(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.024 បាលី cs-km: sut.an.04.024 អដ្ឋកថា: sut.an.04.024_att PTS: ?
កាឡការាមសូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. កាឡការាមសុត្តំ)
[២៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកាឡការាម ជិតក្រុងសាកេត។ ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នឹងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ពិចារណារឿយ ៗ ដោយចិត្ត តថាគត ដឹងច្បាស់នូវអារម្មណ៍នោះ ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណញ្រហ្មណ៍ និងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ពិចារណារឿយ ៗ ដោយចិត្ត តថាគតដឹង នូវអារម្មណ៍នោះ ឯអារម្មណ៍នោះ តថាគត ដឹងប្រាកដហើយ អារម្មណ៍នោះ មិនឋិតនៅ ក្នុងតថាគតទេ។ ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក… បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ពិចារណារឿយ ៗ ដោយចិត្ត ប្រសិនបើ តថាគតពោលថា អាត្មាអញ ដឹងនូវអារម្មណ៍នោះ ពាក្យនោះ គប្បីជាពាក្យកុហក របស់តថាគត … ប្រសិនបើ តថាគតពោលថា អាត្មាអញដឹងខ្លះ មិនដឹងខ្លះ នូវអារម្មណ៍នោះ ពាក្យនោះ គប្បីជាពាក្យកុហកដែរ… ប្រសិនបើតថាគតពោលថា អាត្មាអញ មិនមែនដឹង មិនមែនជាមិនដឹង នូវអារម្មណ៍នោះ ពាក្យនោះ គប្បីជាទោស របស់តថាគត ម្នាលភិក្ខុទាំងឡាយ តថាគត មិនសំគាល់នូវអារម្មណ៍ ដែលមហាជនឃើញហើយ ថាគួរឃើញ ព្រោះបានឃើញ មិនសំគាល់នូវអារម្មណ៍ ដែលមហាជនមិនឃើញ មិនសំគាល់នូវអារម្មណ៍ ដែលមហាជន គប្បីឃើញ មិនសំគាល់ នូវបុគ្គលអ្នកឃើញ មិនសំគាល់នូវសំឡេង ដែល មហាជនឮហើយ ថាគួរឮ ព្រោះបានឮ មិនសំគាល់នូវសំឡេង ដែលមហាជន មិនបានឮហើយ មិនសំគាល់នូវសំឡេង ដែលមហាជន ត្រូវឮ មិនសំគាល់ នូវបុគ្គលអ្នកឮសំឡេង មិនសំគាល់ នូវអារម្មណ៍ ដែលមហាជន ពាល់ត្រូវហើយ ថា គួរពាល់ត្រូវ ព្រោះបានពាល់ត្រូវ មិនសំគាល់នូវអារម្មណ៍ ដែលមហាជន មិនពាល់ត្រូវហើយ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជនគប្បីពាល់ត្រូវ មិនសំគាល់ នូវបុគ្គលអ្នកពាល់ត្រូវ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជនដឹងច្បាស់ហើយ ថា គួរដឹងច្បាស់ ព្រោះបានដឹងច្បាស់ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជន មិនដឹងច្បាស់ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជនត្រូវដឹងច្បាស់ មិនសំគាល់ នូវបុគ្គលអ្នកដឹងច្បាស់ ម្នាលភិក្ខុទាំងឡាយ តថាគត ជាតាទិបុគ្គល ប្រាកដដូចនោះ ក្នុងធម៌ គឺអារម្មណ៍ទាំងឡាយ ដែលមហាជនត្រូវឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ តថាគត ហៅថា តាទិបុគ្គលឯទៀត មិនថ្លៃថ្នូរផង មិនវិសេសវិសាលផង ជាងតថាគត ជាតាទិបុគ្គលនោះ ដោយប្រការដូច្នេះឡើយ។
អារម្មណ៍ណាមួយ ដែលពួកជនបានឃើញក្តី បានឮក្តី បានពាល់ត្រូវក្តី ដឹងច្បាស់ក្តី អារម្មណ៍នោះ ពួកជនដទៃ សំគាល់ថាជារបស់ពិត ហើយប្រកាន់មាំ។ បណ្តាពួកជន សង្រួមដោយខ្លួនឯង ព្រះតថាគត ជាតាទិបុគ្គល មិនគប្បីជឿពាក្យដទៃ ដែលពិតក្តី មិនពិតក្តី។ ពួកសត្វឃើញសរ គឺទិដ្ឋិនោះ មុនបំផុត ហើយជ្រុលជ្រប់ជាប់នៅ ក្នុងអារម្មណ៍ណា តថាគតដឹងច្បាស់ ឃើញច្បាស់ នូវសរ គឺអារម្មណ៍នោះ ដូច្នោះ សេចក្តីជ្រុលជ្រប់ (ដោយសរ គឺទិដ្ឋិ) នោះ មិនមានដល់ព្រះតថាគតទាំងឡាយឡើយ។