km:tipitaka:sut:an:04:sut.an.04.022

ទុតិយឧរុវេលសូត្រ ទី២

សង្ខេប

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​ព្រះ​សង្ឃ​មិន​គួរ​បង្ហាញ​ការ​គោរពចំពោះ​អ្នក​មិន​មែន​ជា​ព្រះ​សង្ឃ ទោះ​បី​ចាស់​ជាង ឬ​និយាយ​មិន​មែន​ជា​ធម៌​ក៏​ដោយ។

an 04.022 បាលី cs-km: sut.an.04.022 អដ្ឋកថា: sut.an.04.022_att PTS: ?

ទុតិយឧរុវេលសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

សូមមើល វេរញ្ជកណ្ឌ និង សមចិត្តវគ្គ នៅ​ក្នុង ​អង្គុត្តរនិកាយ ដែរ។

អានដោយ ព្រះ​ខេមានន្ទ

(២. ទុតិយឧរុវេលសុត្តំ)

[២៣] ម្នាលភិក្ខុទាំងឡាយ សម័យមួយ កាលតថាគត ទើបនឹងបានត្រាស់ដឹងជាដំបូង នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាឯណោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកព្រាហ្មណ៍ច្រើនគ្នា ចាស់គ្រាំគ្រា ព្រិទ្ធាចារ្យ មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយ បានចូលទៅរកតថាគត លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងតថាគត លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងតថាគត ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំបានឮយ៉ាងនេះថា ព្រះសមណគោតម មិនសំពះ មិនក្រោកទទួលពួកព្រាហ្មណ៍ ដែលចាស់គ្រាំគ្រា ព្រិទ្ធាចារ្យមានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរក នូវព្រាហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ (ព្រះអង្គ ក៏មិនធ្វើផង) បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលយើងខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះគោតមដ៏ចំរើន មិនសំពះ មិនក្រោកទទួលពួកព្រាហ្មណ៍ ដែលចាស់គ្រាំគ្រា ព្រិទ្ធាចារ្យមានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយថា សូម្បីត្រឹមតែអញ្ជើញ ហៅរកពួកព្រាហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ (ព្រះអង្គ ក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចំរើន កិច្ចមានការមិនសំពះ ជាដើមនោះ ជាទំនងពុំសមគួរឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អ្នកដ៏មានអាយុទាំងឡាយនេះ មិនស្គាល់នូវបុគ្គលចាស់ផង នូវធម៌ទាំងឡាយ ដែលធ្វើខ្លួន ឲ្យជាបុគ្គលចាស់ផង ម្នាលភិក្ខុទាំងឡាយ បើបុគ្គលចំរើនដោយវ័យ តាំងពីកើតមក មានអាយុ ៨០ ឆ្នាំក្តី ៩០ ឆ្នាំក្តី ១០០ ឆ្នាំក្តី តែបុគ្គលនោះ ជាអ្នកនិយាយខុសកាល និយាយពាក្យមិនពិត និយាយពាក្យឥតប្រយោជន៍ និយាយពាក្យមិនមែនធម៌ និយាយពាក្យមិនមែនវិន័យ និយាយពាក្យ ដែលមិនគួរឲ្យដំកល់ទុកក្នុងហឫទ័យ ខុសកាល ប្រាសចាកគ្រឿងអាង ជាពាក្យមិនមានទីបំផុត មិនប្រកបដោយប្រយោជន៍ កាលបើដូច្នោះ បុគ្គលពាលនោះ ក៏ដល់នូវការរាប់ថា ជាបុគ្គលចាស់ខ្លៅ ម្នាលភិក្ខុទាំងឡាយ បុគ្គលនៅក្មេង កម្លោះជំទង់ មានសក់ខ្មៅ ប្រកបដោយវ័យចំរើន គឺបឋមវ័យមែន តែបុគ្គលនោះ ជាអ្នកនិយាយពាក្យត្រូវកាល និយាយពាក្យពិត និយាយពាក្យជាប្រយោជន៍ និយាយពាក្យជាធម៌ និយាយពាក្យជាវិន័យ និយាយសំដីគួរដំកល់ទុក ក្នុងហឫទ័យ ត្រូវតាមកាល មានគ្រឿងអាង មានទីបំផុត ប្រកបដោយប្រយោជន៍ កាលបើដូច្នោះ បុគ្គលនោះ ក៏រាប់ថាជាចាស់ចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ជាធម៌សម្រាប់ធ្វើឲ្យជាថេរៈ (បុគ្គលចាស់)។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យ ក្នុងទោស គ្រាន់តែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត ទ្រទ្រង់សុតៈមិនភ្លេច សន្សំទុកនូវសុតៈ ពួកធម៌ណា មានលំអបទខាងដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចារ្យ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ប្រកបដោយអត្ថ ព្រមទាំងព្យញ្ជនៈ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ ចេះចាំច្រើន ទ្រទ្រង់ រត់មាត់ ពិចារណាបានតាមចិត្ត ដឹងដោយប្រពៃ ដោយទិដ្ឋិ គឺបញ្ញា ១ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនខុសវេលា នូវឈានទាំង ៤ ដែលកើតក្នុងចិត្ត ដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ជាអ្នកធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ជាធម៌ធ្វើឲ្យបានឋានៈជាថេរៈ។

អ្នកណា មានចិត្តអណ្តែតអណ្តូង ច្រើនតែនិយាយពាក្យឥតប្រយោជន៍ មានគំនិតមិនតម្កល់ស៊ប់សួន មិនត្រេកអរនឹងព្រះសទ្ធម្ម ប្រហែលគ្នានឹងសត្វម្រឹគ អ្នកដែលមានទិដ្ឋិដ៏លាមក មិនមានសេចក្តីអើពើនោះ (តែងតែ) ឆ្ងាយចាកសភាវៈមាំទាំ។ បើអ្នកណា បរិបូណ៌ ដោយសីល មានសុតៈ មានសេចក្តីឆ្លៀវឆ្លាស ប្រកបក្នុងធម៌ទាំងឡាយ ដែលធ្វើឲ្យជាថេរៈ ឃើញច្បាស់នូវ សេចក្តីនៃសច្ចៈទាំង ៤ ដោយមគ្គប្បញ្ញា ព្រមទាំងវិបស្សនា ជាអ្នកឆ្លងផុតនូវធម៌ទាំងអស់ (មានខន្ធជាដើម) បានមានចិត្តមិនជាប់ចំពាក់ (មានការមិនជាប់ចំពាក់ ព្រោះរាគៈ ជាដើម) បរិបូណ៌ដោយសេចក្តីឆ្លៀវឆ្លាស។ អ្នកណា លះបង់ជាតិ និងមរណៈបានហើយ មានព្រហ្មចារ្យ គ្រប់គ្រាន់ តថាគតហៅអ្នកនោះ ថាជាថេរៈ ភិក្ខុណា មិនមានអាសវៈទាំងឡាយ ព្រោះអស់អាសវៈទាំងឡាយ តថាគត ហៅភិក្ខុនោះ ថាជាថេរៈ។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.022.txt · ពេលកែចុងក្រោយ: 2024/11/20 05:57 និពន្ឋដោយ Johann