km:tipitaka:sut:an:04:sut.an.04.008

វេសារជ្ជសូត្រ ទី៨

សង្ខេប

វេសារជ្ជញ្ញាណ (ប្រាជ្ញាក្លៀវក្លា) របស់​តថាគត។

an 04.008 បាលី cs-km: sut.an.04.008 អដ្ឋកថា: sut.an.04.008_att PTS: ?

វេសារជ្ជសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៨. វេសារជ្ជសុត្តំ)

[៨] ម្នាលភិក្ខុទាំងឡាយ តថាគត ប្រកបដោយវេសារជ្ជញ្ញាណ (ប្រាជ្ញាក្លៀវក្លា) បែបណា តែងបេ្តជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ (ចក្រ គឺធម៌ដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណនេះ របស់តថាគត មាន ៤ យ៉ាង។ វេសារជ្ជញ្ញាណ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា លោកបេ្តជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងឯង ដោយប្រពៃ ប៉ុន្តែធម៌ទាំងអម្បាលនេះ លោកមិនបានត្រាស់ដឹងទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យ ប្រកបដោយធម៌ ក្នុងហេតុនោះថា លោកប្តេជ្ញាខ្លួន ថាជាអ្នកអស់អាសវៈ ហើយ ប៉ុន្តែអាសវៈទាំងអម្បាលនេះ មិនទាន់អស់ទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា ធម៌ទាំង ឡាយណា ដែលលោកពោលថា ធម៌ជាគ្រឿងធ្វើនូវអន្តរាយ ធម៌ទាំងអម្បាលនោះ មិនអាចធ្វើអន្តរាយ ដល់បុគ្គលអ្នកសេពបានទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺ ធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា ធម៌ ដែលលោកសំដែងហើយ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា គុណវិសេសនោះ មិនអាចស្រោចស្រង់ ដើម្បីឲ្យអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមនូវធម៌នោះទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ឃើញនូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រកបដោយវេសារជ្ជញ្ញាណណា តែងប្តេជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណនោះ របស់តថាគត មាន ៤ យ៉ាងនេះឯង។

គន្លងនៃពាក្យណានីមួយដ៏ច្រើន ដែលគេរៀបរៀងទុកហើយក្តី ពួកសមណព្រាហ្មណ៍ ដែលអាស្រ័យនូវគន្លង នៃពាក្យណាក្តី គន្លងពាក្យទាំងនោះ លុះមកដល់ព្រះតថាគត ដែលជាអ្នកមានសេចក្តីក្លៀវក្លា គ្របសង្កត់ នូវគន្លងនៃពាក្យហើយ ក៏រមែងវិនាសសាបសូន្យទៅ ព្រះតថាគតណា គ្របសង្កត់នូវធម៌ទាំងអស់ មានសេចក្តីអនុគ្រោះ ដល់សត្វទាំងអស់ ហើយញុំាងធម្មចក្រ ឲ្យប្រព្រឹត្តទៅ ពួកសត្វតែងថ្វាយបង្គំ នូវព្រះតថាគត ប្រាកដដូច្នោះនោះ ព្រះអង្គ ប្រសើរជាងទេវតា និងមនុស្ស ទ្រង់ឆ្លងដល់ត្រើយនៃភព។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.008.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann