ព្រះនព្វលោកុត្តរធម៌ ជាទង់ជ័យ របស់ពួកឥសី។
an 04.048 បាលី cs-km: sut.an.04.048 អដ្ឋកថា: sut.an.04.048_att PTS: ?
វិសាខសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៨. វិសាខសុត្តំ)
[៤៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះវិសាខបញ្ចាលីបុត្រ (វិសាខភិក្ខុ កូននៃនាងញ្រហ្មណីឈ្មោះបញ្ចាលី) ដ៏មានអាយុ ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងរោងឆាន់ ប្រកបដោយសំដីជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន រាប់បញ្ចូលក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់រោងឆាន់ លុះចូលទៅដល់ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស្រេចហើយ បាន ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ នរណាហ្ន៎ ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងរោងឆាន់ ប្រកបដោយសំដីជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន រាប់បញ្ចូលក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះវិសាខបញ្ចាលីបុត្តដ៏មានអាយុ ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងរោងឆាន់ ប្រកបដោយសំដី ជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់ រាប់បញ្ចូលក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ទៅនឹងព្រះវិសាខបញ្ចាលីបុត្ត ដ៏មានអាយុថា ម្នាលវិសាខៈ ប្រពៃណាស់ហើយ ម្នាលវិសាខៈ ប្រពៃណាស់ហើយ អ្នកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយសំដី ជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន រាប់បញ្ចូលក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ។
បណ្ឌិតដែលនៅច្រឡំដោយពួកបុគ្គលពាល កាលបើមិនទាន់និយាយទេ ជនទាំងឡាយ ក៏មិនស្គាល់ថា (ជាបណ្ឌិតឡើយ) លុះតែបណ្ឌិតបាននិយាយ ឬសំដែង នូវចំណែកនៃព្រះនិញ្វន ទើបជនទាំងឡាយ ស្គាល់បាន។ បណ្ឌិតគួរសំដែង គួរបំភ្លឺ គួរលើកដំកើង នូវព្រះនព្វលោកុត្តរធម៌ ដែលជាទង់ជ័យ របស់ពួកឥសី ពួកឥសី (គឺអរិយបុគ្គល មានព្រះពុទ្ធ ជាដើម) មានសុភាសិតជាទង់ជ័យ ព្រោះថា ព្រះនព្វលោកុត្តរធម៌ ជាទង់ជ័យ របស់ពួកឥសី។