ​សម​លោភៈ​គ្រប​សង្កត់ ត្រូវ​មិច្ឆាធម៌​រួប​រឹត កាល​បើ​មនុស្ស​ទាំងនោះ ត្រេក​អរ​ក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈគ្រប​សង្កត់ ត្រូវ​មិច្ឆា​ធម៌​រួប​រឹត​ហើយ ក៏​ចាប់​យក​សស្រ្តា​ដ៏​មុត ផ្ដាច់​ជីវិត​គ្នា​នឹង​គ្នា ហេតុ​នោះ បាន​ជា​ពួក​មនុស្ស​ដ៏​ច្រើន ក៏​ធ្វើ​មរណកាល។ ម្នាល​ព្រាហ្មណ៍ នេះ​ជាហេតុ នេះ​ជា​បច្ច័យ ដែល​នាំពួកមនុស្ស ​ក្នុង​កាល​ឥឡូវ​នេះ ​អស់​ទៅ តិច​ទៅ ស្រុក​ទៅ​ជាមិន​មែន​ស្រុក និគម​ទៅ​ជាមិន​មែន​និគម នគរ​ទៅ​ជា​មិន​មែន​នគរ ជន​បទ​ទៅ​ជា​មិន​មែន​ជនបទ។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត ពួក​មនុស្ស​ឥឡូវ​នេះ ត្រេក​អរក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់ ត្រូវ​មិច្ឆា​ធម៌​រួបរឹត កាល​បើ​ពួកមនុស្ស​ទាំង​នោះ​ ត្រេក​អរ​ក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់ ត្រូវមិច្ឆា​ធម៌​រួបរឹត ភ្លៀង​ក៏មិន​បង្អោរ​នូវ​មេ​ទឹក ​ដោយ​ប្រពៃ ហេតុ​នោះ បានជាកើត​ទុរ្ភិក្ស សំទូង​មិន​ល្អ ក្រាស៊ី ស្កក​ស្គឺ ហេតុ​នោះ ​បាន​ជា​ពួក​មនុស្សដ៏​ច្រើន ធ្វើ​មរណកាល។ ម្នាល​ព្រាហ្មណ៍ នេះ​ជា​ហេតុ នេះ​ជា​បច័្ចយ ដែល​នាំឲ្យ​ពួក​មនុស្ស​ឥឡូវ​នេះ ​អស់​ទៅ តិច​ទៅ ​ស្រុក​ទៅ​ជា​មិន​មែន​ស្រុក និគម​ទៅ​ជាមិន​មែន​និគម នគរ​ទៅ​ជា​មិន​មែន​នគរ ជន​បទ​ទៅ​ជា​មិន​មែនជន​បទ។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត ពួក​មនុស្ស​ឥ​ឡូវ​នេះ ត្រេក​អរក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្របសង្កត់ ត្រូវ​មិច្ឆា​ធម៌​រួបរឹត កាលបើ​ពួក​មនុស្ស​ទាំង​នោះ​ ត្រេក​អរ​ក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់ ត្រូវ​មិច្ឆា​ធម៌​រួបរឹត​ហើយ យក្ខ​ទាំង​ឡាយ ក៏​លែង​ពួក​អមនុស្ស​ ដ៏​កាច (ឲ្យចាប់) ហេតុ​នោះ បាន​ជាមនុស្ស​ដ៏​ច្រើន ធ្វើ​មរណកាល។ ម្នាលព្រាហ្មណ៍ នេះជា​ហេតុ នេះ​ជា​បច្ច័យ ដែល​នាំ​ឲ្យ​ពួក​មនុស្ស​ឥឡូវ​នេះ អស់​ទៅ ​តិច​ទៅ ​ស្រុក​ទៅ​ជា​មិន​មែន​ស្រុក និគម​ទៅ​ជា​មិន​មែន​និគម នគរទៅ​ជា​មិន​មែន​នគរ ជន​បទ​ទៅ​ជា​មិន​មែន​ជន​បទ។ បពិត្រ​ព្រះ​គោតមដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់។ បេ។ សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុក​នូវ​ខ្ញុំព្រះ​អង្គ ថា​ជា​ឧបាសក អ្នក​ដល់​នូវ​សរណគមន៍ ​ស្មើដោយ​ជីវិត​ តាំង​អំពីថ្ងៃនេះ ជា​ដើម​ទៅ។

(វច្ឆគោត្តសូត្រ ទី៧)

(៧. វច្ឆគោត្តសុត្តំ)

[៥៩] គ្រានោះឯង វច្ឆគោ​ត្របរិព្វាជក ចូល​ទៅ​គាល់​ព្រះ​មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្ដីរីករាយ ​ជាមួយ​នឹង​ព្រះដ៏​មាន​ព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ ដែល​គួរ​រីក​រាយ ​និង​ពាក្យ​គួរ​រឭក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សម​គួរ។ លុះ​វច្ឆ​គោត្របរិព្វាជក អង្គុយ​ក្នុង​ទីសម​គួរ​ហើយ បាន​ក្រាបបង្គំ​ទូល​ព្រះ​ដ៏មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​ បាន​ឮពាក្យ​នេះថា ព្រះសមណ​គោតម ត្រាស់​យ៉ាង​នេះថា បុគ្គល​គួរ​ឲ្យទាន ដល់​តថាគត មិន​គួរឲ្យទាន​ ដល់​ពួក​ជន​ដទៃឡើយ បុគ្គលគួរ​ឲ្យទាន​ ដល់​ពួក​សាវក​តថាគត​ មិន​គួរ​ឲ្យ​ទាន​ដល់​ពួក​សាវកគ្រូដទៃឡើយ ទាន ​ដែល​បុគ្គល​ឲ្យ​ ដល់​តថាគត​ហើយ មាន​ផល​ច្រើន ទានដែល​បុគ្គល​ឲ្យ​ ដល់​ពួកជន​ដទៃ មិន​មាន​ផល​ច្រើន​ទេ ទាន​ដែល​បុគ្គលឲ្យ​ដល់​ពួក​សាវក នៃតថាគត មាន​ផល​ច្រើន ទាន​ដែល​បុគ្គល​ឲ្យ​ ដល់ពួកសាវក​របស់​គ្រូ​ដទៃ មិន​មាន​ផល​ច្រើន​ទេ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ពួក​ជន​ណា​និយាយ​យ៉ាង​នេះថា ព្រះ​សមណគោតម ត្រាស់​យ៉ាង​នេះថា បុគ្គល​គួរ​ឲ្យ​ទាន​ដល់​តថាគត​តែមួយយ៉ាង មិនគួរ​ឲ្យ​ទាន ដល់​ពួក​ជនដទៃ​ឡើយ បុគ្គល​គួរ​ឲ្យ​ទាន​ដល់​ពួក​សាវក​ របស់តថា​គត​តែ​មួយ​យ៉ាង មិនគួរ​ឲ្យ​ទាន​ ដល់​ពួក​សាវក ​របស់​ពួក​គ្រូ​ដទៃ​ឡើយ ទាន​ដែល​បុគ្គល​ឲ្យដល់​តថាគត មាន​ផល​ច្រើន ទាន​ដែល​បុគ្គល​ឲ្យ​ដល់​ពួក​ជន​ដទៃ មិនមាន​ផល​ច្រើន​ទេ ទាន​ដែល​បុគ្គលឲ្យ​ ដល់​ពួក​សាវក​តថាគត មាន​ផលច្រើន ទាន​ដែល​បុគ្គលឲ្យ ដល់​ពួក​សាវក​ របស់​ពួក​គ្រូដទៃ មិន​មាន​ផលច្រើន​ឡើយ។ ពួក​ជន​ទាំង​នោះ ​ឈ្មោះ​ថា និយាយ​តាមពាក្យ ដែល​ព្រះ​គោតម​ដ៏​ចំរើន​ពោល​ហើយ មិន​និយាយ​បង្កាច់ ព្រះ​គោតមដ៏​ចំរើន​ ដោយ​ពាក្យ​មិន​ពិត ទាំង​ឈ្មោះ​ថា​ ព្យាករនូវ​ធម៌ ​សម​គួរ​ដល់​ធម៌ លំនាំ​នៃ​ពាក្យ​ប្រកប​ដោយ​ហេតុ​នី​មួយ មិន​មក​កាន់​ឋានៈ ដែល​គប្បីតិះ​ដៀល​ទេ​ឬ ព្រោះ​យើង​មិន​មាន​ប្រាថ្នា​ដើម្បី​និយាយ​បង្កាច់ព្រះគោតមដ៏​ចំរើន​ទេ។ ម្នាល​វច្ឆៈ ពួក​ជន​ណា និយាយ​យ៉ាង​នេះថា ព្រះសមណគោតម ត្រាស់យ៉ាង​នេះថា បុគ្គល​ត្រូវ​ឲ្យទាន​ដល់​តថាគតតែ​មួយ​យ៉ាង។ បេ។ ទាន​ដែល​បុគ្គល​ឲ្យ ​ដល់​ពួក​សាវក ​របស់ពួកគ្រូ​ដទៃ មិន​មាន​ផល​ច្រើន​ទេ ពួក​ជន​ទាំង​នោះ ឈ្មោះ​ថា មិន​និយាយតាម​ពាក្យ​ដែល​តថាគតពោល​ហើយ មួយ​ទៀត ពួក​ជន​ទាំង​នោះ​ ឈ្មោះថា​ និយាយ​បង្កាច់​តថា​គត​ ដោយ​ពាក្យមិន​ទៀង មិន​ពិត ម្នាល​វច្ឆៈ អ្នក​ណា ហាម​ឃាត់​បុគ្គល​ដទៃ​កំពុង​ឲ្យ​ទាន អ្នក​នោះ​ ឈ្មោះថា ធ្វើអន្ត​រាយដល់​ជន​៣ នាក់ ឈ្មោះ​ថា បៀតបៀន​ ដល់​ជន​៣​នាក់។ ដល់​ជន​៣​នាក់​ ដូច​ម្ដេច​។ គឺ​ជា​អ្នក​ធ្វើ​ឲ្យ​អន្តរាយ​បុណ្យ​ របស់​ទាយក​ ១ ធ្វើ​ឲ្យ​អន្តរាយ​លាភ ​របស់​បដិ​គ្គា​ហកៈទាំង​ឡាយ​ ១ គាស់​រំលើង​គុណរបស់​ខ្លួន​ផង កំ​ចាត់​គុណ​របស់​ខ្លួន​ផង​ ដែល​មាន​ក្នុង​កាល​មុន ១។ ម្នាល​វច្ឆៈ អ្នក​ណា​ហាម​ឃាត់​បុគ្គល​ដទៃ​កំពុង​ឲ្យ​ទាន អ្នក​នោះ​ឈ្មោះថា ធ្វើ​អន្តរាយ ​ដល់​ជន​ទាំង ៣​នាក់​នេះ បៀត​បៀន​ដល់​ជន​ទាំង​៣នាក់​នេះ។ ម្នាល​វច្ឆៈ ចំ​ណែក​ខាង​តថាគត ពោល​យ៉ាង​នេះថា សូម្បី​ពួក​សត្វ​មាន​ជីវិត​ណា ដែល​នៅ​ក្នុង​អណ្ដូង​ស្មោក​គ្រោកក្ដី រណ្ដៅស្មោក​គ្រោក​ក្ដី ជន​ណា​ចាក់​នូវ​ទឹក​លាង​ចាន​ក្ដី ទឹក​លាង​ឆ្នាំង​ក្ដី ក្នុងទីស្មោកគ្រោកនោះ ដោយ​គិត​ថា ពួក​សត្វ​ណា មាន​ក្នុង​ទី​ស្មោក​គ្រោកនោះ សត្វ​ទាំង​នោះ ចូរញុំាង​ជីវិត ​ឲ្យ​រស់​នៅ ដោយកាក​អាហារ​នោះចុះ ម្នាល​វច្ឆៈ គ្រាន់​តែ​ប៉ុណ្ណឹង​ទេ តថាគតហៅថា ហេតុ​ជា​ទី​មក​ នៃបុណ្យ ចាំ​បាច់​ពោល​ទៅ​ថ្វី ​ដល់​ពួក​មនុស្ស។ ម្នាល​វច្ឆៈ តថាគត​គ្រាន់តែ​ពោល​ថា ទាន​ដែល​ឲ្យ​ដល់​បុគ្គល​មាន​សីល មាន​ផល​ច្រើន ដល់បុគ្គល​ទ្រុស្ត​សីល មិន​ដូច្នោះ​ទេ។ ព្រោះ​បុគ្គល​មាន​សីល​នោះ លះ​អង្គ​៥ ប្រកប​ដោយ​អង្គ​៥។ លះ​អង្គ​៥ ដូចម្ដេច។ គឺ​ជា​អ្នក​លះ​កាម​ច្ឆន្ទៈ ១ លះ​ព្យាបាទៈ ១ លះ​ថីនមិទ្ធៈ ​១ លះឧទ្ធច្ចកុក្កុច្ចៈ ១ លះ​វិចិកិច្ឆា​ ១។ នេះ​ឈ្មោះ​ថា​ លះ​អង្គ​៥។ បុគ្គល​ប្រកប​ដោយ​អង្គ​៥​ តើ​ដូច​ម្ដេច។ គឺ​ជា​អ្នក​ប្រកប​ដោយ​សីល​ក្ខន្ធ ​ជា​អសេក្ខៈ ១ ប្រកប​ដោយ​សមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយ​បញ្ញា​ខន្ធ ​ជាអសេក្ខៈ ១ ប្រកប​ដោយ​វិមុត្តិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនក្ខន្ធ ជា​អសេក្ខៈ ១។ បុគ្គល​ប្រកប​ដោយ​អង្គ​ ទាំង​៥​នេះ។ តថាគត​ពោល​ថា ទាន​ដែល​បុគ្គលឲ្យ​ ចំពោះ​បុគ្គល​អ្នក​លះ​អង្គ​៥ ​ប្រកប​ដោយ​អង្គ​៥ ​​មាន​ផល​ច្រើន ដោយប្រការ​ដូច្នេះ។

គោឈ្មោល កើត​ក្នុង​ពួក​មេគោណាមួយ ទោះ​សម្បុរខ្មៅ​ក្ដី សក្ដី ក្រហម​ក្ដី លឿង​ក្ដី ពព្រុសក្ដី មានរូបរាង​ស្រដៀង​នឹង​កូន​វាក្ដី ប្រផេះក្ដី ដែល​គេ​បង្ហាត់ បាន​​បត់ ជា​គោសម្រាប់​ដឹក​នាំ បរិបូណ៌ ដោយ​កំឡាំង មាន​សន្ទុះ​ល្អ គេ​ទឹម​គោ​នោះ ​ក្នុង​រទេះ គេ​មិន​បាន​គិតគូរ ​ដល់​ពណ៌​សម្បុរ នៃ​គោ​នោះ​ឡើយ យ៉ាង​ណា​មិញ បុគ្គល​ល្អ កើត​ក្នុង​ត្រកូល​ណាមួយ ទោះ​ជាក្សត្រិយ៍​ក្ដី ព្រាហ្មណ៍​ក្ដី វេស្សៈក្ដី សុទ្ទៈក្ដី ចណ្ឌាលក្ដី បុក្កុសៈក្ដី ដែល​បាន​ទូន្មាន​ចិត្ត ឲ្យ​ប្រាស​ចាក​កិលេស ស្ថិត​នៅ​ក្នុង​ធម៌ បរិបូណ៌​ដោយ​សីល និយាយ​ពាក្យសច្ចៈ មាន​ចិត្ត​ប្រកប​ដោយ​ហិរិ លះ​ជាតិ​ និង​មរណៈ បរិបូណ៌​ដោយ​ព្រហ្មចារ្យ មាន​ភារៈដាក់​ចុះ​ហើយ ប្រាស​ចាក​រាគៈ​ មាន​សោឡ​សកិច្ច ​ធ្វើ​ស្រេច​​ហើយ មិនមាន​អាសវៈ ជាអ្នក​ដល់2) ​ត្រើយ នៃ​ធម៌​ទាំង​អស់3) ​មិន​ប្រកាន់​មាំ ប្រាស​ចាក​កំដៅ ​គឺ​កិលេស ទានដែល​បុគ្គល​ឲ្យ​ហើយ​ក្នុង​ខេត្ត ដែល​ប្រាសចាកធូលី មាន​រាគៈ​ ជា​ដើម​នោះ​ឯង ជា​ទាន​មាន​ផលធំទូលាយ ក៏​យ៉ាង​នោះ​ដែរ។ ចំ​ណែក​ខាង​ពួកបុគ្គល​ពាល អប្ប​ប្រាជ្ញា​ មិន​បាន​រៀន​សូត្រ មិន​ស្គាល់ (បុញ្ញក្ខេត្ត) រមែង​ឲ្យ​ទានខាង​ក្រៅ (ពុទ្ធសាសនា) មិន​ដែល​ចូល​ទៅ​ជិត​ពួក​សប្បុរស។ បើ​ពួក​បុគ្គលណា ចូល​ទៅ​ជិត​ពួក​សប្បុរស ជាអ្នក​មាន​ប្រាជ្ញា សន្មត​ថា ​ជា​អ្នក​ប្រាជ្ញ សទ្ធា​ជាឫសគល់​ របស់​ពួកបុគ្គល​នោះ ស្ថិត​នៅ​ក្នុង​ព្រះ​សុគត បុគ្គល​ទាំងនោះ រមែង​ទៅកាន់​ទេវលោក ឬក៏​កើត​ក្នុង​ត្រកូល (មានត្រកូល​ក្សត្រិយ៍ ​ជាដើម) នាលោក​នេះ ជាពួក​បណ្ឌិត សម្រេច​នូវ​ព្រះ​និព្វាន​តាម​លំដាប់។

(តិកណ្ណសូត្រ ទី៨)

(៨. តិកណ្ណសុត្តំ)

[៦០] គ្រានោះ​ឯង តិកណ្ណព្រាហ្មណ៍ ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅដល់​ហើយ ក៏​ពោល​សេចក្ដី​រីករាយ​ ជាមួយ​នឹង​ព្រះ​ដ៏មាន​ព្រះ​ភាគ លុះបញ្ចប់​ពាក្យ​គួរ​រីករាយ​ និង​ពាក្យ​គួរ​រឭក​ហើយ ក៏​អង្គុយក្នុង​ទី​សម​គួរ​។ លុះ​តិកណ្ណ​ព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​និយាយសរសើរ​ព្រាហ្មណ៍​ទាំង​ឡាយ អ្នក​បាន​វិជ្ជា​៣ ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​ដ៏មានព្រះ​ភាគ​ថា ពួក​ព្រាហ្មណ៍​ បាន​វិជ្ជា​៣​យ៉ាង​នេះ ពួក​ព្រាហ្មណ៍​បានវិជ្ជា​៣ ដូច្នេះ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ចុះពួក​ព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍​អ្នក​បាន​វិជ្ជា​៣​ដោយ​ប្រការ​យ៉ាង​ណា។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ព្រាហ្មណ៍​ក្នុង​លោក​នេះ ជាឧភតោសុជាត (មាន​ជាតិ​ល្អ​ទាំង​ពីរខាង​) គឺ​អំពី​មាតា​​ផង អំពី​បិតាផង កើត​អំពី​ផ្ទៃ​ ដ៏បរិសុទ្ធ​ស្អាត ដែល​បុគ្គល​មិន​រង្កៀស មិន​តិះ​ដៀល ​ដោយ​ពោល​អំពី​ជាតិបាន​ ដរាប​អំពី​ជួរ​ជីតា​ គំរប់​ ៧ ជាអ្នក​រាយ​មន្ត ចេះ​ចាំ​មន្ត ជា​អ្នក​ដល់​ត្រើយ នៃ​ត្រៃ​វេទ ព្រម​ទាំង​គម្ពីរ​និឃណ្ឌុ​ និង​កេដុភៈ ​ព្រម​ទាំង​អក្ខរប្បភេទ គឺ​សិក្ខា និង​និរុត្តិ មាន​គម្ពីរឥតិ​ហាសៈ ​ជាគំរប់​៥ ជា​អ្នក​ចេះ​បទ​ និង​វេយ្យាករណ៍ ជា​អ្នក​មិន​ឱនថយ​ គឺ​ស្ទាត់​ជំនាញ ក្នុ​ង​លោកាយត​សាស្រ្ត​ និង​មហាបុរិសលក្ខណ​សាស្រ្ត។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ពួក​ព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍​ អ្នក​បាន​វិជ្ជា​៣ ​យ៉ាង​នេះ​ឯង។ ម្នាល​ព្រាហ្មណ៍ ពួកព្រាហ្មណ៍​ បញ្ញត្ត​ព្រាហ្មណ៍​ អ្នក​បាន​វិជ្ជា​៣ ​ដោយ​ឡែក ឯ​វិជ្ជា​៣​ ក្នុងវិន័យ​របស់​អរិយៈ​ ដោយ​ឡែក​។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ចុះវិជ្ជា​៣ ក្នុងវិន័យ​របស់​អរិយៈ តើដូច​ម្ដេច វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ យ៉ាង​ណា សូម​ព្រះ​គោតម​ដ៏​ចំរើន មេត្តា​សំដែង​ធម៌​យ៉ាង​នោះ​ ដល់​ខ្ញុំ​ព្រះ​អង្គ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នក​ចូរ​ប្រុង​ស្ដាប់ ប្រុង​ធ្វើ​ទុក​ក្នុង​ចិត្ត ​ដោយ​ប្រពៃ​ចុះ តថាគត​នឹង​សំដែង។ តិកណ្ណ​ព្រាហ្មណ៍ ទទួល​ស្ដាប់ព្រះ​ដ៏​មាន​ព្រះភាគ​ថា ព្រះ​ករុណា ព្រះ​អង្គ។ ព្រះដ៏​មាន​ព្រះ​ភាគ​ បាន​ត្រាស់​ដូច្នេះថា ម្នាលព្រាហ្មណ៍ ភិក្ខុ​ក្នុង​សាសនានេះ ស្ងាត់​ចាក​កាម​ទាំង​ឡាយ ស្ងាត់​ចាកអកុសល​ធម៌​ទាំង​ឡាយ ចូល​កាន់​បឋម​ជ្ឈាន ប្រកប​ដោយ​វិត្តកៈ​ និង​វិចារៈ មាន​បី​តិ​ និង​សុខ​ កើត​អំពី​វិវេក សម្រេច​សម្រាន្ត​នៅ ព្រោះ​ស្ងប់​វិតក្កៈ វិចារៈ​ ក៏​ចូល​ដល់​ទុតិយ​ជ្ឈាន​ ជា​ធម្ម​ជាត​កើត​មាន​ក្នុង​សន្តាន​នៃ​ខ្លួន ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា មាន​សភាព​ជា​ចិត្តខ្ពស់​ឯក មិន​មាន​វិតក្កៈ វិចារៈ មាន​តែ​បី​តិ ​និង​សុខ​ កើត​អំពី​សមា​ធិ សម្រេច​សម្រាន្ត​នៅ ព្រោះ​ប្រាសចាកបី​តិ​ផង ជា​អ្នក​ព្រងើយ​កន្ដើយ មាន​សតិ​សម្បជញ្ញៈផង ទទួល​សុខដោយ​នាម​កាយ​ផង ព្រះ​អរិយៈ​ទាំង​ឡាយ តែង​សរសើរ​បុគ្គល ​ដែលបាន​តតិយជ្ឈាន​នោះ​ថា ​ប្រកប​ដោយ​ឧបេក្ខា​ មាន​ស្មារតី មាន​កិរិយានៅ​ជាសុខ ​ដូច្នេះ ព្រោះ​តតិយ​ជ្ឈានណា ក៏​ចូល​កាន់​តតិយ​ជ្ឈាន​នោះ​ សម្រេចសម្រាន្ត​នៅ ព្រោះ​លះ​បង់​សុខ​ផង លះ​បង់​ទុក្ខ​ផង អស់​សោមនស្ស ទោមនស្ស ក្នុង​កាល​មុន​ផង ក៏​ចូល​កាន់​ចតុត្ថ​ជ្ឈាន មាន​អារម្មណ៍​មិនជាទុក្ខ មិន​ជាសុខ មានសតិ​ ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា​ សម្រេច​សម្រាន្ត​នៅ។ កាល​បើ​ចិត្ត តាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ស្អាត មិន​មា​ន​កិលេស ​ប្រាស​ចាកឧបក្កិលេស ​ជាចិត្ត​ទន់ គួរ​ដល់​ភាវនាកម្ម ជាចិត្ត​មិន​ញាប់​ញ័រ​យ៉ាង​នេះហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ​ដើម្បី​បុព្វេ​និវា​សានុ​ស្ស​តិញ្ញាណ​ភិក្ខុ​នោះ រឭក​ឃើញ​នូវ​ខន្ធ ​ដែល​សត្វ​អាស្រ័យ​នៅ ​ក្នុង​កាល​មុន ​ជាច្រើន​ប្រការ គឺរឭក​បាន​១​ជាតិ​ខ្លះ ​២​ជាតិ​ខ្លះ ​៣​ជាតិ​ខ្លះ ៤​ជាតិ​ខ្លះ ៥​ជាតិ​ខ្លះ​ ១០​ជាតិខ្លះ ២០​ជាតិ​ខ្លះ ៣០​ជាតិ​ខ្លះ ៤០​ជាតិខ្លះ ៥០​ជាតិ​ខ្លះ ១០០ជាតិខ្លះ ១០០០ជាតិ​ខ្លះ ១០០.០០០ជាតិ​ខ្លះ រឭក​អស់​សំវដ្ដ​កប្ប​ជាច្រើន វិវដ្ដកប្បជាច្រើន សំវដ្ដវិវដ្ដ​កប្បជា​ច្រើនក៏​បាន ​ថា អាត្មាអញ​ បាន​កើតក្នុង​ភពឯណោះ មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាង​នេះ បាន​ទទួល​សុខ ​និង​ទុក្ខយ៉ាង​នេះ មាន​កំណត់អាយុ​ត្រឹម​ប៉ុណ្ណេះ លុះ​អាត្មា​អញ​នោះ ច្យុ​ត​ចាកអត្ត​ភាព​នោះ​ហើយ ក៏​បាន​ទៅកើត​ ក្នុង​ភព​ឯណោះ ដែល​កើត​ក្នុង​ភព​នោះ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ បាន​ទទួល​សុខ​ និង​ទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ អាត្មាអញ​នោះ លុះ​ច្យុត​ចាក​អត្ត​ភាព​នោះ​ហើយ ក៏​បាន​មក​កើត​ក្នុង​ភពនេះ ភិក្ខុ​នោះ ​រឭក​បាន​នូវ​ខន្ធ​ ដែលខ្លួន​នៅ ក្នុង​កាល​មុន​ ជា​ច្រើន​ប្រការ ​ព្រម​ទាំង​អាការៈ គឺ​សម្បុរ​ និង​អាហារ ​ជាដើម ព្រម​ទាំង​ឧទ្ទេស គឺ​ឈ្មោះ និង​គោត្រ​ ដោយ​ប្រការ​ដូច្នេះ។ នេះ​ជា​វិជ្ជា​ទី​១ ដែល​ភិក្ខុ​នោះ​បានសម្រេច​ហើយ អវិជ្ជាក៏​បាត់​ទៅ វិជ្ជា​ក៏​កើត​ឡើង ងងឹត​បាត់​ទៅ ពន្លឺក៏កើត​ឡើង ​(​ជា​ផល) សម​គួរ​ដល់​ភិក្ខុ​មិន​មាន​សេចក្ដី​ប្រមាទ មាន​សេចក្ដីព្យាយាម ជាគ្រឿង​ដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។ កាល​បើ​ចិត្តតាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ស្អាត មិន​មាន​កិលេស ប្រាស​ចាកឧបក្កិលេស ជាចិត្ត​ទន់ គួរ​ដល់​ភាវនាកម្ម ជាចិត្ត​មិន​ញាប់​ញ័រ ​យ៉ាងនេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បីសត្តានំ ចុតូប​បាតញ្ញាណ ភិក្ខុ​នោះ មាន​ចក្ខុ​ដូច​ជាទិព្វ ដ៏​បរិសុទ្ធ កន្លង​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា រមែង​ឃើញ​ពួក​សត្វ ​ដែល​កំពុង​ច្យុត ដែល​កំពុង​កើត ដឹង​ច្បាស់​នូវ​ពួកសត្វ​ថោក​ទាប ឧត្តម មាន​សម្បុរ​ល្អ មាន​សម្បុរ​អាក្រក់ មាន​គតិ​ល្អ មានគតិ​អាក្រក់ ដែល​ប្រព្រឹត្ត​ទៅ ​តាម​កម្ម​របស់​ខ្លួន​ថា ​អើហ្ន៎ ពួក​សត្វ​នេះ ប្រកប​ដោយ​កាយ​ទុច្ច​រិត ​ប្រកប​ដោយ​វចី​ទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជា​អ្នក​តិះ​ដៀល​ព្រះ​អរិយៈ​ទាំង​ឡាយ ជា​មិច្ឆា​ទិដ្ឋិ ប្រកាន់​អំពើ​មិច្ឆាទិដ្ឋិ សត្វ​ទាំងនោះ ​លុះ​បែក​ធ្លាយ​រាង​កាយ ស្លាប់​ទៅ​ ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ឯ​ពួក​សត្វ​ទាំង​អម្បាល​នេះ ​បាន​ប្រកប​ដោយ​កាយ​សុចរិត ប្រកប​ដោយ​វចី​សុចរិត ប្រកប​ដោយ​មនោសុចរិត មិន​តិះ​ដៀលព្រះ​អរិយៈ​ទាំង​ឡាយ ជា​សម្មា​ទិដ្ឋិ​ ប្រកាន់​អំពី​ជា​សម្មា​ទិដ្ឋិ សត្វ​ទាំង​នោះ ​លុះ​​បែក​ធ្លាយ​រាង​កាយ​ ស្លាប់​ទៅ ក៏​ទៅ​កើត​ក្នុង​សុ​គតិ សួគ៌ ទេវលោក ភិក្ខុ​នោះ មាន​ចក្ខុ​ដូចជា​ទិព្វ ដ៏​បរិសុទ្ធ កន្លង​ចក្ខុ​របស់​មនុស្ស​ធម្មតា រមែង​ឃើញ​ពួក​សត្វ ដែល​ច្យុត ដែល​កើត ក៏ដឹង​ច្បាស់ ​នូវ​ពួក​សត្វថោក​ទាប ​ឧត្ដម ​មាន​សម្បុរ​ល្អ សម្បុរ​អាក្រក់ មាន​គតិ​ល្អ ​គតិ​អាក្រក់ ​ដែលប្រព្រឹត្ត​ទៅ​ តាម​កម្ម​របស់​ខ្លួន​ ដោយ​ប្រការ​ដូច្នេះ។ នេះ​ជាវិជ្ជា​ទី២ ដែលភិក្ខុ​នោះ ​បាន​សម្រេច​ហើយ អវិជ្ជា​បាត់​ទៅ​ វិជ្ជា​ក៏​កើត​ឡើង ងងឹត​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង (​ជាផល)​ សម​គួរ​ដល់​ភិក្ខុ​អ្នក​មិន​ប្រមាទ មាន​ព្យាយាម ជា​គ្រឿង​ដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។ កាល​បើចិត្ត តាំង​ខ្ជាប់​ខ្ជួន​ បរិសុទ្ធ ​ផូរ​ផង់ មិន​មាន​កិលេស ប្រាសចាក​ឧបក្កិលេស មាន​សភាព​ជាចិត្ត​ទន់ គួរ​ដល់ភាវនាកម្ម ជា​ចិត្ត​មិន​ញាប់​ញ័រ​ យ៉ាង​នេះហើយ ភិក្ខុនោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បី​អាសវក្ខ​យញ្ញាណ ភិក្ខុ​នោះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុ​នាំ​ឲ្យកើត​ទុក្ខ ដឹង​ច្បាស់​តាម​ពិតថា នេះ​ជា​សេចក្ដី​រលត់​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ជា​បដិបទា​ នាំ​ឲ្យ​បាន​ដល់​នូវ​សេចក្ដី​រលត់​ទុក្ខ ដឹង​ច្បាស់​តាមពិតថា ​នេះ​ជា​អាសវៈ​ទាំង​ឡាយ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុនាំឲ្យ​កើត​អាសវៈ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​សេចក្ដី​រលត់​អាសវៈ ដឹងច្បាស់​តាម​ពិត​ថា នេះ​ជាបដិបទា​ នាំ​ឲ្យ​ដល់​នូវ​សេចក្ដី​រលត់​អាសវៈ។ កាល​ភិក្ខុ​នោះ​ ដឹង​​យ៉ាង​នេះ ​ឃើញ​យ៉ាង​នេះ ចិត្ត​ក៏​ផុត​ស្រឡះ ចាក​កាមា​សវៈផង ចិត្ត​ក៏​ផុត​ស្រឡះ​ ចាក​ភវាសវៈផង ចិត្ត​ក៏​ផុត​ស្រឡះ ចាក​អវិជ្ជា​សវៈផង កាល​បើ​ចិត្ត​ផុត​ស្រឡះ​ហើយ ញាណ​ក៏​កើត​ឡើង​ថា ចិត្ត​ផុត​ស្រឡះ​ហើយ ដឹង​ច្បាស់​ថា ជាតិ​អស់​ហើយ ព្រហ្ម​ចរិយៈ​ អាត្មា​អញ បានប្រព្រឹត្តស្រេចហើយ ​សោឡ​សកិច្ច​ អាត្មា​អញ ​បាន​ធ្វើ​ស្រេច​ហើយ មគ្គ​ភាវ​នា​កិច្ចដទៃ ​ប្រព្រឹត្ត​ទៅ ដើម្បី​សោឡ​សកិច្ច​នេះ​ទៀត ​មិន​មាន​ឡើយ។ នេះជាវិជ្ជា​ទី​៣ ដែល​ភិក្ខុ​នោះ បាន​សម្រេច​ហើយ អវិជ្ជាបាត់​ទៅ វិជ្ជាក៏​កើត​ឡើង ងងឹត​បាត់ទៅ ពន្លឺ​ក៏កើត​ឡើង (​ជា​ផល) សម​គួរ​ដល់​ភិក្ខុអ្នក​មិន​ប្រមាទ មា​ន​ព្យាយាម ​ជា​គ្រឿង​ដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូនទៅ​រក​ព្រះ​និព្វាន។

ចិត្ត​របស់​បុគ្គល​ណា មាន​សីល​មិន​ខ្ពស់​ទាប មាន​ប្រាជ្ញាចាស់​ក្លា អ្នក​ដុត​កំដៅ​កិលេស ជា​ចិត្ត​ដ៏​ស្ទាត់ ​មាន​អារម្មណ៍តែ​មួយ​ តាំង​ខ្ជាប់​ខ្ជួន (​ដោយ​អារម្មណ៍) ពួក​អ្នក​ប្រាជ្ញ ហៅ​បុគ្គល​នោះ ថា​ជា​អ្នក​បន្ទោបង់​ នូវ​ងងឹត ជា​អ្នកប្រាជ្ញ​បាន​វិជ្ជា ៣ លះ​បង់​មច្ចុ ជា​ប្រយោជន៍​ដល់ទេវតា និង​មនុស្ស​ លះ​បង់​នូវ​បាប​ធម៌​ទាំង​អស់ បរិបូណ៌ដោយ​​វិជ្ជា ៣ មានកិរិយា នៅ​ដោយ​សេចក្ដី​មិន​ភាន់​ច្រឡំ ចាក់​ធ្លុះ​នូវ​សច្ចៈ ​ទាំង​៤ ទ្រទ្រង់​នូវ​សរី​រៈ ​មាន​ក្នុង​ទី​បំផុត ពួក​ទេវតា​ និង​មនុស្ស​ តែង​នមស្ការ​ព្រះ​គោតមនោះ។ បុគ្គល​ណា​ដឹង​នូវ​បុព្វេ​និវាស ឃើញ​នូវ​សួគ៌​ និង​អបាយ មួយ​ទៀត ជាខី​ណា​សវមុនិ ដល់​នូវ​ការ​អស់​ទៅ​នៃ​ជាតិដឹង​ហើយ បាន​សម្រេច​សម្រាន្ត​នៅ ​ដោយ​ទី​បំ​ផុត ​នៃកិច្ច បាន​វិជ្ជា​៣ ដោយ​វិជ្ជា​៣​នុ៎ះ តថាគត ​ហៅ​បុគ្គល​អ្នក​បានវិជ្ជា​៣​នោះ​ ថា​ជា​ព្រាហ្មណ៍ មិន​មែន​ហៅ​បុគ្គល​ដទៃ តាម​ពាក្យ​ដែល​គេ​ធ្លាប់​ហៅ​ឡើយ។

ម្នាល​ព្រាហ្មណ៍ វិជ្ជា​៣​ ក្នុង​វិន័យ​របស់​អរិយៈ​ យ៉ាង​នេះឯង​។ បពិត្រព្រះ​គោតម​ដ៏​ចំ​រើន វិជ្ជា​៣​ របស់​ព្រាហ្មណ៍​ទាំង​ឡាយ​ ដោយ​ឡែក វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ​ ដោយ​ឡែក បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន តែថា វិជ្ជា៣ ​របស់​ព្រាហ្មណ៍​ទាំង​ឡាយ មិន​ដល់​នូវ​ចំ​ណែក​ ទី​១៦ ៗ ដង ​នៃវិជ្ជា ៣ ​ក្នុង​វិន័យ​របស់​អរិយៈនេះ​ទេ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់​។ ​បេ។ សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុក​ នូវ​ខ្ញុំ​ព្រះ​អង្គ​ថា ​ជាឧ​បាសក អ្នក​ដល់​សរណគមន៍ ​ស្មើ​ដោយ​ជី​វិត​ តាំង​ពី​ថ្ងៃ​នេះ ​ជា​ដើម​ទៅ។

(ជាណុស្សោណិសូត្រ ទី៩)

(៩. ជាណុស្សោណិសុត្តំ)

[៦១] គ្រា​នោះ​ឯង ជានុស្សោ​ណី​ព្រាហ្មណ៍ ចូល​ទៅ​គាល់ព្រះ​ដ៏​មាន​ព្រះ​ភាគ។ ​បេ។ លុះ​ជានុ​ស្សោណី​ព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​សម​គួរហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រ​ព្រះ​គោតមដ៏​ចំ​រើន គ្រឿង​បូជា​ក្ដី មតកភត្ត ​ដែល​ឲ្យ​ដោយ​សទ្ធា​ក្ដី អាហារ​ជាសំរាប់ ដែល​គប្បី​ឲ្យ ​ដល់​បុគ្គល​ដទៃ​ក្ដី ទេយ្យ​ធម៌ ​គឺ​វត្ថុ​ក្រៅ​ពី​នោះ​ក្ដី របស់​បុគ្គលណា បុគ្គល​នោះ ​គួរ​ឲ្យ​ទាន ចំពោះ​ព្រាហ្មណ៍​ទាំង​ឡាយ អ្នក​បាន​វិជ្ជា​៣ដែរ​ឬទេ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ចុះ​ពួកព្រាហ្មណ៍​ បញ្ញត្តព្រាហ្មណ៍​អ្នក​មាន​វិជ្ជា​៣​ ដោយ​ប្រការ​យ៉ាង​ណា។ ​បពិត្រព្រះ​គោតម​ដ៏ចំរើន ព្រាហ្មណ៍​ក្នុង​លោក​នេះ ​ជា​ឧភតោ​សុជាត (​មាន​ជាតិល្អទាំង​ពីរ​ខាង) គឺ​ខាង​មាតា និង​ខាង​បិតា កើត​អំពី​គភ៌​ ដ៏​បរិសុទ្ធ មិន​មានបុគ្គល​រង្កៀស មិន​មាន​គេ​តិះ​ដៀល ​ដោយ​ពោល​អំពី​ជាតិ​កំណើត​បាន ដរាប​អំពី​ជួរ​ នៃជីតា ​គំរប់​៧ ស្វាធ្យាយ ​ទ្រទ្រង់​នូវ​មន្ត ដល់​ត្រើយ​ នៃ​ត្រៃ​វេទ ព្រម​ទាំង​គម្ពីរ​និឃណ្ខុ និង​កេដុភៈ ព្រម​ទាំង​អក្ខរ​ប្បភេទ គឺ​សិក្ខា ​និង​និរុត្តិ ដែល​មាន​គម្ពីរ​ឈ្មោះ​ ឥតិហាសៈ​ ជា​គំរប់​៥ ជាអ្នក​ចេះ​បទ​ និង​វេយ្យាករណ៍ ជា​អ្នក​ស្ទាត់​ជំនាញ ក្នុង​លោកាយ​តសាស្រ្ត និង​មហា​បុរិស​លក្ខណៈ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំ​រើន ពួក​ព្រាហ្មណ៍ បញ្ញត្ត​ព្រាហ្មណ៍​អ្នក​បាន​វិជ្ជា៣​ យ៉ាង​នេះឯង។ ម្នាល​ព្រាហ្មណ៍ ពួក​ព្រាហ្មណ៍ បញ្ញត្ត​ព្រាហ្មណ៍ ​អ្នកបានវិជ្ជា​៣ ដោយ​ឡែក ឯ​វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ ​ដោយឡែក។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ចុះ​វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ ​តើដូច​ម្ដេច វិជ្ជា​៣ ​ក្នុង​វិន័យ​របស់​អរិយៈ​យ៉ាង​ណា សូម​ព្រះ​គោតម​ដ៏​ចំរើន មេត្តាប្រោស​សំដែង​ធម៌ ​ដល់​ខ្ញុំ​ព្រះ​អង្គ ​យ៉ាង​នោះ។ ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នក​ចូរ​ប្រុង​ស្ដាប់ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ដោយ​ប្រពៃ​ចុះ តថាគត​នឹង​សំដែង។ ជា​នុស្សោ​ណី​ព្រាហ្មណ៍ ទទួល​ស្ដាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា ព្រះ​ករុ​ណា ​ព្រះ​​អង្គ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះថា ម្នាល​ព្រាហ្មណ៍ ភិក្ខុក្នុង​សាសនានេះ ស្ងាត់​ចាក​កាម​ទាំង​ឡាយ។ ​បេ។ ក៏​ចូល​ចតុ​ត្ថ​ជ្ឈាន។ កាល​បើ​ចិត្ត តាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ស្អាត ឥត​មាន​កិលេស ប្រាសចាកឧបក្កិលេស ជា​ចិត្ត​ទន់ គួរ​ដល់​ភាវនា​កម្ម ជាចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ​ យ៉ាង​នេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុ​នោះ រឭក​ឃើញ​ នូវ​បុព្វេ​និវាស​ច្រើន​ប្រការ។ បេ។ នេះ​ជា​វិជ្ជា​ទី​១ ដែល​ភិក្ខុ​នោះ ​បាន​សំរេច​ហើយ អវិជ្ជា​បាត់​ទៅ វិជ្ជា​ក៏កើត​ឡើង ងងឹត​បាត់​ទៅ ពន្លឺក៏​កើត​ឡើង (​ជា​ផល​) សម​គួរ​ដល់​ភិក្ខុអ្នក​មិន​ប្រមាទ មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស មាន​ចិត្ត​បញ្ជូនទៅ​រក​ព្រះ​និព្វាន។ កាល​បើចិត្ត​ តាំង​ខ្ជាប់ ​បរិសុទ្ធ​ស្អាត ឥត​មាន​កិលេស ប្រាស​ចាក​ឧបក្កិលេស ជាចិត្ត​ទន់ គួរ​ដល់​ភាវនា​កម្ម ជាចិត្ត​នឹង​ធឹង ​មិនញាប់​ញ័រ​ យ៉ាង​នេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ​ ដើម្បី សត្តា​នំ ចុតូបបាតញ្ញាណ ភិក្ខុ​នោះ ​មាន​ចក្ខុ​ដូច​ជាទិព្វ ​ដ៏​បរិសុទ្ធ ​កន្លង​បង់​ចក្ខុ​ជារបស់មនុស្ស​ធម្មតា ឃើញ​ពួក​សត្វ​។ ​បេ។ នេះ ជា​វិជ្ជា​ទី​២ ដែល​ភិក្ខុ​នោះ ​បានសម្រេច​ហើយ​ អវិជ្ជា​បាត់​ទៅ​ វិជ្ជា​ក៏​កើត​ឡើង ងងឹត​បាត់​ទៅ​ ពន្លឺ​ក៏​កើត​ឡើង (​ជា​ផល) សម​គួរ​ដល់​ភិក្ខុ​អ្នក​មិន​មាន​សេចក្ដី​ប្រមាទ មាន​ព្យាយាម​ ជាគ្រឿង​ដុត​កំ​ដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។ កាល​បើចិត្ត តាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​​ស្អាត ឥត​មាន​កិលេស ប្រាស​ចាកឧបក្កិលេស ជា​ចិត្ត​ទន់ គួរ​ដល់​ភាវ​នាកម្ម ជា​ចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ​ យ៉ាង​នេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បី​អាសវក្ខ​យញ្ញាណ ភិក្ខុ​នោះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ។ ​បេ។ ដឹង​ច្បាស់​តាម​ពិត​ថា នេះជាបដិបទា នាំ​ឲ្យ​ដល់​សេចក្ដី​រលត់​ទុក្ខ។ ​​ដឹង​ច្បាស់​តាម​ពិត​ថា ទាំង​អស់នេះ ​ជា​អាសវៈ។ ​បេ។ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជាបដិបទា នាំ​ឲ្យ​បាន​ដល់សេចក្ដី​រលត់​អាសវៈ។ កាល​ភិក្ខុ​នោះ ​ដឹង​យ៉ាង​នេះ ឃើញ​យ៉ាង​នេះ ចិត្ត​ក៏​រួចស្រឡះ ចាក​កាមា​សវៈ​ផង ចិត្ត​ក៏​រួច​ស្រឡះ ចាក​ភវាសវៈ​ផង ចិត្តក៏​រួច​ស្រឡះ ចាក​អវិជ្ជា​សវៈ​ផង កាល​ចិត្ត​រួច​ស្រឡះ​ហើយ ញាណ​កើតឡើង​ថា ចិត្ត​រួច​ស្រឡះ​ហើយ ដឹង​ច្បាស់​ថា ជាតិ​អស់​ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​ប្រព្រឹត្ត​ស្រេច​ហើយ សោឡ​សកិច្ច ​អាត្មា​អញ ​បានធ្វើ​ស្រេច​ហើយ មគ្គភាវ​នាកិច្ច​ដទៃ ​ប្រព្រឹត្តទៅ ដើម្បី​សោឡ​សកិច្ច​នេះទៀត ​មិន​មាន​ឡើយ នេះ​ជា​វិជ្ជា​ទី៣ ដែល​ភិក្ខុ​នោះ​ បាន​សម្រេច​ហើយ អវិជ្ជា​បាត់​ទៅ វិជ្ជា​ក៏​កើត​ឡើង​ ងងឹត​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង ​(​ជា​ផល) សម​គួរ​ដល់​ភិក្ខុ​អ្នក​មិន​មាន​សេចក្ដី​ប្រមាទ មាន​ព្យាយាម ជា​គ្រឿងដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។

បុគ្គល​ណា បរិបូណ៌​ដោយ​សីល​ និង​វ័ត មាន​ចិត្ត​បញ្ជូន​ទៅរកព្រះនិព្វាន មាន​ចិត្ត​ដំកល់​មាំ ចិត្ត​របស់​បុគ្គល​ណា ស្ទាត់ ប្រសើរ​ឯក ខ្ជាប់​ខ្ជួន​ប្រពៃ បុគ្គលណា ដឹង​នូវ​បុព្វេ​និវាស​ផង ឃើញ​នូវ​សួគ៌​ និង​អបាយ​ផង មួយ​ទៀត ដល់​នូវ​កា​រអស់​ទៅនៃជាតិ បាន​ដឹង​ច្បាស់​ហើយ សម្រេច​សម្រាន្ត​នៅ ដោយទី​បំផុត​នៃកិច្ច ជា​ខីណា​សវមុនិ អ្នក​បាន​វិជា្ជ​៣ ដោយ​វិជ្ជា៣​នុ៎ះ តថាគត ​ហៅ​បុគ្គល អ្នក​បាន​វិជ្ជា​៣​នោះ ថាជាព្រាហ្មណ៍ ​មិន​ហៅ​បុគ្គល​ដទៃ ​តាម​ពាក្យ ដែល​គេ​ធ្លាប់​ពោលឡើយ។

ម្នាល​ព្រាហ្មណ៍ វិ​ជ្ជា​៣​ក្នុង​វិ​ន័យ​របស់​អរិយៈ យ៉ាង​នេះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន វិជ្ជា​៣ ​របស់​ពួក​ព្រាហ្មណ៍ ដោយ​ឡែក​ ឯវិជ្ជា៣ ក្នុង​វិន័យ​​របស់​អរិយៈ​ ដោយ​ឡែក បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន វិជ្ជា​៣ របស់​ពួក​ព្រាហ្មណ៍ មិន​ដល់​នូវ​ចំ​ណែក ​ទី​១៦​ៗ​ដង នៃ​វិជ្ជា ៣​ ក្នុង​វិន័យរបស់​អរិយៈ​នេះ​ទេ។ បពិត្រ​ព្រះ​គោតម​​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់​។ បេ។ សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ថា​ជា​ឧបាសក ​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត តាំង​ពី​ថ្ងៃ​នេះ ​ជាដើម​ទៅ។

(សង្គារវសូត្រ ទី១០)

(១០. សង្គារវសុត្តំ)

[៦២] គ្រា​នោះ​ឯង សង្គារវ​ព្រាហ្មណ៍​ ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្ដី​រីករាយ ​ជាមួយ​នឹង​ព្រះ​ដ៏​មាន​ព្រះភាគ លុះ​បញ្ចប់​ពាក្យ​ ដែល​គួរ​រីករាយ និង​ពាក្យ​គួរ​រឭក​ហើយ​ ក៏​អង្គុយ​ក្នុងទី​សម​គួរ។ លុះ​សង្គារ​វព្រាហ្មណ៍ អង្គុយក្នុង​ទី​សម​គួរ​ហើយ បានក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន យើងទាំង​ឡាយ ​ឈ្មោះ​ថា​ជា​ព្រាហ្មណ៍ បូជា​នូវ​យញ្ញ​ខ្លួន​ឯង​ខ្លះ ប្រើ​គេ​ឲ្យ​បូជា​ខ្លះ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ក្នុង​ដំណើរ​នោះ ព្រាហ្មណ៍​ណា បូជាយញ្ញ ដោយ​ខ្លួន​​ឯង​ផង ព្រាហ្មណ៍​ណា ប្រើ​គេ​ឲ្យ​បូជា​ផង ព្រាហ្មណ៍ទាំង​អស់​នោះ ឈ្មោះ​ថា ប្រតិ​បត្តិ ​នូវ​សេចក្ដី​ប្រតិប័ទ​ ជា​ហេតុ​ឲ្យ​កើត​បុណ្យ ដែល​ប្រ​ព្រឹត្ត​ទៅ ក្នុង​សរី​រៈ​ដ៏​ច្រើន ព្រោះ​ហេតុ​តែ​ការ​បូជា​នេះ​ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ចំ​ណែក​ខាង​បុគ្គល​ណា ចេញ​ចាក​ត្រកូលណាក្ដី ចេញចាក​ផ្ទះ​ណាក្ដី ហើយ​បួស​ក្នុង​សំ​ណាក់​បុគ្គល​មិន​មាន​ផ្ទះ ក៏​ទូន្មាន​ចំពោះ​ខ្លួន​មួយ​ៗ រម្ងាប់​ចំពោះ​ខ្លួន​មួយ​ៗ រំលត់​ទុក្ខ ​ចំ​ពោះ​ខ្លួន​មួយ​ៗ បុញ្ញប្បដិបទានេះ ប្រពឹត្ត​ទៅ​ក្នុង​សរី​រៈតែ​មួយ រមែង​មាន​ដល់​បុគ្គល​នោះ ​យ៉ាង​នេះ ព្រោះ​ហេតុ​តែ​បព្វ​ជ្ជា​នេះ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា ម្នាលព្រាហ្មណ៍ បើ​ដូច្នោះ តថាគត​ នឹង​ត្រឡប់​សួរ​ដំ​ណើរ​នោះ ​ចំ​ពោះ​អ្នក​វិញ អ្នក​គាប់​ចិត្ត​យ៉ាង​ណា គប្បី​ដោះ​ស្រាយ​ប្រស្នា​នោះ​ យ៉ាង​នោះ​ចុះ។ ម្នាល​ព្រាហ្មណ៍ អ្នក​សំ​គាល់​សេចក្ដី​នោះ​ ដូច​ម្ដេច ព្រះ​តថា​គត​ កើតឡើង ក្នុង​លោក​នេះ​​ ជា​អរហន្ត ​សម្មាសម្ពុទ្ធ បរិបូណ៌​ដោយ​វិជ្ជា ​និង​ចរណៈ មាន​ដំ​ណើរ​ល្អ ជ្រាបច្បាស់​នូវ​ត្រៃ​លោក មិន​មាន​បុគ្គល​ដទៃ​ ប្រសើរជាង ជាសារ​ថី ​ទូន្មាននូវ​បុរស ដែល​គួរ​ទូន្មាន​​បាន ជាគ្រូ​នៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ ត្រាស់​ដឹង​នូ​វ​អរិយសច្ច​ ទាំង​៤ លែង​វិលមក​កាន់​ភពថ្មី​ទៀត ព្រះ​តថាគត​នោះ ពោល​យ៉ាង​នេះ​ថា នេះ​ជា​ផ្លូវ នេះ​ជា​បដិបទា ក្នុង​ដំណើរនោះ ដូច​តថាគត​ប្រតិ​បត្តិ បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ នូវ​ការ​ចុះ​ស៊ប់ ​កាន់​ព្រហ្ម​ចរិយៈ​ដ៏​ប្រសើរ ដោយ​ប្រាជ្ញា​ដ៏​ឧ​ត្តម​ខ្លួនឯង ទើប​ប្រកាស​ប្រាប់ (សត្វ​ដទៃ) ថា អើ អ្នក​ទាំង​ឡាយ​ ចូរ​មក អ្នក​ទាំង​ឡាយ ចូរ​ប្រ​តិបត្តិ​ ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ការ​ចុះ​ស៊ប់​ កាន់​ព្រហ្មចរិយៈដ៏​ប្រសើរ ដោយ​ប្រាជ្ញា​ខ្លួន​ឯង សម្រេច​សម្រាន្ត​នៅ​ យ៉ាង​ណា អ្នកទាំង​ឡាយ ចូរ​ប្រតិ​បត្តិ​យ៉ាង​នោះ​ចុះ។ ព្រះ​សា​ស្ដា​នេះ តែង​សំ​ដែងធម៌ផង ពួក​ជន​ដទៃ ​ប្រតិ​បត្តិ​តាម​បែប​នោះផង ដោយ​ប្រការ​ដូច្នេះ​។ ការ​ប្រមាណ​នៃ​សត្វ​ទាំង​ឡាយ​នោះ មាន​រយ​ដ៏​ច្រើន​ផង មានពាន់ដ៏ច្រើន​ផង មាន​សែន​ដ៏​ច្រើន​ផង ម្នាលព្រាហ្មណ៍ អ្នក​សំ​គាល់​សេចក្ដី​នោះ ​ដូច​ម្ដេច កាល​បើ​ហេតុ​មាន​យ៉ាង​នេះ​ បុញ្ញ​ប្បដិ​បទា​នេះ ​ឈ្មោះ​ថា ប្រព្រឹត្តទៅ ក្នុង​សរី​រៈតែ​មួយ ឬ​ប្រព្រឹត្ត​ទៅ​ ក្នុង​សរី​រៈដ៏​ច្រើន ព្រោះ​ហេតុ​តែបព្វ​ជ្ជា​ ដោយ​ប្រការ​ដូច្នេះ។ បពិត្រព្រះ​គោតម​ដ៏​ចំរើន កាល​បើហេតុ​មាន​យ៉ាង​នេះ បុញ្ញប្បដិបទា​នេះ ឈ្មោះ​ថា ប្រ​ពឹត្ត​ទៅ​ ក្នុង​សរី​រៈដ៏ច្រើន ព្រោះ​ហេតុ​តែ​បព្វ​ជ្ជា​នេះ ​ដូច្នេះ​។ កាល​បើព្រាហ្មណ៍​និយាយ យ៉ាង​នេះ​ហើយ ព្រះ​អានន្ទ​ដ៏​​មាន​អាយុ បាន​និយាយ​នឹង​សង្គារវព្រាហ្មណ៍ ​ដូច្នេះថា ​ម្នាល​ព្រាហ្មណ៍ បណ្ដា​បដិបទា ទាំង​២​នេះ​ អ្នកគាប់​ចិត្តបដិបទាណា ថា​មាន​សេចក្ដី​ត្រូវ​កា​រតិច​ផង មាន​ការ​រៀប​ចំតិចផង មាន​ផល​ច្រើន​ផង មាន​អានិសង្ស​ច្រើន​ផង។ ​ កាល​បើព្រះអានន្ទ និយាយ​យ៉ាង​នេះ​ហើយ សង្គារវព្រាហ្មណ៍ បាន​និយាយនឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ដូច្នេះ​ថា បុគ្គល​ដូច​ជា​ព្រះ​គោតម​ដ៏​ចំរើន និងព្រះ​អានន្ទ​ដ៏​ចំរើន​ទាំង​នេះ ខ្ញុំ​ត្រូវ​បូជា ខ្ញុំ​ត្រូវ​សរ​សើរ។ ព្រះ​អានន្ទដ៏​មាន​អាយុ បាន​និយាយ​នឹង​សង្គារ​វព្រាហ្មណ៍​ ជាគំរប់​២ដង ​ដូច្នេះថា ម្នាល​ព្រាហ្មណ៍ អាត្មា​មិន​សួរ​អ្នក​ថា ពួក​បុគ្គល​ដូច​ម្ដេច ដែល​អ្នក​ត្រូវបូជា​ ឬ ពួក​បុគ្គល​ដូច​ម្ដេច ដែល​អ្នក​ត្រូវ​សរសើរ​ យ៉ាង​នេះ​ទេ។ ​ម្នាលព្រាហ្មណ៍ អាត្មា​សួរ​អ្នក​ យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ បណ្ដា​បដិបទាទាំង​ពី​រនេះ អ្នក​គាប់​ចិត្ត​បដិបទា​ណា​ថា មាន​សេចក្ដី​ត្រូវ​ការ​តិច​ផង មានកា​ររៀប​ចំតិចផង មាន​ផល​ច្រើន​ផង មា​នអានិសង្សច្រើន​ផង ដូច្នេះទេ​តើ។ សង្គារ​វព្រាហ្មណ៍ បាន​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ជាគំរប់២​ដង​ ដូច្នេះ​ថា បុគ្គល​ដូច​ជា​ព្រះ​សម​ណ​គោត​ម​ដ៏​ចំរើន និង​ព្រះ​អានន្ទដ៏​ចំរើន​នេះ​ ខ្ញុំ​ត្រូវ​បូជា​ ខ្ញុំ​ត្រូ​វសរសើរ​។ ព្រះ​អានន្ទ​ដ៏​មាន​អាយុ បាន​និយាយនឹង​សង្គារ​វព្រាហ្មណ៍​ ជាគំរប់​៣ ដង ​ដូច្នេះ យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ អាត្មាមិន​សួរ​អ្នក​ថា ពួក​បុគ្គល​ដូច​ម្ដេច ដែល​អ្នក​ត្រូវ​បូជា​ ឬ​ពួក​បុគ្គលដូច​ម្ដេច ដែល​អ្នក​ត្រូវ​សរសើរ​ទេ។ ម្នាល​ព្រាហ្មណ៍ អាត្មា​សួរ​អ្នក​ យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ បណ្ដា​បដិបទា​ ទាំង​ពីរនេះ អ្នក​កាន់​បដិបទាណា ថា មាន​សេចក្ដី​ត្រូវ​ការ​តិ​ចផង មានការរៀប​ចំ​តិ​ច​ផង មានផល​​ច្រើន​ផង ​មាន​អានិសង្ស​ច្រើន​ផង​ ដូច្នេះ​ទេតើ។ សង្គារវព្រាហ្មណ៍ បាន​និយាយ​នឹង​ព្រះអានន្ទ​ដ៏មាន​អាយុ ជា​គំរប់​៣ដង ដូច្នេះ​ថា ​បុគ្គល​ដូច​ជា​ព្រះ​គោតម​ដ៏​ចំរើន និង​ព្រះ​អានន្ទដ៏​ចំ​រើន​នេះ ​ខ្ញុំ​ត្រូវ​បូជា​ ខ្ញុំ​ត្រូវ​សរសើរ។ ​ លំ​ដាប់​នោះ​​ឯង ព្រះ​ដ៏មាន​ព្រះភាគ មាន​សេចក្ដី​ត្រិះរិះ ដូច្នេះ​ថា សង្គារ​វព្រាហ្មណ៍​ ត្រូវ​អានន្ទសួរ​ប្រស្នា​ ប្រកប​ដោយ​ហេតុ ដរាប៣ដង​ហើយ ​បន្លប់​មិន​ដោះ​ស្រាយ​បើដូច្នោះ ​មាន​តែ​តថា​គត​ដោះស្រាយ។ លំដាប់​នោះ​ ព្រះ​ដ៏​មាន​ព្រះភាគ​ ត្រាស់​នឹង​សង្គារវព្រាហ្មណ៍ ​ដូច្នេះថា ម្នាលព្រាហ្មណ៍​ ថ្ងៃ​នេះ​ អន្តរាកថា (ពាក្យ​ពោល​ក្នុង​ចន្លោះ ​ឬរវាង) ដូច​ម្ដេចកើត​ឡើង ដល់​ពួក​ជន ដែល​អង្គុយ​ប្រជុំ​គ្នា ក្នុង​រាជ​បរិសទ្យ​ ក្នុង​ខាង​ក្នុងរាជ​បុរី​។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ថ្ងៃនេះ ​ខាង​ក្នុង​រាជ​បុរី​ អន្ដរាកថានេះឯង កើត​ឡើង​ដល់​ពួក​ជន ដែល​អង្គុយ​ប្រជុំ​គ្នា ក្នុង​រាជ​បរិសទ្យថា​បាន​ឮថា កាល​ពីដើម ពួក​ភិក្ខុ​មាន​ប្រមាណ​តិច តែ​ភិក្ខុ​អ្នក​មាន​ឧត្ដរិមនុស្ស​ធម៌ សំដែង​ឥទ្ធិប្បាដិហារ្យបាន​ មាន​ច្រើន ឥឡូវ​នេះ ពួក​ភិក្ខុ​មាន​ច្រើន​មែន តែ​ភិក្ខុ​អ្នក​មាន​ឧត្ដរិមនុស្ស​ធម៌ សំដែង​ឥទ្ធិប្បាដិហារ្យ​បាន មាន​ប្រមាណតិចវិញ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ថ្ងៃ​នេះ ​ខាង​ក្នុង​រាជ​បុរី អន្តរាកថានេះ កើតឡើង ដល់​ពួក​ជន ដែល​អង្គុយ​ប្រជុំគា្ន ក្នុង​រាជបរិសទ្យ។ ម្នាល​ព្រាហ្មណ៍ ​បាដិហារ្យ​នេះ​ មាន​៣។ បាដិហារ្យ​៣ ​ដូច​ម្ដេច។ ​គឺ​ឥទ្ធិប្បាដិហារ្យ១ អា​ទេសនា​បាដិហារ្យ ១ អនុ​សាសនី​បាដិហារ្យ​១។ ម្នាលព្រាហ្មណ៍ ឥទ្ធិ​ប្បាដិហារ្យ តើដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​សម្រេច​ឫទ្ធិ​ច្រើន​ប្រការ គឺមនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ទៅ​ជាមនុស្ស​ច្រើន​នាក់​ក៏​បាន មនុស្ស​ច្រើន​នាក់ ធ្វើ​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់​វិញ ក៏​បាន ដើរ​ទៅ​មិន​ជាប់​ចំពាក់​នឹង​ទី​វាល ​ទី​ខាង​ក្រៅ ទី​ខាង​ក្រៅ​ជញ្ជាំង ទី​ខាង​ក្រៅ​កំពែង ទី​ខាង​ក្រៅ​ភ្នំ ​ហាក់​ដូច​ជា​ដើរ​ទៅ ក្នុង​អាកាស ​ក៏បាន​ ធ្វើ​នូវ​ការ​ងើប​ឡើង ឬមុជ​ចុះក្នុង​ផែន​ដី ហាក់​ដូច​ជា​ងើប​ឡើង ឬមុជ​ចុះ ក្នុងទឹក​ក៏​បាន ដើរ​លើទឹក​មិន​បែក​ធ្លាយ ហាក់​ដូច​ជា ដើរ​លើ​ផែន​ដី​ក៏​បាន ទៅ​ឯ​អាកាស​ទាំង​ភ្នែន ហាក់​ដូច​សត្វ​ស្លាប​ ក៏​បាន​ យក​ដៃ​ទៅ​ស្ទាប​អង្អែល ចាប់​ពាល់​ព្រះ​ចន្ទ ​ព្រះ​អាទិត្យ​នេះ ដែល​មាន​ឫទ្ធិ​ច្រើន​យ៉ាង​នេះ មានអានុភាព​ច្រើន​យ៉ាង​នេះ ​ក៏​បាន ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​កាយ​ ដរាបដល់​ព្រហ្ម​លោក​ក៏​បាន។ ម្នាល​ព្រាហ្មណ៍ នេះ​ហៅ​ថា ឥទ្ធិប្បាដិហារ្យ។ ម្នាល​ព្រាហ្មណ៍ អាទេសនា​បា​ដិហារ្យ តើ​ដូច​ម្ដេច។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ ទាយ (ចិត្ត) តាម​និមិត្ត​ថា មនោរបស់​អ្នក យ៉ាង​នេះ​ខ្លះ មនោរបស់​អ្នក ដោយ​ប្រការ​ដូច្នេះ​ខ្លះ ចិត្ត​អ្នក​ ដូច្នេះ​ខ្លះ។ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ ​ក៏​មិន​ភ្លាត់។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ មិន​បាច់​ទាយ​ចិត្ត តាម​និមិត្ត​ទេ គ្រាន់​តែ​ឮ​សំឡេង​ពួក​មនុស្ស ពួក​អមនុស្ស និង​ពួក​ទេវតាហើយ​ ក៏​ទាយ​បាន​ថា មនោ​របស់​អ្នក​ យ៉ាង​នេះ​ខ្លះ មនោ​របស់​អ្នក​ ដោយប្រការ​ដូច្នេះ​ខ្លះ ចិត្ត​អ្នក​ដូច្នេះ​ខ្លះ។ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ ក៏​មិន​ភ្លាត់។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​បាច់​ទាយ​ចិត្ត​ តាម​និមិត្ត​ទេ មិន​បាច់​ឮសំ​ឡេង​ពួក​មនុស្ស ពួក​អមនុស្ស និង​ពួក​ទេវតា​ ហើយ​ទាយ​ទេ គ្រាន់តែ​ឮ​សូរ​វិតក្ករៈ ​វិចារៈ ​របស់​បុគ្គល ដែល​ត្រិះ​រិះ​ពិចារណា ក៏​ទាយ​បាន​ថា មនោរបស់​អ្នក​យ៉ាង​នេះ​ខ្លះ មនោ​របស់​អ្នក ដោយ​ប្រការ​ដូច្នេះ​ខ្លះ គំនិត ​អ្ន​ក​ដូច្នេះ​ខ្លះ។ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយដូច្នោះ​នោះ​ ក៏​មិន​ភ្លាត់។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​បាច់​ទាយ​ចិត្ត ​តាម​និមិត្តទេ ទាំង​មិន​បាច់​ស្ដាប់​សំឡេងពួក​មនុស្ស ពួកអ​មនុស្ស ពួក​ទេវតា ហើយ​ទាយ​ទេ ទាំង​មិន​បាច់​ស្ដាប់សូរ​វិតក្កៈ វិចារៈ របស់​មនុស្ស​ដែល​ត្រិះ​រិះ ដែល​ពិចារណា​ ហើយ​ទាយ​ទេ ប៉ុន្តែ​ថា ​កំណត់​ដឹង​ចិត្ត ដោយ​ចិត្ត​នៃ​បុគ្គល​ ដែល​ចូល​សមាធិ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈថា មនោ​សង្ខារ​ទាំង​ឡាយ របស់​បុគ្គល​ដ៏​ចំរើន​នេះ តាំងទុក​ហើយ​យ៉ាង​ណា បុគ្គល​ដ៏​ចំរើន នឹង​ត្រិះ​រិះ​នូវ​វិតក្កៈ ឈ្មោះ​ឯណោះ អំពី​លំ​ដាប់​នៃ​ចិត្ត​នេះ។ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ​ហេតុ​ដែល​ទាយដូច្នោះ​នោះ ក៏​មិន​ភ្លាត់។ ម្នាល​ព្រាហ្មណ៍ នេះ​ហៅ​ថា អា​ទេស​នាបាដិហារ្យ។ ម្នាល​ព្រាហ្មណ៍ ចុះ​អនុ​សាសនី​បាដិហារ្យ តើដូច​ម្ដេច។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ​ប្រៀន​ប្រដៅ​យ៉ាង​នេះ​ថា ​អ្នកទាំង​ឡាយ​ ត្រូវ​ត្រិះរិះ​យ៉ាង​នេះ កុំ​ត្រិះ​រិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត យ៉ាង​នេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្ត​ យ៉ាង​នេះ​ឡើយ ចូរ​លះ​បង់ នូវ​អំពើនេះ​ចេញ ចូរឱបក្រសោប ​នូវ​អំពើ​នេះ​ចុះ​។ ម្នាល​ព្រាហ្មណ៍ នេះ​ហៅ​ថា អនុសាសនីបាដិហារ្យ។ ម្នាល​ព្រាហ្មណ៍ បា​ដិហារ្យ មាន​៣​ប្រការ​នេះ​ឯង។ ម្នាលព្រាហ្មណ៍ បណ្ដា​បា​ដិហារ្យ ​ទាំង​៣​នេះ អ្នក​គាប់​ចិត្ត​បាដិហារ្យ​ណា ថា ល្អផង ឧត្ដម​ផង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បណ្ដា​បាដិហារ្យ​ទាំង​នោះ ​បាដិហារ្យ​ ដែល​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​សម្រេច​ឫទ្ធិ​ច្រើនប្រការ។ បេ។ ធ្វើ​អំណោច​ ឲ្យ​ប្រព្រឹត្ត​ទៅ​ ដោយ​កាយ ​ដរាប​ដល់​ព្រហ្ម​លោក បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិហារ្យ​នេះ បុគ្គល​ណា ​ធ្វើ​បាដិ​ហារ្យ​នោះ បុគ្គល​នោះឯង រមែង​បាន​បា​ដិហារ្យ​នោះ បុគ្គល​ណា​ ធ្វើ​បាដិ​ហារ្យនោះ​ បាដិហារ្យ​នោះ តែង​មាន​ដល់​បុគ្គល​នោះ​ឯង។ បពិត្រ​ព្រះគោតម​ដ៏​ចំ​រើន បាដិ​ហារ្យ​នេះ​ ប្រាកដ​ដល់​ខ្ញុំ​ព្រះ​អង្គ បី​ដូច​រូប​ភាព ប្រកប​ដោយ​កលមាយា។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិ​ហារ្យណា ដែល​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ទាយ​ចិត្ត​តាម​និមិត្ត​បាន ​ថា មនោរបស់​អ្នក​យ៉ាង​នេះ​ខ្លះ មនោ​របស់​អ្នក​ ដោយ​ប្រការ​ដូច្នេះ​ខ្លះ​ ចិត្ត​របស់អ្នក ​ដូច្នេះ​ខ្លះ។ ​ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះនោះ ក៏​មិន​ភ្លាត់។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ មិន​បាច់​ទាយ​ចិត្ត តាម​និមិត្ត​ទេ គ្រាន់​តែ​ឮ​សំឡេង​ពួក​មនុស្ស ពួក​អមនុស្ស​ ឬ​ពួក​ទេវតា​ ហើយ​ទាយ​បាន មិន​បាច់​ឮ​សំឡេង​ពួក​មនុស្ស ពួក​អមនុស្ស ឬ​ពួក​ទេវតា ​ហើយ​ទាយ គ្រាន់​តែ​ឮ​សូរ​វិតក្កៈ វិចារៈ របស់បុគ្គល​កំពុង​ត្រិះ​រិះ កំ​ពុង​ពិចារណា​ ហើយ​ទាយ​ត្រូវ មិន​បាច់​ឮ​សូរ​វិតក្កៈ វិចារៈ របស់​បុគ្គល​កំពុង​ត្រិះរិះ កំពុង​ពិចារណា​ ហើយ​ទាយ​ទេ គ្រាន់​តែ​កំណត់​ដឹង​ចិត្ត ​ដោយ​ចិត្ត ​របស់​អ្នក​បាន​សមាធិ ​មិន​មាន​វិតក្កៈ មិន​មាន​វិចា​រៈថា មនោសង្ខារ​ទាំងឡាយ របស់​បុគ្គល​ដ៏​ចំរើន​នេះ តាំង​ទុក​យ៉ាង​ណា បុគ្គល​ដ៏​ចំរើន នឹង​ត្រិះ​រិះ​នូវ​វិតក្កៈ ឈ្មោះ​ឯណោះ តាម​លំ​ដាប់​នៃចិត្តនេះ។ បុគ្គល​នោះ​ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ ក៏មិន​ភ្លាត់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិ​ហារ្យ​នេះ បុគ្គល​ណា បាន​ធ្វើ​បាដិ​ហារ្យ​នោះ បុគ្គល​នោះ​ឯង ​បាន​នូវ​បាដិហារ្យ​នោះ បុគ្គល​ណា ធ្វើ​បាដិ​ហារ្យ​នោះ បាដិ​ហារ្យ​នោះ ​រមែង​មាន​ដល់​បុគ្គល​នោះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ​​បាដិហារ្យ​នេះ ​ប្រាកដ​ដល់​ខ្ញុំ​ព្រះ​អង្គ បី​ដូច​រូបភាព ​ប្រកប​ដោយ​កល​មាយា។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិហារ្យណា ដែល​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ប្រៀន​ប្រដៅ ​យ៉ាង​នេះ​ថា អ្នក​ទាំង​ឡាយ ចូរ​ត្រិះរិះ​យ៉ាង​នេះ​ កុំ​ត្រិះ​រិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើ​ទុកក្នុង​​ចិត្ត យ៉ាងនេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្ត​យ៉ាង​នេះ​ឡើយ ចូរ​លះ​បង់​អំពើ​នេះ​ចេញ ចូរ​ប្រកប​អំពើ​នេះវិញ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បណ្ដា​បាដិហារ្យ ទាំង​៣​នេះ ខ្ញុំ​ព្រះ​អង្គ ​គាប់​ចិត្ត​បាដិហារ្យ​នេះ​ ល្អ​ផង ឧត្ដម​ផង។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន​ អស្ចារ្យ​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ចំឡែក​ណាស់ ពាក្យ​ដែល​ព្រះ​គោតម​ដ៏​ចំរើន ទ្រង់​សំដែង​ហើយ​នេះ ថា​ជា​សុភាសិត យើង​ខ្ញុំ​ចាំ​ទុក​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ ដែល​ប្រកប​ដោយ​បាដិ​ហារ្យ​ ទាំង​៣នេះ ព្រោះ​ព្រះ​គោតម​ដ៏​ចំរើន បាន​សម្រេចឫទ្ធិ​ច្រើន​ប្រការ។ ​បេ។ ប្រើ​អំណាច ឲ្យ​ប្រពឹ្រត្ត​ទៅ ដោយ​កាយ ដរាប​ដល់​ព្រហ្មលោក ព្រោះព្រះ​គោតម​ដ៏​ចំរើន កំណត់​ដឹង​ នូវ​ចិត្ត​ដោយ​ចិត្ត ​របស់​បុគ្គល​ អ្នក​បាន​សមាធិ ឥត​មាន​វិតក្កៈ ឥត​មាន​វិចារៈថា មនោ​សង្ខារ​ទាំងឡាយ ដែល​បុគ្គល​ដ៏ចំរើន​នេះ ​ដំកល់​ទុក បុគ្គល​ដ៏​ចំរើន​នេះ នឹង​ត្រិះ​រិះ​ នូវ​វិតក្កៈឈ្មោះ​ឯណោះ ក្នុង​លំដាប់​នៃ​ចិត្ត​នេះ ដ្បិត​ព្រះ​គោតម​ដ៏​ចំរើន ប្រៀន​ប្រដៅ​ យ៉ាង​នេះ​ថា អ្នក​ទាំង​ឡាយ ចូរ​ត្រិះ​រិះ​យ៉ាង​នេះ កុំ​ត្រិះរិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើទុកក្នុង​ចិត្ត យ៉ាង​នេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្តយ៉ាង​នេះ​ឡើយ ចូរ​លះ​បង់​អំពើ​នេះ​ចេញ ចូរ​ប្រកប​អំពើនេះ​ចុះ។ ម្នាល​ព្រាហ្មណ៍ វាចា​អែប​នែប ដែល​អ្នក​ពោល​ហើយ ប៉ះ​ត្រូវ​តថាគត​ដោយ​ពិត មាន​តែ​តថាគត ​នឹង​សំដែង​ដល់អ្នក ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត បាន​សម្រេច​ឫទ្ធិច្រើន​ប្រការ។ បេ។ ប្រើ​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​កាយ​ ដរាប​ដល់​ព្រហ្ម​លោក ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត កំណត់​ដឹង ​នូវ​ចិត្ត​ដោយ​ចិត្ត ​របស់​បុគ្គលអ្នក​បាន​សមាធិ ឥត​មាន​វិតក្កៈ ឥត​មាន​វិចារៈថា មនោសង្ខារ​ទាំង​ឡាយ ដែល​បុគ្គល​ដ៏​ចំរើន​នេះ បាន​ដំកល់​ទុក បុគ្គល​ដ៏​ចំរើន​នេះ នឹង​ត្រិះ​រិះ​ នូវវិតក្កៈ​ឈ្មោះ​ឯណោះ ក្នុង​លំដាប់​នៃ​ចិត្ត​នេះ ម្នាល​ព្រាហ្មណ៍ ព្រោះតថាគត ប្រៀន​ប្រដៅ​ យ៉ាង​នេះ​ថា អ្នក​ទាំង​ឡាយ ​ចូរ​ត្រិះរិះ​យ៉ាង​នេះ កុំត្រិះរិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ យ៉ាង​នេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្តយ៉ាង​នេះឡើយ ចូរ​លះ​បង់​អំពើ​នេះ​ចេញ ចូរ​ប្រកប​អំពើ​នេះ​វិញ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ចុះភិក្ខុ​អង្គណា​មួយ​ដទៃ​ទៀត ដែល​ប្រកបដោយ​បាដិ​ហារ្យ​ ទាំង​៣ នេះ លើក​លែង​តែ​ព្រះ​គោតម​ដ៏ចំរើន​ចេញ មាន​ដែល​ឬ។ ម្នាល​ព្រាហ្មណ៍ មិន​មាន​ត្រឹម​មួយ​រយ មិន​មាន​ត្រឹម២​រយ មិន​មាន​ត្រឹម​៣​រយ មិន​មាន​ត្រឹម​៤​រយ មិន​មាន​ត្រឹមតែ៥​រយ​ទេ ដែល​ពិត​នោះ ពួក​ភិក្ខុ​ ដែល​ប្រកប​ដោយ​បាដិហារ្យ​ ទាំង​៣​នេះ មានច្រើន​ណាស់។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ចុះ​ឥឡូវ​នេះ ពួក​ភិក្ខុទាំង​នោះ ​នៅ​ក្នុង​ទី​ណា។ ម្នាល​ព្រាហ្មណ៍ នៅ​ក្នុង​ពួក​ភិក្ខុ​នេះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់​ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ដូច​ជា​គេ​ផ្ងា ​របស់​ដែល​ផ្កាប់​ ឬ​បើក​បង្ហាញ​ របស់​បិទបាំង ឬក៏​ប្រាប់​ផ្លូវ​ ដល់​អ្នក​វង្វេង​ផ្លូវ ពុំ​នោះ ដូច​គេ​ទ្រោល​ប្រទីប​ ក្នុង​ទី​ងងឹត ​ឲ្យ​មនុស្ស​​មាន​ចក្ខុ ​មើល​ឃើញរូប​ទាំង​ឡាយបាន​ យ៉ាង​ណា ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន ប្រកាស​ហើយ​ ដោយ​អនេកបរិយាយ ក៏​យ៉ាង​នោះ​ដែរ ខ្ញុំ​ព្រះ​អង្គ​នុ៎ះ សូម​ដល់​ព្រះ​គោតម​ដ៏​ចំរើន​ផង ព្រះ​ធម៌​ផង ព្រះ​ភិក្ខុ​សង្ឃផង ជាទី​រឭក សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុកនូវ​ខ្ញុំ​ព្រះ​អង្គ ថា​ជាឧបាសក ​អ្នក​ដល់​សរណគមន៍ ជា​ទី​ពឹង​ ស្មើ​ដោយ​ជីវិត ​តាំង​ពីថ្ងៃ​នេះ ​ជា​ដើម​ទៅ។

ចប់ ព្រាហ្មណ៍​វគ្គ ទី១។

ឧទ្ទាន​នៃ​ព្រាហ្មណវគ្គ​នោះ​គឺ

ពោល​អំពី​ជន ​២ លើក​ អំពី​ព្រាហ្មណ៍​ ១​ អំពី​បរិព្វាជក ១ អំពី​សេចក្ដី​រលត់​១ អំពី​សត្វ​លោក​ ដែល​ជាប់​ជំពាក់ ដោយ​អធម្ម​រាគៈ​ ជា​ដើម ១ អំពី​សេចក្ដី​ប្រាថ្នា​ដ៏​ក្រៃលែង ១ អំពី​ព្រាហ្មណ៍​ ឈ្មោះ​តិកណ្ណៈ ១ អំពីព្រាហ្មណ៍​ឈ្មោះ ​ជាណុស្សោណី ១ អំពី​ព្រាហ្មណ៍​ឈ្មោះ ​សង្គារវៈ ១។

 

លេខយោង

1)
សត្វលោកដែលជាតិបញ្ជូនទៅឲ្យជរា ៗបញ្ជូនទៅឲ្យព្យាធិ ៗបញ្ជូន​ទៅ​ឲ្យ​មរណៈ ៗបញ្ជូនទៅឲ្យជាតិវិញ។
2)
សំដៅយកត្រើយ ៦ គឺ ត្រើយគឺអភិញ្ញា១ បហានៈ១ ឈាន១ ភាវនា១ សច្ឆិកិរិយា១ សមាបត្តិ១។
3)
សំដៅយកខន្ធ៥ អាយតនៈ១២ ធាតុ១៨។ អដ្ឋកថា។
km/tipitaka/sut/an/03/sut.an.03.v06.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann