km:tipitaka:sut:an:04:sut.an.04.034

អគ្គប្បសាទសូត្រ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.034 បាលី cs-km: sut.an.04.034 អដ្ឋកថា: sut.an.04.034_att PTS: ?

អគ្គប្បសាទសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. អគ្គប្បសាទសុត្តំ)

[៣៥] ម្នាលភិក្ខុទាំងឡាយ អគ្គប្បសាទ (សេចក្តីជ្រះថ្លាដ៏ប្រសើរ) នេះ មាន ៤។ អគ្គប្បសាទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ដែលឥតជើងក្តី មានជើង ២ ក្តី មានជើង ៤ ក្តី មានជើងច្រើនក្តី មានរូបក្តី គ្មានរូបក្តី មានសញ្ញាក្តី គ្មានសញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរលើស ជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងព្រះពុទ្ធ ពួកសត្វទាំងនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួកសត្វអ្នកជ្រះថ្លា ក្នុងបុគ្គលប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ពួកសង្ខតធម៌ ធម៌ដែលបច្ច័យតាក់តែងទាំងប៉ុន្មាន មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ប្រាកដជាប្រសើរជាងពួកសង្ខតធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លា ក្នុងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លា ក្នុងព្រះធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួកសត្វ អ្នកជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងប៉ុន្មាន ជាសង្ខតធម៌ក្តី អសង្ខតធម៌ក្តី វិរាគធម៌ ប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ ព្រោះថា វិរាគធម៌នេះ ជាធម៌សម្រាប់បន្ទោបង់ នូវសេចក្តីស្រវឹង ជាធម៌កំចាត់បង់ នូវសេចក្តីស្រេកឃ្លាន ជាធម៌អាចដកនូវសេចក្តីអាល័យ ជាធម៌ផ្តាច់បង់នូវវដ្តៈ ជាធម៌អស់ទៅនៃតណ្ហា ជាធម៌ប្រាសចាកតម្រេក ជាធម៌រលត់ ជាធម៌មិនមានគ្រឿងចាក់ស្រែះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងវិរាគធម៌ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួកសត្វអ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវក នៃតថាគត បើរាប់ជាគូ បាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ នេះជាសង្ឃសាវក របស់ព្រះដ៏មានព្រះភាគ គួរទទួលរបស់ ដែលគេនាំមកបូជា គួរទទួល នូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោក គប្បីធ្វើ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងព្រះសង្ឃ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងព្រះសង្ឃ ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួកសត្វ អ្នកជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ១ ម្នាលភិក្ខុទាំងឡាយ អគ្គប្បសាទ (សេចក្តីជ្រះថ្លា ដ៏ប្រសើរ) មាន ៤ យ៉ាងនេះឯង។

បុណ្យដ៏ប្រសើរផង អាយុដ៏ប្រសើរផង វណ្ណៈដ៏ប្រសើរផង យសដ៏ប្រសើរផង សេចក្តីសរសើរដ៏ប្រសើរផង សេចក្តីសុខដ៏ប្រសើរផង កំឡាំងដ៏ប្រសើរផង រមែងចំរើន ដល់បុគ្គលទាំងឡាយ អ្នកជ្រះថ្លា ចំពោះវត្ថុដ៏ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរ ជាទក្ខិណេយ្យបុគ្គល មិនមានបុគ្គលដទៃលើស ជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរ ជាធម៌រម្ងាប់រាគៈ នាំមកនូវសេចក្តីសុខ ជ្រះថ្លាក្នុងព្រះសង្ឃ ដ៏ប្រសើរ ជាស្រែបុណ្យ មិនមានស្រែដទៃលើស ឲ្យនូវទានចំពោះបុគ្គលដ៏ប្រសើរ។ អ្នកប្រាជ្ញ ដែលមានចិត្តដម្កល់មាំ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ដល់បុគ្គលដ៏ប្រសើរ ទោះកើតជាទេវតាក្តី ជាមនុស្សក្តី តែងដល់នូវភាវៈ ដ៏ប្រសើរ រមែងរីករាយ។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.034.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann