ហេតុដែលអរិយបុគ្គល នៅតែអន្ទោលទៅកើតទៀត?
an 04.002 បាលី cs-km: sut.an.04.002 អដ្ឋកថា: sut.an.04.002_att PTS: ?
បបតិតសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(២. បបតិតសុត្តំ)
[២] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាង តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយសីល តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយសមាធិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយបញ្ញា តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយវិមុត្តិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគត ហៅថា ឃ្លាតចាកធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ទើបតថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសីល តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសមាធិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយបញ្ញា តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយវិមុត្តិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ។
បុគ្គលដែលឃ្លាតចាក (ធម្មវិន័យ) រមែងធ្លាក់ចុះ បុគ្គលដែលធ្លាក់ចុះ ជាអ្នកជាប់ជំពាក់ដោយរាគៈ រមែងមក (កាន់ជាតិ ជរា ព្យាធិ មរណៈ) ម្តងទៀត (បើ) កិច្ច (ដោយមគ្គ ទាំង៤) បុគ្គលនោះ បានធ្វើស្រេចហើយ បានត្រេកអរហើយ ក្នុងគុណជាត ដែលបុគ្គលគប្បីត្រេកអរ សេចក្តីសុខបានមក ដោយសេចក្តីសុខ1) (រមែងមានដល់បុគ្គលនោះ)។