«អរិយវង្ស ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ ដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់…»
an 04.028 បាលី cs-km: sut.an.04.028 អដ្ឋកថា: sut.an.04.028_att PTS: ?
អរិយវង្សសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. អរិយវំសសុត្តំ)
[២៩] ម្នាលភិក្ខុទាំងឡាយ អរិយវង្ស ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ ដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណញ្រហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស ដោយចីវរ តាមមានតាមបាន ជាអ្នកសរសើរគុណ នៃសេចក្តីសន្តោស ដោយចីវរ តាមមានតាមបាន មិនដល់នូវការស្វែងរក ដ៏មិនសមគួរ ព្រោះហេតុតែចីវរ មិនច្រាស់ច្រាល់ ព្រោះមិនបានចីវរ បានចីវរហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនទំរន់ឲ្យតណ្ហាគ្របសង្កត់ចិត្ត ជាអ្នកឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ បរិភោគ មិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែសេចក្តីសន្តោស ដោយចីវរ តាមមានតាមបាននោះ។ មែនពិត ភិក្ខុណា ឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីដម្កល់មាំ ក្នុងសេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកតាំងនៅ ក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយបិណ្ឌបាត តាមមានតាមបាន ជាអ្នកសរសើរគុណ នៃសេចក្តីសន្តោស ដោយបិណ្ឌបាត មិនដល់នូវការស្វែងរក ដ៏មិនសមគួរ ព្រោះហេតុតែបិណ្ឌបាត មិនច្រាស់ច្រាល់ ព្រោះតែមិនបានចង្ហាន់បិណ្ឌបាត បានចង្ហាន់បិណ្ឌបាតហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនទំរន់ឲ្យតណ្ហាគ្របសង្កត់ ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ បរិភោគមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែសេចក្តីសន្តោស ដោយបិណ្ឌបាត តាមមានតាមបាននោះឡើយ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីដម្កល់មាំ ក្នុង សេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកតាំងនៅ ក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយសេនាសនៈ តាមមានតាមបាន ជាអ្នកសរសើរគុណ នៃសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបាន មិនដល់នូវការស្វែងរក ដ៏មិនសមគួរ ព្រោះហេតុតែសេនាសនៈ មិនច្រាស់ច្រាល់ ព្រោះតែមិនបានសេនាសនៈ បានសេនាសនៈហើយ ក៏មិនរីករាយ មិនជ្រុលជ្រប់ មិនទំរន់ឲ្យតណ្ហាគ្របសង្កត់ ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ បរិភោគមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបាននោះឡើយ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតី ដម្កល់មាំ ក្នុងសេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគត ហៅថា អ្នកតាំងនៅ ក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានការចំរើន ជាទីត្រេកអរ ជាអ្នកត្រេកអរ ក្នុងការចំរើន មានការលះបង់កិលេសទាំងពួង ជាទីត្រេកអរ ជាអ្នកត្រេកអរ ក្នុងការលះ មិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែការចំរើន ជាទីត្រេកអរ ត្រេកអរក្នុងការចំរើន មានការលះ ជាទីត្រេកអរ ត្រេកអរក្នុងការលះនោះឡើយ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំ ក្នុងការត្រេកអរនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកតាំងនៅ ក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១។ ម្នាលភិក្ខុទាំងឡាយ អរិយវង្ស ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ ដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណញ្រហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិបូណ៌ ដោយអរិយវង្សទាំង ៤ នេះ ទុកណាជានៅក្នុងបុរត្ថិមទិស ភិក្ខុ នោះឯង អាចអត់សង្កត់ នូវសេចក្តីអផ្សុកបាន សេចក្តីអផ្សុក ក៏មិនអាចគ្របសង្កត់ភិក្ខុនោះបានឡើយ ទុកណាជានៅក្នុងបច្ឆិមទិស… ទុកណាជានៅ ក្នុងឧត្តរទិស… ទុកណាជានៅក្នុងទក្ខិណទិស ភិក្ខុនោះឯង អាចគ្របសង្កត់ នូវសេចក្តីអផ្សុក សេចក្តីអផ្សុក ក៏មិនគ្របសង្កត់ភិក្ខុនោះបានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុជាអ្នកខ្ជាប់ខ្ជួន អាចអត់សង្កត់ នូវសេចក្តីអផ្សុក និងសេចក្តីត្រេកអរ (ក្នុងកាមគុណ ទាំង ៥) បាន។
សេចក្តីអផ្សុក មិនអាចគ្របសង្កត់ នូវភិក្ខុអ្នកខ្ជាប់ខ្ជួនបាន ទាំងសេចក្តីអផ្សុក មិនអាចគ្របសង្កត់ភិក្ខុអ្នកខ្ជាប់ខ្ជួនបាន ភិក្ខុអ្នកខ្ជាប់ខ្ជួន ក៏អាចគ្របសង្កត់ នូវសេចក្តីអផ្សុកបាន ភិក្ខុអ្នកខ្ជាប់ខ្ជួន គ្របសង្កត់នូវសេចក្តីអផ្សុកបាន។ រាគៈ ទោសៈ ដូចម្តេច ឃាត់នូវបុគ្គល អ្នកលះបង់នូវកម្មទាំងពួង អ្នកបន្ទោបង់ នូវកិលេសទាំងឡាយបាន អ្នកណាគួរនឹងនិន្ទា នូវបុគ្គលដែល ប្រាកដស្មើដោយឆ្តោរ នៃមាសជម្ពូនទនោះបាន ពួកទេវតា និងមនុស្សក៏សរសើរ សូម្បីតែព្រហ្មក៏សរសើរបុគ្គលនោះដែរ។