km:tipitaka:sut:an:04:sut.an.04.015

បញ្ញត្តិសូត្រ ទី៥

សង្ខេប

បញ្ញត្តិ ដ៏​ប្រសើរ ​៤ យ៉ាង។

an 04.015 បាលី cs-km: sut.an.04.015 អដ្ឋកថា: sut.an.04.015_att PTS: ?

បញ្ញត្តិសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៥. បញ្ញត្តិសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ អគ្គប្បញ្ញត្តិ (បញ្ញត្តិដ៏ប្រសើរ) នេះ មាន ៤ យ៉ាង។ អគ្គប្បញ្ញត្តិ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រាហុអសុរិន្ទ នេះ ធំលើសជាងពួកសត្វមានអត្តភាព1) ១ ម្នាលភិក្ខុទាំងឡាយ ព្រះបាទមន្ធាតុ នេះ ប្រសើរជាងបុគ្គលអ្នកបរិភោគកាម2) ទាំងឡាយ ១ ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាបនេះ ប្រសើរជាងពួកសត្វ ដែលមានតំណែងធំ ៗ ១ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរ ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ១។ ម្នាលភិក្ខុទាំងឡាយ អគ្គប្បញ្ញត្តិ មាន ៤ យ៉ាងប៉ុណ្ណេះ។

រាហុ ធំលើសពួកសត្វ ដែលមានអត្តភាព ស្តេចមន្ធាតុ ប្រសើរជាងបុគ្គលអ្នកបរិភោគកាមទាំងឡាយ មារ ប្រសើរជាងពួកសត្វ ដែលមានតំណែងធំ ៗ ជាអ្នករុងរឿង ដោយឫទ្ធិ គឺការសម្រេចដោយទិព្វសម្បត្តិ និងដោយយសបរិវារ គតិនៃសត្វលោក មានកំណត់ត្រឹមណា ទោះជាន់ខាងលើក្តី កណ្តាលក្តី ខាងក្រោមក្តី ព្រះពុទ្ធ ដែលអ្នកប្រាជ្ញទាំងឡាយពោលថា ប្រសើរ ជាងមនុស្សលោក ព្រមទាំងទេវលោក មានកំណត់ត្រឹមណោះ។

 

លេខយោង

1)
បានឮរៀងមកថា រាហុអសុរិន្ទ មានកំពស់ ៤៨០០ យោជន៍ ចន្លោះដើមដៃ គឺពីស្មាម្ខាង ទៅស្មាម្ខាង ប្រវែង១២០០ យោជន៍ ផ្ទៃបាតដៃ និងបាតជើងកម្រាស់ ៣០០ យោជន៍ ថ្នាំងម្រាមដៃ ប្រវែង ៥០ យោជន៍ ចន្លោះចិញ្ចើម (ប្រជុំចិញ្ចើម) ប្រវែង ៥០ យោជន៍ ថ្ងាស ៣០០ យោជន៍ ក្បាល ៩០០ យោជន៍។ រាហុអសុរិន្ទ មានអត្តភាពធំសំបើម យ៉ាងនេះ។
2)
ស្តេចមន្ធាតុនេះ បានសោយរាជ្យ បរិភោគកាមជាទិព្វ ក្នុងស្ថានសួគ៌ផង ក្នុងមនុស្សផង ស្តេចនេះ កើតក្នុងមនុស្សលោកមានអាយុ ១ អសំខេយ្យ អាចញុំាងភ្លៀងប្រាក់ ឲ្យធ្លាក់ចុះមកបាន ក្នុងខណៈដែលប្រាថ្នា លុះបរិភោគកាម របស់មនុស្សលោក អស់កាលជាយូររួចហើយ ក៏ទៅសោយរាជ្យ បរិភោគកាម ដ៏ ឧត្តម ក្នុងទេវលោក កំណត់កាលអស់អាយុ នៃព្រះឥន្ទ្រ ៣៦ អង្គទៀត ជាបុគ្គលប្រសើរជាងអ្នកបរិភោគកាម យ៉ាងនេះ។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.015.txt · ពេលកែចុងក្រោយ: 2023/08/11 02:26 និពន្ឋដោយ Johann