km:tipitaka:sut:an:04:sut.an.04.010

យោគសូត្រ ទី១០

សង្ខេប

នឹម (យោគៈ) អូសនាំសត្វទៅកាន់សង្សារ និងការលះបង់នឹម?

an 04.010 បាលី cs-km: sut.an.04.010 អដ្ឋកថា: sut.an.04.010_att PTS: ?

យោគសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

sut.an.04.010.jpg

(១០. យោគសុត្តំ)

[១០] ម្នាលភិក្ខុទាំងឡាយ យោគៈ (កិលេសជាគ្រឿងប្រកបសត្វទុក ក្នុងវដ្តៈ) នេះមាន ៤ យ៉ាង។ យោគៈ ៤ យ៉ាង តើដូចម្តេច។ គឺ កាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១។ ម្នាលភិក្ខុទាំងឡាយ កាមយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏កើតមានតម្រេកក្នុងកាម សេចក្តីរីករាយក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីងប់នៅក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីអន្ទះអន្ទែង ព្រោះកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កាមយោគៈ។1) កាមយោគៈ ដូច្នេះឯង។ ភវយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ផង នូវភពទាំងឡាយ ក៏កើតមានតម្រេកក្នុងភព សេចក្តីរីករាយក្នុងភព សេចក្តីស្នេហាក្នុងភព សេចក្តីងប់នៅក្នុងភព សេចក្តីស្រេកឃ្លានក្នុងភព សេចក្តីអន្ទះអន្ទែងព្រោះភព សេចក្តីជ្រុលជ្រប់ក្នុងភព សេចក្តីប្រាថ្នាក្នុងភព ក្នុងភពទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភវយោគៈ។2) កាមយោគៈ និងភវយោគៈ ដូច្នេះឯង។ ទិដ្ឋិយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ ក៏កើតមានតម្រេកក្នុងទិដ្ឋិ សេចក្តីរីករាយក្នុងទិដ្ឋិ សេចក្តីស្នេហាក្នុងទិដ្ឋិ សេចក្តីងប់នៅក្នុងទិដ្ឋិ សេចក្តីស្រេកឃ្លានក្នុងទិដ្ឋិ សេចក្តីអន្ទះអន្ទែងព្រោះទិដ្ឋិ សេចក្តីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្តីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិយោគៈ។3) កាមយោគៈ ភវយោគៈ និងទិដ្ឋិយោគៈ ដូច្នេះឯង។ អវិជ្ជាយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ ក៏កើតមានសេចក្តីល្ងង់ មិនដឹងក្នុងផស្សាយតនៈ ទាំង ៦ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អវិជ្ជាយោគៈ។ កាមយោគៈ ភវយោគៈ ទិដ្ឋិយោគៈ និងអវិជ្ជាយោគៈ ដូច្នេះឯង។ បុគ្គល ប្រកបដោយ អកុសលធម៌ ដ៏លាមក ជាគ្រឿងសៅហ្មង ជាគ្រឿងនាំឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាគ្រឿងនាំឲ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ (បុគ្គលនោះ) ហៅថា ជាអ្នកមិនមានសេចក្តីក្សេម ចាកយោគៈទេ។ ម្នាលភិក្ខុទាំងឡាយ យោគៈ មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈនេះ មាន ៤ យ៉ាង។ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺការមិនប្រកប ដោយកាមយោគៈ ១ ការមិនប្រកបដោយភវយោគៈ ១ ការមិនប្រកប ដោយទិដ្ឋិយោគៈ ១ ការមិនប្រកបដោយអវិជ្ជាយោគៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះការមិនប្រកបដោយកាមយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងកាម សេចក្តីរីករាយក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីងប់នៅក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីអន្ទះអន្ទែងព្រោះកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីប្រាថ្នាក្នុងកាម ក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយកាមយោគៈ។ ការមិនប្រកបដោយកាមយោគៈ ដូច្នេះឯង។ ចុះការមិនប្រកប ដោយភវយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងភព សេចក្តីរីករាយក្នុងភព សេចក្តីសេ្នហាក្នុងភព សេចក្តីងប់នៅក្នុងភព សេចក្តីស្រេកឃ្លានក្នុងភព សេចក្តីអន្ទះអន្ទែង ព្រោះភព សេចក្តីជ្រុលជ្រប់ក្នុងភព សេចក្តីប្រាថ្នាក្នុងភព ក្នុងភពទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយភវយោគៈ។ ការមិនប្រកបដោយកាមយោគៈ និងការមិនប្រកបដោយភវយោគៈ ដូច្នេះឯង។ ចុះការមិនប្រកបដោយទិដ្ឋិយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងទិដ្ឋិ សេចក្តីរីករាយក្នុងទិដ្ឋិ សេចក្តី ស្នេហាក្នុងទិដ្ឋិ សេចក្តីងប់នៅក្នុងទិដ្ឋិ សេចក្តីស្រេកឃ្លានក្នុងទិដ្ឋិ សេចក្តីអន្ទះអន្ទែងព្រោះទិដ្ឋិ សេចក្តីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្តីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយទិដ្ឋិយោគៈ។ ការមិនប្រកបដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ និងការមិនប្រកបដោយទិដ្ឋិយោគៈ ដូច្នេះឯង។ ចុះការមិនប្រកបដោយ អវិជ្ជាយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់ តាមពិតនូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈទាំង ៦ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ ក៏មិនមានសេចក្តីល្ងង់ សេចក្តីមិនដឹង ក្នុងផស្សាយតនៈ ទាំង ៦ ឡើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយអវិជ្ជាយោគៈ។ ការមិនប្រកបដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ ការមិនប្រកបដោយទិដ្ឋិយោគៈ និងការមិនប្រកបដោយអវិជ្ជាយោគៈ ដូច្នេះឯង។ បុគ្គល ប្រាសចាកអកុសលធម៌ ដ៏លាមក ជាគ្រឿងសៅហ្មង ជាហេតុនាំឲ្យ កើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាហេតុនាំឲ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ (បុគ្គលនោះ) ទើបហៅថា ជាអ្នកមានសេចក្តីក្សេមចាកយោគៈ។ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈ មាន ៤ យ៉ាងប៉ុណ្ណេះ។

ពួកសត្វប្រកបដោយកាមយោគៈ និងភវយោគៈ ទាំង ២ ប្រកបដោយទិដ្ឋិយោគៈ ត្រូវអវិជ្ជាយោគៈ ចោមរោម ជាអ្នកមានដំណើរទៅកាន់ជាតិ (ជរា) និងមរណៈ ជាប្រក្រតី រមែងអន្ទោលទៅរកសង្សារ។ ចំណែកពួកជនណា បានកំណត់ដឹង នូវកាមយោគៈផង ភវយោគៈ ដោយអាការទាំងពួងផង ដកឡើងនូវទិដ្ឋិយោគៈផង លះបង់នូវអវិជ្ជាយោគៈផង ជាអ្នកប្រាសចាកយោគៈទាំងពួង ជនទាំងនោះ ឈ្មោះថា ជាអ្នកប្រាជ្ញ កន្លងផុត នូវយោគៈ។

ចប់ ភណ្ឌគ្គាមវគ្គ ទី១។

ឧទ្ទាននៃភណ្ឌគ្គាមវគ្គនោះគឺ

និយាយអំពីការត្រាស់ដឹងធម៌ ៤ យ៉ាង ១ អំពីភិក្ខុជាអ្នកធ្លាក់ចុះចាកធម្មវិន័យ ១ អំពីការជីករំលើងគុណ មាន២លើក ១ ជាគំរប់ ៥ នឹងបុគ្គលមានដំណើរ ទៅតាមខ្សែទឹក ១ អំពីបុគ្គលមានសេចក្តីចេះដឹងតិច ១ អំពីបុគ្គលញុំាងសង្ឃឲ្យរុងរឿង ១ (អំពីវេសារជ្ជញ្ញាណ) ១ អំពីការកើតឡើងនៃតណ្ហា ១ និងយោគៈ ១ ទៀត ជា ១០។

 

លេខយោង

1)
បានដល់សេចក្តីត្រេកត្រអាល ប្រកបដោយកាមគុណ ទាំង ៥។ អដ្ឋកថា។
2)
បានដល់សេចក្តីប្រាថ្នា និងសេចក្តីត្រេកអរ ក្នុងរូបភព និងអរូបភព។
3)
បានដល់តម្រេក ប្រកបដោយសស្សតទិដ្ឋិ ៦២។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.010.txt · ពេលកែចុងក្រោយ: 2023/07/26 13:56 និពន្ឋដោយ Johann