(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.038 បាលី cs-km: sut.an.04.038 អដ្ឋកថា: sut.an.04.038_att PTS: ?
បតិលីនសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. បតិលីនសុត្តំ)
[៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតថាគតហៅថា អ្នកមានបច្ចេកសច្ចៈបន្ទោបង់ហើយ ១ មានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ ១ មានកាយសង្ខារស្ងប់រម្ងាប់ ជាអ្នកពួនសម្ងំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានបច្ចេកសច្ចៈបន្ទោបង់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកបច្ចេកសច្ចៈដ៏ច្រើនណា របស់ពួកសមណៈ និងញ្រហ្មណ៍ដ៏ច្រើន ដោយយល់ថា លោកទៀង ដូច្នេះក៏មាន លោកមិនទៀង ដូច្នេះក៏មាន លោកមានទីបំផុត ដូច្នេះក៏មាន លោកមិនមានទីបំផុត ដូច្នេះក៏មាន ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក៏មាន ជីវិតដទៃ សរីរៈដទៃ ដូច្នេះក៏មាន សត្វស្លាប់ទៅ កើតទៀត ដូច្នេះក៏មាន សត្វស្លាប់ទៅ មិនកើតទៀត ដូច្នេះក៏មាន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះក៏មាន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះក៏មាន ពួកបច្ចេកសច្ចៈ ទាំងអស់នោះ ភិក្ខុក្នុងសាសនានេះ បន្ទោបង់ហើយ កំចាត់បង់ហើយ លះបង់ហើយ ខ្ជាក់ចោលហើយ ច្បូតចេញហើយ បណ្តេញបង់ហើយ បំបាត់បង់ហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានបច្ចេកសច្ចៈបន្ទោបង់ហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកកាម ភិក្ខុក្នុងសាសនានេះ លះបង់ហើយ (ដោយអនាគាមិមគ្គ) ការស្វែងរកភព ភិក្ខុលះបង់ហើយ (ដោយអរហត្តមគ្គ) ការស្វែងរកព្រហ្មចារ្យ ភិក្ខុបានរម្ងាប់ហើយ (ដោយអរហត្តមគ្គ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមានកាយសង្ខារ ស្ងប់រម្ងាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះរលត់សោមនស្ស ទោមនស្ស ក្នុងកាលមុនផង ដល់នូវចតុត្ថជ្ឈាន មិនទុក្ខ មិនសុខ មានឧបេក្ខា និងសតិដ៏បរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានកាយសង្ខារស្ងប់រម្ងាប់ហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកពួនសម្ងំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ លះបង់ហើយ គាស់រំលើងឫសចោលហើយ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពួនសម្ងំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតថាគតហៅថា មានបច្ចេកសច្ចៈបន្ទោបង់ហើយ មានការស្វែងរក លះបង់ហើយ ដោយបរិបូណ៌ មានកាយសង្ខារស្ងប់រម្ងាប់ ជាអ្នកពួនសម្ងំ យ៉ាងនេះឯង។
ការប្រកាន់ថា ពិតដូច្នេះ ៗ នឹងជាទីតាំងនៃទិដ្ឋិ ភិក្ខុដកចោលហើយ ការស្វែងរក គឺការស្វែងរកកាម ស្វែងរកភព ព្រមទាំងការស្វែងរកព្រហ្មចារ្យ និងទីតាំងនៃទិដ្ឋិ ភិក្ខុអ្នកប្រាសចាកតម្រេក ក្នុងរាគៈទាំងពួង អ្នករួចផុតស្រឡះ ព្រោះអស់ទៅនៃតណ្ហា បានលះបង់ហើយ បានដកចោលហើយ ភិក្ខុនោះឯង ជាអ្នកស្ងប់រម្ងាប់ មានស្មារតី មានកាយ និងចិត្តស្ងប់រម្ងាប់ មិនចាញ់កិលេស ជាអ្នកដឹងនូវសច្ចៈ ព្រោះស្គាល់ច្បាស់ នូវមានះ តថាគតហៅថា ជាអ្នកពួនសម្ងំ។