km:tipitaka:sut:an:04:sut.an.04.045

រោហិតស្សសូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.045 បាលី cs-km: sut.an.04.045 អដ្ឋកថា: sut.an.04.045_att PTS: ?

រោហិតស្សសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. រោហិតស្សសុត្តំ)

[៤៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះឯង រោហិតស្សទេវបុត្ត កាលវេលារាត្រី (បឋមយាម) កន្លងទៅហើយ មានពន្លឺដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះរោហិតស្សទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងឱកាសនៃចក្រវាឡលោកណា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ឬដើម្បីដល់នូវទីបំផុតនៃលោក (នោះ) ដោយកិរិយាដើរទៅ (ដោយជើង) បានដែរឬ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ រោហិតស្សទេវបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែក ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែលព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយមក ខ្ញុំព្រះអង្គ ធ្លាប់កើតជាឥសីឈ្មោះ រោហិតស្សៈ ជាបុត្ររបស់ញ្រនព្រៃ មានឫទ្ធិទៅដោយអាកាសវេហាស៍បាន។ បពិត្រព្រះអង្គដ៏ចំរើន សន្ទុះមានសភាពយ៉ាងនេះ បានកើតដល់ខ្ញុំព្រះអង្គនោះ ប្រៀបដូចនាយខ្មាន់ធ្នូ មានធនុធម៌ដ៏មាំ បានសិក្សាដោយប្រពៃហើយ មានដៃដ៏ស្ទាត់ មានការបាញ់ដ៏ស្ទាត់ បានយកព្រួញដ៏ស្រាល (បាញ់) ឲ្យឆ្លងរំលងទទឹងស្រមោលដើមត្នោត ដោយមិនលំបាក ជំហានឈានដើរទៅ ដោយជើង មានសភាពយ៉ាងនេះ បានកើត (ដល់ខ្ញុំព្រះអង្គ) ប្រៀបដូចសមុទ្រទិសខាងលិច (ឆ្ងាយអំពី) សមុទ្រទិសខាង1) កើត។ បពិត្រ ព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ ប្រកបដោយសន្ទុះ មានសភាពយ៉ាងនេះ ដោយការឈានដើរទៅ (ដោយជើង) មានសភាពយ៉ាងនេះហើយ សេចក្តីប្រាថ្នា មានសភាពយ៉ាងនេះ ក៏កើតឡើងថា អាត្មាអញ នឹងដល់នូវទីបំផុតនៃលោក ដោយការដើរទៅ (ដោយជើង) បាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ លើកលែងតែពេលស៊ីផឹក ទំពាហុតស្រូប (នូវអាហារជាដើម) លើកលែងតែពេលធ្វើនូវឧច្ចារៈ និងបស្សាវៈ លើកលែងតែពេលដេក និងបន្ទោបង់នូវសេចក្តីទុក្ខលំបាក ទាំងប្រកបដោយអាយុ ១០០ ឆ្នាំ មានជីវិតរស់នៅបាន ១០០ ឆ្នាំ ដើរទៅអស់ ១០០ ឆ្នាំ ក៏គង់មិនដល់ នូវទីបំផុតនៃលោកបានឡើយ ធ្វើមរណកាល ក្នុងចន្លោះនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែលព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបាន ពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបានពោលថា បុគ្គល គប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ ម្នាលអាវុសោ មួយទៀត បើតថាគត មិនបានដល់នូវទីបំផុត នៃសង្ខារលោកហើយ ក៏មិនបានពោល នូវកិរិយាធ្វើនូវទីបំផុត នៃទុក្ខឡើយ។ ម្នាលអាវុសោ មួយទៀត តថាគត តែងបញ្ញត្តនូវលោក គឺទុក្ខផង លោកសមុទយៈផង លោកនិរោធផង លោក និរោធគាមិនីបដិបទាផង ក្នុងអត្តភាពប្រមាណ ១ ព្យាមនេះឯង ដែលប្រកបដោយសញ្ញាផង ប្រកបដោយចិត្តផង។

ទីបំផុតនៃលោក បុគ្គល មិនគប្បីដល់ ដោយការដើរទៅ (ដោយជើង) ក្នុងកាលណាម្តងឡើយ មួយទៀត ការមិនទាន់ដល់ នូវទីបំផុតនៃលោក ឈ្មោះថា មិនបានរួចចាកទុក្ខឡើយ។ ព្រោះហេតុនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់មានបញ្ញាល្អ ទ្រង់ដល់នូវទីបំផុតនៃលោក ទ្រង់ប្រព្រឹត្តចប់ព្រហ្មចរិយៈហើយ។ ទ្រង់មានបាបរម្ងាប់បង់ហើយ ទ្រង់ជ្រាប ច្បាស់នូវទីបំផុត នៃលោកហើយ មិនប្រាថ្នានូវលោកនេះ និងលោកខាងមុខឡើយ។

 

លេខយោង

1)
សមុទ្រទិសខាងលិច ឆ្ងាយពីសមុទ្រទិសខាងកើត យ៉ាងណា កាលឈានជំហានដើរទៅក្នុងទីឆ្ងាយ ក៏យ៉ាងនុ៎ះដែរ។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.045.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann