សមាធិភាវនា មាន ៤ យ៉ាង។
an 04.041 បាលី cs-km: sut.an.04.041 អដ្ឋកថា: sut.an.04.041_att PTS: ?
សមាធិភាវនាសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
អានដោយ ឧបាសិកា ដានាថ
(១. សមាធិភាវនាសុត្តំ)
[៤២] ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា1) នេះមាន ៤យ៉ាង។ សមាធិភាវនា ៤ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ2) ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បី អស់ទៅនៃអាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកធម៌ ជាអកុសលទាំងឡាយហើយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ជាអារម្មណ៍ សម្រេចសម្រាន្តនៅ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏ចូលទៅកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន សម្រេចសម្រាន្តនៅ ព្រោះប្រាសចាកបីតិផង ជាបុគ្គលព្រងើយកន្តើយផង មានសតិ និងសម្បជញ្ញៈផង ទទួលយកនូវសុខ ដោយនាមកាយផង ព្រះអរិយទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់ នូវតតិយជ្ឈាននោះ សម្រេចសម្រាន្តនៅ ព្រោះលះបង់ នូវសេចក្តីសុខផង លះបង់នូវសេចក្តីទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏បានដល់នូវចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវអាលោកសញ្ញា (សេចក្តីសំគាល់ក្នុងពន្លឺ) អធិដ្ឋាន នូវទិវាសញ្ញា (សេចក្តីសំគាល់ក្នុងវេលាថ្ងៃ) គឺថា ក្នុងវេលាថ្ងៃយ៉ាងណា វេលាយប់ ក៏យ៉ាងនោះ ក្នុងវេលាយប់យ៉ាងណា វេលាថ្ងៃ ក៏យ៉ាងនោះដែរ។ ភិក្ខុមានចិត្តស្ងប់ស្ងាត់ មិនមានកិលេស ជាគ្រឿងរួបរឹត តែងចំរើនចិត្ត ដែលប្រកបដោយពន្លឺ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ របស់ភិក្ខុក្នុងសាសនានេះ តែងកើតឡើងប្រាកដ តែងឋិតនៅប្រាកដ តែងដល់នូវសេចក្តីអស់ទៅវិញប្រាកដ សញ្ញា… ប្រាកដ វិតក្កៈទាំងឡាយ តែងកើតឡើងប្រាកដ តែងឋិតនៅប្រាកដ តែងដល់នូវសេចក្តីអស់ទៅវិញប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយ ៗ នូវទីកើត និងទីរលត់ ក្នុងឧបាទានក្ខន្ធទាំង ៥ ថា រូបដូច្នេះ ការកើតឡើង នៃរូបដូច្នេះ សេចក្តីអស់ទៅ នៃរូបដូច្នេះ វេទនាដូច្នេះ ការកើតឡើង នៃវេទនាដូច្នេះ សេចក្តីអស់ទៅ នៃវេទនាដូច្នេះ សញ្ញាដូច្នេះ ការកើតឡើង នៃសញ្ញាដូច្នេះ សេចក្តីអស់ទៅ នៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ការកើតឡើងនៃសង្ខារទាំងឡាយ ដូច្នេះ សេចក្តីអស់ទៅ នៃសង្ខារទាំងឡាយ ដូច្នេះ វិញ្ញាណដូច្នេះ ការកើតឡើង នៃវិញ្ញាណដូច្នេះ សេចក្តីអស់ទៅ នៃវិញ្ញាណដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីអស់ នៃអាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា មាន ៤ យ៉ាង នេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ តថាគតបានពោលហើយ ក្នុងបុណ្ណប្បញ្ហា ត្រង់បារាយនវគ្គ ព្រោះសំដៅយកសមាធិភាវនានុ៎ះ។
បុគ្គលបានពិចារណា នូវសភាពធម៌ដ៏ថោកទាប និងឧត្តម ក្នុងលោក សេចក្តីរំភើបចិត្តបន្តិចបន្តួច របស់បុគ្គលណា មិនមានក្នុងលោក តថាគតពោលថា បុគ្គលនោះ ជាអ្នករម្ងាប់ (នូវសឹកសត្រូវ គឺកិលេស) មិនមានផ្សែង គឺសេចក្តីក្រោធ មិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ឈ្មោះថា ឆ្លងនូវជាតិ និងជរាបាន។