km:tipitaka:sut:an:04:sut.an.04.037

អបរិហានិយសូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.037 បាលី cs-km: sut.an.04.037 អដ្ឋកថា: sut.an.04.037_att PTS: ?

អបរិហានិយសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. អបរិហានិយសុត្តំ)

[៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៤ យ៉ាង មិនគួរសាបសូន្យ តែងនៅក្នុងទីជិត នៃព្រះនិញ្វន។ ប្រកបដោយធម៌ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីលបរិបូណ៌ ១ ជាអ្នកមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រ្ទិយទាំងឡាយ ១ ជាអ្នកដឹងប្រមាណក្នុងភោជន ១ ជាអ្នកប្រកបរឿយ ៗ នូវការភ្ញាក់រលឹក ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានសីលបរិបូណ៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារៈ និងគោចរៈ អ្នកឃើញនូវភ័យ ក្នុងទោសគ្រាន់តែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសីលបរិបូណ៌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយចក្ខុ ហើយមិនកួចកាន់ នូវនិមិត្ត មិនកួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវភិក្ខុ ដែលមិនបានសង្រួមចក្ខុន្រ្ទិយ ព្រោះហេតុ មិនបានសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួម ក្នុងចក្ខុន្រ្ទិយ បានឮសំឡេងដោយត្រចៀក … បានហិតក្លិនច្រមុះ … បានទទួលរសដោយអណ្តាត … ពាល់ត្រូវផោដ្ឋព្វដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ជាអ្នកមិនកួចកាន់ នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវភិក្ខុ ដែលមិនបានសង្រួមមនិន្រ្ទិយ ព្រោះហេតុមិនបានសង្រួម នូវមនិន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមមនិន្ទ្រិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួម ក្នុងមនិន្រិ្ទយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រិ្ទយទាំងឡាយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកដឹងប្រមាណ ក្នុងភោជន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ នៃបញ្ញា និងបរិភោគនូវអាហារ ដើម្បីលេងក៏ទេ ដើម្បីស្រវឹងក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយក៏ទេ ដើម្បីឲ្យផូរផង់សម្បុរក៏ទេ ដើម្បីនឹងឲ្យតាំងនៅ នៃកាយនេះ ដើម្បីនឹងញុំាងជីវិតិន្រ្ទិយ ឲ្យប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់ នូវសេចក្តីលំបាក ដើម្បីនឹងអនុគ្រោះ ដល់ព្រហ្មចារ្យប៉ុណ្ណោះឯង អាត្មាអញ នឹងឃាត់បង់ នូវវេទនាចាស់ផង មិនឲ្យវេទនាថ្មីកើតឡើងផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថទាំង ៤ ក្តី សេចក្តីមិនមានទោសក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រកបរឿយ ៗ នូវការភ្ញាក់រលឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅចង្ក្រម ក្នុងវេលាថ្ងៃ សំអាតចិត្ត ចាកអាវរណីយធម៌ទាំងឡាយ ចូលទៅចង្ក្រម អស់បឋមយាមនៃរាត្រី សំអាតចិត្ត ចាកអាវរណីយធម៌ទាំងឡាយ សម្រេចសីហសេយ្យា ដោយបង្អៀងខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី តម្រួតជើងលើជើង មានស្មារតី ជាអ្នកដឹងខ្លួន ធ្វើទុកក្នុងចិត្តនូវឧដ្ឋានសញ្ញា ដល់បច្ឆិមយាមនៃរាត្រី ក្រោកឡើង ចូលទៅចង្រ្កម សំអាតចិត្ត ចាកអាវរណីយធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រកបរឿយ ៗ នូវការភ្ញាក់រលឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ទាំង ៤ នេះ មិនគួរសាបសូន្យ តែងនៅក្នុងទីជិត នៃព្រះនិញ្វន។

ភិក្ខុឋិតនៅក្នុងសីលផង សង្រួមក្នុងឥន្រិ្ទយទាំងឡាយផង ដឹងប្រមាណ ក្នុងភោជនផង ប្រកបរឿយ ៗ ក្នុងការភ្ញាក់រលឹកផង កាលភិក្ខុប្រកបដោយសេចក្តីព្យាយាម មិនខ្ជិលច្រអូស ទាំងថ្ងៃទាំងយប់ ចំរើននូវកុសលធម៌ ដើម្បីដល់នូវព្រះនិញ្វន ជាទីក្សេម ចាកយោគៈ យ៉ាងនេះ ភិក្ខុដែលមានសេចក្តីត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ មិនគួរដើម្បីសាបសូន្យ តែងនៅក្នុងទីជិត នៃព្រះនិញ្វន។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.037.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann