តើព្រះពុទ្ធសរសើរការបូជាគ្រប់បែបយ៉ាងទេ? តើមានការបូជាអាក្រក់ដែរឬទេ?
an 04.040 បាលី cs-km: sut.an.04.040 អដ្ឋកថា: sut.an.04.040_att PTS: ?
ឧទាយីសូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា ស៊ុនហ៊ាង
អានដោយ ឧបាសិកា ពិសី
(១០. ឧទាយីសុត្តំ)
[៤១] គ្រានោះ ឧទាយិព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះឧទាយិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន សរសើរការបូជារបស់យើង ដែរឬទេ។ ម្នាលព្រាហ្មណ៍ តថាគត មិនសរសើរការបូជាទាំងអស់ទេ ម្នាលព្រាហ្មណ៍ ប៉ុន្តែតថាគត មិនមែនជាមិនសរសើរការបូជាទាំងអស់ទេ។ ម្នាលព្រាហ្មណ៍ គេសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ស្លាប់ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគត មិនសរសើរការបូជា ប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី មិននិយមការបូជា ប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះឡើយ។ ម្នាលព្រាហ្មណ៍ គេមិនសម្លាប់គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ មិនស្លាប់ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគត តែងសរសើរ ការបូជា មិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ គឺនិច្ចទាន និងការបូជាតាមលំអាននៃត្រកូល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី តែងចូលទៅជិតការបូជា ដែលមិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ។
យញ្ញដែលគេតាក់តែងហើយ មិនប្រកបដោយសេចក្តីអន្តរាយ គួរតាមកាល ពួកព្រហ្មចារីបុគ្គល ជាអ្នកសង្រួម តែងចូលទៅជិត នូវយញ្ញប្រាកដដូច្នោះ ព្រះពុទ្ធទាំងឡាយ មានកិលេសដូចជាគ្រឿងប្រក់បើកហើយ ក្នុងលោក បានប្រព្រឹត្តកន្លង នូវវដ្តត្រកូល និងវដ្តគតិ ព្រះអង្គឆ្លៀវឆ្លាសក្នុងបុណ្យ ទ្រង់សរសើរនូវការបូជានុ៎ះ បុគ្គលមានចិត្តជ្រះថ្លា ធ្វើនូវគ្រឿងបូជា ដ៏សមគួរ ទោះក្នុងយញ្ញ គឺបកតិទានក្តី ទោះក្នុងការបូជា ដោយសទ្ធា គឺមតកទានក្តី ហើយបូជា ចំពោះព្រហ្មចារីបុគ្គលទាំងឡាយ ជាស្រែបុណ្យដ៏ល្អ យញ្ញណា ដែលជនធ្វើហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយ (យញ្ញនោះ) ឈ្មោះថា បូជាហើយ ដោយប្រពៃ បូជាហើយ ដោយល្អ សម្រេចហើយ ដោយស្រួល ឈ្មោះថា យញ្ញមានផល ច្រើនផង ទេវតាទាំងឡាយ តែងជ្រះថ្លាផង។ បណ្ឌិត ជាមេធាវី មានសទ្ធា មានចិត្តលះ (ទ្រព្យ) បូជាយ៉ាងនេះហើយ រមែងចូលទៅកាន់លោកជាសុខ មិនមានការបៀតបៀន។
ចប់ ចក្កវគ្គ ទី៤។
ឧទ្ទាននៃចក្កវគ្គនោះគឺ
និយាយអំពីចក្កធម៌ ១ សង្គហវត្ថុ ១ ប្រៀបដោយសត្វសីហៈ ១ ការជ្រះថ្លា ១ វស្សការព្រាហ្មណ៍ ១ ជាគំរប់ ៥ ទោណព្រាហ្មណ៍ ១ ការមិនសាបសូន្យ (ចាកព្រះនិញ្វន) ១ ភិក្ខុមានការស្ងប់ស្ងាត់ ១ ឧជ្ជយព្រាហ្មណ៍ ១ ឧទាយិព្រាហ្មណ៍ ១ រួមទាំងអស់ត្រូវជា ១០។