បើសរសើរខុស ឬបន្ទោសខុស ភាពល្អរបស់អ្នកនឹងរលាយបាត់ភ្លាមៗ។ ដូច្នេះត្រូវស៊ើបអង្កេត និងបញ្ជាក់ជាមុនសិន៖ «ពិតទេ?»
an 04.003 បាលី cs-km: sut.an.04.003 អដ្ឋកថា: sut.an.04.003_att PTS: ?
បឋមខតសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. បឋមខតសុត្តំ)
[៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលនោះ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោលសរសើរ បុគ្គលដែលគួរតិះដៀល ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោលតិះដៀល បុគ្គលដែលគួរសរសើរ ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ មិនបានពិចារណាស្ទាបស្ទង់មើល ហើយកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ទាំង ៤ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង រមែងបាននូវបាប ដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង។ ធម៌ ៤ តើដូចម្តេចខ្លះ។ គឺបុគ្គលនោះ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលតិះដៀលបុគ្គល ដែលគួរតិះដៀល ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលសរសើរបុគ្គល ដែលគួរសរសើរ ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែល គួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌ ៤ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង។
បុគ្គលណាសរសើរបុគ្គល ដែលគួរតិះដៀលក្តី តិះដៀលបុគ្គល ដែលគួរសរសើរក្តី បុគ្គលនោះឈ្មោះថា ជ្រើសរើសយកកំហុស ដោយមាត់ ពាក្យរមែងមិនបានសេចក្តីសុខ ព្រោះកំហុសនោះឡើយ។ ការចាញ់ដោយទ្រព្យណា ព្រមទាំងទ្រព្យរបស់ខ្លួនក្តី ទាំងខ្លួនក្តី ព្រោះល្បែងភ្នាល់ ការចាញ់ដោយទ្រព្យនេះ ជាកំហុស មានប្រមាណតិចទេ បុគ្គលណា ញុំាងចិត្តឲ្យប្រទូស្ត ក្នុងពួកបុគ្គល ដែលស្រុះស្រួលមូលមិត្រគ្នា កំហុសរបស់បុគ្គលនោះឯង ទើបធំជាង បុគ្គលដែលដំកល់វាចា និងចិត្តដ៏លាមក តិះដៀលព្រះអរិយៈ រមែងទៅកើតក្នុងនរក អស់ ១ សែនកប្ប និង ៣៦ និរព្វុទៈផង និង ៥ អព្វុទៈផង។