km:tipitaka:sut:an:04:sut.an.04.006

អប្បស្សុតសូត្រ ទី៦

សង្ខេប

បុគ្គល​ចេះ​ដឹង​តិច ៣ ពួក និង​បុគ្គល​ចេះ​ដឹង​ច្រើន ១ ពួក។

an 04.006 បាលី cs-km: sut.an.04.006 អដ្ឋកថា: sut.an.04.006_att PTS: ?

អប្បស្សុតសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. អប្បស្សុតសុត្តំ)

[៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលចេះដឹងតិច មិនបានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងច្រើន មិនបានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងច្រើន ហើយបានប្រកបដោយការចេះដឹង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច មិនបានប្រកបដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ1) មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ មិនចេះអដ្ឋកថា មិនចេះបាលី នៃពុទ្ធវចនៈ មានប្រមាណតិចនោះ មិនប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌2)។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច មិនបានប្រកប ដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ។បេ។ វេទល្លៈ មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ ចេះអដ្ឋកថា ចេះបាលី នៃពុទ្ធវចនៈ មានប្រមាណតិចនោះ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌។3) ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកបដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ។បេ។ វេទល្លៈ មានច្រើនដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ មិនចេះអដ្ឋកថា មិនចេះបាលី នៃពុទ្ធវចនៈ មានប្រមាណច្រើននោះ មិនប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌។4) ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកបដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន ប្រកបដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានច្រើន ដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ ចេះអដ្ឋកថា ចេះបាលី នៃពុទ្ធវចនៈ មានប្រមាណច្រើននោះ ហើយប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌។5) ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងច្រើន ប្រកបដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។

បើបុគ្គលមានសេចក្តីចេះដឹងតិច ទាំងមិនបានឋិតនៅ ក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ រមែងតិះដៀលបុគ្គលនោះ ដោយហេតុទាំង ២ គឺសីល ១ សេចក្តីចេះដឹង ១។ បើបុគ្គលមានសេចក្តីចេះដឹងតិច តែឋិតនៅខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរបុគ្គលនោះ តែដោយសីល ប៉ុន្តែ សេចក្តីចេះដឹង មិនសម្រេចដល់បុគ្គលនោះទេ។ បើបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនឋិតនៅក្នុងសីលទាំងឡាយទេ អ្នកប្រាជ្ញទាំងឡាយ រមែងតិះដៀលបុគ្គលនោះដោយសីល ប៉ុន្តែសេចក្តីចេះដឹង តែងសម្រេចដល់បុគ្គលនោះ។ បើបុគ្គលមានសេចក្តីចេះដឹងច្រើន ទាំងតាំងនៅខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ រមែងសរសើរបុគ្គលនោះ ដោយហេតុទាំង ២ គឺ សីល ១ សេចក្តីចេះដឹង ១។ អ្នកណាគួរនិន្ទា បុគ្គលអ្នកមានសេចក្តីចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រកបដោយបញ្ញា ជាពុទ្ធសាវកនោះ ដែលដូចជាដុំ នៃមាសជម្ពូនទបាន ទេវតា និងមនុស្សទាំងឡាយ រមែងសរសើរបុគ្គលនោះ សូម្បីព្រហ្ម ក៏សរសើរដែរ។

 

លេខយោង

1)
បាឡីក្នុងឧភតោវិភង្គនិទ្ទេស ខន្ធក បរិវារ សុត្តនិបាត មង្គលសុត្ត រតនសុត្ត នាឡកសុត្ត តុវដសុត្ត និងពុទ្ធវចនៈដទៃ ដែលមានឈ្មោះថា សុត្ត (សូត្រ) ហៅថា សុត្តៈ។ សុត្តៈ ដែលប្រកបដោយគាថាទាំងអស់ ហៅថាគេយ្យៈ។ សគាថវគ្គទាំងអស់ ក្នុងសំយុត្តនិកាយ ដោយឡែកក្តី អភិធម្មបិដកទាំងអស់ក្តី សូត្រដែលមិនមានគាថាក្តី និងពុទ្ធវចនៈណា ដែលមិនបានសង្គ្រោះ ដោយអង្គទាំង ៨ គឺដទៃអំពីអង្គ ទាំង៨ ក្តី ពុទ្ធវចនៈនោះ ហៅថា វេយ្យាករណៈ។ ធម្មបទ ថេរគាថា ថេរីគាថា និងពាក្យជាគាថាសុទ្ធ ដែលមិនមានឈ្មោះថាសុត្តៈ ក្នុងសុត្តនិបាត ហៅថា គាថា។ សុត្តៈ ៨២ ដែលប្រកបដោយគាថា កើតអំពីសេចក្តីសោមនស្ស ហៅថាឧទានៈ។ សុត្តៈ ១១០ ដែលប្រព្រឹត្តទៅ ដោយន័យថា “វុត្តមិទំ ភគវតា” (ពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ) ដូច្នេះ ជាដើម ហៅថា ឥតិវុត្តកៈ។ ជាតកទាំង ៥៥០ មានអបណ្ណកជាតក ជាដើម ហៅថា ជាតកៈ។ សូត្រដែលប្រកបដោយអច្ឆរិយអព្ភូតធម៌ គឺធម៌ជាអស្ចារ្យ ចំឡែក ដែលប្រព្រឹត្តទៅ ដោយន័យថា “ចត្តារោ មេ ភិក្ខវេ អច្ឆរិយា អព្ភូតធម្មា អានន្ទេ” (ម្នាលភិក្ខុទាំងឡាយ ធម៌ជាអស្ចារ្យ ចំឡែក ៤យ៉ាងនេះ មានក្នុងអានន្ទ) ដូច្នេះ ជាដើម ហៅថា អព្ភូតធម៌។ ចូឡវេទល្លសូត្រ មហាវេទល្លសូត្រ សម្មាទិដ្ឋិសូត្រ សក្កបញ្ហសូត្រ និងសង្ខារភាជនិយមហាបុណ្ណមសូត្រ ជាដើម និងសូត្រទាំងពួង ដែលកើតឡើងដោយបុគ្គលណាមួយ បានចំពោះ នូវសេចក្តីរីករាយ ត្រេកអរ ហើយចូលទៅក្រាបទូលសួរ ហៅថា វេទល្លៈ។
2)
បានដល់បុថុជ្ជន មានសេចក្តីចេះដឹងតិច ហើយជាអ្នកទ្រុស្តសីល។ អដ្ឋកថា។
3)
បានដល់ព្រះខីណាស្រព ដែលមានសេចក្តីចេះដឹងតិច។ អដ្ឋកថា។
4)
បានដល់បុថុជ្ជន មានសេចក្តីចេះដឹងច្រើន ជាអ្នកទ្រុស្តសីល។
5)
បានដល់ព្រះខីណាស្រព ដែលមានសេចក្តីចេះដឹងច្រើន។ អដ្ឋកថា
km/tipitaka/sut/an/04/sut.an.04.006.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann