km:tipitaka:sut:an:04:sut.an.04.011

ចរសូត្រ ទី១

សង្ខេប

តើ​គំនិត​អាក្រក់​គួរ​ធ្វើ​អ្វី?

an 04.011 បាលី cs-km: sut.an.04.011 អដ្ឋកថា: sut.an.04.011_att PTS: ?

ចរសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. ចរសុត្តំ)

[១១] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងដើរទៅ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរទៅ មានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាម ដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុ កំពុងឈរ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈរ មានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងអង្គុយ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយ មានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិល ច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងដេក កំពុងភ្ញាក់រលឹក បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលដេក ភ្ញាក់រលឹកមានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាម ថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងដើរ បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ចេញ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរ មានសភាព យ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាម ប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងឈរ បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាសនូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈរមានសភាពយ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាម ប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងអង្គុយ បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអង្គុយ មានសភាពយ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុ កំពុងដេក កំពុងភ្ញាក់រលឹក បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដេក ភ្ញាក់រលឹកមានសភាពយ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាម ប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។

ភិក្ខុណា កាលដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី តែងត្រិះរិះនូវវិតក្កៈ ដែលអាស្រ័យនូវផ្ទះ គឺកិលេសដ៏លាមក ភិក្ខុប្រាកដដូច្នោះនោះ ឈ្មោះថា ដើរទៅកាន់ផ្លូវ ដែលបណ្ឌិតគប្បីខ្ពើម ជ្រប់នៅក្នុងអារម្មណ៍ ជាគ្រឿងវង្វេង មិនអាចពាល់ត្រូវនូវញាណ ជាគ្រឿងត្រាស់ដឹងដ៏ឧត្តមទេ។ ភិក្ខុណា កាលដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី បានរម្ងាប់នូវវិតក្កៈ ត្រេកអរក្នុងធម៌ ជាគ្រឿងរម្ងាប់នូវវិតក្កៈ ភិក្ខុប្រាកដដូច្នោះនោះ ទើបអាចពាល់ត្រូវ នូវញាណ ជាគ្រឿងត្រាស់ដឹងដ៏ឧត្តមបាន។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.011.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann