km:tipitaka:sut:an:04:sut.an.04.046

ទុតិយរោហិតស្សសូត្រ ទី៦

សង្ខេប

មិន​​មែន​​ដោយ​​ការ​​ធ្វើ​​ដំណើ​រ​ទៅ​​ដល់​​ទី​បញ្ចប់​​នៃ​​ពិភព​​លោក​​ទេ។ ប៉ុន្តែ​​ដោយ​​ដឹង​​ទី​បញ្ចប់ អ្នក​​អាច​​គេច​​ខ្លួន​​បាន។

an 04.046 បាលី cs-km: sut.an.04.046 អដ្ឋកថា: sut.an.04.046_att PTS: ?

ទុតិយរោហិតស្សសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. ទុតិយរោហិតស្សសុត្តំ)

[៤៧] លុះកន្លងរាត្រីនោះហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ហៅ ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងរាត្រីនេះ រោហិតស្សទេវបុត្ត កាលដែលវេលារាត្រី (បឋមយាម) កន្លងទៅហើយ មានពន្លឺដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលមករកតថាគត លុះចូលមកដល់ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីសមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះរោហិតស្សទេវបុត្ត អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងឱកាសនៃចក្រវាឡលោកណា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ឬដើម្បីដល់ នូវទីបំផុតនៃលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានដែរឬ។ ម្នាលភិក្ខុទាំងឡាយ កាល រោហិតស្សទេវបុត្ត ពោលនឹងតថាគត យ៉ាងនេះហើយ តថាគតបានពោល ទៅនឹងរោហិតស្សទេវបុត្តថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគតពោល យ៉ាងនេះហើយ រោហិតស្សទេវបុត្ត បាននិយាយនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែល ព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ នូវទីបំផុតនៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយមក ខ្ញុំព្រះអង្គ ធ្លាប់កើតជាឥសី ឈ្មោះរោហិតស្សៈ ជាបុត្តរបស់ញ្រនព្រៃ មានឫទ្ធិទៅដោយអាកាសវេហាស៍បាន។ បពិត្រព្រះអង្គដ៏ចំរើន សន្ទុះមានសភាពយ៉ាងនេះ បានកើតដល់ខ្ញុំព្រះអង្គនោះ ប្រៀបដូចនាយខ្មាន់ធ្នូ មានធនុធម៌ដ៏មាំ បានសិក្សាដោយប្រពៃហើយ មានដៃដ៏ស្ទាត់ មានការបាញ់ដ៏ស្ទាត់ បានយកព្រួញដ៏ស្រាល (បាញ់) ឲ្យឆ្លងរំលងទទឹងស្រមោលដើមត្នោត ដោយមិនលំបាក ជំហានឈានដើរទៅដោយជើង មានសភាពយ៉ាងនេះ បានកើតដល់ខ្ញុំព្រះអង្គនោះ ប្រៀបដូចសមុទ្រទិសខាងលិច (ឆ្ងាយ) អំពីសមុទ្រទិសខាងកើត។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ ប្រកបដោយសន្ទុះ មានសភាពយ៉ាងនេះ ដោយការឈានដើរទៅ (ដោយជើង) មានសភាពយ៉ាងនេះហើយ សេចក្តីប្រាថ្នា មានសភាពយ៉ាងនេះ ក៏កើតឡើងថា អាត្មាអញ និងដល់នូវទីបំផុតនៃលោក ដោយកិរិយាដើរទៅ (ដោយជើង) បាន។ បពិត្រ ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ លើកលែងតែពេលស៊ីផឹក ទំពា ហុតស្រូប (នូវអាហារជាដើម) លើកលែងតែពេលធ្វើនូវឧច្ចារៈ និងបស្សាវៈ លើកលែងតែពេលដេក និងបន្ទោបង់ នូវសេចក្តីទុក្ខលំបាក ទាំងប្រកបដោយអាយុ ១០០ ឆ្នាំ មានជីវិតរស់នៅបាន ១០០ ឆ្នាំ ទាំងដើរទៅអស់ ១០០ ឆ្នាំ ក៏គង់មិនដល់នូវទីបំផុត នៃលោកបានឡើយ ក៏ធ្វើមរណកាល ក្នុងចន្លោះនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែលព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលរោហិតស្សទេវបុត្ត ពោលយ៉ាងនេះហើយ តថាគត បានពោលទៅនឹងរោហិតស្សទេវបុត្តថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបាន ពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលអាវុសោ មួយទៀត បើតថាគត មិនបានដល់នូវទីបំផុត នៃសង្ខារលោកហើយ ក៏មិនបានពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខឡើយ។ ម្នាលអាវុសោ មួយទៀត តថាគត តែងបញ្ញត្តនូវលោកផង លោកសមុទយៈផង លោកនិរោធផង លោកនិរោធគាមិនីបដិបទាផង ក្នុងអត្តភាពប្រមាណ ១ ព្យាមនេះឯង ដែលប្រកបដោយសញ្ញាផង ប្រកបដោយចិត្តផង។

ទីបំផុតនៃលោក បុគ្គលមិនគប្បីដល់ ដោយការដើរទៅ (ដោយជើង) ក្នុងកាលណាម្តងឡើយ មួយទៀត ការមិនទាន់ដល់ នូវទីបំផុតនៃលោក ឈ្មោះថា មិនបានរួចចាកទុក្ខឡើយ។ ព្រោះហេតុនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជា្របច្បាស់នូវលោក ទ្រង់មានបញ្ញាល្អ ទ្រង់ដល់នូវទីបំផុតនៃលោក ទ្រង់ប្រព្រឹត្តចប់ព្រហ្មចរិយៈហើយ។ ទ្រង់មានបាបរម្ងាប់បង់ហើយ ទ្រង់ជ្រាបច្បាស់ នូវទីបំផុតនៃលោកហើយ មិនប្រាថ្នានូវលោកនេះ និងលោកខាងមុខឡើយ។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.046.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann