km:tipitaka:sut:an:04:sut.an.04.023

លោកសូត្រ ទី៣

សង្ខេប

តើ​មាន​អ្វី​លើស​ពី​លោក?

an 04.023 បាលី cs-km: sut.an.04.023 អដ្ឋកថា: sut.an.04.023_att PTS: ?

លោកសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. លោកសុត្តំ)

[២៤] ម្នាលភិក្ខុទាំងឡាយ លោក (គឺទុក្ខសច្ច) តថាគតបានត្រាស់ដឹងហើយ តថាគតផុតចាកលោក (គឺទុក្ខសច្ច) ហើយ ម្នាលភិក្ខុទាំងឡាយ លោកសមុទយៈ តថាគត បានត្រាស់ដឹងហើយ លោកសមុទយៈ តថាគត បានលះបង់ហើយ ម្នាលភិក្ខុទាំងឡាយ លោកនិរោធៈ តថាគត បានត្រាស់ដឹងហើយ លោកនិរោធៈ តថាគត បានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ លោកនិរោធគាមិនីបដិបទា តថាគត បានត្រាស់ដឹងហើយ លោកនិរោធគាមិនីបដិបទា តថាគត បានចំរើនហើយ។ ម្នាលភិក្ខុទាំង ឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែលពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ត្រេចរង្គាត់រក អារម្មណ៍នោះ តថាគត បានដឹងជាក់ស្តែងហើយ ដោយសារចិត្ត ព្រោះហេតុនោះ បានជាគេហៅថា តថាគត។ ម្នាលភិក្ខុទាំងឡាយ តថាគតបានត្រាស់ ក្នុងរាត្រីណា បរិនិញ្វន ក្នុងរាត្រីណា តែងពោលចរចា សំដែងចេញនូវវាចាណា ក្នុងចន្លោះនោះ កិច្ច មានការត្រាស់ដឹង ជាដើមទាំងនោះ ដូច្នោះមែន មិនមែនជាមិនមែនទេ ព្រោះហេតុនោះ បានជាគេហៅថា តថាគត។ ម្នាលភិក្ខុទាំងឡាយ តថាគតថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ថាយ៉ាងនោះ ថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ថាយ៉ាងនោះ ហេតុនោះ ទើបបានជាគេហៅថា តថាគត។ ម្នាលភិក្ខុទាំងឡាយ តថាគត ជាអ្នកគ្របសង្កត់ អង់អាច ជាអ្នកឃើញពិត មានអំណាចគ្របសង្កត់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេសបាន ហេតុនោះ បានជាគេហៅថា តថាគត។

បុគ្គលណា ដឹងច្បាស់នូវលោកទាំងអស់ ដឹងច្បាស់ ក្នុងលោកទាំងអស់ តាមពិត ផុតចាកលោកទាំងអស់ មិនមានការកពូន ក្នុងលោកទាំងអស់ បុគ្គលនោះឯង ជាអ្នកប្រាជ្ញ គ្របសង្កត់នូវអារម្មណ៍ទាំងអស់បាន ជាអ្នករួចចាកគន្ថៈទាំងអស់ ព្រះនិញ្វន បុគ្គលនោះ ពាល់ត្រូវហើយ ព្រះនិញ្វន មិនមានភ័យមកពីណាទេ បុគ្គលនោះ ជាខីណាសវៈ បានត្រាស់ដឹងហើយ ជាអ្នកមិន មានទុក្ខ អ្នកផ្តេចនូវសេចក្តីសង្ស័យហើយ ដល់នូវការអស់ទៅនៃកម្មទាំងអស់ រួចស្រឡះ (ដោយផលវិមុត្តិ ដែលមានអារម្មណ៍) ក្នុងធម៌ ជាគ្រឿងអស់ទៅ នៃឧបធិក្កិលេស បុគ្គលនោះ ជាភគវន្ត អ្នកត្រាស់ដឹង បុគ្គលនេះ ជាសីហៈ មិនមានបុគ្គលដ៏ទៃស្មើ ញុំាងចក្រ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ក្នុងលោក ព្រមទាំងទេវលោក ដោយប្រការដូច្នេះឯង។ ពួកទេវតា និងពួកមនុស្ស ដែលបានដល់ព្រះពុទ្ធ ជាទីរលឹក តែងនាំគ្នាមកនមស្ការព្រះតថាគតនោះ អ្នកមានគុណធំ ប្រាសចាកសេចក្តីញញើតញញើម។ តថាគត មានខ្លួនទូន្មានល្អហើយ ប្រសើរជាងពួកបុគ្គលអ្នកទូន្មានខ្លួន ពុទ្ធឥសី ដែលមានចិត្តស្ងប់រម្ងាប់ហើយ ប្រសើរជាងពួកបុគ្គល អ្នកទូន្មានខ្លួន តថាគត មានចិត្តផុតស្រឡះហើយ ខ្ពង់ខ្ពស់ជាងពួកបុគ្គលអ្នកមានចិត្តផុតស្រឡះហើយ តថាគត ឆ្លងផុតហើយ ប្រសើរជាងពួកបុគ្គលអ្នកឆ្លង ពួកទេវតា និងមនុស្ស តែងនាំគ្នាមកនមស្ការ តថាគតនោះ មានគុណដ៏ធំ ប្រាសចាកសេចក្តីញញើតញញើម ដោយប្រការដូច្នេះ។ ក្នុងលោកនេះ ព្រមទាំងទេវលោក មិនមានបុគ្គលប្រៀបនឹងតថាគតបានទេ។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.023.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann