ការពន្យល់លម្អិត នៃសម្មាវាយាមៈ ជំហានចម្រាញ់ចំនួនបួន។
an 04.014 បាលី cs-km: sut.an.04.014 អដ្ឋកថា: sut.an.04.014_att PTS: ?
សំវរសូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៤. សំវរសុត្តំ)
[១៤] ម្នាលភិក្ខុទាំងឡាយ បធាន (សេចក្តីព្យាយាម) នេះ មាន ៤ យ៉ាង។ បធានទាំង ៤ យ៉ាង តើដូចម្តេច។ គឺ សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១។ ម្នាលភិក្ខុទាំងឡាយ សំវរប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ មិនបានកាន់យកនូវនិមិត្ត មិនបានកាន់យក នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួម នូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវសេចក្តីសង្រួម ក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក … ធុំក្លិនដោយច្រមុះ … ជញ្ជាបរសដោយអណ្តាត ពាល់ត្រូវនូវផ្សព្វដោយកាយ … ដឹងនូវធម្មារម្មណ៍ដោយចិត្ត មិនបានកាន់យក នូវនិមិត្ត មិនបានកាន់យក នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គលដែលមិនបានសង្រួម នូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវមនិន្រ្ទិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួម ក្នុងមនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សំវរប្បធាន។ ម្នាលភិក្ខុទាំងឡាយ បហានប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវកាមវិតក្កៈ ដែលកើតឡើងហើយ ព្យាបាទវិតក្កៈ ដែលកើតឡើងហើយ … វិហឹសាវិតក្កៈ ដែលកើតឡើងហើយ … មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ កើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បហានប្បធាន។ ម្នាលភិក្ខុទាំងឡាយ ភាវនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់ ចំរើននូវធម្មវិចយសម្ពោជ្ឈង្គ … ចំរើននូវវីរិយសម្ពោជ្ឈង្គ … ចំរើននូវបីតិសម្ពោជ្ឈង្គ … ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ … ចំរើននូវសមាធិសម្ពោជ្ឈង្គ … ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវនាបធាន។ ម្នាលភិក្ខុទាំងឡាយ អនុរក្ខនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សាទុកនូវសមាធិនិមិត្ត គឺអដ្ឋិកសញ្ញា បុឡវកសញ្ញា វិនីលកសញ្ញា វិបុព្វកសញ្ញា វិច្ឆិទ្ទកសញ្ញា ឧទ្ធុមាតកសញ្ញា1) ដ៏ល្អ ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុរក្ខនាបធាន។ ម្នាលភិក្ខុទាំងឡាយ បធាន មាន ៤ យ៉ាងប៉ុណ្ណេះ។
សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ បធានទាំង ៤ យ៉ាងនេះ ព្រះពុទ្ធជាផៅពង្ស នៃព្រះអាទិត្យ ទ្រង់សំដែងហើយ ដែលភិក្ខុក្នុងសាសនានេះ មានព្យាយាម ដុតកំដៅកិលេស បានដល់នូវអរហត្ត ជាធម៌អស់ទៅនៃទុក្ខ។