km:tipitaka:sut:an:03:sut.an.03.v14

យោធាជីវវគ្គ ទី៤ (១៤)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 03.v14 បាលី cs-km: sut.an.03.v14 អដ្ឋកថា: sut.an.03.v14_att PTS: ?

យោធាជីវវគ្គ ទី៤ (១៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១៤) ៤. យោធាជីវវគ្គោ)

(យោធាជីវសូត្រ ទី១)

(១. យោធាជីវសុត្តំ)

[១៣៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ យោ​ធា​ជីវៈ (អ្នក​រស់​នៅ​ដោយ​ឋានៈជា​ទា​ហាន) ប្រកប​ដោយ​អង្គ ៣ ទើប​គួរ​ជា​យោ​ធា​ជីវៈ ​របស់​ព្រះ​រា​ជា ​អ្នក​បម្រើ​របស់​ព្រះ​រា​ជា ដល់​នូវ​ការ​រាប់ថា​ ជា​អង្គ​1) របស់​ព្រះ​រា​ជា​។ ប្រកប​ដោយ​អង្គ ៣ តើ​ដូច​ម្តេច​ខ្លះ។ ម្នាល​ភិ​ក្ខុ​ទាំង​ឡាយ យោ​ធា​ជីវៈ​ ក្នុង​លោក​នេះ ជា​អ្នក​បាញ់​បាន​ឆ្ងាយ ១​ ជា​អ្នក​បាញ់​មិន​ខុស ១ ជាអ្នក​ទំលាយ​គំនរ​ធំៗ2) បាន ១​។ ម្នាលភិក្ខុ​ទាំង​ឡាយ យោ​ធា​ជីវៈ ​ប្រកប​ដោយ​អង្គ ៣ នេះ​ឯង​ ទើប​គួរ​ជា​របស់​ព្រះ​រា​ជា ជា​អ្នក​បម្រី​នៃ​ព្រះ​រា​ជា ដល់​នូវ​ការ​រាប់​ថា ​ជា​អង្គ​របស់​ព្រះរា​ជា​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចំណែក​ភិក្ខុ​ ប្រកបដោយ​ធម៌៣ យ៉ាង ទើប​ជា​អ្នក​គួរ​ទទួល​នូវ​ទាន ​ដែលគេ​នាំមកបូជា​។ បេ​។ ជា​ស្រែ​បុណ្យ​ដ៏​ប្រសើរ ​របស់​សត្វ​លោក ក៏យ៉ាង​នោះ​ដែរ​។ ប្រកប​ដោយ​ធម៌​ ៣ យ៉ាង តើ​ដូច​ម្តេចខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នកបាញ់​បាន​ឆ្ងាយ ១ ជា​អ្នក​បាញ់​មិន​ខុស ១ ជា​អ្នក​ទំលាយ​គំនរ​ធំ​ៗបាន​១​។ ម្នាល​ភិក្ខុ​ទាំង​​ឡាយ ចុះភិក្ខុ ជា​អ្នក​បាញ់​បាន​ឆ្ងាយ តើ​ដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រូប​ណា​មួយ ជាអតីត អនាគត បច្ចុប្បន្ន​ ខាង​ក្នុង​ក្តី ខាង​ក្រៅក្តី គ្រោត​គ្រាតក្តី ល្អិត​ក្តី ថោក​ទាប​ក្តី ឧត្តម​ក្តី ​រូប​ណា ជិត​ក្តី ឆ្ងាយ​ក្តី ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​ឃើញ នូវ​រូប​ទាំង​អស់​នុ៎ះ ដោយ​បញ្ញា​ដ៏​ប្រ​ពៃ តាម​សេច​ក្តី​ពិត​ យ៉ាង​នេះ​ថា នុ៎ះ​មិន​មែន​របស់​អញ នុ៎ះ​មិន​មែន​ជា​អញ នុ៎ះមិន​មែន​ជា​ខ្លួន​របស់​អញ​។ ​វេទ​នា​ណា​មួយ ជាអតីត អនាគត បច្ចុប្បន្ន ខាង​ក្នុង​ក្តី ខាង​ក្រៅ​ក្តី គ្រោត​គ្រាត​ក្តី ល្អិត​ក្តី ថោក​ទាប​ក្តី ឧត្តម​ក្តី វេទនា​ណា ជិត​ក្តី ​ឆ្ងាយ​ក្តី ភិក្ខុ​ពិចារណា​ឃើញ ​នូវ​វេទនាទាំង​អស់​នុ៎ះ ដោយ​បញ្ញា​ដ៏​ប្រពៃ តាម​សេច​ក្តី​ពិត​ យ៉ាង​នេះ​ថា នុ៎ះ​មិន​មែន​របស់​អញ នុ៎ះ​មិន​មែន​ជា​​អញ នុ៎ះ​មិន​មែន​ជា​ខ្លួន​របស់​អញ​។ សញ្ញា​ណា​មួយ ជាអតីត អនាគត បច្ចុប្បន្ន ខាង​ក្នុង​ក្តី ខាង​ក្រៅ​ក្តី គ្រោត​គ្រាត​ក្តី ល្អិត​ក្តី​ ថោក​ទាប​ក្តី ឧត្តម​ក្តី សញ្ញា​ណា ជិត​ក្តី ឆ្ងាយ​ក្តី ភិក្ខុ​ពិចារណា​ឃើញ ​នូវ​សញ្ញា​ទាំង​អស់​នុ៎ះ ដោយ​បញ្ញា​ដ៏​ប្រ​ពៃ តាម​ពិត​យ៉ាង​នេះ​ថា នុ៎ះ​មិន​មែន​របស់​អញ នុ៎ះមិន​មែន​ជា​អញ នុ៎ះ​មិន​មែន​ជា​ខ្លួន​របស់​អញ​។ សង្ខារ​ទាំង​ឡាយ​ណា​មួយ ជា​អតីត អនាគត បច្ចុប្បន្ន ខាង​ក្នុង​ក្តី ខាង​ក្រៅ​ក្តី គ្រោត​គ្រាត​ក្តី ល្អិត​ក្តី ថោក​ទាប​ក្តី ឧត្តម​ក្តី សង្ខារ​ទាំង​ឡាយ​ណា ជិត​ក្តី ឆ្ងាយ​ក្តី ភិក្ខុ​ពិចារណា​ឃើញ​ នូវ​សង្ខារ​ទាំង​អស់​នុ៎ះ ដោយ​បញ្ញាដ៏​ប្រ​ពៃ តាម​សេចក្តី​​ពិត​ យ៉ាង​នេះ​ថា នុ៎ះមិន​មែន​របស់​អញ នុ៎ះ​មិន​មែន​ជា​អញ នុ៎ះ​មិន​មែន​ជា​ខ្លួន​របស់​អញ។ វិញ្ញាណ​ណា​មួយ ​ជា​អតីត អនាគត បច្ចុប្បន្ន ខាង​ក្នុង​ក្តី ខាង​ក្រៅ​ក្តី គ្រោត​គ្រាត​ក្តី ល្អិត​ក្តី ថោក​ទាប​ក្តី ឧត្តម​ក្តី វិញ្ញាណ​ណា ជិត​ក្តី ឆ្ងាយ​ក្តី ភិក្ខុ​ពិចារណា​ឃើញ ​នូវ​វិញ្ញាណ​ទាំង​អស់​នុ៎ះ ដោយ​បញ្ញា​ដ៏​ប្រពៃ តាម​សេច​ក្តី​ពិត​យ៉ាង​នេះ​ថា នុ៎ះ​មិន​មែន​របស់​អញ នុ៎ះ​មិន​មែន​ជា​អញ នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ជា​អ្នក​បាញ់​បាន​ឆ្ងាយ ​យ៉ាង​នេះ​ឯង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ភិក្ខុ ជា​អ្នក​បាញ់​មិន​ខុស តើ​ដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ដឹង​ច្បាស់​តាមសេច​ក្តី​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាម​សេច​ក្តី​ពិត​ថា នេះ​ជា​ហេតុ​ នាំ​ឲ្យ​កើត​ទុក្ខ ដឹង​ច្បាស់​តាម​សេច​ក្តី​ពិត​ថា នេះ​ជា​សេច​ក្តី​រលត់​ទុក្ខ​ ដឹង​ច្បាស់​តាម​សេច​ក្តី​ពិត​ថា នេះ​ជា​សេច​ក្តីប្រតិប័ទ ជា​ដំណើរ​ទៅ​កាន់​ទី​រលត់​ទុក្ខ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ជា​អ្នក​បាញ់​មិន​ខុស​ យ៉ាង​នេះ​ឯង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ភិក្ខុ ជា​អ្នក​ទំលាយ​គំនរ​ធំ​ៗ តើ​ដូច​ម្តេច​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ទំ​លាយ​គំនរ ​នៃ​អវិជ្ជាដ៏​ធំ​បាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ជា​អ្នក​ទំ​លាយ​គំនរ​ធំ​ៗ យ៉ាង​នេះ​ឯង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ យ៉ាង​នេះ​ឯង ទើប​ជា​អ្នក​គួរ​ទទួល​នូវទាន ​ដែល​បុគ្គល​នាំ​មក​បូជា​។ បេ​។ ជា​ស្រែ​បុណ្យ​ដ៏​ប្រសើរ​ របស់​សត្វ​លោក​។

(បរិសាសូត្រ ទី២)

(២. បរិសាសុត្តំ)

[១៣៦] ម្នាល​ភិក្ខុ​ទាំង​ឡាយ បរិសទ្យ​នេះ មាន ៣ ពួក។ បរិសទ្យ ៣ ពួក ​គឺ​អ្វី​ខ្លះ​។ គឺ​បរិសទ្យ ដែល​សិក្សា​ផ្តេស​ផ្តាស3) ១​ បរិសទ្យ ដែល​សាក​សួរ​រួច ​ទើប​សិក្សា ១​ បរិសទ្យ ដែល​សិក្សា​តាម​កំណត់4) ១​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បរិសទ្យ​ មាន ៣ ពួក​នេះ​ឯង​។ ​

(មិត្តសូត្រ ទី៣)

(៣. មិត្តសុត្តំ)

[១៣៧] ម្នាល​ភិក្ខុ​ទាំង​ឡាយ មិត្ត​ប្រកប​ដោយ​អង្គ ៣ គួរ​សេព​គប់​។ ​ប្រកប​ដោយ​អង្គ ៣ គឺអ្វី​ខ្លះ។ គឺ​មិត្ត​ឲ្យ​វត្ថុ​ ដែល​គេ​ឲ្យ​បាន​ដោយ​ក្រ ១​ ធ្វើ​នូវ​អំពើ​ ដែល​គេ​​ធ្វើ​បាន​ដោយ​ក្រ ១ អត់​ធន់​នូវ​ហេតុ​ ដែល​គេ​អត់​ធន់បាន​ដោយ​ក្រ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មិត្ត​ប្រកប​ដោយ​អង្គ ៣នេះ​ឯង គួរ​សេព​គប់។

(ឧប្បាទាសូត្រ ទី៤)

(៤. ឧប្បាទាសុត្តំ)

[១៣៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ព្រះ​តថា​គត​ទាំង​ឡាយ​ កើត​ឡើង​ក្តី ព្រះតថា​គត​ទាំង​ឡាយ មិន​ទាន់​កើត​ឡើង​ក្តី ធាតុ​នោះ ធម្ម​ដ្ឋិតិ​នោះ ​ធម្ម​និយាម​នោះ តែង​ស្ថិត​នៅ​ជា​ធម្មតា គឺ​ថា ​សង្ខារ​ទាំង​ឡាយ​ ទាំង​ពួង​មិន​ទៀង។ ព្រះ​តថាគត​​ត្រាស់​ដឹង យល់​ច្បាស់​នូវ​ធាតុ​ ជា​ដើម​នោះ លុះ​ត្រាស់ដឹង​ យល់​ច្បាស់​ហើយ ក៏​ប្រាប់ សំដែង បញ្ញត្ត តាំង​ផ្តើម បើក​បង្ហើប ចែក​រលែក ធ្វើ​ឲ្យ​រាក់ថា សង្ខារ​ទាំង​ពួង ​មិន​ទៀង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​កាល​ព្រះ​តថា​គត​ទាំង​ឡាយ កើត​ឡើង​ក្តី ព្រះ​តថា​គត​ទាំង​ឡាយ ​មិន​ទាន់​កើត​ឡើង​ក្តី ធាតុ​នោះ ធម្ម​ដ្ឋិតិ​នោះ ធម្ម​និយាម​នោះ តែង​ស្ថិត​នៅ​ជា​ធម្ម​តា គឺ​ថា ​សង្ខារ​ទាំង​ពួង​ជា​ទុក្ខ។ ព្រះ​តថា​គត រមែង​ត្រាស់​ដឹង យល់ច្បាស់នូវ​ធាតុ​ ជា​ដើម​នោះ លុះ​ត្រាស់​ដឹង យល់​ច្បាស់​ហើយ ក៏ប្រាប់ សំដែង បញ្ញត្ត តាំង​ផ្តើម បើក​បង្ហើប ចែករលែក ធ្វើ​ឲ្យរាក់​ថា សង្ខារ​ទាំង​ពួង​ជា​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​ព្រះ​តថា​គត​ទាំង​ឡាយ​ កើត​ឡើង​ក្តី ព្រះ​តថា​គត​ទាំង​ឡាយ មិន​ទាន់​កើត​ឡើង​ក្តី ធាតុ​នោះ ធម្មដ្ឋិតិ​នោះ ធម្ម​និយាម​នោះ តែង​ស្ថិត​នៅ​ជា​ធម្មតា គឺ​ថា ​ធម៌​ទាំង​ឡាយ​ ទាំង​ពួង​ជា​អនត្តា។ ព្រះ​តថា​គត ត្រាស់​ដឹង យល់​ច្បាស់​នូវ​ធាតុ ​ជា​ដើម​នោះ​ លុះ​ត្រាស់​ដឹង យល់​ច្បាស់​ហើយ ក៏​ប្រាប់ សំដែង បញ្ញត្ត តាំង​ផ្តើម បើក​បង្ហើប ចែក​រលែក ធ្វើ​ឲ្យ​រាក់​ថា ធម៌​ទាំង​ឡាយ​ ទាំង​ពួង​ជា​អនត្តា។

(កេសកម្ពលសូត្រ ទី៥)

(៥. កេសកម្ពលសុត្តំ)

[១៣៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ សំពត់​ទាំង​ឡាយ​ណា​មួយ ដែល​គេ​ត្បាញ​ដោយ​តម្បាញ សំពត់​កម្ពល ​ដែល​គេ​ត្បាញ​ដោយ​សក់​មនុស្ស ​ប្រាកដ​ជា​អាក្រក់​បំផុត​ ជាង​សំពត់​ទាំង​នោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ សំពត់​កម្ពល ​ដែល​គេ​ត្បាញ​ដោយ​សក់​មនុស្ស ត្រជាក់​ក្នុង​ពេល​ត្រជាក់ ក្តៅ​ក្នុង​ពេល​ក្តៅ មាន​សម្បុរ​អាក្រក់ មាន​ក្លិន​អាក្រក់ មាន​សម្ជស្ស​អាក្រក់​​ យ៉ាង​ណា​មិញ ម្នាល​ភិក្ខុ​ទាំ​ង​ឡាយ វាទៈ​នៃ​សមណៈច្រើន​នាក់ណា​មួយ វា​ទៈនៃ​គ្រូ​ឈ្មោះ​ មក្ខលិ ប្រាកដ​ជា​អាក្រក់​ជាង​វា​ទៈ នៃ​​សមណៈទាំង​នោះ ក៏​យ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ មក្ខលិ ជា​មោឃ​បុរស​មាន​សេច​ក្តី​​ប្រ​កាន់​យ៉ាង​នេះ មាន​ការ​យល់​ឃើញ​ យ៉ាង​នេះ​ថា កម្ម​មិន​មាន អំ​ពើ​ដែល​ត្រូវ​ធ្វើ​ មិន​មាន សេច​ក្តី​ព្យា​យាម​ មិន​មាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​អរហន្ត ​សម្មា​សម្ពុទ្ធទាំង​ឡាយ​ណា ក្នុង​អតីត​កាល ព្រះអរហន្ត​ សម្មា​សម្ពុទ្ធ​ ដ៏​មាន​ព្រះ​ភាគ​ទាំង​នោះ ជា​កម្ម​វាទ​ផង ជាកិរិយវាទ​ផង​ ជា​វីរិយ​វាទ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មក្ខលិ ជា​មោឃ​បុរស ហាម​ឃាត់​នូវ​ព្រះ​អរ​ហន្ត ​សម្មា​សម្ពុទ្ធ​នោះ​ថា កម្មមិន​មាន អំពើ​ដែល​ត្រូវ​ធ្វើ​ មិន​មាន​ សេច​ក្តី​ព្យាយាម ​មិន​មាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​អរ​ហន្ត​ សម្មា​សម្ពុទ្ធទាំង​ឡាយ​ណា ក្នុង​អនាគត​កាល ព្រះ​អរ​ហន្ត​សម្មា​សម្ពុទ្ធ​ ដ៏​មាន​ព្រះ​ភាគ​ទាំង​នោះ ជា​កម្ម​វាទ​ផង ជា​កិរិយ​វាទ​ផង ជា​វីរិយ​វាទ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មក្ខលិ ជា​មោឃ​បុរស​ ឈ្មោះ​ថា​ហាម​ឃាត់ ​នូវ​ព្រះអរហន្ត ​សម្មា​សម្ពុទ្ធ​ទាំង​នោះ​ថា កម្ម​មិន​មាន អំ​ពើដែល​ត្រូវ​ធ្វើ ​មិន​មាន ​​សេចក្តី​ព្យា​យាម​ មិន​មាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សូម្បី​ត​ថា​គត ​ដែល​ជា​អរ​ហន្ត​សម្មា​សម្ពុទ្ធ ​ក្នុង​កាល​ឥឡូវ​នេះ ជាកម្ម​វាទ ជាកិរិយ​វាទ ជា​វីរិយ​វាទ​ដែរ។ ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ មក្ខលិ ជា​មោឃ​បុរស ហាម​ឃាត់​នូវ​ត​ថា​គត​ដែរ​ថា កម្ម​មិន​មាន អំ​ពើ​ដែល​ត្រូវ​ធ្វើ​ មិន​មាន សេច​ក្តី​ព្យា​យាម​ មិន​មាន​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ដាក់​លប​ ក្នុង​មាត់​ស្ទឹង ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេច​ក្តី​ទុក្ខ ដើម្បី​សេច​ក្តី​មិន​ចំរើន ដើម្បី​សេច​ក្តី​វិនាស​ ដល់ត្រី​ជា​ច្រើន​ យ៉ាង​ណា​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ មក្ខលិ ជា​មោឃ​បុរស កើត​ឡើង​ក្នុង​លោក ដូច​ជា​លប សម្រាប់​ដាក់​មនុស្ស ដើម្បី​មិន​ជា​ប្រយោជន៍​ ដើម្បី​សេច​ក្តី​ទុក្ខ ដើម្បី​សេច​ក្តី​មិន​ចំ​រើន ដើម្បី​សេច​ក្តី​វិនាស ​ដល់​សត្វ​មាន​ប្រមាណ​ច្រើន ក៏​យ៉ាង​នោះ​ដែរ។

(សម្បទាសូត្រ ទី៦)

(៦. សម្បទាសុត្តំ)

[១៤០] ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សម្បទា​នេះ មាន ៣ យ៉ាង។ សម្បទា ៣ យ៉ាង​ ដូច​ម្តេច​ខ្លះ។ គឺ​សទ្ធា​សម្បទា ១ សីល​សម្បទា ១​ បញ្ញា​សម្បទា ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សម្បទា​ មាន ៣ យ៉ាង​នេះ​ឯង។

(វុទ្ធិសូត្រ ទី៧)

ឬ វុឌ្ឍិសូត្រ
(៧. វុទ្ធិសុត្តំ)

[១៤១] ម្នាល​​ភិក្ខុ​ទាំង​ឡាយ វុឌ្ឍិ ​(សេច​ក្តី​ចំ​រើន) នេះ​ មាន ៣ យ៉ាង។ វុឌ្ឍិ ៣ យ៉ាង​ ដូច​ម្តេច​ខ្លះ។ គឺ ​សទ្ធា​វុឌ្ឍិ ១ សីល​វុឌ្ឍិ ១ បញ្ញ​វុឌ្ឍិ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ វុឌ្ឍិ​ មាន ៣ យ៉ាង​នេះ​ឯង។ ​

(អស្សខលុង្កេសូត្រ ទី៨)

ឬ អស្សខឡុង្កសូត្រ
(៨. អស្សខឡុង្កសុត្តំ)

[១៤២] ម្នាល​ភិក្ខុ​ទាំង​ឡាយ តថា​គត​នឹង​សំដែង នូវ​គោត្រនៃ​សេះ ​៣ យ៉ាង នូវ​គោត្រ​នៃ​បុរស ៣ យ៉ាង ចូរអ្នក​ទាំង​ឡាយ ស្តាប់​នូវ​ធម៌​នោះ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ប្រពៃ​ចុះ តថា​គត​នឹង​សំដែង។ ​ ភិក្ខុ​ទាំង​នោះ ​ក៏​ទទួល​ព្រះ​តម្រាស់​ នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា ព្រះ​ករុណា ​ព្រះ​អង្គ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គោត្រ​នៃ​សេះ ​៣ យ៉ាង តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​សេះ​ខ្លះ ក្នុង​លោកនេះ ជា​វា​ហនៈ បរិបូណ៌​ដោយ​ល្បឿន តែ​មិន​បរិបូណ៌​ដោយ​សម្បុរ មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​សេះ​ខ្លះ ​ក្នុង​លោក​នេះ ជា​វា​ហនៈ បរិបូណ៌​ដោយ​ល្បឿន​ផង បរិ​បូណ៌​ដោយ​សម្បុរ​ផង តែ​មិន​បរិបូណ៌​ដោយ​កំពស់ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ​គោត្រ​នៃ​សេះ​ខ្លះ ក្នុង​លោក​នេះ ជា​វា​ហនៈ បរិបូណ៌​ដោយ​ល្បឿន​ផង​ បរិបូណ៌​ដោយ​​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់​ និង​មាឌ​ផង ១។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ​ គោត្រ​នៃ​សេះ​ មាន ៣ យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​គោត្រ​នៃ​បុរស ៣ យ៉ាង ​តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រនៃ​បុរស​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន តែ​មិន​បរិបូណ៌ដោយ​សម្បុរ មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌ដោយ​សម្បុរ​ផង តែមិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​បរិបូណ៌​ដោយល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់ និង​មាឌផង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌ដោយ​ល្បឿន តែ​មិន​បរិបូណ៌​​ដោយ​សម្បុរ មិន​បរិបូណ៌​ដោយ​កំពស់ និង​មាឌ តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនានេះ ដឹង​ច្បាស់​តាម​សេច​ក្តី​ពិត​ថា នេះ​ជា​ទុក្ខ។ បេ។ ដឹង​ច្បាស់តាម​សេច​ក្តី​ពិត​ថា នេះ​ជា​បដិបទា​ ជា​ដំណើរ​ទៅ​កាន់​សេច​ក្តី​រលត់​ទុក្ខ។ តថា​គត​ហៅថា នេះ​ជា​ល្បឿន ​របស់​ភិក្ខុ​នោះ។ តែ​បើ​ភិក្ខុ​នោះ ​ត្រូវ​គេសាក​សួរ​ប្រ​ស្នា ​ក្នុង​អភិធម្ម ក្នុង​អភិ​វិន័យ រមែង​ស្ងៀម​ស្ងាត់ ដោះ​ស្រាយមិន​រួច។ តថា​គត​ហៅថា នេះ​មិន​មែន​ជា​សម្បុរ​ របស់​ភិក្ខុ​នោះ​។ ទាំង​ភិក្ខុ​នោះ ​ក៏​ជា​អ្នក​ឆ្នែង​លាភ ចំពោះចីវរ បិណ្ឌ​បាត សេនា​សនៈ និងបរិក្ខារ គឺថ្នាំ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ។ តថាគត​ហៅថា នេះ​មិន​មែន​ជាកំពស់ និង​មាឌ​ របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន តែ​មិន​បរិបូណ៌​ដោយ​សម្បុរ មិន​បរិ​បូណ៌ដោយ​កំពស់ និង​មាឌ ​យ៉ាង​នេះ​ឯង។ ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌ដោយ​សម្បុរ​ផង តែ​មិន​បរិបូណ៌​ដោយ​កំពស់ ​និង​មាឌ តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​​នេះ ដឹង​ច្បាស់​តាមសេច​ក្តី​ពិត​​ថា នេះ​ជាទុក្ខ។ បេ។ ដឹង​ច្បាស់​តាម​សេច​ក្តី​ពិត​ថា នេះ​ជា​បដិបទា ជាដំណើរ​ទៅ​កាន់​ទី​រលត់​ទុក្ខ។ តថា​គត​ហៅថា នេះ​ជា​ល្បឿន​របស់ភិក្ខុ​នោះ។ ភិក្ខុ​នោះ​ កាល​បើ​គេ​សាក​សួរ​ប្រស្នា ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ដោះ​ស្រាយ​រួច មិន​ស្ងៀមស្ងាត់​។ តថា​គត​ហៅថា នេះ​ជា​សម្បុរ ​របស់​ភិក្ខុ​នោះ។ តែ​ភិក្ខុ​នោះ​ ជា​អ្នក​ឆ្នែង​លាភ ចំពោះចីវរ ​បិណ្ឌ​បាត សេនាសនៈ ​និង​បរិក្ខារ គឺ​ថ្នាំ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ។ តថា​គត​ហៅថា នេះ​មិន​មែន​ជា​កំពស់​ និង​មាឌ​ របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង តែ​មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ​ យ៉ាង​នេះឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌​ដោយល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយកំពស់​ និង​មាឌផង តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ដឹងច្បាស់​តាម​សេចក្តី​ពិត​ថា នេះ​ជា​ទុក្ខ។ បេ។ ដឹង​ច្បាស់​តាម​សេចក្តីពិត​ថា នេះ​ជា​បដិបទា ជា​ដំណើរ​ទៅ​កាន់​ទី​រលត់​ទុក្ខ។ តថា​គតហៅថា នេះ​ជា​ល្បឿន ​របស់​ភិក្ខុ​នោះ។ ភិក្ខុ​នោះ ​កាល​បើ​គេ​សាក​សួរប្រស្នា ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ដោះស្រាយ​រួច មិន​ស្ងៀម​ស្ងាត់។ តថា​គត​ហៅថា នេះ​ជា​សម្បុរ ​របស់​ភិក្ខុ​នោះ។ ទាំង​ភិក្ខុនោះ ក៏​ជាអ្នក​ស្វាក់​លាភ ​ចំពោះ​ចីវរ បិណ្ឌ​បាត សេនាសនៈ និង​បរិក្ខារ គឺ​ថ្នាំ​ ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ។ តថា​គត​ហៅថា ​នេះ​ជា​កំពស់​ និង​មាឌ របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស ជា​អ្នក​បរិបូណ៌ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់​ និង​មាឌ​ផង យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គោត្រ​នៃ​បុរស មាន ៣ យ៉ាង​នេះ​ឯង។

(អស្សបរស្សសូត្រ ទី៩)

(៩. អស្សបរស្សសុត្តំ)

[១៤៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ តថា​គត​នឹង​សំដែង​នូវ​សេះរាប​សា​ ៣​ពួក​ផង នូវ​បុរស​រាប​សា​ ៣​ពួក​ផង ចូរ​អ្នក​ទាំង​ឡាយ ​ស្តាប់​នូវ​ធម៌នោះ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ប្រពៃ​ចុះ តថា​គត​នឹង​សំដែង។ ភិក្ខុ​ទាំងនោះ ទទួល​ព្រះ​តម្រាស់ នៃ​ព្រះដ៏​មាន​ព្រះភាគ​ថា ព្រះករុណា​ ព្រះអង្គ​។ ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​សេះរាប​សា ​៣​ពួក តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​រាប​សា​ខ្លះ ក្នុងលោក​នេះ បរិបូណ៌​ដោយ​ល្បឿន តែ​មិន​បរិ​បូណ៌​ដោយ​សម្បុរ មិន​បរិបូណ៌ដោយ​កំពស់​ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​រាប​សា​ខ្លះ ក្នុង​លោកនេះ បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង តែ​មិន​បរិបូណ៌ដោយ​កំពស់ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​រាប​សា​ខ្លះ ​ក្នុង​លោក​នេះ បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់ និង​មាឌ​ផង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​រាប​សា​ មាន ៣ ពួក​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​រាប​សា ​៣ពួក តើ​ដូច​ម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​បរិបូណ៌​​ដោយល្បឿន តែ​មិន​បរិបូណ៌​ដោយ​សម្បុរ មិន​បរិបូណ៌ ដោយ​កំពស់​ និង​មាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា​ខ្លះ ក្នុង​លោក​នេះ បរិបូណ៌​ដោយល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង តែ​ទាស់​មិន​បរិបូណ៌​ដោយ​កំពស់​ និងមាឌ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា​ខ្លះ ក្នុង​លោក​នេះ បរិបូណ៌ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់​ និងមាឌ​ផង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​រាប​សា ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន តែ​មិន​បរិបូណ៌​ដោយ​សម្បុរ មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ ​តើដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​ឱបបាតិកៈ​កំណើត (កើត​ក្នុង​សុទ្ធា​វាស) បរិនិព្វាន​ក្នុង​សុទ្ធា​វាស​នោះ មាន​សភាព​មិន​ត្រឡប់ចាក​លោក​នោះ​មក​វិញ​ឡើយ ព្រោះ​អស់​ទៅ ​នៃ​ឱរម្ភាគិយ​សញ្ញោ​ជនៈ ៥ តថា​គត​ហៅថា នេះជា​ល្បឿន​ របស់​ភិក្ខុ​នោះ។ តែបើភិក្ខុ​នោះ ត្រូវ​គេ​សាក​សួរ​ប្រស្នា ​ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ស្ងៀម​ស្ងាត់ ដោះស្រាយ​មិន​រួច។ តថា​គត​ហៅថា នេះ​មិន​មែន​ជា​សម្បុរ​ របស់​ភិក្ខុ​នោះ​។ ទាំងភិក្ខុ​នោះ ជា​អ្នក​ឆ្នែង​លាភ ​ចំពោះ​ចីវរ​ បិណ្ឌ​បាត​សេនា​សនៈ ​និង​បរិក្ខារ ​គឺ​ថ្នាំ ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ។ តថា​គត​ហៅថា នេះ​មិន​មែន​កំពស់​ និង​មាឌ ​របស់ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា ជា​អ្នក​បរិបូណ៌​​ដោយ​ល្បឿន តែ​មិន​បរិបូណ៌​ដោយ​សម្បុរ​ មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ ​យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​រាប​សា ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង តែមិន​បរិបូណ៌​ដោយ​កំពស់ ​និង​មាឌ តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាឱបបាតិកៈ​កំណើត (កើត​ក្នុងសុទ្ធា​វាស) បរិនិព្វាន​ក្នុង​សុទ្ធា​វាស​នោះ មាន​សភាព​មិន​ត្រឡប់​ចាក​លោក​នោះ​​មក​វិញ​ឡើយ ព្រោះ​អស់​ទៅ នៃ​​ឱរម្ភាគិយ​សញ្ញោ​ជនៈ ៥។ តថា​គតហៅថា នេះ​ជា​ល្បឿន​ របស់​ភិក្ខុ​នោះ។ ភិក្ខុ​នោះ ​បើ​ត្រូវ​គេ​សាក​សួរ​ប្រស្នា ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ដោះស្រាយ​រួច​ មិន​ស្ងៀម​ស្ងាត់។ តថា​គត​ហៅថា នេះ​ជា​សម្បុរ​របស់​ភិក្ខុ​នោះ។ តែ​ភិក្ខុ​នោះ​ឯង ជា​អ្នក​ឆ្នែងលាភ ​ចំពោះ​ចីវរ បណ្ឌិ​បាត សេនាសនៈ និង​បរិក្ខារ ​គឺ​ថ្នាំ ​ជា​បច្ច័យ​​ដល់អ្នក​ជម្ងឺ។ តថា​គត​ហៅថា នេះ​មិន​មែន​ជា​កំពស់​ និង​មាឌ​ របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿនផង បរិបូណ៌​ដោយ​សម្បុរ​ផង តែ​ទាស់​មិន​បរិបូណ៌​ដោយ​កំពស់​ និង​មាឌ​ យ៉ាងនេះ​ឯង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​រាប​សា ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿនផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់ ​និង​មាឌ​ផង តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​ឱបបាតិកៈ​កំណើត (កើត​ក្នុង​សុទ្ធា​វាស) បរិនិព្វាន​ក្នុង​សុទ្ធា​វាស​នោះ មាន​សភាព​មិន​ត្រឡប់ ចាក​លោក​នោះ​មក​វិញ​ឡើយ ព្រោះ​អស់​ទៅ ​នៃ​ឱរម្ភាគិយ​សញ្ញោជនៈ ៥។ តថាគត​ហៅថា នេះ​ជា​ល្បឿន ​របស់​ភិក្ខុ​នោះ។ ភិក្ខុ​នោះ បើ​ត្រូវគេ​សាក​សួរ​ប្រស្នា ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ដោះស្រាយ​រួច មិន​ស្ងៀម​ស្ងាត់។ តថា​គត​ហៅថា នេះ​ជា​គុណ ​របស់​ភិក្ខុ​នោះ។ ទាំង​ភិក្ខុ​នោះ ជា​អ្នក​ស្វាក់​លាភ​ ចំពោះ​ចីវរ បិណ្ឌបាត សេនាសនៈ និងបរិក្ខារ​ គឺ​ថ្នាំ​ ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ។ តថា​គត​ហៅថា នេះ​ជា​កំពស់​ និង​មាឌ របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា ជា​អ្នក​បរិបូណ៌​ដោយល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់ ​និង​មាឌ​ផង យ៉ាង​នេះ​​​​​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​រាប​សា មាន ៣ ពួក​នេះ​ឯង។

(អស្សាជានីយសូត្រ ទី១០)

(១០. អស្សាជានីយសុត្តំ)

[១៤៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ តថា​គត​នឹង​សំដែង ​នូវ​សេះ​អា​ជានេយ្យ​ដ៏​ល្អ ៣ ពួក​ផង នូវ​បុរស​អាជានេយ្យ​ដ៏​ល្អ ៣ ពួក​ផង ចូរ​អ្នក​ទាំងឡាយ ស្តាប់​ធម៌​នោះ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត ដោយ​ប្រពៃ​ចុះ តថា​គត​នឹងសំដែង។ ភិក្ខុ​ទាំង​នោះ ​ទទួល​ព្រះតម្រាស់ ​នៃ​ព្រះ​ដ៏មាន​ព្រះភាគ​ថា ព្រះករុណា ​ព្រះអង្គ។ ​ ព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ដូច្នេះ​ថា ចុះ​សេះអាជានេយ្យ​ដ៏​ល្អ ៣​ ពួក តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ​ខ្លះ ក្នុង​លោក​នេះ។ បេ។ ​ ជា​វា​ហនៈ ​បរិបូណ៌​ដោយ​ល្បឿនផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់ ​និង​មាឌ​ផង ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេះ​អា​ជា​នេយ្យ​ដ៏​ល្អ​ មាន ៣ ពួក​នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​អា​ជា​នេយ្យ ៣ ពួក តើដូច​ម្តេច។ ម្នាល​ភិក្ខុទាំង​ឡាយ បុរស​អា​ជា​នេយ្យ​ដ៏​ល្អ​ខ្លះ ក្នុង​លោក​នេះ។ បេ។ បរិបូណ៌ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌ដោយ​កំពស់​ និងមាឌ​ផង ១។ បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​អា​ជា​នេយ្យ​ដ៏​ល្អ ជា​អ្នកបរិបូណ៌​ដោយ​ល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​​ផង បរិបូណ៌​ដោយ​កំពស់ និង​មាឌ​ផង តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ធ្វើឲ្យ​ជាក់​ច្បាស់ ​សម្រេច​នូវ​ចេតោវិមុត្តិ បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អា​សវៈ ​ដោយ​បញ្ញា​ដ៏​ឧត្តម ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន​ សម្រេចសម្រាន្ត​នៅ​។ តថា​គត​ហៅថា នេះ​ជា​ល្បឿន ​របស់​ភិក្ខុ​នោះ​។ ភិក្ខុ​នោះ ​បើ​គេសាក​សួរ​ប្រស្នា ​ក្នុង​អភិធម្ម ក្នុង​អភិវិន័យ រមែង​ដោះស្រាយ​រួច មិន​ស្ងៀមស្ងាត់។ តថា​គត​ហៅថា នេះ​ជា​សម្បុរ​ របស់​ភិក្ខុ​នោះ​។ ទាំង​ភិក្ខុ​នោះ ជាអ្នក​ស្វាក់​លាភ​ ចំពោះ​ចីវរ បិណ្ឌបាត សេនាសនៈ និង​បរិក្ខារ​ គឺ​ថ្នាំ​ ជា​បច្ច័យដល់​អ្នក​ជម្ងឺ។ តថា​គត​ហៅថា នេះ ជាកំពស់​ និង​មាឌ ​របស់​ភិក្ខុ​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​អា​ជា​នេយ្យ​ដ៏​ល្អ ជា​អ្នក​បរិបូណ៌​ដោយល្បឿន​ផង បរិបូណ៌​ដោយ​សម្បុរ​ផង បរិបូណ៌​ដោយ​កំពស់​ និង​មាឌ​ផង យ៉ាង​នេះ​ឯង​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​អា​ជា​នេយ្យ​ដ៏​ល្អ​មាន ៣ ពួកនេះ​ឯង។

(បឋមមោរនិវាបសូត្រ ទី១១)

(១១. បឋមមោរនិវាបសុត្តំ)

[១៤៥] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​ក្នុង​បរិព្វាជ​ការាម ជា​មោរ​និវាបស្ថាន​ ជិត​ក្រុងរាជ​គ្រឹះ​។ ក្នុង​ទី​នោះ​ឯង ព្រះ​ដ៏​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​។ ភិក្ខុ​ទាំង​នោះ ទទួល​ព្រះ​តម្រាស់ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា ព្រះ​ករុណា​ ព្រះអង្គ។ ព្រះដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣ យ៉ាង ឈ្មោះ​ថា ​ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មាន​សេចក្តីក្សេម ​ចាក​យោគៈ​ដាច់​ស្រេច មាន​ព្រហ្មចរិយៈ​ដាច់​ស្រេច មាន​ទី​បំផុត​ដាច់ស្រេច ​ប្រសើរ​បំផុត​ ជាង​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ។ ប្រកប​ដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ​។ គឺ​ប្រកប​ដោយ​អសេក្ខ​សីល​ក្ខន្ធ ១ អសេក្ខសមា​​ធិក្ខន្ធ ១ អសេក្ខ​បញ្ញា​ខន្ធ ១​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ យ៉ាង​នេះ​ឯង ឈ្មោះ​ថា ​ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មានសេចក្តី​​ក្សេម​ ចាក​យោគៈ​ដាច់​ស្រេច មាន​ព្រហ្មចរិយៈ​ដាច់​ស្រេច មាន​ទីបំផុត​ដាច់​ស្រេច ជា​អ្នក​ប្រសើរ​បំផុត​ ជាង​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ។

(ទុតិយមោរនិវាបសូត្រ ទី១២)

(១២. ទុតិយមោរនិវាបសុត្តំ)

[១៤៦] ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ យ៉ាង ឈ្មោះ​ថា ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មាន​សេចក្តី​ក្សេម ​ចាកយោគៈ​ដាច់​ស្រេច មាន​ព្រហ្មចរិយៈ​ដាច់​ស្រេច មាន​ទី​បំផុត​ដាច់​ស្រេច ជា​អ្នក​ប្រសើរ​បំផុត ជាង​ទេវតា​ និង​មនុស្ស​ទាំង​ឡាយ។ ប្រកប​ដោយ​ធម៌៣ យ៉ាង ​គឺ​អ្វី​ខ្លះ។ គឺ​ប្រកប​ដោយ​ឥទ្ធិប្បាដិហារ្យ​ ១​ អា​ទេសនា​បាដិហារ្យ ១ អនុ​សាសនី​បាដិហារ្យ ១។ ម្នាល​ភិក្ខុ​ទាំង​​ឡាយ ភិក្ខុ​ប្រកបដោយ​ធម៌ ៣ យ៉ាង​នេះ​ឯង ឈ្មោះ​ថា​ ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មាន​ព្រហ្ម​ចរិយៈ​ដាច់​ស្រេច មាន​ទី​បំផុត​ដាច់​ស្រេច ជា​អ្នក​ប្រសើរ​បំផុត ជាង​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ។

(តតិយមោរនិវាបសូត្រ ទី១៣)

(១៣. តតិយមោរនិវាបសុត្តំ)

[១៤៧] ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ យ៉ាងឈ្មោះ​ថា ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មាន​សេចក្តី​ក្សេម ចាក​យោគៈ​ដាច់​ស្រេច មាន​ព្រហ្ម​ចរិយៈ​ដាច់​ស្រេច មាន​ទី​បំផុត​ដាច់ស្រេច ជា​អ្នក​ប្រសើរ​បំផុត ជាង​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ។ ប្រកប​ដោយ​ធម៌ ៣ យ៉ាង​ គឺ​អ្វី​ខ្លះ។ គឺ​ប្រកប​ដោយ​សម្មាទិដ្ឋិ (ការ​យល់ប្រពៃ) ១ សម្មា​ញាណ (ការ​ដឹង​ប្រពៃ) ១ សម្មា​វិមុត្តិ (ការ​រួច​ចាក​កិលេស ដោយ​ប្រពៃ) ១​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៣ យ៉ាងនេះ​ឯង ឈ្មោះ​ថា​ ជា​អ្នក​មាន​សេចក្តី​ចូល​ចិត្ត​ដាច់​ស្រេច មាន​សេចក្តី​ក្សេម ចាក​យោគៈ​ដាច់​ស្រេច មាន​ព្រហ្មចរិយៈ​ដាច់​ស្រេច មាន​ទី​បំផុត​ដាច់ស្រេច ជា​អ្នក​ប្រសើរ​បំផុត ជាង​ទេវតា​ និង​មនុស្ស​ទាំង​ឡាយ។

ចប់ យោធាជីវវគ្គ ទី៤។

ឧទ្ទាន​នៃ​យោធា​ជីវវគ្គ​នោះ​គឺ

និយាយ​អំពី​យោធា​ជីវៈ ១ អំពី​បរិស័ទ្យ ១ អំពី​មិត្ត ១ អំពី​ព្រះ​តថា​គត​កើត​ឡើង ១ អំពី​សំពត់​កម្តល ដែលត្បាញ​ដោយ​សក់​មនុស្ស ១ អំពី​សម្បទា​ មាន​សទ្ធា​ជាដើម ១ អំពី​វុឌ្ឍិ ១ អំពី​សេះ​ មាន៣លើក ១ អំពី​ព្រះដ៏​មាន​បុណ្យ​នៅ​ក្នុង​បរិព្វាជ​ការាម ជា​មោរ​និវាបស្ថាន មាន៣លើក ១។

 

លេខយោង

1)
ទុកដូចជាអវយវៈ គឺព្រះហស្ថ ទាំង២ ព្រះបាទ​ ទាំង២ របស់ស្តេច។
2)
ទំលាយនូវកងទ័ព មានអាវុធ​យុទ្ធភណ្ឌ ច្រើនសង្កាត់ ច្រើនស្រទាប់។ អដ្ឋកថា។
3)
បានដល់បរិសទ្យ ដែល​មិនសាក​សួរជាមុន ស្រាប់តែប្រតិបត្តិតែម្តង។
4)
បានដល់បរិសទ្យ ដែលដឹងប្រមាណ ហើយ​ប្រតិបត្តិ។ អដ្ឋកថា។
km/tipitaka/sut/an/03/sut.an.03.v14.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann