សីលបរិបូណ៍ គឺជាគ្រឹះសម្រាប់អភិវឌ្ឍន៍ផ្លូវនៃសេរីភាព។ ការព្យាយាមត្រូវ ចាប់អារម្មណ៍ពីសីល ចំំពោះអ្នកមានសទ្ធា។
an 04.012 បាលី cs-km: sut.an.04.012 អដ្ឋកថា: sut.an.04.012_att PTS: ?
សីលសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. សីលសុត្តំ)
[១២] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ បរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចារៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ តើគប្បីមានកិច្ចអ្វី ដែលគួរធ្វើ ឲ្យក្រៃលែងឡើងទៀត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុកាលដើរ មាន អភិជ្ឈា … មានព្យាបាទទៅប្រាសហើយ មានសេចក្តីងងុយ និងងោកងក់ … មានសេចក្តីរវើរវាយ និងសេចក្តីរំខានចិត្ត … មានសេចក្តីសង្ស័យលះបង់ហើយ មានព្យាយាមប្រារឰហើយ មិនបានរួញរា មានស្មារតីប្រុងខ្ជាប់ មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់ មិនបានក្រវល់ក្រវាយ មានចិត្តដំកល់មាំ នៅក្នុងអារម្មណ៍តែមួយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរមានសភាព យ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុឈរ … ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុអង្គុយ … ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុកំពុងដេក កំពុងភ្ញាក់រលឹក មានអភិជ្ឈា … មានព្យាបាទទៅប្រាសហើយ មានសេចក្តីងងុយ និងងោកងក់ … មានសេចក្តីរវើរវាយ និងសេចក្តីរំខានចិត្ត … មានសេចក្តីសង្ស័យលះបង់ហើយ មានព្យាយាមប្រារឰហើយ មិនបានរួញរា មានស្មារតីប្រុងខ្ជាប់ មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់ហើយ មិនបានក្រវល់ក្រវាយ មានចិត្តដំកល់មាំ នៅក្នុងអារម្មណ៍តែមួយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដេក ភ្ញាក់រលឹក មានសភាពដូច្នេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។
ភិក្ខុគប្បីដើរ សង្រួម គប្បីឈរ សង្រួម គប្បីអង្គុយ សង្រួម គប្បីដេក សង្រួម គប្បីបត់ (នូវអវយវៈតូចធំ) សង្រួម គប្បីលានូវអវយវៈតូចធំនុ៎ះ សង្រួម គតិនៃសត្វលោក ទាំងខាងលើ កណ្តាល និងខាងក្រោម1) មានកំណត់ត្រឹមណា អ្នកប្រាជ្ញទាំងឡាយ ពិចារណាឃើញ នូវកិរិយាកើតឡើង និងវិនាសទៅនៃធម៌ គឺខន្ធទាំងឡាយ មានកំណត់ត្រឹមណោះ ទើបពោលថា ភិក្ខុមានសភាពដូច្នោះ ជាអ្នកសិក្សា នូវបដិបទា ដ៏សមគួរ ដល់នូវសេចក្តីស្ងប់រម្ងាប់ចិត្ត មានសតិសព្វកាល ឈ្មោះថា ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ច។