km:tipitaka:sut:an:04:sut.an.04.030

បរិព្វាជកសូត្រ ទី១០

សង្ខេប

«… ធម្មបទ ៤ យ៉ាង​នេះ ជា​ច្បាប់​ទម្លាប់ … ដែល​ពួក​សមណ​ព្រាហ្មណ៍ ជាអ្នក​ប្រាជ្ញ មិន​អាច​តិះ​ដៀល​បាន។ …» ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ប្រៀន​ប្រអរិយមគ្គ​ដៅ​​ខ្លីៗ ដល់ បរិញ្វជក​ក្រុម​ធំមួយ។

an 04.030 បាលី cs-km: sut.an.04.030 អដ្ឋកថា: sut.an.04.030_att PTS: ?

បរិព្វាជកសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១០. បរិព្វាជកសុត្តំ)

[៣១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ សម័យនោះ ពួកបរិញ្វជកដ៏ច្រើន ជាអ្នកចេះដឹង អាស្រ័យនៅក្នុងអារាម នៃបរិញ្វជក ក្បែរឆ្នេរស្ទឹងឈ្មោះ សិប្បិនី បរិញ្វជកទាំងនោះ គឺអន្នភារបរិញ្វជក ១ វធរបរិញ្វជក ១ សកុលុទាយិបរិញ្វជក ១ និងពួកបរិញ្វជក ជាអ្នកចេះដឹងឯទៀត។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ក៏យាងចូលទៅឯអារាម នៃបរិញ្វជក ក្បែរឆ្នេរស្ទឹង ឈ្មោះសិប្បិនី លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេតាក់តែងថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់រួចហើយ បានត្រាស់នឹងពួកបរិញ្វជកទាំងនោះ ដូច្នេះថា ម្នាលបរិញ្វជកទាំងឡាយ ធម្មបទ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ ធម្មបទ ៤ តើដូចម្តេច។ ម្នាលបរិញ្វជកទាំងឡាយ អនភិជ្ឈា ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១។ ម្នាលបរិញ្វជកទាំងឡាយ អព្យាបាទ ជាធម្មបទ… ម្នាលបរិញ្វជកទាំងឡាយ សម្មាសតិ ជាធម្មបទ … ម្នាលបរិញ្វជកទាំងឡាយ សម្មាសមាធិ ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១។ ម្នាលពួកបរិញ្វជក ធម្មបទទាំងឡាយ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ក៏មិនអាចតិះដៀលបាន។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាម នូវអនភិជ្ឈា ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលអ្នកមានអភិជ្ឈា អ្នកមានតម្រេកដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ ថាជាសមណៈ ឬព្រាហ្មណ៍ កាលបើអ្នកនោះនិយាយដូច្នេះហើយ តថាគត ត្រូវនិយាយនឹងអ្នកនោះ ចំពោះហេតុនោះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះនឹងឃាត់ហាម នូវអនភិជ្ឈា ជាធម្មបទហើយ បញ្ញត្តបុគ្គលណាមួយ ដែលមានអភិជ្ឈា អ្នកមានតម្រេកដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ ថាជាសមណៈ ឬព្រាហ្មណ៍ដូច្នេះ ហេតុនោះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណា គប្បីនិយាយយ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាម នូវអព្យាបាទ ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលណាមួយ អ្នកមានចិត្តព្យាបាទ មានគំនិត ដែលទោសប្រទូស្តហើយ ថាជាសមណៈ ឬព្រាហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគតត្រូវនិយាយនឹងអ្នកនោះ ចំពោះហេតុនោះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគតនឹងមើលអានុភាពរបស់អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង នឹងឃាត់ហាម នូវអព្យាបាទ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ អ្នកមានចិត្តព្យាបាទ អ្នកមានគំនិត ដែលទោសប្រទូស្តហើយ ថាជាសមណៈ ឬព្រាហ្មណ៍ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាម នូវសម្មាសតិ ជាធម្មបទនោះ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានសតិ មិនមានសម្បជញ្ញៈ ថាជាសមណៈ ឬព្រាហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគត ត្រូវនិយាយនឹងអ្នកនោះ ចំពោះហេតុនុ៎ះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង នឹងឃាត់ហាម នូវសម្មាសតិ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានសតិ មិនមានសម្បជញ្ញៈ ថាជាសមណៈ ឬព្រាហ្មណ៍ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាមសម្មាសមាធិ ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានចិត្តដំកល់មាំ ដែលមានចិត្តរវើរវាយ ថាជាសមណៈ ឬព្រាហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគត ត្រូវនិយាយចំពោះហេតុនុ៎ះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង ឃាត់ហាមសម្មាសមាធិ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានចិត្តដម្កល់មាំ ដែលមានចិត្តរវើរវាយ ថាជាសមណៈ ឬព្រាហ្មណ៍ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីសំគាល់ នូវធម្មបទ ទាំង ៤ នេះថា ជារបស់ដែលគេគួរតិះដៀល គួរឃាត់ហាមគន្លង នៃពាក្យប្រកបដោយហេតុ ទាំង ៤ យ៉ាង ក៏មកកាន់ហេតុ ដែលគេគួរតិះដៀល ចំពោះអ្នកនោះ ក្នុងបច្ចុប្បន្ន។ ធម្មបទ ៤ តើដូចម្តេច។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមអនភិជ្ឈា ជាធម្មបទថា សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា ជាអ្នកប្រកបដោយអភិជ្ឈា អ្នកមានតម្រេកដ៏ក្រាស់ ក្នុងកាមទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមអព្យាបាទ ជាធម្មបទថា សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា មានចិត្តព្យាបាទ មានគំនិត ដែលទោសប្រទូស្តហើយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមសម្មាសតិ ជាធម្មបទ ថាសមណៈ ឬព្រាហ្មណ៍ទាំងឡាយណា ជាអ្នកភ្លេចស្មារតី មិនមានសម្បជញ្ញៈ សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមសម្មាសមាធិ ជាធម្មបទថា សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា មានចិត្តមិនដម្កល់មាំ មានចិត្តរវើរវាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណាគប្បីសំគាល់ នូវធម្មបទទាំង ៤ នេះ ថាជារបស់ដែលគេគួរតិះដៀល គួរឃាត់ហាម គន្លងនៃពាក្យប្រកបដោយហេតុទាំង ៤នេះ ក៏មកកាន់ហេតុ ដែលគេគួរតិះដៀល ចំពោះអ្នកនោះ ក្នុងបច្ចុប្បន្ននេះ។ ម្នាលបរិញ្វជកទាំងឡាយ ជនទាំងឡាយ ពីរនាក់ គឺវស្សៈ ១ ភញ្ញៈ ១ ជាអ្នកនៅក្នុងឧក្កលជនបទ ជាអហេតុកវាទ អកិរិយវាទ និងនត្ថិកវាទ ក៏ជនទាំងពីរនាក់នោះ បានសំគាល់ នូវធម្មបទទាំង ៤ នេះ ថាជារបស់ដែលមិនត្រូវតិះដៀល ថាជារបស់ដែលមិនត្រូវឃាត់ហាមឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះខ្លាចគេនិន្ទា ពេបជ្រាយ តិះដៀលដល់ខ្លួន។

បុគ្គលអ្នកមិនមានចិត្តព្យាបាទ មានស្មារតីគ្រប់កាល មានចិត្តដម្កល់មាំ ប្រព្រឹត្តទៅក្នុងខាងក្នុង សិក្សាក្នុងការបន្ទោបង់នូវអភិជ្ឈា តថាគតហៅថា អ្នកមិនប្រមាទ។

ចប់ ឧរុវេលវគ្គ ទី៣។

ឧទ្ទាននៃឧរុវេលវគ្គនោះគឺ

ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងឧរុវេលនិគម ពីរដង ១ លោក គឺទុក្ខជាដើម ដែលព្រះតថាគតត្រាស់ដឹងហើយ ១ ព្រះអង្គគង់ក្នុងកាឡការាម ១ ព្រហ្មចរិយធម៌ ជាគំរប់ប្រាំ ១ ពួកកុហក ជាដើម ១ សេចក្តីសន្តោស ១ អរិយវង្ស ១ ធម្មបទ (ជាច្បាប់ចាស់) ១ ធម្មបទ ទ្រង់សំដែង ចំពោះពួកបរិញ្វជក ១។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.030.txt · ពេលកែចុងក្រោយ: 2024/11/28 10:33 និពន្ឋដោយ Johann