km:tipitaka:sut:an:04:sut.an.04.001

អនុពុទ្ធសូត្រ ទី១

សង្ខេប

ហេតុ​អ្វី​​បាន​ជា​​សត្វ​​ធម្មតា​​មិន​បាន​​ត្រាស់​ដឹង​? ដោយ​សារ​តែ​អ្វី?

an 04.001 បាលី cs-km: sut.an.04.001 អដ្ឋកថា: sut.an.04.001_att PTS: ?

អនុពុទ្ធសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. អនុពុទ្ធសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ គង់ក្នុងភណ្ឌគ្រាម ក្នុងដែនវជ្ជី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់នឹងភិក្ខុ ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវធម៌ ៤។ ធម៌ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសីល (សីលដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសមាធិ (សមាធិដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយបញ្ញា (បញ្ញាដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយវិមុត្តិ (វិមុត្តិដ៏ប្រសើរ) ១។ ម្នាលភិក្ខុទាំងឡាយ អរិយសីលនោះ តថាគតក្តី អ្នកទាំងឡាយក្តី បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយសមាធិ ក៏បាន ត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយបញ្ញា ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយវិមុត្តិ ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ សេចក្តីប្រាថ្នាក្នុងភព ក៏បានកាត់ចោលហើយ តណ្ហា ជាគ្រឿងនាំទៅក្នុងភព ក៏អស់ហើយ ឥឡូវនេះ ការកើតតទៅទៀត មិនមានឡើយ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវពាក្យនេះ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់នូវពាក្យនេះរួចហើយ ទើបទ្រង់ត្រាស់ នូវព្រះគាថានេះ តទៅទៀតថា

សីល សមាធិ បញ្ញា និងវិមុត្តិ ជាធម៌រកគុណជាតិដទៃ ប្រសើរជាងគ្មាន ធម៌ទាំងអម្បាលនេះ ព្រះគោតមមានយស បានត្រាស់ដឹងហើយ។ ព្រះពុទ្ធសំដែងធម៌ ដល់ភិក្ខុទាំងឡាយ ព្រោះត្រាស់ដឹងច្បាស់ ដោយប្រការដូច្នេះ សាស្តាមានចក្ខុ ធ្វើនូវទីបំផុតនៃទុក្ខហើយ ចេញចាកវានៈ គឺតណ្ហាហើយ។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.001.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann