វិបល្លាស (ការនាំអោយខូច) ៤ យ៉ាង។
an 04.049 បាលី cs-km: sut.an.04.049 អដ្ឋកថា: sut.an.04.049_att PTS: ?
វិបល្លាសសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៩. វិបល្លាសសុត្តំ)
[៥០] ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាសទាំងឡាយនេះ មាន ៤ យ៉ាង។ វិបល្លាស ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាសថា ទៀង ក្នុងរបស់ដែលមិនទៀង ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាសថា ជាសុខ ក្នុងរបស់ដែលជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាសថា ខ្លួន ក្នុងរបស់ដែលមិនមែនខ្លួន ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាស ថា ស្អាត ក្នុងរបស់ដែលមិនស្អាត ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាស មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាសនេះ មាន ៤ យ៉ាង។ មិនវិបល្លាស ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាស ថា មិនទៀង ក្នុងរបស់ដែលមិនទៀង ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាសថា ជាទុក្ខ ក្នុងរបស់ដែលជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាស ថា មិនមែនខ្លួន ក្នុងរបស់ដែលមិនមែនខ្លួន ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាស ថា មិនស្អាត ក្នុងរបស់ដែលមិនស្អាត ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាស មាន ៤ យ៉ាងនេះឯង។
សត្វទាំងឡាយ ដែលមិច្ឆាទិដ្ឋិបៀតបៀនហើយ ជាអ្នកមានចិត្តរវើរវាយ មានសញ្ញាទៅប្រាសហើយ រមែងមានសេចក្តីសំគាល់ថា ទៀង ក្នុងរបស់ដែលមិនទៀង មានសេចក្តីសំគាល់ថា សុខ ក្នុងរបស់ដែលជាទុក្ខ មានសេចក្តីសំគាល់ថា ខ្លួន ក្នុងរបស់ដែលមិនមែនខ្លួន មានសេចក្តីសំគាល់ថា ល្អ ក្នុងរបស់ដែលមិនល្អ ជនទាំងនោះ ឈ្មោះថា ជាអ្នកប្រកបក្នុងយោគៈរបស់មារ មិនដល់នូវព្រះនិញ្វន ជាទីក្សេមចាកយោគៈបានឡើយ សត្វទាំងឡាយ តែងមានប្រក្រតីដល់នូវជាតិ និងមរណៈ រមែងទៅកាន់សង្សារវដ្ត លុះព្រះពុទ្ធទាំងឡាយ ទ្រង់កើតឡើង ក្នុងលោកវេលាណា ក៏ទ្រង់ធ្វើនូវពន្លឺ។ ព្រះពុទ្ធទាំងនោះ ទ្រង់សំដែងនូវព្រះធម៌ គឺសច្ចៈ ៤ នេះ ដែលជាធម៌ប្រព្រឹត្តទៅកាន់ទីរំលត់ទុក្ខ ពួកសត្វ ដែលប្រកបដោយប្រាជ្ញា លុះបានស្តាប់ព្រះធម៌ របស់ព្រះពុទ្ធទាំងនោះហើយ ក៏ត្រឡប់ងាកចិត្តរបស់ខ្លួន បានឃើញនូវរបស់ ដែលមិនទៀងថា មិនទៀង ឃើញនូវរបស់ដែលជាទុក្ខ ថាជាទុក្ខ បានឃើញថា មិនមែនខ្លួន ក្នុងរបស់ដែលមិនមែនខ្លួន បានឃើញរបស់ ដែលមិនល្អ ថា មិនល្អ (ជនទាំងនោះ) ជាអ្នកសមាទាន នូវសម្មាទិដ្ឋិ បានរួចចាកទុក្ខទាំងពួង។