km:tipitaka:sut:an:04:sut.an.04.021

បឋមឧរុវេលសូត្រ ទី១

សង្ខេប

«បុគ្គល​មិន​មាន​សេចក្តី​គោរព​កោត​ក្រែង រមែង​នៅ​បាន​ទាំង​លំបាក​ណាស់»! កុំ​​គិត​​ថា​​ព្រះពុទ្ធ​​ទ្រង់​​មិន​​បាន​​បូជា​​ខ្លួន​​ចំពោះ​​អ្វី​​មួយ​​ទេ បន្ទាប់​​ពី​​បាន​​ត្រាស់​​ដឹង​​នោះ​ឡើយ។

an 04.021 បាលី cs-km: sut.an.04.021 អដ្ឋកថា: sut.an.04.021_att PTS: ?

បឋមឧរុវេលសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១. បឋមឧរុវេលសុត្តំ)

[២២] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគត បានត្រាស់ដឹងជាដំបូងហើយ នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលានិគមឯណោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ សម្ងំនៅក្នុងទីស្ងាត់តែម្នាក់ឯង មានចិត្តត្រិះរិះ យ៉ាងនេះថា បុគ្គលមិនមានសេចក្តីគោរពកោតក្រែង រមែងនៅបានទាំងលំបាកណាស់ តថាគត គួរចូលទៅ ធ្វើសក្ការៈ ធ្វើសេចក្តីគោរព សមណៈ ឬញ្រហ្មណ៍ណាហ្ន៎។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះថា តថាគត គប្បីចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពសមណៈ ឬញ្រហ្មណ៍ឯទៀត ដើម្បីបំពេញ នូវសីលក្ខន្ធ របស់តថាគត ដែលមិនទាន់ពេញ តែក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញសមណៈ ឬញ្រហ្មណ៍ឯទៀត ដែលបរិបូណ៌ដោយសីលជាងតថាគត គួរឲ្យតថាគត ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពបានឡើយ នូវសមាធិក្ខន្ធ របស់តថាគត ដែលមិនទាន់ពេញ … នូវបញ្ញាខន្ធ … តថាគត គួរចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព សមណៈ ឬញ្រហ្មណ៍ឯទៀត ដើម្បីបំពេញវិមុត្តិក្ខន្ធ តែក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម ទាំងសមណញ្រហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញសមណៈ ឬញ្រហ្មណ៍ឯទៀត ឲ្យបរិបូណ៌ដោយវិមុត្តិ ជាងតថាគត ល្មមឲ្យតថាគត ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពបានឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះថា បើដូច្នោះ គួរតែតថាគត ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពធម៌ ដែលតថាគតត្រាស់ដឹងហើយនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម បានដឹងសេចក្តីត្រិះរិះ ក្នុងចិត្តរបស់តថាគត ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទី ចំពោះមុខតថាគត ដូចជាបុរសមានកំឡាំង លាដៃដែលខ្លួនបត់ ឬបត់ដៃ ដែលខ្លួនលាចេញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ សហម្បតិព្រហ្ម បង់កសំពត់ ឆៀងស្មាម្ខាង លុតជង្គង់ខាងស្តាំ លើប្រថពី ប្រណម្យអញ្ជលី ចំពោះតថាគត និយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ការនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះសុគត ការនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណា មានហើយ ក្នុងកាលអតីតក្តី ព្រះដ៏មានព្រះភាគទាំងឡាយនោះ ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះធម៌តែប៉ុណ្ណោះ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណា នឹងមានក្នុងកាលអនាគតក្តី ព្រះដ៏មានព្រះភាគទាំងឡាយនោះ នឹងចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះព្រះធម៌ដែរ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះព្រះធម៌ដែរចុះ។ សហម្បតិព្រហ្ម បានពោលពាក្យនេះហើយ លុះពោលពាក្យនេះហើយ ក៏ពោលពាក្យជាគាថាពន្ធ យ៉ាងនេះតទៅទៀតថា

ព្រះសម្ពុទ្ធទាំងឡាយណា ក្នុងកាលជាអតីតក្តី ព្រះសម្ពុទ្ធទាំងឡាយណា ក្នុងកាលអនាគតក្តី ព្រះសម្ពុទ្ធណា ក្នុងកាលឥឡូវនេះក្តី ព្រះអង្គបានញុំាងសេចក្តីសោក របស់ពួកជនច្រើន ឲ្យវិនាស ព្រះសម្ពុទ្ធគ្រប់អង្គនោះ គោរពព្រះសទ្ធម្មហើយផង កំពុងគោរពព្រះសទ្ធម្មផង នឹងគោរពព្រះសទ្ធម្មផង នេះជាធម្មតា របស់ព្រះពុទ្ធទាំងឡាយ ហេតុនោះ បុគ្គលអ្នកត្រូវការប្រយោជន៍ផ្ទាល់ខ្លួន ប្រាថ្នានូវភាវៈ នៃខ្លួនជាធំ កាលរលឹកពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ ត្រូវតែគោរពព្រះសទ្ធម្ម។

ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បាននិយាយពាក្យនេះ លុះនិយាយពាក្យនេះហើយ ក៏ថ្វាយបង្គំតថាគត រួចធ្វើប្រទក្សិណ ហើយបាត់ពីទីនោះទៅ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានដឹងច្បាស់ នូវការនិមន្តរបស់សហម្បតិព្រហ្មផង នូវការដ៏សមគួរ ដល់តថាគតផង ក្នុងទីឯណោះ ហើយក៏ធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះធម៌ ដែលតថាគតត្រាស់ដឹងហើយនោះ ម្នាលភិក្ខុទាំងឡាយ បើសង្ឃដែលប្រកបដោយគុណដ៏ធំ ក្នុងកាលណា កាលនោះ តថាគតមានសេចក្តីគោរព ចំពោះសង្ឃដែរ។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.021.txt · ពេលកែចុងក្រោយ: 2023/07/31 17:59 និពន្ឋដោយ Johann