km:tipitaka:sut:an:04:sut.an.04.051

បឋមបុញ្ញាភិសន្ទសូត្រ ទី១

សង្ខេប

បុណ្យ កុសល្យ ដែល​បុគ្គល បាន​ព្យាយាម​កន្លង​មក តើ​ពិត​ជា​ទទួល​បាន​ផល ជា​ទី​ត្រេកអរ ឬ​យ៉ាងណា?

an 04.051 បាលី cs-km: sut.an.04.051 អដ្ឋកថា: sut.an.04.051_att PTS: ?

បឋមបុញ្ញាភិសន្ទសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១. បឋមបុញ្ញាភិសន្ទសុត្តំ)

[៥២] ម្នាលភិក្ខុទាំងឡាយ អានិសង្សជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុងស្ថានសួគ៌នេះ មាន ៤ យ៉ាង រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាតីត្រេកអរ ជាទីគាប់ចិត្ត។ អានិសង្សជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសល មាន ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលប្រើប្រាស់ចីវរ របស់ទាយកណា ចូលកាន់ចេតោសមាធិ ជាធម៌ប្រមាណមិនបាន អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល របស់ទាយកនោះ ក៏រមែងប្រមាណមិនបាន ជាទីនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបរិភោគបិណ្ឌបាត របស់ទាយកណា… ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលប្រើប្រាស់សេនាសនៈ របស់ទាយកណា… ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបរិភោគភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ របស់ទាយកណា ចូលកាន់ចេតោសមាធិ ជាធម៌ប្រមាណមិនបាន អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសលរបស់ទាយកនោះ ក៏រមែងប្រមាណមិនបាន ជាទីនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ៤ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត កាលបើអរិយសាវក ដែលប្រកបដោយអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ទាំង ៤ នេះហើយ បុគ្គលមិនងាយនឹងរាប់នូវប្រមាណនៃបុណ្យថា អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ជាទីនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ មានប្រមាណប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្តបានឡើយ តាមពិតនោះ គឺដល់នូវការរាប់ថា ជាគំនរបុណ្យយ៉ាងធំ ដែលបុគ្គលរាប់មិនបាន ប្រមាណមិនអស់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយរាប់នូវប្រមាណនៃទឹក ក្នុងមហាសមុទ្រថា ទឹកមានប៉ុណ្ណេះអាឡ្ហក ទឹកមានប៉ុណ្ណេះរយអាឡ្ហក ទឹកមានប៉ុណ្ណេះពាន់អាឡ្ហក ទឹកមានប៉ុណ្ណេះសែនអាឡ្ហកបានឡើយ តាមពិតនោះ គឺដល់នូវការរាប់ថា គំនរទឹកធំ ដែលបុគ្គលរាប់មិនបាន ប្រមាណមិនអស់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដែលប្រកបដោយអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ទាំង ៤ យ៉ាងនេះឯងហើយ បុគ្គលមិនងាយនឹងរាប់ នូវប្រមាណនៃបុណ្យថា អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ មានប្រមាណប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្តបានឡើយ តាមពិតនោះ គឺដល់នូវការរាប់ថា ជាគំនរបុណ្យយ៉ាងធំ ដែលបុគ្គលរាប់មិនបាន ប្រមាណមិនអស់ ក៏យ៉ាងនោះដែរ។

ទន្លេទាំងឡាយ ដែលមានពួកត្រីនៅអាស្រ័យ ច្រើនតែហូរចុះទៅកាន់សាគរ មានអន្លង់ទឹកធំ ដែលបុគ្គលរាប់មិនបាន ជាស្រះធំ ប្រកបដោយអារម្មណ៍គួរស្ញប់ស្ញែងដ៏ច្រើន ជាទីកើត នៃរតនវត្ថុទាំងឡាយ យ៉ាងណាមិញ។ ធារនៃបុណ្យ រមែងប្រព្រឹត្ត ហូរទៅកាន់នរជន ដែលជាបណ្ឌិត អ្នកឲ្យនូវបាយ ទឹក និងសំពត់ អ្នកឲ្យនូវទីដេក ទីអង្គុយ និងគ្រឿងកម្រាល ដូចជាទន្លេស្ទឹង ដែលហូរទៅកាន់សាគរ យ៉ាងនោះដែរ។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.051.txt · ពេលកែចុងក្រោយ: 2023/06/23 15:27 និពន្ឋដោយ Johann